‏ Luke 6

ព្រះយេស៊ូជាម្ចាស់លើ​ថ្ងៃសប្ប័ទ​

1នៅ​ថ្ងៃសប្ប័ទ​មួយ​កាល​ព្រះអង្គ​យាងកាត់​វាលស្រែ​សិស្ស​របស់​ព្រះអង្គ​បាន​បូត​កួរស្រូវ​មក​ញី​នៅក្នុង​ដៃ​ហើយ​បរិភោគ​ទៅ 2ពួកអ្នកខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​សួរ​ថា៖ ​«តើ​ហេតុដូចម្ដេច​បានជា​អ្នករាល់គ្នា​ធ្វើ​អ្វី​ដែល​វិន័យហាម​នៅ​ថ្ងៃសប្ប័ទ​ដូច្នេះ?» 3ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​មិនដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​បាន​ធ្វើ​នៅពេល​ដែល​ស្ដេច​និង​គូកន​កំពុង​ឃ្លាន​ទេ​ឬ? 4គឺស្ដេច​បាន​ចូល​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ហើយ​បាន​យក​នំប៉័ង​តាំង​ថ្វាយ​មក​បរិភោគ​ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​បរិភោគ​លើកលែងតែ​សង្ឃ​ប៉ុណ្ណោះ​ស្ដេច​បាន​ឲ្យ​នំប៉័ងនោះ​ដល់​គូកន​ថែមទៀត​ផង» 5រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃសប្ប័ទ»។

ព្រះយេស៊ូប្រោស​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​

6នៅ​ថ្ងៃសប្ប័ទ​មួយ​ទៀត​ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលាប្រជុំ​និង​បាន​បង្រៀន​ហើយ​នៅទីនោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ខាង​ស្ដាំ។ 7ពួកគ្រូវិន័យ​និង​ពួក​អ្នកខាង​គណៈ​ផារិស៊ី​បាន​តាមមើល​ព្រះអង្គ​ក្រែងលោ​ព្រះអង្គ​ប្រោស​គាត់​ឲ្យបានជា​នៅ​ថ្ងៃសប្ប័ទ​ដើម្បី​រក​លេស​ចោទប្រកាន់​ព្រះអង្គ 8ប៉ុន្ដែព្រះអង្គ​បាន​ជ្រាប​ពី​គំនិត​របស់​ពួកគេ​ក៏​មានបន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ ​«ចូរ​ក្រោកឡើង​ហើយ​ឈរ​នៅ​កណ្ដាល​ចំណោម​នេះ» ​គាត់​ក៏​ក្រោក​ឈរ​ឡើង 9រួចព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​សួរ​អ្នករាល់គ្នា​មើល៍​តើ​នៅ​ថ្ងៃ​សប្ប័ទ​វិន័យ​ឲ្យ​ធ្វើការល្អ​ឬ​ធ្វើការអាក្រក់? ​ឲ្យ​សង្គ្រោះ​ជីវិត​ឬ​បំផ្លាញ?» 10កាលព្រះអង្គ​ទតមើល​ទៅ​មនុស្ស​ទាំងអស់​ដែល​នៅ​ជុំវិញ​ហើយ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​លាត​ដៃ​អ្នក​ចុះ!» ​គាត់​ក៏​ធ្វើតាម​ហើយ​ដៃ​គាត់​ក៏​បាន​ជាឡើងវិញ។ 11ពួកគេមាន​កំហឹង​ពោរពេញ​និង​បាន​និយាយ​គ្នា​អំពី​អ្វី​ដែល​ពួកគេ​អាចធ្វើ​ចំពោះ​ព្រះ​យេស៊ូ​បាន។

ព្រះយេស៊ូជ្រើសរើស​សាវក​ទាំង​ដប់​ពីរ​

12នៅ​គ្រា​នោះ​ព្រះអង្គ​បាន​យាងទៅ​ភ្នំ​ដើម្បី​អធិស្ឋាន​ហើយ​ព្រះអង្គ​បាន​ចំណាយពេល​ពេញមួយយប់​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់ 13លុះព្រឹក​ឡើង​ព្រះអង្គ​បាន​ហៅ​សិស្ស​របស់​ព្រះអង្គ​មក​ហើយ​ក៏​រើស​ដប់ពីរ​នាក់​ចេញពី​ពួកគេ​ព្រះអង្គ​ហៅ​អ្នកទាំងនេះ​ថា​ជា​សាវក 14គឺមាន​លោក​ស៊ីម៉ូន​ដែល​ព្រះអង្គ​ហៅ​ថា​ពេត្រុស​និង​ប្អូន​គាត់​ឈ្មោះ​អនទ្រេ​លោក​យ៉ាកុប​លោក​យ៉ូហាន​លោក​ភីលីព​លោក​បារថូឡូមេ 15លោកម៉ាថាយ​លោក​ថូម៉ាស​លោក​យ៉ាកុប​ជាកូន​លោក​អាល់ផាយ​លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​អ្នកជាតិនិយម 16លោកយូដាស​ជាកូន​លោក​យ៉ាកុប​និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្លាយជា​ជនក្បត់។

ព្រះយេស៊ូ​បង្រៀន​ និងប្រោសឲ្យ​ជា​

17កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ​ព្រះអង្គ​បាន​ឈរ​នៅលើ​ទី​រាបស្មើ​នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាងច្រើន​រួមទាំង​ប្រជាជន​ច្រើន​កុះករ​ដែល​មកពី​ស្រុក​យូដា​ទាំងមូល​ក្រុង​យេរូសាឡិម​ព្រមទាំង​តំបន់មាត់សមុទ្រ​នៃ​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន 18គឺមក​ដើម្បី​ស្ដាប់​ព្រះអង្គ​និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។ ​ឯ​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​វិញ្ញាណ​អាក្រក់​ក៏​បាន​ជា 19ហើយបណ្ដាជន​ទាំងអស់​រិះរក​ពាល់​ព្រះអង្គ​ព្រោះ​អំណាច​ដែល​ចេញ​ពី​ព្រះអង្គ​មក​បាន​ប្រោស​មនុស្ស​គ្រប់គ្នា​ឲ្យជា។

ព្រះយេស៊ូមានបន្ទូលអំពីព្រះពរ

20ព្រះអង្គ​ងើប​មើល​ទៅ​សិស្ស​របស់​ព្រះអង្គ​ទាំង​មានបន្ទូល​ថា៖ ​«មានពរ​ហើយ​អ្នក​ដែល​មាន​សេចក្ដីកម្សត់​ដ្បិត​នគរ​ព្រះជាម្ចាស់​ជា​របស់​អ្នករាល់គ្នា។ 21មានពរហើយ​អស់​អ្នក​ដែល​ឃ្លាន​នៅពេលនេះ​ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ឆ្អែត។ ​មានពរ​ហើយ​អស់​អ្នក​ដែល​យំសោក​នៅពេលនេះ​ដ្បិត​អ្នករាល់គ្នា​នឹងបាន​សើចសប្បាយ។ 22អ្នករាល់គ្នាមានពរ​ហើយ​នៅពេល​មនុស្ស​ស្អប់​អ្នករាល់គ្នា​លែង​រាប់អាន​អ្នករាល់គ្នា​ជេរ​អ្នករាល់គ្នា​និង​បង្ខូច​ឈ្មោះ​របស់​អ្នករាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស 23ចូរមាន​អំណរ​ហើយ​លោត​កញ្ឆេង​នៅ​ថ្ងៃ​នោះ​ដ្បិត​មើល៍​អ្នករាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ស្ថានសួគ៌​ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​អ្នកនាំ​ព្រះបន្ទូល​ដោយ​របៀបនេះដែរ។

វេទា​ដល់​សេចក្ដី​អាត្មានិយម​

24ប៉ុន្ដែ​វេទនា​ដល់​អ្នករាល់គ្នា​ដែល​ជា​អ្នកមាន​ដ្បិត​អ្នករាល់គ្នា​ទទួល​សេចក្ដីកម្សាន្ដចិត្ដ​របស់​អ្នករាល់គ្នា​រួច​ហើយ។ 25វេទនាដល់​អ្នករាល់គ្នា​ដែល​ឆ្អែត​នៅពេលនេះ​ដ្បិត​អ្នករាល់គ្នា​នឹង​ឃ្លាន​មិនខាន។ ​វេទនា​ហើយ​អស់​អ្នក​ដែល​សើច​សប្បាយ​នៅពេលនេះ​ដ្បិត​អ្នករាល់គ្នា​នឹង​កាន់ទុក្ខ​ហើយ​យំ​សោក​មិនខាន។ 26វេទនាហើយ​នៅពេល​មនុស្ស​ទាំងអស់​និយាយ​ល្អ​ពី​អ្នករាល់គ្នា​ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​នឹង​អ្នកនាំ​ព្រះបន្ទូល​ក្លែងក្លាយ​ដោយ​របៀប​នេះ​ដែរ។

ព្រះយេស៊ូបង្ៀនឲ្យ​ស្រឡាញ់​សត្រូវ​

27ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ដែល​កំពុង​ស្ដាប់​ថា​ចូរ​ស្រលាញ់​សត្រូវ​របស់​អ្នករាល់គ្នា​ហើយ​ចូរ​ធ្វើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នករាល់គ្នា 28ចូរឲ្យពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសា​អ្នករាល់គ្នា​ហើយ​ចូរ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា​ចុះ។ 29ចំពោះអ្នកដែល​ទះ​កំផ្លៀង​របស់​អ្នក​ម្ខាង​ចូរ​បែរ​ម្ខាងទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើម​អាវវែង​របស់​អ្នក​នោះ​កុំ​ឃាត់​អី​ចូរ​ឲ្យ​អាវខាងក្នុង​ដែរ​ចុះ។ 30ចូរឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ពី​អ្នក​ចុះ​ហើយ​អ្នក​ដែល​យក​អីវ៉ាន់​របស់​អ្នក​ចូរ​កុំ​ទារ​វិញ​ឡើយ 31បើអ្នករាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ចំពោះ​អ្នករាល់គ្នា​យ៉ាងណា​ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាងនោះដែរ។ 32បើអ្នករាល់គ្នា​ស្រលាញ់​មនុស្ស​ដែល​ស្រលាញ់​អ្នករាល់គ្នា​តើ​អ្នក​មាន​គុណបំណាច់​អ្វី? ​ព្រោះ​សូម្បីតែ​ពួក​មនុស្ស​បាប​ក៏​ស្រលាញ់​មនុស្ស​ដែល​ស្រលាញ់​ពួកគេ​ដែរ 33ដ្បិតបើ​អ្នករាល់គ្នា​ធ្វើល្អ​ចំពោះ​តែ​មនុស្ស​ដែល​ធ្វើល្អ​នឹង​អ្នករាល់គ្នា​តើ​អ្នករាល់គ្នា​មាន​គុណបំណាច់​អ្វី? ​សូម្បីតែ​ពួក​មនុស្ស​បាប​ក៏​ធ្វើ​ដូចគ្នា​ដែរ 34ហើយបើ​អ្នករាល់គ្នា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មក​វិញ​ពី​អស់​អ្នក​ដែល​អ្នករាល់គ្នា​ឲ្យ​ខ្ជី​តើ​អ្នករាល់គ្នា​មាន​កិត្ដិយស​អ្វី? ​សូម្បីតែ​ពួក​មនុស្ស​បាប​ក៏​ឲ្យ​គ្នាគេ​ខ្ចី​ដើម្បី​ទទួល​បាន​គ្រប់​ចំនួន​វិញ​ដែរ។ 35ប៉ុន្ដែចូរ​ស្រលាញ់​សត្រូវ​របស់​អ្នករាល់គ្នា​ចូរ​ធ្វើ​អំពើ​ល្អ​ចូរ​ឲ្យខ្ចី​ដោយ​មិន​សង្ឃឹមថា​បាន​ទទួលមកវិញ​នោះ​រង្វាន់​របស់​អ្នករាល់គ្នា​នឹង​មាន​ច្រើន​អនេក​រួច​អ្នករាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ​និង​មនុស្ស​អាក្រក់​ដែរ។ 36ចូរមាន​សេចក្ដី​មេត្ដា​ករុណា​ដូចដែល​ព្រះវរបិតា​របស់​អ្នករាល់គ្នា​មាន​ក្ដី​មេត្ដា​ករុណា​ដែរ។

ព្រះយេស៊ូបង្ៀន​​​កុំ​ឲ្យ​ថ្កោល​ទោស​

37ហើយ​កុំ​ថ្កោលទោស​គេ​នោះ​អ្នករាល់គ្នា​នឹង​មិន​ទទួល​ការថ្កោលទោស​វិញ​ឡើយ​និង​កុំ​ផ្ដន្ទាទោស​គេ​ឲ្យ​សោះ​នោះ​អ្នករាល់គ្នា​ក៏​មិន​ទទួល​ការផ្ដន្ទាទោស​វិញ​ដែរ។ ​ចូរ​លើកលែងទោស​ឲ្យ​គេ​នោះ​អ្នករាល់គ្នា​នឹង​ទទួលបាន​ការលើកលែងទោស​វិញ។ 38ចូរឲ្យ​ចុះ​នោះ​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​វិញ​គេ​នឹង​វាល់​បំពេញ​ដាក់​ក្នុង​ថ្នក់​របស់​អ្នករាល់គ្នា​យ៉ាងល្អ​ទាំង​ញាត់​រលាក់​ឲ្យ​ហូរហៀរ​ព្រោះ​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ​វិញ​តាម​រង្វាល់​ដែល​អ្នករាល់គ្នា​បាន​វាល់»។ 39ព្រះអង្គក៏​មានបន្ទូល​ទៅ​គេ​ជា​រឿងប្រៀបប្រដូច​មួយ​ដែរ​ថា៖ ​«តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​បាន​មែន​ឬ? ​តើ​មិន​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​ទេ​ឬ? 40សិស្សមិនដែល​លើ​គ្រូ​ទេ​ប៉ុន្ដែ​សិស្ស​គ្រប់គ្នា​ដែល​បាន​ទទួល​ការ​បង្វឹក​ពេញ​លេញ​នោះ​នឹង​ត្រលប់​ដូចជា​គ្រូ​របស់​គេ។ 41ហេតុអ្វីក៏​អ្នក​មើលឃើញ​កម្ទេចល្អិត​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅក្នុង​ភ្នែក​របស់​ខ្លួនឯង​យ៉ាងដូច្នេះ? 42ពេលអ្នក​មើល​មិន​ឃើញ​សសរ​ក្នុង​ភ្នែក​ខ្លួនឯង​ផង​តើ​អ្នក​អាច​ប្រាប់​បងប្អូន​របស់​ខ្លួន​យ៉ាង​ដូចម្ដេច​ថា​បងប្អូន​អើយ! ​ឲ្យ​ខ្ញុំ​យក​កម្ទេចល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក។ ​ឱ​មនុស្ស​មាន​ពុត​អើយ! ​ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជាមុនសិន​នោះ​អ្នក​នឹង​មើលឃើញ​ច្បាស់​ដើម្បី​យក​កម្ទេចល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។

ព្រះយេស៊ូបន្រៀន​អំពីដើមឈើ​​ និងផល​ផ្លែ​

43ដ្បិត​គ្មាន​ដើមឈើ​ល្អ​ណា​ឲ្យ​ផ្លែ​មិនល្អ​នោះ​ទេ​ហើយក៏​គ្មាន​ដើមឈើ​មិនល្អ​ណា​ឲ្យ​ផ្លែ​ល្អ​ដែរ 44ព្រោះគេ​ស្គាល់​ដើមឈើ​នីមួយៗ​ដោយសារ​ផ្លែ​របស់​វា​ដ្បិត​គេ​មិនដែល​បេះ​ផ្លែល្វា​ពី​ដើមបន្លា​ឬ​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ពបន្លា​ទេ។ 45មនុស្សល្អ​បញ្ចេញ​សេចក្ដី​ល្អ​ពី​កំណប់​ដ៏​ល្អ​នៃ​ចិត្ដ​របស់គេ​ឯ​មនុស្ស​អាក្រក់​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​កំណប់​ដ៏​អាក្រក់​នៃ​ចិត្ដ​របស់គេ​ដែរ​ព្រោះ​មាត់​និយាយ​តាម​សេចក្ដី​ហូរហៀរ​នៃ​ចិត្ដ។

ព្រះយេស៊ូបង្រៀន​អំពីគ្រឹះពីរ​យ៉ាង​

46ហេតុអ្វី​អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា​ព្រះអម្ចាស់​អើយ! ​ព្រះអម្ចាស់​អើយ! ​ប៉ុន្ដែ​មិន​ធ្វើតាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ? 47ខ្ញុំសុំ​ប្រាប់​អ្នករាល់គ្នា​ថា​គ្រប់គ្នា​ដែល​មក​ឯ​ខ្ញុំ​ឮ​ពាក្យ​ខ្ញុំ​ហើយ​ប្រព្រឹត្តតាម​ពាក្យទាំងនោះ​អ្នកនោះ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា 48គឺប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​កំពុង​សង់​ផ្ទះ​ដែល​គាត់​បាន​ជីក​ដី​លុង​យ៉ាងជ្រៅ​ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា។ ​ពេល​ទឹកជំនន់​បាន​មកដល់​ខ្សែទឹក​បាន​បោកបក់​ផ្ទះ​នោះ​ប៉ុន្ដែ​មិន​អាច​ឲ្យ​ផ្ទះនោះ​រង្គើ​បាន​ឡើយ​ព្រោះ​ផ្ទះនោះ​សង់​នៅលើ​គ្រឹះ​មាំ។ 49អ្នកដែល​ឮ​ពាក្យ​ខ្ញុំ​ហើយ​មិន​ប្រព្រឹត្ដតាម​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅលើ​ដី​ដោយ​គ្មាន​គ្រឹះ​ពេល​ខ្សែទឹក​បោកបក់​ផ្ទះនោះ​វា​ក៏​ដួលរលំ​ភ្លាម​ហើយ​សេចក្ដី​អន្ដរាយ​នៃ​ផ្ទះ​នោះ​ធំសម្បើម»។
Copyright information for KhmKCB