‏ Luke 7

ជំនឿ​របស់នាយ​ទាហាន​រ៉ូម​

1ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែល​កំពុង​ស្ដាប់​ចប់សព្វគ្រប់​ហើយ​ព្រះអង្គ​ក៏​យាងចូលទៅ​ក្នុង​ក្រុង​កាពើណិម។ 2ពេលនោះមាន​បាវបម្រើ​ជា​ទី​សំណព្វចិត្ដ​របស់​នាយទាហាន​ម្នាក់​បាន​ឈឺ​ជិត​ស្លាប់ 3កាលបាន​ឮ​អំពី​ព្រះ​យេស៊ូ​នាយទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដា​មក​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​យាងមក​ប្រោស​បាវបម្រើ​របស់​គាត់​ឲ្យជា។ 4អ្នកទាំងនោះ​ក៏​មក​ឯ​ព្រះ​យេស៊ូ​ហើយ​បាន​អង្វរ​ព្រះអង្គ​យ៉ាងទទូច​ថា៖ ​«គាត់​ស័ក្ដិសម​ទទួល​ការប្រោសប្រណី​ពី​លោក​ណាស់ 5ដ្បិតគាត់​ស្រលាញ់​ជនជាតិ​របស់​យើង​ព្រមទាំង​សង់​សាលាប្រជុំ​ឲ្យ​យើង​ផង»។ 6ដូច្នេះព្រះ​យេស៊ូ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​ប៉ុន្ដែ​ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ​នាយទាហាន​ក៏​ចាត់​ពួក​មិត្ដសម្លាញ់​ឲ្យមក​ទូល​ព្រះអង្គ​ថា៖ ​«លោកម្ចាស់​អើយ! ​កុំ​ឲ្យ​រំខាន​លោក​ព្រោះ​ខ្ញុំ​មិន​ស័ក្ដិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ 7ដូច្នេះហើយបានជា​ខ្ញុំ​គិតថា​ខ្លួនខ្ញុំ​មិន​ស័ក្តិសម​មក​ជួប​លោក​ប៉ុន្ដែ​សូម​លោក​និយាយ​តែ​មួយ​ម៉ាត់​ចុះ​នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជា​សះស្បើយ​មិនខាន 8ដ្បិតខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅក្រោម​សិទ្ធិអំណាច​ដែរ​ខ្ញុំ​មាន​ទាហាន​ជាច្រើន​នៅក្រោម​បញ្ជា​ខ្ញុំ​បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​គេ​នឹង​ទៅ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក​គេ​នឹង​មក​ហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នេះ​គេ​ក៏​ធ្វើ» 9កាលបាន​ឮ​សេចក្ដី​ទាំងនេះ​ព្រះ​យេស៊ូ​ស្ងើចសរសើរ​គាត់​រួច​បែរមក​មានបន្ទូល​នឹង​បណ្ដាជន​ដែល​កំពុង​ដើរតាម​ព្រះអង្គ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​នៅ​អ៊ីស្រាអែល​ខ្ញុំ​មិនដែល​ឃើញ​ជំនឿ​ខ្លាំងបែបនេះ​ទេ»។ 10ពួកអ្នក​ដែល​ត្រូវបាន​ចាត់ឲ្យមក​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ​បាន​ឃើញ​បាវបម្រើ​នោះ​មានសុខភាពល្អ។

ព្រះយេស៊ូប្រោស​កូន​ប្រុស​របស់ស្ត្រី​​មេម៉ាយ​ម្នាក់​

11នៅ​ថ្ងៃ​បន្ទាប់​នោះ​ព្រះអង្គ​បាន​យាងទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន​ហើយ​មាន​សិស្ស​របស់​ព្រះអង្គ​និង​បណ្ដាជន​ច្រើនកុះករ​បាន​រួមដំណើរ​ជាមួយ​ព្រះអង្គ។ 12ពេលព្រះអង្គ​មកជិតដល់​ទ្វារ​ក្រុង​មាន​គេ​សែង​សព​មនុស្សម្នាក់​ចេញមក​ដែល​ជា​កូន​ប្រុស​ទោល​ស្ដ្រីមេម៉ាយ​ម្នាក់​និង​មាន​អ្នក​ក្រុង​នោះ​ច្រើនកុះករ​បាន​នៅ​ជាមួយ​ស្ដ្រីនោះ។ 13កាលបាន​ឃើញ​ស្ដ្រីនោះ​ព្រះអម្ចាស់​មាន​សេចក្ដី​អាណិតអាសូរ​ដល់​នាង​ក៏​មានបន្ទូល​ទៅ​នាង​ថា៖ ​«ឈប់​យំសោក​ទៀត​ទៅ» 14រួចព្រះអង្គ​ក៏​ចូល​មក​ពាល់​ក្ដារមឈូស​ឯ​ពួក​អ្នក​កំពុង​សែង​បាន​ឈរនៅទ្រឹង​ហើយ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«អ្នកកំលោះ​អើយ! ​ខ្ញុំ​ប្រាប់​អ្នក​ចូរ​ក្រោកឡើង»។ 15បុរសនោះ​ក៏​ក្រោកអង្គុយ​ហើយ​ចាប់ផ្ដើម​និយាយ​រួច​ព្រះអង្គ​បាន​ប្រគល់​អ្នកកំលោះ​នោះ​ឲ្យ​ម្ដាយ​របស់​គាត់​វិញ 16ហើយមនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដីកោតខ្លាច​ទាំង​សរសើរតម្កើង​ព្រះជាម្ចាស់​ថា៖ ​«មាន​អ្នកនាំព្រះបន្ទូល​ដ៏ធំ​ម្នាក់​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ» ​ហើយ​ពួកគេ​និយាយ​ទៀត​ថា៖ ​«ព្រះជាម្ចាស់​បាន​មកមើល​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។ 17ដំណឹងអំពី​ព្រះអង្គ​នេះ​បាន​ឮសុសសាយ​នៅក្នុង​ស្រុក​យូដា​ទាំងមូល​និង​តំបន់​ទាំងអស់​នៅជុំវិញ​នោះ។

ព្រះយេស៊ូសរសើរ​លោកយ៉ូហាន​

18ហើយ​ពួក​សិស្ស​របស់​លោកយ៉ូហាន​បាន​ប្រាប់​លោក​យ៉ូហាន​អំពី​ការ​ទាំងអស់​នេះ​គាត់​ក៏​ហៅ​សិស្ស​ពីរ​នាក់​ក្នុង​ចំណោម​ពួក​សិស្ស​របស់​គាត់​មក 19រួចបាន​ចាត់​ពួកគេ​ឲ្យទៅ​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖ ​«តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាងមក​ឬ​ក៏​យើង​ត្រូវ​ទន្ទឹងចាំ​ព្រះ​មួយ​អង្គ​ទៀត?» 20កាលពួកគេ​មក​ដល់​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ ​«លោក​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​ចាត់​យើង​ឲ្យមក​សួរ​លោក​ថា​តើ​លោក​ជា​ព្រះ​មួយអង្គ​ដែល​ត្រូវ​យាងមក​ឬ​យើង​ត្រូវ​រង់ចាំ​មួយ​អង្គ​ទៀត?» 21នៅពេល​នោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យបានជា​ពី​ជំងឺ​រោគា​ផ្សេងៗ​និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ហើយ​បាន​ប្រោស​មនុស្ស​ខ្វាក់​ជាច្រើន​ឲ្យ​មើល​ឃើញ។ 22ព្រះអង្គមានបន្ទូល​ឆ្លើយ​ទៅ​អ្នកទាំងពីរនោះ​ថា៖ ​«ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នករាល់គ្នា​បាន​ឃើញ​និង​បាន​ឮ​ចុះ​គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​មនុស្ស​ខ្វិន​បាន​ដើរ​រួច​មនុស្ស​ឃ្លង់​បាន​ជាស្អាត​មនុស្ស​ថ្លង់​បាន​ស្ដាប់ឮ​មនុស្ស​ស្លាប់​បាន​រស់វិញ​ហើយ​អ្នកក្រ​បាន​ឮដំណឹងល្អ 23អ្នកដែល​មិន​រវាតចិត្ត​ពី​ខ្ញុំ​មានពរ​ហើយ»។ 24ពេលអ្នកនាំសារ​ឲ្យ​លោក​យ៉ូហាន​ចាកចេញ​ទៅ​ព្រះអង្គ​ក៏​ចាប់ផ្ដើម​មានបន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា៖ ​«តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោឋាន? ​មើល​ដើមត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ? 25តើអ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ​មើល​បុរស​ម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ស្អាតប្រណិត​ឬ? ​នែ៎! ​អ្នក​ស្លៀកពាក់​រុងរឿង​ហើយ​រស់នៅ​ក្នុង​ភាពហ៊ឺហា​គឺ​នៅ​ឯ​ដំណាក់​ស្ដេច​ឯណោះ។ 26ដូច្នេះតើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ​អ្នកនាំព្រះបន្ទូល​ឬ? ​មែនហើយ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អ្នកនោះ​វិសេស​ជាង​អ្នកនាំព្រះបន្ទូល​ទៅទៀត 27ដ្បិតអ្នក​នេះ​ហើយ​ដែល​មាន​សេចក្ដីចែង​ទុក​អំពី​គាត់​ថា​មើល៍​យើង​ចាត់​ទូត​យើង​ឲ្យទៅ​មុន​អ្នក​ដែល​ជាអ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជាមុន។ 28ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​ក្នុងចំណោម​មនុស្ស​ដែល​កើត​ពី​ស្ដ្រី​មក​គ្មាន​អ្នកណា​វិសេសជាង​លោក​យ៉ូហាន​ទេ​ប៉ុន្ដែ​អ្នក​តូចជាងគេ​នៅក្នុង​នគរ​ព្រះជាម្ចាស់​វិសេសជាង​គាត់​ទៅទៀត»។ 29ពេលប្រជាជន​ទាំងអស់​រួមទាំង​ពួក​អ្នកទារពន្ធដារ​បាន​ស្ដាប់ឮ​ហើយ​ក៏​ទទួលស្គាល់​សេចក្ដីសុចរិត​របស់​ព្រះជាម្ចាស់​ព្រោះ​ពួកគេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​របស់​លោក​យ៉ូហាន 30ប៉ុន្ដែពួក​អ្នកខាង​គណៈ​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រានចោល​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជទឹក​តាមរយៈ​លោកយ៉ូហាន​ទេ។ 31«ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ប្រៀបប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី​ហើយ​ពួកគេ​ប្រៀប​បាន​នឹង​មនុស្ស​បែបណា? 32ពួកគេប្រៀប​បាន​ដូចជា​ក្មេង​ៗ​ដែល​អង្គុយ​នៅ​ផ្សារ​ស្រែក​ទៅ​ពួក​គ្នាវា​ថា​យើង​ផ្លុំខ្លុយ​ឲ្យ​ពួក​ឯង​តែ​ពួក​ឯង​មិន​រាំ​ទេ​ហើយ​យើង​ស្មូត្រ​តែ​ពួក​ឯង​មិន​យំសោក​សោះ 33ដ្បិតលោក​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក​ទាំង​មិន​បរិភោគ​អាហារ​មិន​ផឹក​ស្រា​ទំពាំងបាយជូរ​តែ​អ្នករាល់គ្នា​និយាយ​ថា​គាត់​មាន​អារក្ស​ចូល 34ឯកូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​និង​ផឹក​តែ​អ្នករាល់គ្នា​និយាយ​ថា​មើល៍​បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភស៊ី​ល្មោភផឹក​ជា​មិត្ត​របស់​ពួក​អ្នក​ទារ​ពន្ធដារ​និង​មនុស្ស​បាប 35ប៉ុន្ដែប្រាជ្ញា​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ​ដោយសារ​ផលផ្លែ​វា​ទាំងអស់»។

ស្ដ្រី​មាន​បាប​​ចាក់​ប្រេង​លាប​ព្រះយេស៊ូ

36មាន​អ្នកខាង​គណៈ​ផារិស៊ី​ម្នាក់​អញ្ជើញ​ព្រះយេស៊ូ​ឲ្យមក​បរិភោគ​ជាមួយ​ពេល​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នកខាង​គណៈ​ផារិស៊ី​នោះ​ហើយ​ព្រះអង្គ​ក៏​អង្គុយ​នៅ​តុអាហារ។ 37ហើយមើល៍​នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ហើយ​កាល​បាន​ដឹង​ថា​ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុអាហារ​ក្នុង​ផ្ទះ​របស់​អ្នកខាង​គណៈ​ផារិស៊ី​នាង​ក៏​យក​ប្រេងក្រអូប​មួយ​ដប​មក 38និងបាន​ឈរ​ពី​ខាងក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​និង​យក​សក់​របស់​នាង​ជូត​ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ទាំង​លាប​ប្រេងក្រអូប​ឲ្យ​ផង។ 39កាលអ្នកខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ក៏​គិត​ក្នុង​ចិត្ដ​ថា៖ ​«បើ​លោក​នេះ​ជា​អ្នកនាំ​ព្រះបន្ទូល​មែន​លោក​មុខជា​ដឹង​ថា​ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​និង​ជា​ស្ដ្រី​បែបណា​ហើយ​ព្រោះ​នាង​ជា​មនុស្ស​បាប»។ 40ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ ​«ស៊ីម៉ូន​អើយ! ​ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​អ្នក»។ ​គាត់​ទូល​ថា៖ ​«សូម​លោកគ្រូ​និយាយ​មក​ចុះ»។ 41«មាន​កូនបំណុល​ពីរ​នាក់​ជំពាក់​អ្នកចងការប្រាក់​ម្នាក់​គឺ​ម្នាក់​ជំពាក់​ប្រាំរយ​ឌេណារី​ហើយ​ម្នាក់​ទៀត​ហាសិប​ឌេណារី 42ពេលពួកគេ​គ្មាន​អ្វី​សង​អ្នកចងការ​ក៏​លើកលែង​ឲ្យ​ទាំងពីរ​នាក់។ ​ដូច្នេះ​តើ​ក្នុង​ចំណោម​ពីរ​នាក់​នេះ​អ្នកណា​ស្រលាញ់​គាត់​ច្រើនជាង?» 43លោកស៊ីម៉ូន​ក៏​ទូល​តប​ថា៖ ​«ខ្ញុំ​គិត​ថា​គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!» ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់» 44ពេលបែរទៅ​រក​ស្ដ្រី​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ ​«តើ​អ្នក​ឃើញ​ស្ដ្រី​នេះ​ទេ! ​ពេល​ខ្ញុំ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​អ្នក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ​ផ្ទុយទៅវិញ​នាង​បាន​សម្រក់​ទឹក​ភ្នែក​លាង​ជើង​ឲ្យ​ខ្ញុំ​និង​បាន​យក​សក់​របស់​នាង​ជូត​ជើង​ខ្ញុំ។ 45អ្នកមិន​បាន​ថើប​ខ្ញុំ​ទេ​ប៉ុន្ដែ​នាង​វិញ​បាន​ថើប​ជើង​របស់​ខ្ញុំ​រហូត​តាំងពី​ពេល​ខ្ញុំ​ចូល​មក 46អ្នកមិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ​ប៉ុន្ដែ​នាង​វិញ​បាន​លាប​ប្រេងក្រអូប​លើ​ជើង​របស់​ខ្ញុំ។ 47ហេតុនេះខ្ញុំ​ប្រាប់​អ្នក​ថា​នាង​មាន​សេចក្ដី​ស្រលាញ់​ច្រើន​ព្រោះ​នាង​បាន​ទទួល​ការលើកលែងទោស​បាប​ជាច្រើន​របស់​នាង​ហើយ​ប៉ុន្ដែ​ចំពោះ​អ្នកណា​ដែល​មាន​សេចក្ដី​ស្រលាញ់​តិច​នោះ​ព្រោះ​បាន​ទទួល​ការលើកលែងទោស​តិច​ដែរ»។ 48រួចព្រះអង្គ​ក៏​មានបន្ទូល​ទៅ​នាង​ថា៖ ​«បាប​របស់​អ្នក​បាន​ទទួលការលើកលែងទោស​ហើយ»។ 49ឯពួក​អ្នក​កំពុង​អង្គុយ​នៅ​តុអាហារ​ជាមួយ​ព្រះអង្គ​ក៏​ចាប់ផ្ដើម​គិត​ក្នុង​ចិត្ដ​ថា៖ ​«តើ​អ្នក​នេះ​ជា​នរណា​ដែល​អាច​លើកលែងទោស​បាន​សូម្បីតែ​បាប​ក៏ដោយ?» 50ព្រះអង្គក៏​មានបន្ទូល​ទៅ​ស្ដ្រី​នោះ​ថា៖ ​«ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ​ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ»។
Copyright information for KhmKCB