‏ Luke 8

ស្ត្រី​ជា​ច្រើន​ឧបត្ថម្ភ​កិច្ចការ​របស់​ព្រះយេស៊ូ

1ក្រោយមក​ព្រះអង្គ​បាន​យាង​ពី​ក្រុង​មួយទៅក្រុងមួយ​និង​ពី​ភូមិ​មួយទៅភូមិមួយ​ទាំង​បង្រៀន​និង​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់​ឯ​សាវក​ទាំង​ដប់ពីរ​បាន​នៅ​ជាមួយ​ព្រះអង្គ​ដែរ 2ព្រមទាំងស្ដ្រី​ខ្លះ​ដែល​ព្រះអង្គ​បាន​ប្រោសឲ្យជា​ពី​ជំងឺ​ផ្សេងៗ​និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ដែរ​គឺ​នាង​ម៉ារា​ហៅ​ថា​អ្នកក្រុងម៉ាក់ដាឡា​ដែល​មាន​អារក្ស​ចំនួន​ប្រាំពីរ​បាន​ចេញ​ពី​នាង 3និងនាង​យ៉ូអាណាន់​ប្រពន្ធ​លោក​ឃូសា​ជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ​នាង​ស៊ូសាន​ព្រមទាំង​ពួក​ស្ដ្រី​ជាច្រើន​ទៀត​ដែល​បាន​ផ្គត់ផ្គង់​ដល់​ព្រះអង្គ​និង​ពួក​សាវក​ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។

រឿង​​អ្នកព្រោះគ្រាប់​ពូជ​

4ពេល​បណ្ដាជន​ច្រើន​កុះករ​និង​ពួក​អ្នក​នៅ​ក្រុង​ផ្សេងៗ​ប្រមូលផ្ដុំ​គ្នា​មក​ជួប​ព្រះអង្គ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖ 5«មាន​កសិករ​ម្នាក់​ចេញទៅ​ព្រោះ​គ្រាប់ពូជ​របស់​គាត់​ពេល​គាត់​ព្រោះ​គ្រាប់ពូជ​ខ្លះ​បាន​ធ្លាក់​ទៅលើ​ផ្លូវ​ត្រូវ​គេ​ដើរជាន់​ហើយ​សត្វ​លើ​អាកាស​បាន​មក​ចឹក​ស៊ី​អស់។ 6ខ្លះទៀតធ្លាក់​ទៅលើ​ដី​មាន​ថ្ម​កាល​ដុះឡើង​នោះ​ក៏​ក្រៀមស្វិត​ទៅ​ព្រោះ​គ្មាន​សំណើម 7គ្រាប់ពូជខ្លះ​ទៀត​ក៏​ធ្លាក់​ទៅលើ​ដី​មាន​បន្លា​ហើយ​ក៏​ដុះឡើង​ជាមួយ​បន្លា​ដែល​បាន​រួបរឹត​វា។ 8រីឯគ្រាប់ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ក៏​ដុះឡើង​បង្កើត​ផល​បាន​មួយជាមួយរយ»។ ​ក្រោយពី​បាន​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ព្រះអង្គ​ក៏​បន្លឺសំឡេង​ថា៖ ​«អ្នក​ណា​មាន​ត្រចៀក​ស្ដាប់​ចូរ​ស្ដាប់​ចុះ!» 9ពួកសិស្ស​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖ ​«តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូចម្ដេច?» 10ព្រះអង្គមានបន្ទូល​ថា៖ ​«អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​ត្រូវបាន​ប្រទាន​មក​ឲ្យ​អ្នករាល់គ្នា​យល់​ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​វិញ​ដើម្បី​ឲ្យ​គេ​មើល​ប៉ុន្ដែ​មិន​ឃើញ​ឲ្យ​ស្ដាប់​ប៉ុន្ដែ​មិន​យល់។

ការ​ពន្យល់​អំពី​រឿង​​អ្នកព្រោះគ្រាប់​ពូជ​

11រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូច​តទៅ​គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 12គ្រាប់ពូជលើ​ផ្លូវ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​រួច​អារក្ស​សាតាំង​ក៏​មក​ឆក់យក​ព្រះបន្ទូល​នោះ​ពី​ចិត្ដ​របស់​ពួកគេ​ទៅ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ជឿ​និង​បាន​សង្គ្រោះ​ឡើយ។ 13គ្រាប់ពូជលើ​ថ្ម​ជា​អស់​អ្នក​ដែល​នៅពេល​បាន​ឮ​ព្រះបន្ទូល​ក៏​ទទួលយក​ដោយ​អំណរ​តែ​អ្នក​ទាំងនេះ​គ្មាន​ឫស​ទេ​ពួកគេ​ជឿ​បាន​តែ​មួយរយៈ​ហើយ​នៅពេល​មាន​សេចក្ដីល្បួង​ពួកគេ​ក៏​បោះបង់ចោល។ 14គ្រាប់ពូជដែល​ធ្លាក់​ក្នុង​គុម្ព​បន្លា​អ្នក​ទាំងនេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ប៉ុន្ដែ​ដោយសារតែ​សេចក្ដី​ខ្វល់ខ្វាយ​ទ្រព្យសម្បត្ដិ​ព្រមទាំង​តណ្ហា​នៃ​ជីវិត​តាមមក​រួបរិត​នោះ​មិន​បាន​បង្កើត​ផលផ្លែ​ដ៏ល្អ​ឡើយ។ 15គ្រាប់ពូជលើ​ដី​ល្អ​អ្នក​ទាំងនេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​និង​បាន​រក្សាទុក​ដោយ​ចិត្ដ​ល្អ​ទៀងត្រង់​ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។

រឿង​អំពីចង្កៀង​

16គ្មាន​អ្នកណា​អុជ​ចង្កៀង​ហើយ​យក​ក្រឡ​គ្រប​ឬ​ដាក់​នៅ​ក្រោម​គ្រែ​ទេ​គឺ​គេ​ដាក់​នៅ​លើ​ជើងចង្កៀង​វិញ​ដើម្បី​ឲ្យ​ពួក​អ្នក​ចូលមក​បាន​មើលឃើញ​ពន្លឺ។ 17ដ្បិតគ្មាន​ការ​លាក់កំបាំង​អ្វី​ដែល​នឹង​មិន​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ហើយ​ក៏​គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​និង​យកមក​បើកចំហ​ដែរ។ 18ដូច្នេះចូរ​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ស្ដាប់​ដ្បិត​អ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដកយក​ពី​អ្នកនោះ​វិញ​សូម្បីតែ​អ្វី​ដែល​អ្នកនោះ​គិតថា​មាន​ផង»។

បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ​

19ម្ដាយ​និង​បង​ប្អូន​របស់​ព្រះយេស៊ូ​បាន​មក​ជួប​ព្រះអង្គ​ប៉ុន្ដែ​ពួកគេ​មិន​អាច​ទៅជិត​ព្រះអង្គ​បាន​ទេ​ពីព្រោះ​មនុស្ស​ច្រើន​ពេក 20រួចមានគេ​ក៏​ទូល​ព្រះអង្គ​ថា៖ ​«ម្ដាយ​និង​បង​ប្អូន​របស់​លោក​កំពុង​ឈរ​នៅខាងក្រៅ​ចង់​ជួប​លោក»។ 21ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«អ្នក​ណា​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ហើយ​ប្រព្រឹត្តតាម​អ្នក​នោះ​ហើយ​ជា​ម្ដាយ​និង​ជា​បងប្អូន​របស់​ខ្ញុំ»។

ព្រះយេស៊ូរំងាប់​​ព្យុះ​នៅ​បឹង​កាលីឡេ​

22នៅ​ថ្ងៃ​មួយ​ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស​និង​បាន​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយម្ខាង»។ ​ពួកគេ​ក៏​ចេញទូកទៅ។ 23កាលពួកគេ​កំពុង​ឆ្លង​ទូក​ព្រះអង្គ​ក៏​ផ្ទំ​លក់​នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង​ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ព្រមទាំង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់។ 24ពួកគេបាន​ចូលមកជិត​ដាស់​ព្រះអង្គ​ថា៖ ​«លោក​គ្រូ! ​លោក​គ្រូ! ​យើង​កំពុងតែ​វិនាស​ហើយ» ​ព្រះអង្គ​ក៏​ភ្ញាក់ឡើង​បន្ទោស​ខ្យល់​និង​ទឹក​រលក​ហើយ​វា​ក៏​ឈប់​រួច​ក៏​ស្ងប់​ទៅ។ 25ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​ជំនឿ​របស់​អ្នករាល់គ្នា​នៅឯណា?» ​ពួកគេ​ក៏​នឹកអស្ចារ្យ​ទាំង​កោតខ្លាច​និង​និយាយ​គ្នា​ទៅវិញទៅមក​ថា៖ ​«ចុះ​តើ​លោក​នេះ​ជា​នរណា​បានជា​សូម្បីតែ​ខ្យល់​និង​ទឹក​ស្ដាប់បង្គាប់​លោក​ពេល​លោក​បញ្ជា?»

ព្រះយេស៊ូបណ្ដេញ​​អារក្ស​ពី​បុរស​ម្នាក់​

26ពួកគេ​ក៏​ឆ្លងទូក​មក​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ដែល​នៅ​ទល់មុខ​ស្រុក​កាលីឡេ។ 27កាលព្រះអង្គ​ឡើង​លើ​គោក​ក៏​បាន​ជួប​នឹង​បុរស​ម្នាក់​មកពី​ក្រុង​នោះ​ដែល​មាន​អារក្ស​ចូល​និង​មិន​បាន​ស្លៀក​សម្លៀកបំពាក់​អ្វី​សោះ​អស់រយៈពេល​យូរ​មកហើយ​គាត់​មិន​បាន​រស់នៅ​ក្នុង​ផ្ទះ​ទេ​គឺ​នៅ​តែ​តាម​ផ្នូរខ្មោច​ប៉ុណ្ណោះ។ 28ពេលឃើញ​ព្រះ​យេស៊ូ​គាត់​ក៏​ក្រាប​នៅពីមុខ​ព្រះអង្គ​និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«ឱ​ព្រះ​យេស៊ូ​ដែល​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់បំផុត​អើយ! ​តើ​ខ្ញុំ​និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹងគ្នា? ​ខ្ញុំ​សូមអង្វរ​ព្រះអង្គ​កុំ​ធ្វើ​ទារុណកម្ម​ខ្ញុំ​អី»។ 29ដ្បិតព្រះអង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ​ព្រោះ​វា​បាន​សណ្ឋិតក្នុង​គាត់​ច្រើន​លើក​ហើយ​ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់​ខ្នោះជើង​និង​ដាក់​ច្រវាក់​ក៏ដោយ​ក៏​គាត់​នៅតែ​ផ្ដាច់​ចំណង​ទាំងអស់​នោះ​ខ្ទេច​ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទីរហោឋាន។ 30ព្រះយេស៊ូ​សួរ​វា​ថា៖ ​«តើ​ឯង​ឈ្មោះ​អ្វី?» ​វា​ក៏​ឆ្លើយ​ថា៖ ​«កងទ័ព» ​ព្រោះ​មាន​អារក្ស​ច្រើន​បាន​ចូល​ក្នុង​គាត់ 31ហើយពួកវា​បាន​អង្វរ​ព្រះអង្គ​កុំ​ឲ្យ​ព្រះអង្គ​បង្គាប់​ពួកវា​ចេញទៅ​ក្នុង​រណ្ដៅ​នរក។ 32នៅទីនោះមាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុងតែ​ស៊ីចំណី​លើ​ភ្នំ​ហើយ​អារក្ស​ក៏​អង្វរ​ព្រះអង្គ​សុំ​ឲ្យ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំងនោះ​ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួកវា។ 33ពួកអារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វជ្រូក​ទាំងនោះ​ហ្វូង​ជ្រូក​ក៏​បោលតាម​ច្រាំង​ចំណោត​ចូល​ទៅក្នុង​បឹង​ហើយ​លង់ទឹក​អស់ទៅ។ 34ពេលពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ឃើញ​ហេតុកាណ៍​កើតឡើង​ក៏​រត់គេចខ្លួន​អស់​ហើយ​បាន​រៀបរាប់​រឿងនេះ​នៅតាម​ក្រុង​និង​ជនបទ​នានា 35ប្រជាជនក៏នាំគ្នា​ចេញមក​មើល​ហេតុការណ៍​ដែល​កើតឡើង​និង​បាន​មក​ជួប​ព្រះ​យេស៊ូ​ក៏​ឃើញ​បុរស​ដែល​ពួក​អារក្ស​បាន​ចេញពី​គាត់​កំពុង​នៅ​ទៀប​បាទា​ព្រះ​យេស៊ូ​ទាំង​ស្លៀកពាក់​និង​មាន​ស្មារតី​ឡើង​វិញ​ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាត។ 36ពួកអ្នក​ដែល​បាន​ឃើញ​ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​បុរស​មាន​អារក្សចូល​ត្រូវបាន​ប្រោសឲ្យជា។ 37អ្នកទាំងអស់​ដែល​នៅ​ជុំវិញ​តំបន់​របស់​ពួក​គេរ៉ាស៊ីន​បាន​សុំ​ឲ្យ​ព្រះអង្គ​ចាកចេញ​ពី​ពួកគេ​ព្រោះ​ពួកគេ​មាន​សេចក្ដី​ភ័យខ្លាច​ជាខ្លាំង​ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រលប់​មកវិញ។ 38បុរសដែល​ពួក​អារក្ស​បាន​ចេញ​នោះ​បាន​អង្វរសុំ​នៅ​ជាមួយ​ព្រះអង្គ​ប៉ុន្ដែ​ព្រះអង្គ​បាន​ចាត់​គាត់​ឲ្យទៅ​វិញ​ដោយ​មានបន្ទូល​ថា៖ 39«ចូរ​ត្រលប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ហើយ​រៀបរាប់​អំពី​ការ​ទាំងអស់​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក»។ ​គាត់​ក៏​ចេញទៅ​ពាសពេញ​ក្រុង​ទាំងមូល​ប្រកាស​ប្រាប់​អំពី​ការ​ទាំងអស់​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។

ព្រះយេស៊ូប្រោស​ឲ្យ​ជា​​ដោយ​សារ​ជំនឿ​

40ពេល​ព្រះ​យេស៊ូ​ត្រលប់​មកវិញ​មនុស្ស​ច្រើន​​កុះករ​បាន​ស្វាគមន៍​ព្រះអង្គ​យ៉ាងរាក់ទាក់​ដ្បិត​ពួកគេ​គ្រប់គ្នា​បាន​ទន្ទឹងចាំ​ព្រះអង្គ 41ហើយមើល៍​មាន​បុរស​ម្នាក់​ឈ្មោះ​យៃរ៉ូស​បាន​មក​ម្នាក់​នេះ​ជា​ប្រធាន​សាលាប្រជុំ​គាត់​បាន​ក្រាប​នៅ​ទៀប​បាទា​ព្រះ​យេស៊ូ​ទាំង​អង្វរសុំ​ឲ្យ​ព្រះអង្គ​យាងទៅ​ផ្ទះ​របស់​គាត់ 42ព្រោះកូនស្រី​តែមួយ​របស់​គាត់​ដែល​មានអាយុ​ប្រហែល​ដប់ពីរ​ឆ្នាំ​ជិតស្លាប់​ហើយ​ប៉ុន្ដែ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​បណ្ដាជន​បាន​ប្រជ្រៀត​ព្រះអង្គ 43ហើយមាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់រយៈពេល​ដប់ពីរ​ឆ្នាំ​មក​ហើយ​(​នាង​បាន​ចំណាយ​ទ្រព្យសម្បត្តិ​របស់​នាង​ទាំងអស់​លើ​ពួក​គ្រូពេទ្យ​)​តែ​គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាបាល​នាង​ជា​ឡើយ។ 44កាលបាន​ចូលមកជិត​ពី​ខាងក្រោយ​នាង​បាន​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ​ហើយ​នាង​ក៏​បាន​ឈប់​ធ្លាក់​ឈាម​ភ្លាម។ 45ព្រះយេស៊ូ​មានបន្ទូល​ថា៖ ​«តើ​នរណា​បាន​ពាល់​ខ្ញុំ?» ​ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​លោក​ពេត្រុស​ក៏​ទូល​ថា៖ ​«លោកគ្រូ​អើយ! ​បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក» 46ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«មាន​អ្នកណា​ម្នាក់​បាន​ពាល់​ខ្ញុំ​ដ្បិត​ខ្ញុំ​ដឹង​ថា​អំណាច​បាន​ចេញ​ពី​ខ្ញុំ»។ 47កាលស្ដ្រី​នោះ​ដឹង​ថា​នាង​លាក់​មិន​ជិត​ក៏​មក​ក្រាប​ទាំង​ភ័យញ័រ​នៅពីមុខ​ព្រះអង្គ​ហើយ​នាង​រៀបរាប់​ប្រាប់​នៅចំពោះមុខ​មនុស្ស​ទាំងអស់​អំពី​មូលហេតុ​ដែល​នាង​បាន​ពាល់​ព្រះអង្គ​និង​អំពី​របៀប​ដែល​នាង​បាន​ជា​ភ្លាមៗ 48រួចព្រះអង្គ​មានបន្ទូល​ទៅ​នាង​ថា៖ ​«កូនស្រី​អើយ! ​ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជាសះស្បើយ​ហើយ​ចូរ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។ 49ពេលព្រះអង្គ​កំពុង​មានបន្ទូល​មាន​មនុស្ស​ម្នាក់​មក​ពី​ផ្ទះ​របស់​ប្រធានសាលាប្រជុំ​ប្រាប់​លោក​យៃរ៉ូស​ថា៖ ​«កូនស្រី​របស់​លោក​ស្លាប់​ហើយ​កុំ​រំខាន​លោកគ្រូ​ទៀត​អី» 50ប៉ុន្ដែពេល​ព្រះ​យេស៊ូ​ឮ​ក៏​ឆ្លើយ​ទៅ​លោក​យៃរ៉ូស​ថា៖ ​«កុំ​ខ្លាច​អី! ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​នាង​នឹង​បានជា»។ 51ពេលមក​ដល់​ផ្ទះ​នោះ​ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូល​ទៅ​ខាងក្នុង​ជាមួយ​ព្រះអង្គ​ទេ​លើកលែងតែ​លោក​ពេត្រុស​លោក​យ៉ូហាន​លោក​យ៉ាកុប​និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។ 52មនុស្សទាំងអស់​កំពុង​កាន់ទុក្ខ​ទាំង​ទ្រហោយំ​ប៉ុន្ដែ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«ឈប់​ទ្រហោយំ​ទៀត​ទៅ​ដ្បិត​នាង​មិនទាន់​ស្លាប់​ទេ​គឺ​នាង​កំពុង​ដេកលក់​ទេតើ» 53ពួកគេក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ 54ប៉ុន្ដែព្រះអង្គ​បាន​ចាប់​ដៃ​របស់​នាង​ទាំង​ស្រែកហៅ​ថា៖ ​«នាង​តូច​អើយ! ​ក្រោកឡើង» 55វិញ្ញាណរបស់​នាង​ក៏​ត្រលប់មកវិញ​ហើយ​នាង​បាន​ក្រោកឈរ​ភ្លាម​ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ផ្ដល់​អាហារ​ឲ្យ​នាង​បរិភោគ។ 56ឪពុកម្ដាយរបស់​នាង​មាន​ការអស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាងខ្លាំង​ប៉ុន្ដែ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​កុំ​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ។
Copyright information for KhmKCB