‏ Luke 9

ព្រះយេស៊ូចាត់​​សាវក​ទាំង​ដប់​ពីរ​

1កាល​បាន​ហៅ​សាវក​ទាំង​ដប់ពីរ​ជុំគ្នា​ហើយ​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ពួកគេ​មាន​ឫទ្ធានុភាព​និង​សិទ្ធិអំណាច​លើ​ពួក​អារក្ស​ទាំងអស់​ព្រមទាំង​ប្រោស​ជំងឺ​ផ្សេងៗ​ឲ្យបានជា 2ហើយព្រះអង្គ​ក៏​ចាត់​ពួកគេ​ឲ្យ​ចេញទៅ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​និង​ប្រោស​ពួក​អ្នកជំងឺ​ឲ្យបានជា។ 3ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ពេល​ធ្វើដំណើរ​កុំ​យក​អ្វី​ទៅជាមួយ​ឲ្យសោះ​ទោះជា​ឈើច្រត់​ថង់យាម​នំប៉័ង​ឬ​ប្រាក់​ក្ដី​ហើយ​ម្នាក់ៗ​មិន​ត្រូវ​មាន​អាវ​ពីរ​បន្លាស់​ទេ។ 4ផ្ទះណា​ក៏ដោយ​ដែល​អ្នករាល់គ្នា​បាន​ចូល​ចូរ​ស្នាក់នៅ​ផ្ទះ​នោះ​រហូតដល់​អ្នករាល់គ្នា​ចេញ​ពីទីនោះ 5ចំពោះអស់​អ្នក​ដែល​មិន​ទទួល​អ្នករាល់គ្នា​ពេល​ចេញ​ពី​ក្រុង​នោះ​ចូរ​រលាស់​ធូលីដី​ពី​ជើង​របស់​អ្នករាល់គ្នា​ចុះ​ដើម្បី​ទុកជា​ទីបន្ទាល់​ដល់​ពួកគេ» 6ពួកគេក៏​ចេញទៅ​និង​បាន​ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ប្រកាស​ដំណឹងល្អ​និង​ប្រោស​ជំងឺ​នៅគ្រប់​ទីកន្លែង​ឲ្យបានជា។

ស្ដេច​ហេរ៉ូឌ​ចង់​ជួប​​ព្រះយេស៊ូ

7កាល​ហេរ៉ូឌ​ជា​ស្ដេចត្រាញ់​បាន​ឮ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើតឡើង​ស្ដេច​ក៏​គិតមិនយល់​ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា​លោក​យ៉ូហាន​ត្រូវបាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើងវិញ 8អ្នកខ្លះ​ទៀត​ថា​លោក​អេលីយ៉ា​បាន​លេចមក​ប៉ុន្ដែ​ពួក​អ្នក​ឯ​ទៀត​ថា​មាន​អ្នកនាំព្រះបន្ទូល​ម្នាក់​នៅជំនាន់មុន​បាន​រស់ឡើងវិញ។ 9រីឯស្ដេច​ហេរ៉ូឌ​វិញ​បាន​មានបន្ទូល​ថា៖ ​«ខ្ញុំ​បាន​កាត់ក​លោក​យ៉ូហាន​ហើយ​ចុះ​តើ​ម្នាក់​នេះ​ជា​អ្នកណា​បានជា​ខ្ញុំ​ឮ​ហេតុការណ៍​អំពី​គាត់​យ៉ាងដូច្នេះ?» ​ស្ដេច​ក៏​ចង់​ជួប​ព្រះអង្គ។

ព្រះយេស៊ូប្រទានអាហារ​​មនុស្សប្រាំ​ពាន់​នាក់​

10ពេល​ពួក​សាវក​បាន​ត្រលប់​មក​វិញ​ហើយ​ក៏​រៀបរាប់​ប្រាប់​ព្រះអង្គ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ​ហើយ​ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញទៅ​ដោយឡែក​ទៅ​ក្រុង​មួយ​ឈ្មោះ​បេតសៃដា។ 11ប៉ុន្ដែពេល​បណ្ដាជន​បាន​ដឹង​ក៏​ទៅតាម​ព្រះអង្គ​ហើយ​ព្រះអង្គ​បាន​ស្វាគមន៍​ពួកគេ​និង​មានបន្ទូល​ទៅ​ពួកគេ​អំពី​នគរ​ព្រះជាម្ចាស់​ព្រមទាំង​បាន​ប្រោស​អស់​អ្នក​ដែល​ត្រូវការ​ប្រោសឲ្យជា​ឲ្យបានជា​ដែរ។ 12នៅពេលថ្ងៃ​ចាប់ផ្ដើម​ជ្រេ​សាវក​ទាំង​ដប់ពីរ​បាន​ចូលមកជិត​ទូល​ព្រះអង្គ​ថា៖ ​«សូម​រំសាយ​បណ្ដាជន​ឲ្យទៅ​ស្រុក​ភូមិ​និង​ស្រែចម្ការ​នៅ​ជុំវិញ​ដើម្បី​ឲ្យ​ពួកគេ​រក​ម្ហូបអាហារ​និង​កន្លែង​ស្នាក់នៅ​ដ្បិត​កន្លែងនេះ​នៅ​ដាច់ពីគេ»។ 13ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​អ្នករាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង» ​ប៉ុន្ដែ​ពួកគេ​បាន​ទូលវិញ​ថា៖ ​«យើង​មាន​តែ​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ​លុះត្រាតែ​យើង​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ» 14ព្រោះមាន​មនុស្ស​ប្រុស​ប្រហែល​ប្រាំពាន់​នាក់។ ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖ ​«ចូរ​ឲ្យ​ពួកគេ​អង្គុយ​ជា​ក្រុម​ៗ​ក្នុង​មួយ​ក្រុម​ហាសិប​នាក់​ចុះ»។ 15ពួកគេក៏​បាន​ធ្វើ​ដូច្នោះ​ហើយ​មនុស្ស​ទាំងអស់​ក៏​អង្គុយចុះ។ 16កាលព្រះអង្គ​បាន​យក​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ក៏​ងើយមើល​ទៅ​ស្ថានសួគ៌​ទាំង​អរព្រះគុណ​សម្រាប់​អាហារ​ទាំងនោះ​រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ដើម្បី​រៀបចំ​នៅមុខ​បណ្ដាជន។ 17ពួកគេក៏​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​គ្រប់ៗ​គ្នា​ហើយ​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅសល់​បាន​ដប់ពីរ​កន្ដ្រក។

លោកពេត្រុស​ប្រកាស​​​ថា​​ព្រះយេស៊ូ​ជា​​ព្រះមែស៊ី​

18នៅពេលមួយ​កាល​ព្រះអង្គ​កំពុង​អធិស្ឋាន​នៅដាច់​ដោយឡែក​ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅជាមួយ​ព្រះអង្គ​ព្រះអង្គ​បាន​មានបន្ទូល​សួរ​ពួកគេ​ថា៖ ​«តើ​បណ្ដាជន​និយាយ​ថា​ខ្ញុំ​ជា​អ្នកណា?» 19ពួកគេក៏​ទូល​ឆ្លើយ​ថា៖ ​«ជា​លោក​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​ប៉ុន្ដែ​អ្នក​ឯទៀត​ថា​ជា​លោក​អេលីយ៉ា​ហើយ​អ្នក​ផ្សេងទៀត​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​ម្នាក់​នៅជំនាន់មុន​ដែល​បាន​រស់ឡើងវិញ»។ 20ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចុះ​អ្នករាល់គ្នា​វិញ​ថា​ខ្ញុំ​ជា​អ្នកណា​ដែរ?» ​លោក​ពេត្រុស​ទូល​ឆ្លើយ​ថា៖ ​«លោក​ជា​ព្រះ​គ្រិស្ដ​របស់​ព្រះជាម្ចាស់»។

ព្រះយេស៊ូប្រាប់​ឲ្យដឹងជា​​មុន​អំពីការ សោយទិវង្គត​ និងការ​រស់​ឡើង​វិញ​របស់ព្រះអង្គ

21ប៉ុន្ដែ​ព្រះអង្គ​បាន​ព្រមាន​ពួកគេ​ដោយ​បង្គាប់​មិន​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​ពី​ការ​នេះ​ទេ 22ព្រះអង្គមានបន្ទូល​ថា៖ ​«កូន​មនុស្ស​ត្រូវតែ​ទទួល​រងទុក្ខ​ជាច្រើន​ត្រូវ​ពួក​ចាស់ទុំ​ពួក​សម្ដេចសង្ឃ​និង​ពួក​គ្រូវិន័យ​ជំទាស់​និង​សម្លាប់​ហើយ​លោក​នឹង​រស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី»។

អ្នកដែលអាចធ្វើ​ជា​​សិស្ស​របស់ព្រះយេស៊ូ

23ព្រះអង្គ​បាន​មានបន្ទូល​ទៅ​គេ​ទាំងអស់​គ្នា​ថា៖ ​«បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​អ្នកនោះ​ត្រូវ​លះបង់​ខ្លួនឯង​លី​ឈើឆ្កាង​របស់​ខ្លួន​រាល់​ថ្ងៃ​មកតាម​ខ្ញុំ​ចុះ 24ដ្បិតអ្នកណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​អ្នកនោះ​នឹង​បាត់​ជីវិត​ទៅ​ប៉ុន្ដែ​អ្នកណា​ដែល​បាត់​ជីវិត​ខ្លួន​ដោយព្រោះ​ខ្ញុំ​អ្នកនោះ​នឹង​បាន​ជីវិត​វិញ។ 25បើមនុស្ស​ម្នាក់​ទទួលបាន​ពិភពលោក​ទាំងមូល​តែ​ត្រូវ​វិនាស​ឬ​បាត់បង់​ជីវិត​ខ្លួន​តើ​មាន​ប្រយោជន៍​អ្វី? 26ដ្បិតអ្នកណា​ខ្មាស​គេ​ដោយសារ​ខ្ញុំ​និង​ពាក្យ​របស់​ខ្ញុំ​កូន​មនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នកនោះ​វិញ​នៅពេល​ដែល​លោក​មក​នៅក្នុង​សិរី​រុងរឿង​របស់​លោក​និង​របស់​ព្រះវរបិតា​ព្រមទាំង​ពួក​ទេវតា​បរិសុទ្ធ។ 27ខ្ញុំប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា​មាន​អ្នក​ខ្លះ​ក្នុងចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅទីនេះ​នឹង​មិន​ស្គាល់​សេចក្ដីស្លាប់​ឡើយ​លុះត្រាតែ​ឃើញ​នគរ​ព្រះជាម្ចាស់»។

សិរីរុងរឿង​របស់ព្រះយេស៊ូ

28ប្រហែលជា​ប្រាំបី​ថ្ងៃ​ក្រោយពី​បាន​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​ព្រះអង្គ​បាន​នាំ​លោក​ពេត្រុស​លោក​យ៉ូហាន​និង​លោក​យ៉ាកុប​ឡើងទៅ​លើ​ភ្នំ​ជាមួយ​ដើម្បី​អធិស្ឋាន។ 29ពេលព្រះអង្គ​កំពុង​អធិស្ឋាន​ព្រះភក្ដ្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់ប្រែ​អាវ​របស់​ព្រះអង្គ​ប្រែជា​ស​ភ្លឺចាំង 30ហើយមើល៍​មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​គឺ​ជា​លោក​ម៉ូសេ​និង​លោក​អេលីយ៉ា 31ដែលបាន​លេចមក​ក្នុង​សិរី​រុងរឿង​ទាំង​និយាយ​ពី​ការសោយទិវង្គត​របស់​ព្រះអង្គ​ដែល​នឹងត្រូវ​សម្រេច​នៅ​ក្រុង​យេរូសាឡិម។ 32លោកពេត្រុស​និង​ពួក​អ្នក​នៅ​ជាមួយ​គាត់​បាន​ងងុយ​ដេក​យ៉ាងខ្លាំង​ប៉ុន្ដែ​កាល​ពួកគេ​ភ្ញាក់ឡើង​ក៏​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​និង​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​ជាមួយ​ព្រះអង្គ។ 33កាលអ្នកទាំងពីរនោះ​ចាកចេញ​ពី​ព្រះអង្គ​ទៅ​លោក​ពេត្រុស​បាន​ទូល​ទៅ​ព្រះ​យេស៊ូ​ថា៖ ​«លោកគ្រូ​ជា​ការល្អណាស់​ដែល​យើង​បាន​នៅ​ទីនេះ​សូម​ឲ្យ​យើង​ធ្វើ​រោង​បី​ទៅ​គឺ​មួយ​សម្រាប់​លោក​មួយ​សម្រាប់​លោក​ម៉ូសេ​និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា» ​ប៉ុន្ដែ​គាត់​មិន​ដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​និយាយ​ឡើយ។ 34ពេលគាត់​កំពុង​ទូល​ពី​សេចក្ដី​ទាំងនេះ​មាន​ពពក​លេចមក​គ្របបាំង​ពួកគេ​ហើយ​ពួកគេ​ភ័យខ្លាច​នៅ​ពេល​ចូល​ទៅ​ក្នុង​ពពក​នោះ។ 35រួចមាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖ ​«នេះ​ជា​បុត្រ​របស់​យើង​ដែល​យើង​បាន​ជ្រើសរើស​ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ!» 36ក្រោយមាន​សំឡេង​នោះ​ឃើញ​តែ​ព្រះ​យេស៊ូ​មួយអង្គ​ប៉ុណ្ណោះ​ហើយ​ពួកគេ​ក៏​ស្ងាត់មាត់​រួច​នៅ​គ្រា​នោះ​ពួកគេ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណា​ម្នាក់​ឡើយ​អំពី​ហេតុការណ៍​ដែល​ពួកគេ​បាន​ឃើញ។

ព្រះយេស៊ូបណ្ដេញ​អារក្ស​ចេញ​ពី​ក្មេង​ប្រុស​

37ថ្ងៃ​បន្ទាប់​ពេល​ពួកគេ​ចុះ​ពី​ភ្នំ​មក​បណ្ដាជន​ច្រើនកុះករ​បាន​មកជួប​ព្រះអង្គ 38ហើយមើល៍​មាន​បុរស​ម្នាក់​ស្រែក​ពី​ក្នុងចំណោម​បណ្ដាជន​មក​ថា៖ ​«លោកគ្រូ​អើយ! ​ខ្ញុំ​សូម​អង្វរ​សូម​មើល​កូន​ប្រុស​របស់​ខ្ញុំ​ផង​ព្រោះ​វា​ជា​កូន​តែមួយ​របស់​ខ្ញុំ 39ដ្បិតមាន​វិញ្ញាណ​មួយ​ចូល​ក្នុង​វា​ហើយ​ស្រែកឡើង​ភ្លាម​រួច​ផ្ដួល​កូន​ខ្ញុំ​ឲ្យ​ដួល​ប្រកាច់ប្រកិន​បែកពពុះមាត់​ហើយ​វា​ញាំញី​កូនរបស់ខ្ញុំ​មិនងាយ​ចេញ​ឡើយ។ 40ខ្ញុំបាន​អង្វរ​ពួក​សិស្ស​របស់​លោក​ឲ្យ​ពួកគេ​បណ្ដេញ​វិញ្ញាណនោះ​ចេញ​ដែរ​ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើបាន​សោះ»។ 41ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ថា៖ ​«ឱ​ជំនាន់​មនុស្ស​គ្មាន​ជំនឿ​និង​មាន​ចិត្ដវៀច​អើយ! ​តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់​ពេល​ណា? ​តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់​ពេលណា? ​ចូរ​នាំ​កូន​ប្រុស​របស់​អ្នក​មក​ទីនេះ!»។ 42ពេលកូននោះ​កំពុង​ចូលមកជិត​នៅឡើយ​អារក្ស​បាន​ធ្វើឲ្យ​ដួល​ប្រកាច់​ប្រកិន​ហើយ​ព្រះ​យេស៊ូ​ក៏​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់​នោះ​ទាំង​ប្រោស​ក្មេង​នោះ​ឲ្យបានជា​រួច​ប្រគល់​ឲ្យ​ទៅ​ឪពុក​របស់​វា​វិញ។

ព្រះយេស៊ូ​ប្រាប់ឲ្យ​ដឹង​ជា​មុនម្ដងទៀត​​​អំពី​ការ​សោយទិវង្គតរបស់ព្រះអង្គ​

43មនុស្ស​ទាំងអស់​បាន​នឹកអស្ចារ្យ​ចំពោះ​អំណាច​របស់​ព្រះជាម្ចាស់​ហើយ​កាល​មនុស្ស​ទាំងអស់​កំពុង​ស្ងើចសរសើរ​ចំពោះ​ការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នោះ​ព្រះអង្គ​បាន​មានបន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖ 44«ចូរ​អ្នករាល់គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទាំងនេះ​ចុះ! ​ដ្បិត​កូន​មនុស្ស​នឹងត្រូវ​គេ​ប្រគល់​ទៅក្នុង​ដៃ​របស់​មនុស្ស»។ 45តែពួកគេ​មិនយល់​ព្រះបន្ទូល​នេះ​ទេ​ដ្បិត​ត្រូវបាន​លាក់បាំង​ពី​ពួកគេ​ដើម្បី​មិន​ឲ្យ​យល់​ពី​សេចក្ដីនេះ​ហើយ​ពួកគេ​ក៏​មិនហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។

អ្នកធំជាង​គេ​នៅ​នគរ​ព្រះជាម្ចាស់​

46មាន​ការប្រកែក​គ្នា​កើតឡើង​ក្នុងចំណោម​ពួកសិស្ស​គឺ​ថា​តើ​អ្នកណា​ជា​អ្នក​ធំជាងគេ​ក្នុងចំណោម​ពួកគេ។ 47កាលព្រះ​យេស៊ូ​ជ្រាប​គំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ​ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​ក្បែរ​ព្រះអង្គ 48រួចព្រះអង្គ​បាន​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«អ្នកណា​ដែល​ទទួល​ក្មេង​តូច​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​នោះ​គឺ​ទទួល​ខ្ញុំ​ហើយ​អ្នកណា​ទទួល​ខ្ញុំ​នោះ​គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក​ដែរ​ដ្បិត​អ្នក​ដែល​តូចជាងគេ​ក្នុងចំណោម​អ្នកទាំង​អស់គ្នា​គឺ​អ្នកនោះហើយ​ជា​អ្នកធំ»។

ការ​ប្រើ​ព្រះនាម​ព្រះយេស៊ូ

49លោក​យ៉ូហាន​ទូល​ឆ្លើយ​ថា៖ ​«លោកគ្រូ​យើង​បាន​ឃើញ​មនុស្ស​ម្នាក់​បណ្ដេញ​អារក្ស​ដោយ​ឈ្មោះ​របស់​លោក​ហើយ​យើង​បាន​ឃាត់​គាត់​ព្រោះ​គាត់​មិន​បាន​ដើរតាម​ជាមួយ​យើង​ទេ»។ 50ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«កុំ​ឃាត់​គាត់​អី​ដ្បិត​អ្នកណា​មិន​ប្រឆាំង​អ្នករាល់គ្នា​នោះ​នៅ​ខាង​អ្នករាល់គ្នា​ហើយ»។

ពួក​​សាម៉ារី​មិន​ស្វាគមន៍​ព្រះយេស៊ូ

51កាល​ជិតដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវ​លើកឡើងទៅ​ស្ថានសួគ៌​ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ​ក្រុង​យេរូសាឡិម។ 52ព្រះអង្គបាន​ចាត់​អ្នកនាំសារ​ឲ្យទៅ​មុន​ព្រះអង្គ​ពួកគេ​ក៏​ចេញទៅ​និង​បាន​ចូល​ក្នុង​ភូមិ​មួយ​របស់​ពួក​សាម៉ារី​ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ។ 53ប៉ុន្ដែពួកសាម៉ារី​មិន​បាន​ទទួល​ព្រះអង្គ​ទេ​ព្រោះ​គោល​ដៅ​របស់​ព្រះអង្គ​គឺ​កំពុង​យាងទៅ​ក្រុង​យេរូសាឡិម។ 54កាលលោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​សិស្ស​បាន​ឃើញ​ហើយ​ក៏​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​ចង់​ឲ្យ​យើង​ហៅ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ពួកគេ​ដែរឬទេ?» 55ប៉ុន្ដែព្រះអង្គ​បាន​បែរមក​បន្ទោស​ពួកសិស្ស​[​ថា៖ ​«អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​មាន​វិញ្ញាណ​បែបណា​ទេ 56ដ្បិតកូនមនុស្ស​មិនបានមក​ដើម្បី​បំផ្លាញ​ជីវិតមនុស្សទេ​គឺដើម្បី​សង្គ្រោះ​ពួកគេវិញ» ​]​រួច​ពួកគេ​ក៏​ចេញ​ទៅ​ភូមិ​ផ្សេង​ទៀត។

តម្លៃ​នៃ​ការ​ដើរ​តាម​ព្រះយេស៊ូ

57ពេល​ពួកគេ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​មាន​បុរស​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«ខ្ញុំ​នឹង​ដើរតាម​លោក​ទោះបី​លោក​ទៅ​ទីណា​ក៏ដោយ» 58ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«សត្វ​កញ្ជ្រោង​មាន​រូង​ឯ​សត្វស្លាប​លើ​មេឃ​មាន​សំបុក​ប៉ុន្ដែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»។ 59ព្រះអង្គមានបន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ ​«ចូរ​មកតាម​ខ្ញុំ​ចុះ» ​ប៉ុន្ដែ​អ្នកនោះ​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះសព​ឪពុក​របស់​ខ្ញុំ​ជាមុនសិន» 60ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ​រីឯ​អ្នក​វិញ​ចូរ​ទៅ​ផ្សាយ​ពី​នគរ​ព្រះជាម្ចាស់​ចុះ»។ 61មានម្នាក់​ទៀត​ទូល​ដែរ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​ខ្ញុំ​នឹង​ដើរតាម​ព្រះអង្គ​ប៉ុន្ដែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លា​ពួក​អ្នក​ផ្ទះ​របស់​ខ្ញុំ​សិន»។ 62ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​វិញ​ថា៖ ​«អ្នក​ដែល​ដាក់​ដៃ​លើ​នង្គ័ល​ហើយ​មើល​ទៅ​អ្វីៗ​នៅខាងក្រោយ​មិន​សម​នឹង​នគរ​ព្រះជាម្ចាស់​ឡើយ»។
Copyright information for KhmKCB