‏ Mark 10

ការ​ជជែក​អំពី​អាពាហ៍ពិ​ពា​ហ៍ និងការលែងលះ​

1បន្ទាប់ពី​បាន​ចាក​ចេញ​ពីទីនោះ​ព្រះអង្គ​ក៏​មក​ដល់​ស្រុក​យូដា​ដែល​នៅ​ត្រើយម្ខាង​អូរ​យ័រដាន់​ហើយ​បណ្ដាជន​ក៏​ជួបជុំ​គ្នា​មក​ឯ​ព្រះអង្គ​ម្ដងទៀត​ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​តាម​ទម្លាប់​ព្រះអង្គ 2ពួកអ្នកខាងគណៈផារិស៊ី​ចូល​មក​ល្បងល​ព្រះអង្គ​ដោយ​ទូល​សួរ​ថា៖ ​«បើ​ប្ដី​លែង​ប្រពន្ធ​តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ?» 3ព្រះអង្គមានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«តើ​លោក​ម៉ូសេ​បង្គាប់​អ្នករាល់គ្នា​យ៉ាងដូចម្ដេច​ខ្លះ?» 4ពួកគេនិយាយ​ថា៖ ​«លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ ▼
▼«លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​»​ សូម​មើល​ ទុតិ​ ២៤:១​។​
​បុរស​សរសេរ​សំបុត្រ​លែងលះ​រួច​លែង​ប្រពន្ធ»
5ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«នោះ​ព្រោះតែ​អ្នករាល់គ្នា​មាន​ចិត្ដ​រឹងរូស​បានជា​លោក​ម៉ូសេ​សរសេរ​បញ្ញត្ដិ​នេះ​សម្រាប់​អ្នករាល់គ្នា 6តែព្រះជាម្ចាស់​បាន​បង្កើត​ពួកគេ​ជា​ប្រុស​ជា​ស្រី​តាំងពី​ដើម​កំណើត​ពិភពលោក​មក​ម៉្លេះ 7ដោយហេតុនេះ​បានជា​មនុស្ស​ប្រុស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ▼
▼«ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន» ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ «ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន»។
8អ្នកទាំងពីរ​នឹង​ត្រលប់ជា​សាច់​តែមួយ​ដូច្នេះ​ពួកគេ​មិនមែន​ពីរ​នាក់​ទៀតទេ​តែ​ជា​សាច់​តែមួយ​វិញ 9ដូច្នេះកុំ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​ឡើយ»។ 10ពេលទៅ​ដល់​ផ្ទះ​ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដងទៀត​អំពី​សេចក្ដី​នេះ 11ព្រះអង្គមានបន្ទូល​ទៅ​គេ​ថា៖ ​«អ្នកណា​លែង​ប្រពន្ធ​ខ្លួន​រួច​រៀបការ​នឹង​ស្ដ្រី​ម្នាក់ទៀត​នោះ​ផិតក្បត់​នឹង​ប្រពន្ធ​ហើយ

ព្រះយេស៊ូប្រទានពរដល់ក្មេងៗ

12រីឯ​ប្រពន្ធ​លែង​ប្ដី​ខ្លួន​រួច​រៀបការ​នឹង​បុរស​ម្នាក់ទៀត​នោះ​នាង​ផិតក្បត់​ហើយ»។

ព្រះ​យេស៊ូ​​ប្រទាន​ពរ​ដល់​ក្មេង​​ៗ

13មាន​មនុស្ស​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ក្មេងៗ​ទាំងនោះ​តែ​ពួក​សិស្ស​បាន​ស្ដីបន្ទោស​ពួកគេ 14កាលទត​ឃើញ​ដូច្នេះ​ព្រះ​យេស៊ូ​ទាស់ចិត្ដ​យ៉ាងខ្លាំង​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«កុំ​ឃាត់​ពួកគេ​អី​ចូរ​ឲ្យ​ក្មេងៗ​ទាំងនេះ​មក​ឯ​ខ្ញុំ​ចុះ​ដ្បិត​នគរ​ព្រះជាម្ចាស់​ជា​របស់​មនុស្ស​ដូចជា​ក្មេងៗ​ទាំងនេះ 15ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​បើ​អ្នកណា​មិន​ទទួល​យក​នគរ​ព្រះជាម្ចាស់​ដូចជា​កូនក្មេង​នោះ​មិន​អាច​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ» 16ព្រះអង្គបាន​លើក​ក្មេងៗ​ទាំង​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួកគេ។

បុរសអ្នកមានជួបព្រះយេស៊ូ

17កាល​ព្រះអង្គ​កំពុង​ទៅ​តាម​ផ្លូវ​នោះ​មាន​មនុស្ស​ម្នាក់​រត់​មក​លុតជង្គង់​នៅ​មុខ​ព្រះអង្គ​និង​ទូល​សួរ​ថា៖ ​«លោក​គ្រូ​ល្អ​អើយ! ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ច​ទុកជា​មរតក?» 18ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ហេតុអ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ​គ្មាន​នរណា​ម្នាក់​ល្អ​ទេ​លើកលែងតែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់ 19អ្នកស្គាល់​បញ្ញត្ដិ ▼
▼«​បញ្ញត្តិ​»​ សូម​មើល​ និក្ខ​ ២០:១២​-​១៦​ ហើយ​ «​កុំ​គៃ​បន្លំ​»​ ពុំ​មាន​នៅ​ក្នុង​បញ្ញត្តិ​ទេ​។​
​ហើយ​ថា​កុំ​សម្លាប់​កុំ​ផិតក្បត់​កុំ​លួច​កុំ​ធ្វើ​សាក្សី​ក្លែងក្លាយ​កុំ​គៃបន្លំ​និង​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»
20គាត់ទូល​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំងនេះ​តាំងពី​ខ្ញុំ​វ័យជំទង់​ម៉្លេះ» 21ប៉ុន្ដែព្រះអង្គ​មើល​ទៅ​គាត់​ដោយ​ក្ដីស្រលាញ់​និង​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ដែល​អ្នក​មាន​ទាំងឡាយ​ហើយ​ឲ្យ​អ្នកក្រ​ចុះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្ដិ​នៅ​ស្ថានសួគ៌​រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ» 22ប៉ុន្ដែគាត់​ព្រួយចិត្ដ​ដោយសារ​ឮ​ព្រះ​បន្ទូល​នេះ​ហើយ​បាន​ចាកចេញទៅ​ទាំង​សោកសៅ​ព្រោះ​គាត់​មាន​ទ្រព្យសម្បត្ដិ​ច្រើន 23ពេលព្រះ​យេស៊ូ​មើល​ជុំវិញ​ហើយ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖ ​«អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់» 24ពួកសិស្ស​ឆ្ងល់​នឹង​ព្រះ​បន្ទូល​ព្រះអង្គ​ប៉ុន្ដែ​ព្រះ​យេស៊ូ​មានបន្ទូល​តប​ទៀត​ថា៖ ​«កូន​អើយ! ​ការ​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​នោះ​ពិបាក​ណាស់ ▼
▼«​នោះ​ពិបាក​ណាស់​»​ ឯកសារ​ដើម​ខ្លះ​បន្ថែម​ថា​ «​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​»​។​
25សត្វអូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​នោះ​ងាយស្រួល​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅទៀត» 26ពួកគេកាន់តែ​ឆ្ងល់​ថែមទៀត​ហើយ​និយាយ​គ្នា ▼
▼«​និយាយ​គ្នា​»​ ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​ទូល​ទៅ​ព្រះអង្គ​»​។​
​ថា៖ ​«បើដូច្នោះ​តើ​នរណា​អាច​ទទួល​សេចក្ដីសង្គ្រោះ​បាន?»
27ប៉ុន្ដែព្រះ​យេស៊ូ​ទត​ទៅ​ពួកគេ​ហើយ​មានបន្ទូល​ថា៖ ​«មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ប៉ុន្ដែ​ព្រះជាម្ចាស់​អាច​ធ្វើ​បាន​ព្រោះ​ព្រះជាម្ចាស់​អាច​ធ្វើ​គ្រប់​ការ​ទាំងអស់​បាន» 28លោកពេត្រុស​ចាប់ផ្ដើម​ទូល​ព្រះអង្គ​ថា៖ ​«មើល៍​យើង​បាន​លះបង់​អ្វីៗ​ទាំងអស់​ហើយ​ដើរ​តាម​លោក» 29ព្រះយេស៊ូ​មានបន្ទូល​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​គ្មាន​អ្នកណា​ដែល​ព្រម​លះបង់​ផ្ទះ​សំបែង​កូន​ឪពុក​ម្ដាយ​បងប្អូន​ប្រុស​ស្រី​ស្រែចម្ការ​ព្រោះ​យល់ដល់​ខ្ញុំ​និង​ដំណឹងល្អ 30មិនទទួលបាន​មួយ​ជា​មួយរយ​នោះ​ទេ​គឺ​នៅ​ពេល​នេះ​ទទួលបាន​ផ្ទះ​សំបែង​បងប្អូន​ប្រុស​ស្រី​ម្ដាយ​កូន​និង​ស្រែចម្ការ​ព្រម​ជាមួយ​នឹង​ការបៀតបៀន​ហើយ​នៅ​លោក​ខាងមុខ​នឹង​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ជាមិនខាន 31ហើយមនុស្ស​ជាច្រើន​ដែល​នៅ​មុខគេ​នឹង​ត្រលប់ជា​ក្រោយ​គេ​បង្អស់​រីឯ​អ្នក​នៅ​ក្រោយ​គេ​បង្អស់​នឹង​បាន​នៅ​មុខគេ​វិញ»។

ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនជាលើកទីបីអំពីការសោយទិវង្គតរបស់ព្រះអង្គ

32កាល​ពួកគេ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម​ព្រះ​យេស៊ូ​នាំមុខ​ពួកគេ​រីឯ​អ្នក​ដែល​ដើរតាម​ព្រះអង្គ​បាន​តក់ស្លុត​និង​ភ័យខ្លាច​ជាខ្លាំង​រួច​ពេល​ប្រមូល​សាវក​ទាំង​ដប់ពីរ​មក​ម្ដងទៀត​ហើយ​ព្រះអង្គ​ក៏​ចាប់ផ្ដើម​មានបន្ទូល​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​នឹង​កើត​ចំពោះ​ព្រះអង្គ​ថា៖ 33«មើល៍​យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​រីឯ​កូន​មនុស្ស ▼
▼«​កូន​មនុស្ស​»​ គឺ​ជា​ឈ្មោះ​ដែល​ប្រើ​សម្រាប់​ព្រះ​យេស៊ូ​តែ​មួយ​អង្គ​គត់​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​
​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យទៅ​ពួក​សម្ដេចសង្ឃ​និង​គ្រូវិន័យ​ហើយ​ពួកគេ​នឹង​កាត់ទោស​ប្រហារជីវិត​លោក​រួច​ប្រគល់​លោក​ឲ្យទៅ​សាសន៍ដទៃ
34ហើយពួកគេ​នឹង​ចំអក​ឲ្យ​លោក​ស្ដោះទឹកមាត់​ដាក់​លោក​វាយនឹងខ្សែតី​រួច​សម្លាប់​លោក​ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​លោក​នឹង​រស់ឡើងវិញ»។

សំណមរបស់លោកយ៉ាកុបនិងលោកយ៉ូហាន

35លោក​យ៉ូហាន​និង​លោក​យ៉ាកុប​ជា​កូន​លោក​សេបេដេ​បាន​មក​រក​ព្រះអង្គ​និង​ទូល​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​យើង​ចង់​ឲ្យ​លោក​ធ្វើ​តាម​សំណូម​របស់​យើង» 36ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» 37ពួកគេឆ្លើយ​ថា៖ ​«សូម​ឲ្យ​យើង​បាន​អង្គុយ​ម្នាក់​នៅ​ខាង​ស្ដាំ​លោក​និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​លោក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោក​ផង» 38ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ដែរ​ឬ​ទេ?» 39ពួកគេទូល​ព្រះអង្គ​ថា៖ ​«យើង​អាច​ទទួល​បាន» ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​មែន 40ប៉ុន្ដែដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ​មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ» 41ពេលសាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ក៏​ចាប់ផ្ដើម​ទាស់ចិត្ដ​នឹង​លោក​យ៉ូហាន​និង​លោក​យ៉ាកុប 42ព្រះយេស៊ូ​ហៅ​ពួកគេ​មក​រួច​មានបន្ទូល​ថា៖ ​«អ្នករាល់គ្នា​ដឹង​ថា​អ្នក​ដែល​គេ​ចាត់ទុក​ជា​អ្នកគ្រប់គ្រង​លើ​សាសន៍ដទៃ​គឺ​ត្រួតត្រា​លើ​គេ​ហើយ​ពួក​អ្នកធំ​របស់​គេ​ក៏​ប្រើ​សិទ្ធិអំណាច​លើ​គេ​ដែរ 43ប៉ុន្ដែក្នុងចំណោម​អ្នករាល់គ្នា​វិញ​មិន​មែន​ដូច្នោះ​ឡើយ​អ្នកណា​ដែល​ចង់​ធ្វើ​ធំ​ក្នុងចំណោម​អ្នករាល់គ្នា​អ្នក​នោះ​ត្រូវ​ធ្វើជា​អ្នកបម្រើ​អ្នករាល់គ្នា​វិញ 44ហើយអ្នកណា​ចង់​ធ្វើជា​ទីមួយ​ក្នុងចំណោម​អ្នករាល់គ្នា​អ្នក​នោះ​ត្រូវ​ធ្វើជា​បាវបម្រើ​មនុស្ស​គ្រប់គ្នា 45ដ្បិតសូម្បីតែ​កូន​មនុស្ស​ក៏​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ដែរ​ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង»។

បុរស​ខ្វាក់​បារទីមេ​បាន​ភ្លឺភ្នែក​ឡើង​វិញ​

46ពួកគេ​មក​ដល់​ក្រុង​យេរីខូរ​ហើយ​ពេល​ព្រះអង្គ​និង​ពួក​សិស្ស​រួម​ជាមួយ​មនុស្ស​ច្រើន​កុះករ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ​នោះ​មាន​អ្នក​សុំទាន​ម្នាក់​ខ្វាក់​ភ្នែក​ឈ្មោះ​បារទីមេ​ជា​កូន​ប្រុស​លោក​ទីមេ​កំពុងតែ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ 47ហើយពេល​ឮ​ថា​នោះ​ជា​ព្រះ​យេស៊ូ​អ្នកក្រុង​ណាសារ៉ែត ▼
▼«ព្រះ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​»​ ជា​និច្ច​កាល​ គេ​ស្គាល់​មនុស្ស​ម្នាក់​ដោយ​សារ​កន្លែង​ដែល​អ្នកនោះ​ចេញ​មក​ ឧទាហរណ៍​ លោក​អេលីយ៉ា​ ជា​អ្នក​ស្រុក​ធេសប៊ី​ (​១ពង្សា​ ​១៧:១​)​ លោក​យ៉ូសែប​ អ្នក​ស្រុក​អើរីម៉ាថេ​ (​ម៉ាកុ​ ១៥:៤៣​)​ លោក​សុល​ ជា​អ្នក​ក្រុង​តើសុស​ (​កិច្ច​ ៩:១១​)​។​
​គាត់​ចាប់ផ្ដើម​ស្រែក​ឡើង​ថា៖ ​«ព្រះ​យេស៊ូ​ជា​ពូជពង្ស​ដាវីឌ ▼
▼«​ពូជ​ពង្ស​ដាវីឌ​»​ ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ជា​តំណ​វង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​ មាន​នៅ​ក្នុង ១០:៤៨ ដែរ​។​
​អើយ! ​សូម​មេត្ដា​ខ្ញុំ​ផង!»
48មនុស្សជាច្រើន​បាន​បន្ទោស​ឲ្យ​គាត់​នៅ​ស្ងៀម​ប៉ុន្ដែ​គាត់​ស្រែក​កាន់តែ​ខ្លាំង​ឡើងៗ​ថា៖ ​«ព្រះ​យេស៊ូ​ជា​ពូជពង្ស​ដាវីឌ​អើយ! ​សូម​មេត្ដា​ខ្ញុំ​ផង!» 49ព្រះយេស៊ូ​ក៏​ឈប់​និង​មានបន្ទូល​ថា៖ ​«ចូរ​ហៅ​គាត់​មក» ​គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​ទាំង​និយាយ​ទៅ​គាត់​ថា៖ ​«ចូរ​អរសប្បាយ​ហើយ​ក្រោកឈរឡើង​លោក​ហៅ​អ្នក​ហើយ» 50គាត់ក៏​បោះ​អាវ​គាត់​ចោល​លោតឡើង​ហើយ​ក៏​មក​ឯ​ព្រះ​យេស៊ូ 51ព្រះយេស៊ូ​ក៏​មានបន្ទូល​តប​ទៅ​គាត់​ថា៖ ​«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» ​បុរស​ខ្វាក់​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​អើយ! ​សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើលឃើញ​ផង» 52ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​ទៅ​ចុះ​ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ» ​ស្រាប់តែ​ភ្លាមនោះ​គាត់​ក៏​មើលឃើញ​ហើយ​ដើរតាម​ព្រះអង្គ​នៅ​តាម​ផ្លូវ។
Copyright information for KhmKCB