‏ Mark 12

រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​ជួល​ចំការ​

1ព្រះអង្គ​ចាប់ផ្ដើម​មានបន្ទូល​ទៅ​ពួកគេ​ជា​រឿងប្រៀបប្រដូច​ថា៖ ​«មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ជីក​កន្លែង​បញ្ជាន់​ផ្លែ​សង់​ប៉ម​មួយ​រួច​ប្រវាស់​ឲ្យ​ពួក​អ្នកចម្ការ​ហើយ​ក៏​ចេញ​ដំណើរ​ទៅ 2លុះដល់​រដូវ​ប្រមូលផល​គាត់​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​ឯ​ពួក​អ្នកចម្ការ​ដើម្បី​ទទួលយក​ផល​ពី​ចម្ការទំពាំងបាយជូរ​ពី​ពួកគេ 3ប៉ុន្ដែពួកគេ​បាន​ចាប់​បាវបម្រើ​នោះ​វាយ​ហើយ​បណ្ដេញ​ឲ្យ​ទៅវិញ​ទាំង​ដៃទទេ 4ហើយគាត់​ក៏​ចាត់​បាវបម្រើ​ម្នាក់​ទៀត​ឲ្យទៅ​ឯ​ពួកគេ​ម្ដងទៀត​តែ​ពួកគេ​បាន​វាយក្បាល​បាវនោះ​ទាំង​ប្រមាថ​ទៀតផង 5គាត់ចាត់​ម្នាក់​ទៀត​ឲ្យទៅ​ប៉ុន្ដែ​ពួកគេ​បាន​សម្លាប់​អ្នកនោះ​ហើយ​បាវបម្រើ​ផ្សេងទៀត​ជាច្រើន​ខ្លះ​ត្រូវគេ​វាយដំ​និង​ខ្លះទៀត​ត្រូវគេ​សម្លាប់ 6គាត់នៅ​មាន​កូនប្រុស​ជា​ទីស្រលាញ់​ម្នាក់ទៀត​នៅ​ទីបំផុត​គាត់​ក៏​ចាត់​កូន​នោះ​ឲ្យទៅ​ឯ​ពួកគេ​ដោយ​និយាយ​ថា​ពួកគេ​នឹង​គោរព​កូនប្រុស​របស់​ខ្ញុំ 7ប៉ុន្ដែអ្នកចម្ការ​ទាំងនោះ​បាន​និយាយ​គ្នា​ថា​ម្នាក់​នេះ​ជា​អ្នកស្នងមរតក​ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​នោះ​មរតក​ទាំងអស់​នឹង​ត្រលប់ជា​របស់​យើង​ហើយ 8រួចពួកគេ​ក៏​ចាប់​គាត់​សម្លាប់​ហើយ​បោះទៅ​ក្រៅ​ចម្ការទំពាំងបាយជូរ។ 9ដូច្នេះតើ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​យ៉ាងដូចម្ដេច? ​គាត់​នឹង​មក​សម្លាប់​ពួក​អ្នកចម្ការ​ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នកផ្សេងទៀត។ 10តើអ្នករាល់គ្នា​មិនដែល​អាន​បទគម្ពីរ​ទេ​ឬអី​ថា​ថ្ម​ដែល​ជាង​សំណង់​បោះបង់ចោល​បាន​ត្រលប់ជា​ថ្មដ៏សំខាន់​នៅតាម​ជ្រុង 11ការនេះ​កើតឡើង​ពី​ព្រះអម្ចាស់​ហើយ​អស្ចារ្យណាស់​នៅចំពោះ​ភ្នែក​យើង»។ 12ពួកគេរក​ចាប់​ព្រះអង្គ​ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​រឿងប្រៀបប្រដូច​នោះ​គឺ​សំដៅ​លើ​ពួកគេ​ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ហើយ​ក៏​ចេញ​ពី​ព្រះអង្គ​ទៅ។

ការ​បង់​ពន្ធ​អោយព្រះ​ចៅ​សេសារ​

13រួច​ពួកគេ​ចាត់​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​អ្នកខាងគណៈហេរ៉ូឌ​ខ្លះ​ឲ្យទៅ​ឯ​ព្រះអង្គ​ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មានបន្ទូល 14ពេលមកដល់​ពួកគេ​សួរ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​យើង​ដឹង​ថា​លោក​ពិតត្រង់​លោក​មិន​ខ្វល់​ពី​អ្នកណា​ទេ​ព្រោះ​លោក​មិន​យោគយល់​មុខ​មនុស្ស​ឡើយ​ផ្ទុយទៅវិញ​លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដីពិត។ ​ដូច្នេះ​តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​តឹ្រមត្រូវតាមវិន័យ​ដែរ​ឬទេ? ​តើ​យើង​គួរ​បង់​ឬក៏​មិន​គួរ​បង់?» 15ព្រះអង្គជ្រាប​ពី​ពុតត្បុត​ពួកគេ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ? ​ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ» 16គេក៏​យក​កាក់មួយ​ឲ្យទៅ​ព្រះអង្គ​រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖ ​«តើ​រូប​និង​ចំណារ​លើកាក់​នេះ​ជា​របស់​នរណា?» ​ពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«ជា​របស់​ព្រះចៅ​អធិរាជ» 17ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ហើយ​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ» ​ពួកគេ​ក៏​នឹកអស្ចារ្យ​នឹង​ព្រះអង្គ។

អា​ពា​ហ៍​ពិ​ពា​ហ៍​នៅពេល​រស់​ឡើង​វិញ

18ឯ​ពួក​អ្នកខាងគណៈសាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការរស់ឡើងវិញ​បាន​មក​ឯ​ព្រះអង្គ​ហើយ​សួរ​ព្រះអង្គ​ថា៖ 19«លោក​គ្រូ​លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ប្រសិន​បើ​បង​ប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ដោយ​មិន​ទាន់​មាន​កូន​ប្អូន​ប្រុស​អ្នក​ស្លាប់​នោះ​ត្រូវ​យក​ប្រពន្ធ​របស់​បង​ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​គាត់។ 20មានបងប្អូន​ប្រុស​ប្រាំពីរ​នាក់​បងប្រុស​ច្បង​បាន​យក​ប្រពន្ធ​ហើយ​ក៏​ស្លាប់​ទៅ​ដោយ​មិនទាន់​មាន​កូន 21ប្អូនប្រុសទីពីរ​បាន​យក​នាង​រួច​ក៏​ស្លាប់​ទៀត​ដោយ​មិន​ទាន់​មាន​កូន​ឯ​ប្អូនប្រុស​ទីបី​ក៏​ដូច​គ្នា​ដែរ 22បងប្អូនប្រុស​ទាំង​ប្រាំពីរ​នាក់​មិន​បាន​មាន​កូន​ទេ​ទីបំផុត​ស្ដ្រី​នោះ​ក៏​ស្លាប់​ដែរ 23ចុះពេល​ពួកគេ​រស់ឡើងវិញ​តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុងចំណោម​ពួកគេ? ​ព្រោះ​បងប្អូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់គ្នា 24ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«អ្នករាល់គ្នា​មិន​យល់​បទគម្ពីរ​និង​អំណាច​របស់​ព្រះជាម្ចាស់​ទេ​តើ​នេះ​មិន​មែន​ជា​ហេតុផល​ដែល​អ្នករាល់គ្នា​យល់ច្រឡំ​ទេ​ឬ? 25ព្រោះពេល​មនុស្ស​ស្លាប់​រស់ឡើងវិញ​គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថានសួគ៌​វិញ 26តើអ្នករាល់គ្នា​មិន​បាន​អាន​អំពី​មនុស្ស​ស្លាប់​រស់ឡើងវិញ​នៅក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ​អី​គឺ​នៅ​ត្រង់​គុម្ពបន្លា​ដែល​ព្រះជាម្ចាស់​មានបន្ទូល​ទៅ​លោក​ថា​យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ជា​ព្រះ​របស់​អ៊ីសាក​និង​ជា​ព្រះ​របស់​យ៉ាកុប? 27ព្រះអង្គមិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់​អ្នករាល់គ្នា​យល់ច្រឡំ​ធំ​ណាស់»។

បញ្ញតិ្ត​ធំជាងគេ​បំផុត​

28គ្រូវិន័យ​ម្នាក់​បាន​ចូលមកជិត​និង​ឮ​ពួកគេ​ជជែក​គ្នា​ហើយ​ដឹង​ថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ក៏​សួរ​ព្រះអង្គ​ថា៖ ​«តើ​នៅក្នុង​ចំណោម​បញ្ញត្ដិ​ទាំងអស់​បញ្ញត្ដិ​ទីមួយ​គឺ​អ្វី?» 29ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ថា៖ ​«បញ្ញត្ដិ​ទីមួយ​គឺ​ចូរ​ស្ដាប់​ចុះ​អ៊ីស្រាអែល​អើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ជា​ព្រះអម្ចាស់​តែមួយគត់ 30អ្នកត្រូវ​ស្រលាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​អស់​ពី​គំនិត​អស់​ពី​ព្រលឹង​និង​អស់​ពី​កម្លាំង​អ្នក 31រីឯបញ្ញត្ដិ​ទីពីរ​គឺ​អ្នក​ត្រូវ​ស្រលាញ់​អ្នកជិតខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួនអ្នក​គ្មាន​បញ្ញត្ដិ​ណា​ធំជាង​បញ្ញត្ដិ​ទាំង​ពីរ​នេះ​ទៀត​ទេ» 32គ្រូវិន័យនោះ​ទូល​ព្រះអង្គ​ថា៖ ​«លោកគ្រូ​ជាការពិត​និង​ត្រឹមត្រូវ​ណាស់​ដែល​លោក​និយាយ​ថា​ព្រះជាម្ចាស់​មាន​តែមួយ​អង្គគត់​ហើយ​គ្មាន​ព្រះ​ឯណាទៀត​ក្រៅពី​ព្រះអង្គ​ឡើយ 33ហើយឲ្យ​ស្រលាញ់​ព្រះអង្គ​អស់​ពី​ចិត្ដ​អស់​ពី​ប្រាជ្ញា​អស់​ពី​ព្រលឹង​និង​អស់​ពី​កម្លាំង​និង​ឲ្យ​ស្រលាញ់​អ្នកជិតខាង​ឲ្យ​ដូចជា​ខ្លួនឯង​នោះ​ប្រសើរជាង​តង្វាយ​ដុត​និង​យញ្ញបូជា​ទាំងអស់​ទៅទៀត»។ 34កាលព្រះ​យេស៊ូ​ឃើញ​គាត់​ឆ្លើយ​យ៉ាងឈ្លាសវៃ​ដូច្នេះ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​ព្រះជាម្ចាស់​ទេ» ​រួច​គ្មាន​នរណា​ហ៊ាន​សួរ​សំណួរ​ព្រះអង្គ​ទៀតទេ។

តើ​ព្រះ​គ្រិស្ដ​ជា​បុត្រ​របស់​អ្នក​ណា​?

35ព្រះ​យេស៊ូ​មានបន្ទូល​នៅពេល​បង្រៀន​នៅក្នុង​ព្រះ​វិហារ​ថា៖ ​«តើ​ហេតុ​ដូចម្ដេច​បានជា​ពួក​គ្រូវិន័យ​និយាយ​ថា​ព្រះ​គ្រិស្ដ​ជា​ពូជពង្ស​ដាវីឌ​ដូច្នេះ? 36ព្រោះដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ព្រះអម្ចាស់​បាន​មានបន្ទូល​មកកាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង​រហូតដល់​យើង​ដាក់​ខ្មាំងសត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក 37ដូច្នេះបើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​នោះ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាងដូចម្ដេច?» ​មនុស្សច្រើន​កុះករ​បាន​ស្ដាប់​ព្រះអង្គ​ដោយ​សប្បាយរីករាយ 38ហើយក្នុង​សេចក្ដីបង្រៀន​នោះ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូវិន័យ​ដែល​ចូលចិត្ដ​ពាក់​អាវវែង​ដើរចុះដើរឡើង​ឲ្យ​គេ​គោរព​នៅ​តាម​ទីប្រជុំជន 39ហើយចូលចិត្ដ​អង្គុយ​មុខគេ​ក្នុង​សាលាប្រជុំ​ព្រមទាំង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធីជប់លៀង 40ពួកគេបំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ហើយ​ធ្វើពុត​អធិស្ឋាន​យ៉ាងយូរ។ ​អ្នក​ទាំងនោះ​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាងគេ»។

តង្វាយ​របស់​ស្ត្រី​មេម៉ាយ​

41ពេល​ព្រះយេស៊ូ​អង្គុយ​នៅ​ទល់មុខ​ហិបតង្វាយ​និង​មើល​របៀប​ដែល​បណ្ដាជន​ដាក់​កាក់​ទៅក្នុង​ហិបតង្វាយ​ហើយ​មាន​អ្នកមាន​ជាច្រើន​បាន​ដាក់​កាក់​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​នោះ 42ហើយមាន​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មកដល់​គាត់​បាន​ដាក់​កាក់​តែ​ពីរ​ឡិបតា​ដែល​ស្មើនឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ 43ព្រះយេស៊ូ​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​និង​មានបន្ទូល​ទៅ​គេ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​នេះ​បាន​ដាក់​តង្វាយ​ច្រើនជាង​អ្នក​ទាំងអស់​ដែល​បាន​ដាក់​តង្វាយ​ក្នុង​ហិបតង្វាយ​នេះ​ទៅទៀត 44ព្រោះមនុស្ស​គ្រប់គ្នា​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ទោះបើ​នាង​ក្រីក្រ​យ៉ាងណា​នាង​បានថ្វាយ​អ្វីៗ​ទាំងអស់​ដែល​នាង​មាន​ផង»។
Copyright information for KhmKCB