‏ Mark 13

សញ្ញា​សំគាល់​គ្រា​ចុងក្រោយ​

1ពេល​ព្រះអង្គ​យាង​ចេញ​ពី​ព្រះ​វិហារ​មក​សិស្ស​ព្រះអង្គ​ម្នាក់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​មើលហ្ន៎​ថ្ម​និង​អគារ​នោះ​ធំអស្ចារ្យណាស់!» 2ព្រះយេស៊ូ​មានបន្ទូល​ទៅ​សិស្សនោះ​ថា៖ ​«តើ​អ្នក​ឃើញ​អគារ​ធំៗ​ទាំងនោះ​ដែរឬទេ? ​ថ្ម​ដែល​ត្រួត​លើ​គ្នា​នៅទីនោះ​ទាំងអស់​នឹង​ត្រូវ​រើចោល​គ្មាន​សល់​ឡើយ» 3កាលព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើមអូលីវ​ទល់មុខ​ព្រះ​វិហារ​លោក​ពេត្រុស​លោក​យ៉ាកុប​លោក​យ៉ូហាន​និង​លោក​អនទ្រេ​បាន​សួរ​ព្រះអង្គ​ដោយឡែក​ថា៖ 4«សូម​ប្រាប់​យើងខ្ញុំ​ផង​តើ​ការ​ទាំងនេះ​នឹង​កើតឡើង​នៅពេលណា​ហើយ​មាន​ទីសំគាល់​អ្វី​ខ្លះ​នៅពេល​ដែល​ការ​ទាំងនេះ​បម្រុងនឹង​បាន​សម្រេច?» 5ព្រះយេស៊ូ​ចាប់ផ្ដើម​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​អ្នកណា​បោក​បញ្ឆោត​អ្នករាល់គ្នា​ឡើយ 6ដ្បិតមនុស្ស​ជាច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ហើយ​និយាយ​ថា​ខ្ញុំ​នេះ​ហើយ។ ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន 7នៅពេលអ្នករាល់គ្នា​ឮ​ពី​សង្គ្រាម​និង​ដំណឹង​អំពី​សង្គ្រាម​នោះ​កុំ​ជ្រួលច្របល់​អី​ការ​ទាំងអស់​នេះ​ត្រូវតែ​កើតឡើង​ប៉ុន្ដែ​មិនទាន់​ដល់​ទីបញ្ចប់​ទេ 8ព្រោះជនជាតិ​មួយ​នឹង​ក្រោកឡើង​ទាស់នឹង​ជនជាតិ​មួយ​ហើយ​ប្រទេស​មួយ​ទាស់នឹង​ប្រទេស​មួយ​ព្រមទាំង​មាន​ការរញ្ជួយដី​ច្រើន​កន្លែង​និង​មាន​គ្រោះអត់ឃ្លាន​ទាំងអស់​នេះ​ជាការ​ចាប់ផ្ដើម​នៃ​ទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន 9ប៉ុន្ដែអ្នករាល់គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន​ពីព្រោះ​ពួកគេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ឲ្យ​ក្រុមប្រឹក្សា​កំពួល​រួច​គេ​នឹង​វាយ​អ្នករាល់គ្នា​នៅក្នុង​សាលាប្រជុំ​អ្នករាល់គ្នា​នឹង​ឈរ​ធ្វើ​ជា​បន្ទាល់​នៅមុខ​ចៅហ្វាយ​ក្រុង​និង​ស្ដេច​ដោយព្រោះ​ខ្ញុំ 10រីឯដំណឹងល្អ​ត្រូវ​ផ្សាយ​ដល់​គ្រប់​ជនជាតិ​ទាំងអស់​ជាមុនសិន 11ប៉ុន្ដែពេល​គេ​នាំ​អ្នករាល់គ្នា​ទៅ​នោះ​ចូរ​កុំ​ព្រួយ​បារម្ភ​ជាមុន​អំពី​អ្វី​ដែល​អ្នករាល់គ្នា​ត្រូវ​និយាយ​ឡើយ​ដ្បិត​នៅ​ពេល​នោះ​អ្នករាល់គ្នា​ត្រូវ​និយាយ​សេចក្ដី​ណា​ដែល​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​ហើយ​មិន​មែន​អ្នករាល់គ្នា​ជា​អ្នក​និយាយ​ទេ​គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ 12បងប្អូននឹង​ប្រគល់​បងប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ហើយ​កូន​នឹង​បះបោរ​ទាស់នឹង​ឪពុក​ម្ដាយ​និង​សម្លាប់​ពួកគេ 13ហើយមនុស្ស​នឹង​ស្អប់​អ្នករាល់គ្នា​ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ប៉ុន្ដែ​អ្នកណា​ដែល​ស៊ូទ្រាំ​ដល់​ទីបំផុត​នឹង​បាន​ទទួល​សេចក្ដីសង្គ្រោះ 14នៅពេលអ្នករាល់គ្នា​ឃើញ​អំពើ​បំផ្លិចបំផ្លាញ​ដ៏លាមក​កើត​ឡើង​នៅកន្លែង​ដែល​មិន​គួរ​មាន​សូម​ឲ្យ​អ្នក​អាន​យល់​ចុះ​គឺ​ពេល​នោះ​ចូរ​ឲ្យ​អ្នក​ស្រុក​យូដា​ភៀសខ្លួន​ទៅ​ភ្នំ​ចុះ 15ហើយកុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ចុះមក​ក្រោម​ឬ​ចូល​យក​អីវ៉ាន់​ពី​ក្នុង​ផ្ទះ​គាត់​ឡើយ 16និងកុំ​ឲ្យ​អ្នក​នៅ​ស្រែចម្ការ​បកក្រោយ​ទៅ​យក​អាវ​របស់​គាត់​ឲ្យសោះ 17ប៉ុន្ដែពួក​ស្ដ្រី​មាន​ផ្ទៃពោះ​និង​ពួក​ស្ដ្រី​កំពុង​បំបៅ​កូន​នឹង​វេទនា​នៅ​គ្រា​នោះ 18ដូច្នេះចូរ​អធិស្ឋាន​កុំ​ឲ្យ​ការ​នោះ​កើតឡើង​នៅ​រដូវរងា​ឡើយ 19ព្រោះនៅ​គ្រា​នោះ​នឹង​មាន​ទុក្ខវេទនា​ដ៏សម្បើម​គឺ​មិន​ដែលមាន​ទុក្ខវេទនា​បែបនេះ​ឡើយ​ចាប់តាំងពី​កំណើតពិភពលោក​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​រហូតដល់​ពេលនេះ 20ដរាបណាព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំងនោះ​ឲ្យខ្លី​ទេ​នោះ​គ្មាន​មនុស្សណាម្នាក់​បាន​ទទួល​សេចក្ដីសង្គ្រោះ​ឡើយ​ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំងនោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស 21នៅពេលនោះប្រសិនបើ​មាន​នរណា​ម្នាក់​​​ប្រាប់​អ្នក​ថា​មើលនែ! ​ព្រះ​គ្រិស្ដ​នៅទីនេះ​ព្រះ​គ្រិស្ដ​នៅទីនោះ» ​ចូរ​កុំ​ជឿ​ឲ្យសោះ 22ព្រោះពួក​មនុស្ស​ដែល​ក្លែងជា​ព្រះគ្រិស្ដ​និង​ពួក​អ្នកនាំព្រះបន្ទូល​ក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើង​ហើយ​ពួកគេ​នឹង​សំដែង​ទីសំគាល់​និង​ការអស្ចារ្យ​ដើម្បី​បោកបញ្ឆោត​អ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ប្រសិនបើ​អាចធ្វើបាន 23ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រយ័ត្ន​ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​សព្វគ្រប់​ជាមុន​រួចហើយ 24ប៉ុន្ដែក្រោយ​គ្រា​ទុក្ខវេទនា​ទាំងនោះ​ថ្ងៃ​នឹង​អាប់រស្មី​ហើយ​លោកខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀត​ទេ 25ឯផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ​ហើយ​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះរង្គើ 26បន្ទាប់មកពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​នៅ​លើ​ពពក​ប្រកប​ដោយ​អំណាច​និង​សិរីរុងរឿង​ដ៏អស្ចារ្យ 27នៅពេលនោះលោក​នឹង​ចាត់​ពួក​ទេវតា​ឲ្យ​ប្រមូល​អ្នក​ដែល​លោក​ជ្រើសរើស​ទាំង​បួន​ទិស​គឺ​ពី​ចុងបំផុត​នៃ​ផែនដី​រហូតដល់​ជើង​មេឃ 28ហើយចូរ​រៀន​ពី​រឿងប្រៀបប្រដូច​អំពី​ដើមល្វា​ចុះ​កាលណា​មែក​វា​ទន់​ស្លឹក​វា​លាស់ឡើង​នោះ​អ្នករាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិតមកដល់​ហើយ 29ដូច្នេះពេល​អ្នករាល់គ្នា​ឃើញ​ហេតុការណ៍​ទាំងនោះ​កើតឡើង​នោះ​អ្នករាល់គ្នា​ដឹង​ថា​ពេល​វេលា​កាន់តែ​កៀក​បំផុត​ហើយ 30ខ្ញុំប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា​មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​លុះត្រាតែ​ហេតុការណ៍​ទាំងអស់​នេះ​កើតឡើង​សិន 31ផ្ទៃមេឃនិង​ផែនដី​នឹង​រលាយបាត់ទៅ​តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយបាត់​សោះឡើយ

គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​ និង​ ម៉ោង​នៃ​ពេល​ចុងក្រោយ​

32ឯ​ពេល​វេលា​និង​ថ្ងៃ​កំណត់​ក្រៅពី​ព្រះ​វរ​បិតា​គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ​សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ឬ​កូន​មនុស្ស។ 33ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រយ័ត្ន​ត្រូវ​ប្រុងស្មារតី​ព្រោះ​អ្នករាល់គ្នា​មិន​ដឹង​ថា​ពេលនោះ​ចំ​ពេលណា​ទេ 34គឺដូចជា​បុរស​ម្នាក់​ចេញ​ពី​ផ្ទះ​ធ្វើដំណើរទៅ​ហើយ​ឲ្យ​សិទ្ធិអំណាច​ដល់​បាវបម្រើ​របស់​គាត់​ម្នាក់ៗ​ធ្វើការ​របស់​គេ​រៀងៗ​ខ្លួន​ទាំង​បង្គាប់​អ្នកយាមទ្វារ​ឲ្យ​ប្រុងស្មារតី 35ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ព្រោះ​អ្នករាល់គ្នា​មិន​ដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​មក​នៅពេលណា​ទេ​ទោះជា​ពេល​ល្ងាច​ពេល​យប់​អធ្រាត្រ​ពេល​មាន់រងាវ​ឬ​ពេល​ព្រឹក​ព្រលឹម​ក្ដី 36ក្រែងលោគាត់​មក​ដល់​ភ្លាម​ឃើញ​អ្នករាល់គ្នា​កំពុង​ដេកលក់ 37ហើយអ្វីៗ​ដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ខ្ញុំ​ក៏​ប្រាប់​មនុស្ស​គ្រប់គ្នា​ដែរ​ថា​ត្រូវ​ប្រុង​ស្មារតី»។
Copyright information for KhmKCB