‏ Mark 14

ព្រះ​យេស៊ូ​​ទទួល​ប្រេងតាំង​នៅ​ភូមិ​បេថានី​

1ឥឡូវនេះ​នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​និង​បុណ្យ​នំបុ័ងឥតមេ​ពួក​សម្ដេចសង្ឃ​និង​ពួក​គ្រូវិន័យ​បាន​រិះរក​ឧបាយកល​ដើម្បី​ចាប់​ព្រះអង្គ​សម្លាប់ 2ពួកគេនិយាយ​ថា៖ ​«កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​អី​ក្រែងលោ​កើត​មាន​ចលាចល​ពី​ពួក​បណ្ដាជន» 3ពេលព្រះអង្គ​កំពុង​អង្គុយ​នៅ​តុអាហារ​ក្នុង​ផ្ទះ​លោក​ស៊ីម៉ូន​ជា​មនុស្ស​ឃ្លង់​នៅ​ក្រុង​បេថានី​នោះ​មាន​ស្ដ្រី​ម្នាក់​បាន​មក​ទាំងកាន់​ដប​ដាក់​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ដែល​មាន​តម្លៃ​បំផុត​ផង​ហើយ​នាង​បាន​បំបែក​ដប​នោះ​ចាក់​ប្រេង​លើ​ព្រះ​សិរ​របស់​ព្រះអង្គ 4ប៉ុន្ដែមាន​អ្នកខ្លះ​ច្រណែន​គ្នា​ក៏​និយាយ​ថា៖ ​«តើ​ហេតុអ្វី​បានជា​បង្ហិន​ប្រេងក្រអូប​ដូច្នេះ? 5ព្រោះប្រេង​នេះ​អាច​លក់​បាន​ប្រាក់​លើសពី​បីរយ​ឌេណារី​ហើយ​អាច​ចែកទាន​ឲ្យ​អ្នកក្រ​បាន» ​ពួកគេ​ក៏​បន្ទោស​នាង។ 6តែព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«បណ្ដោយ​តាម​នាង​ទៅ​ហេតុអ្វី​ក៏​អ្នករាល់គ្នា​បង្ក​រឿង​ឲ្យ​នាង​ពិបាក​ដូច្នេះ? ​នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​សម្រាប់​ខ្ញុំ 7ដ្បិតអ្នកក្រ​តែង​នៅ​ជាមួយ​អ្នករាល់គ្នា​ជានិច្ច​អ្នករាល់គ្នា​ចង់​ធ្វើ​ល្អ​ចំពោះ​ពួកគេ​ពេលណា​ក៏​អាច​ធ្វើ​បាន​ប៉ុន្ដែ​ខ្ញុំ​វិញ​មិន​នៅជាមួយ​អ្នករាល់គ្នា​រហូត​ទេ 8នាងបាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​រួចហើយ​គឺ​នាង​បាន​លាបប្រេង​លើ​ខ្លួន​ខ្ញុំ​ដើម្បី​រៀបចំ​បញ្ចុះសព​ខ្ញុំ​ជាមុន 9ខ្ញុំប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា​នៅក្នុង​ពិភពលោក​ទាំងមូល​ទីណា​ដែល​គេ​ប្រកាស​ដំណឹងល្អ​គេ​ក៏​និយាយ​ពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ដើម្បី​ជា​ការរំលឹក​ដល់​នាង»។ 10យូដាសអ៊ីស្ការីយ៉ុត​ជា​សាវក​ម្នាក់​នៅក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​បាន​ទៅ​ជួប​ពួក​សម្ដេចសង្ឃ​ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ 11ពេលពួកគេ​ឮ​ក៏​ត្រេកអរ​ណាស់​និង​បាន​សន្យា​ឲ្យ​លុយ​ដល់​គាត់​រួច​គាត់​ក៏​រក​មធ្យោបាយ​ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យគេ​តាម​ពេលវេលា​សមស្រប។

អា​ហារ​ចុងក្រោយរបស់​ព្រះអម្ចាស់​

12នៅ​ថ្ងៃ​ទីមួយ​នៅ​ថ្ងៃ​បុណ្យ​នំបុ័ងឥតមេ​ពេល​គេ​សម្លាប់​កូនចៀម​ធ្វើ​បុណ្យ​រំលង​ពួក​សិស្ស​សួរ​ព្រះអង្គ​ថា៖ ​«តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅកន្លែងណា?» 13ព្រះអង្គក៏​ចាត់​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៅ​ដោយ​មានបន្ទូល​ថា៖ ​«ចូរ​ទៅ​ក្នុង​ក្រុង​នោះ​អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ហើយ​ទៅតាម​អ្នក​នោះ​ចុះ 14ពេលគាត់​ចូលក្នុង​ផ្ទះ​មួយណា​ចូរ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​លោកគ្រូ​សួរ​ថា​តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា? 15គាត់នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​នូវ​បន្ទប់​ដ៏ធំ​មួយ​នៅជាន់លើ​ដែល​រៀប​ជាស្រេច​ចូរ​រៀបចំ​សម្រាប់​ពួក​យើង​នៅទីនោះ​ចុះ»។ 16សិស្សទាំងពីរនាក់នោះ​ក៏​ចេញ​ទៅ​ហើយ​ពេល​ចូលដល់​ក្នុង​ក្រុង​ពួកគេ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​បា្រប់​ដូច្នេះ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង 17លុះដល់​ពេលល្ងាច​ព្រះអង្គ​ក៏​មក​ជាមួយ​នឹង​សាវក​ទាំង​ដប់ពីរ។ 18ពេលពួកគេ​កំពុង​អង្គុយ​បរិភោគ​ព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​នៅក្នុងចំណោម​អ្នករាល់គ្នា​មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​អ្នកនោះ​កំពុង​បរិភោគ​ជាមួយ​ខ្ញុំ​ដែរ» 19ពួកគេចាប់ផ្ដើម​កើតទុក្ខ​ហើយ​សួរ​ព្រះអង្គ​ម្ដងម្នាក់ៗ​ថា៖ ​«មិនមែន​ខ្ញុំ​ទេ​មែនទេ?» 20ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«គឺ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​ដប់ពីរ​អ្នកនោះ​កំពុង​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​ដែរ 21ដ្បិតកូន​មនុស្ស​ត្រូវ​ទៅ​ដូច​មាន​ចែង​អំពី​លោក​មែន​ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​បាន​ក្បត់​កូន​មនុស្ស​ហើយ​ជា​ការ​ប្រសើរជាង​ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ» 22កាលពួកគេ​កំពុង​បរិភោគ​នោះ​ព្រះអង្គ​យក​នំប៉័ង​មក​ឲ្យពរ​ហើយ​កាច់​ចែក​ឲ្យ​ពួកគេ​ទាំង​មានបន្ទូល​ថា៖ ​«ចូរ​ទទួល​ចុះ​នេះ​ជា​រូបកាយ​របស់​ខ្ញុំ» 23បន្ទាប់មកព្រះអង្គ​យក​ពែង​មក​អរព្រះគុណ​ហើយ​ឲ្យ​ពែងនោះ​ដល់​ពួកគេ​គេ​គ្រប់គ្នា​ក៏​ផឹក​ពី​ពែង​នោះ 24រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«នេះ​ជា​ឈាម​របស់​ខ្ញុំ​គឺជា​ឈាម​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន 25ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​ទៀត​ទេ​រហូតដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​នៅក្នុង​នគរ​ព្រះជាម្ចាស់» 26ក្រោយពីច្រៀង​ចម្រៀង​សរសើរតម្កើង​រួច​ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។

ព្រះ​យេស៊ូ​​ប្រាប់​អោយ​ដឹង​ជា​មុន​អំពី​ការ​បដិសេធរបស់​លោក​ពេត្រុស​

27ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«នៅ​យប់​នេះ​គ្រប់គ្នា​នឹង​ជំពប់ដួល​ព្រោះ​មាន​សេចក្ដីចែង​ទុក​មក​ថា​យើង​នឹង​វាយ​អ្នក​គង្វាល​ហើយ​ចៀម​នឹង​ខ្ចាត់ខ្ចាយ​ទៅ 28ប៉ុន្ដែបន្ទាប់ពី​ខ្ញុំ​រស់ឡើងវិញ​ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នករាល់គ្នា» 29ពេលនោះលោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ ​«ទោះ​មនុស្ស​គ្រប់គ្នា​ជំពប់ដួល​ក៏ដោយ​ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ» 30ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​នៅ​ថ្ងៃនេះ​ថា​គឺនៅ​យប់​នេះ​មុន​មាន់​រងាវ​ពីរដង​អ្នក​នឹង​បដិសេធ​បីដង​ថា​មិនស្គាល់​ខ្ញុំ» 31ប៉ុន្ដែគាត់​ប្រកែក​យ៉ាងដាច់ខាត​ថា៖ ​«ទោះបើ​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​នឹង​លោក​ក៏ដោយ​ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​ជាដាច់ខាត​ថា​ខ្ញុំ​មិនស្គាល់​លោក​នោះ​ដែរ» ​រីឯ​ពួកគេ​ទាំងអស់​ក៏​និយាយ​ដូច​លោកពេត្រុស​ដែរ។

ការ​អធិស្ឋាន​នៅ​សួន​គែត​សេម៉ានី​

32បន្ទាប់មក​ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​ដែល​ឈ្មោះ​ថា​សួន​គែតសេម៉ានី​ព្រះអង្គ​មានបន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖ ​«ចូរ​អង្គុយ​នៅទីនេះ​ចុះ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន» 33ព្រះអង្គក៏​យក​លោក​ពេត្រុស​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ទៅ​ជាមួយ​ហើយ​ព្រះអង្គ​ចាប់ផ្ដើម​តានតឹង​និង​ពិបាកចិត្ដ​យ៉ាងខ្លាំង 34ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ព្រួយចិត្ដ​ស្ទើរ​ស្លាប់​ទៅហើយ​ចូរ​នៅ​ទីនេះ​ហើយ​ប្រុងស្មារតី» 35កាលព្រះអង្គ​យាង​ទៅ​មុខ​បាន​បន្ដិច​ក៏​ទម្លាក់​ខ្លួន​ក្រាប​លើ​ដី​ហើយ​អធិស្ឋាន​ថា​ប្រសិនបើ​អាច​សូម​ឲ្យ​ពេល​វេលា​នោះ​រំលងផុត​ពី​ព្រះអង្គ​ទៅ 36គឺព្រះអង្គ​មានបន្ទូល​ថា៖ ​«អ័ប្បា​ព្រះ​វរ​បិតា​អើយ! ​ព្រះអង្គ​អាច​ធ្វើ​គ្រប់ការ​ទាំងអស់​បាន​សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​គឺ​តាមបំណង​របស់​ព្រះអង្គ​វិញ» 37រួចព្រះអង្គ​ត្រលប់មកវិញ​ក៏​ឃើញ​ពួកគេ​ដេកលក់​អស់​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ ​«ស៊ីម៉ូន​អើយ! ​តើ​អ្នក​ដេកលក់​ដែរឬ? ​តើ​អ្នក​ទ្រាំ​មិនដេក​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? 38ចូរប្រុងស្មារតី​ឡើង​ហើយ​អធិស្ឋាន​ចុះ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដីល្បួង​ដ្បិត​វិញ្ញាណ​ប្រុងប្រៀប​ជាស្រេច​មែន​ប៉ុន្ដែ​រូបកាយ​ខ្សោយ​ទេ» 39ព្រះអង្គក៏​ចេញទៅ​ម្ដងទៀត​និង​បាន​អធិស្ឋាន​តាម​ពាក្យ​ដដែល​ដូច​ព្រះអង្គ​មានបន្ទូល​ពី​មុន 40ពេលព្រះអង្គ​យាង​មក​វិញ​ក៏​ឃើញ​ពួកគេ​ដេកលក់​ទៀត​ព្រោះ​ពួកគេ​ងងុយ​បើក​ភ្នែក​មិនរួច​ហើយ​គេ​មិន​ដឹង​ថា​គួរ​ឆ្លើយ​នឹង​ព្រះអង្គ​យ៉ាងដូចម្ដេច​ឡើយ 41កាលព្រះអង្គ​យាង​មក​ជា​លើកទីបី​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​នៅ​ដេក​និង​សម្រាក​ដល់​ពេលណា​ទៀត? ​ល្មម​ហើយ​មើល៍​ពេល​កំណត់​មកដល់​ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​ពួក​មនុស្ស​បាប 42ចូរក្រោកឡើង​យើង​នាំគ្នា​ទៅ​មើល៍​អ្នក​ក្បត់​ខ្ញុំ​មកជិតដល់​ហើយ»។

គេ​ចាប់​ព្រះ​យេស៊ូ​​

43កាល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ​នោះ​យូដាស​ជា​សាវក​ម្នាក់​នៅក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​ក៏​មកដល់​ភ្លាម​ហើយ​មាន​មនុស្ស​មួយក្រុម​ប្រដាប់​ដោយ​ដាវ​និង​ដំបង​មក​ជាមួយ​គាត់​ដែរ​អ្នកទាំងនោះ​មកពី​ខាង​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យ​និង​ពួក​ចាស់ទុំ 44អ្នកក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យ​សញ្ញា​ទៅ​ពួកគេ​ដោយ​និយាយ​ថា៖ ​«ខ្ញុំ​ថើប​អ្នកណា​គឺ​អ្នកនោះ​ហើយ​ចូរ​ចាប់​គាត់​ហើយ​នាំ​គាត់​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ចុះ» 45គាត់ចូល​មក​ភ្លាម​ក៏​ចូលទៅជិត​ព្រះអង្គ​ទាំង​ទូល​ថា៖ ​«លោក​គ្រូ» ​រួច​ក៏​ថើប​ព្រះអង្គ 46ហើយពួកគេ​ក៏​លូក​ដៃ​ចាប់​ព្រះអង្គ 47តែមនុស្ស​ម្នាក់​ឈរ​នៅជិត​នោះ​បាន​ហូត​ដាវ​កាត់​ដាច់​ត្រចៀក​បាវបម្រើ​ម្នាក់​របស់​សម្ដេចសង្ឃ 48ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​មក​តទល់​នឹង​ចោរ​ឬអី​បានជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​និង​ដំបង​ដូច្នេះ? 49ខ្ញុំនៅ​ជាមួយ​អ្នករាល់គ្នា​រាល់​ថ្ងៃ​ទាំង​បង្រៀន​នៅក្នុង​ព្រះ​វិហារ​ផង​អ្នករាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទគម្ពីរ» 50ពួកគេទាំងអស់​គ្នា​ក៏​រត់​គេចខ្លួន​ចោល​ព្រះអង្គ​អស់ 51មានកំលោះ​ម្នាក់​ដែល​បាន​ទៅតាម​ព្រះអង្គ​គាត់​ស្លៀក​តែ​ក្រណាត់​ទេសឯក​ជាប់​នឹង​ខ្លួនទទេ​របស់​គាត់​ពួកគេ​ក៏​ចាប់​គាត់ 52គាត់ក៏​រត់គេច​ទាំង​អាក្រាត​ទាំង​របូត​ក្រណាត់​ទេសឯក​ចេញ​ពី​ខ្លួន 53រួចពួកគេ​ក៏​នាំ​ព្រះ​យេស៊ូ​ទៅ​ឯ​សម្ដេចសង្ឃ​ឯ​ពួក​សម្ដេចសង្ឃ​ពួក​ចាស់ទុំ​និង​ពួក​គ្រូវិន័យ​ទាំងអស់​បាន​មក​ជួបជុំ​គ្នា។

ព្រះ​យេស៊ូ​​នៅ​ចំពោះ​មុខ​ក្រុ​ម​ប្រឹក្សា​ជាន់​ខ្ពាស់​

54ឯ​លោក​ពេត្រុស​វិញ​បាន​ដើរតាម​ព្រះអង្គ​ពី​ចម្ងាយ​រហូតដល់​ក្នុង​សាលា​សម្ដេចសង្ឃ​ហើយ​អង្គុយ​អាំងភ្លើង​ជាមួយ​ពួក​កងរក្សា​ព្រះវិហារ។ 55ពួកសម្ដេចសង្ឃ​និង​ក្រុមប្រឹក្សា​កំពូល​ទាំងមូល​បាន​រក​សាក្សី​ប្រឆាំង​នឹង​ព្រះ​យេស៊ូ​ដើម្បី​សម្លាប់​ព្រះអង្គ​ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ 56ព្រោះមនុស្ស​ច្រើន​នាក់​បាន​ធ្វើបន្ទាល់​ក្លែងក្លាយ​ប្រឆាំង​ព្រះអង្គ​ប៉ុន្ដែ​បន្ទាល់​ទាំងនោះ​មិន​ស្របគ្នា​ទេ 57អ្នកខ្លះ​បាន​ក្រោក​ឡើង​ធ្វើបន្ទាល់​ក្លែងក្លាយ​ប្រឆាំង​នឹង​ព្រះអង្គ​ថា៖ 58«យើង​បាន​ឮ​គាត់​និយាយ​ថា​ខ្ញុំ​នឹង​បំផ្លាញ​ព្រះ​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល​ហើយ​បី​ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​សង់​មួយទៀត​ដែល​មិន​ធ្វើពី​ដៃ​មនុស្ស​ទេ» 59ទោះជាដូច្នេះ​ក្ដី​ក៏​បន្ទាល់​របស់​ពួកគេ​មិន​ស្របគ្នា​សោះ 60សម្ដេចសង្ឃក៏​ក្រោកឈរឡើង​នៅ​កណ្ដាល​ពួកគេ​សួរ​ព្រះ​យេស៊ូ​ថា៖ ​«តើ​អ្នក​គ្មាន​ចម្លើយ​ចំពោះ​អ្វី​ដែល​អ្នក​ទាំងនេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?» 61តែព្រះអង្គ​នៅ​ស្ងៀម​មិន​ឆ្លើយ​អ្វី​ឡើយ​សម្ដេចសង្ឃ​ក៏​សួរ​ព្រះអង្គ​ទៀត​ថា៖ ​«តើ​អ្នក​ជា​ព្រះ​គ្រិស្ដ​ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏មានពរ​មែន​ឬ?» 62ព្រះយេស៊ូ​ឆ្លើយ​ថា៖ ​«គឺ​ខ្ញុំ​ហើយ​អ្នករាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ហើយ​មក​ជាមួយ​ពពក​លើ​មេឃ» 63សម្ដេចសង្ឃក៏​ហែក​អាវ​របស់​ខ្លួន​រួច​និយាយ​ថា​«តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើអ្វី​ទៀត? 64អ្នករាល់គ្នាបាន​ស្ដាប់ឮ​ពាក្យ​ប្រមាថដល់ព្រះជាម្ចាស់​ហើយ​តើ​អ្នករាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?» ​ពេលនោះ​ពួកគេ​ទាំងអស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សមតែ​ស្លាប់ 65អ្នកខ្លះ​ចាប់ផ្ដើម​ស្ដោះទឹកមាត់​ដាក់​ព្រះអង្គ​បិទ​មុខ​ព្រះអង្គ​ហើយ​ដាល់​ព្រះអង្គ​រួច​និយាយ​ថា៖ ​«ទាយ​ទៅ​មើល៍!» ​ពួក​កងរក្សា​ព្រះវិហារ​ក៏​យក​ព្រះអង្គ​មក​ទះ​កំផ្លៀង 66ពេលនោះ​លោក​ពេត្រុស​កំពុងតែ​នៅ​ទីលាន​ខាង​ក្រោម​ហើយ​មាន​ស្ដ្រី​ម្នាក់​ជា​បាវបម្រើ​របស់​សម្ដេចសង្ឃ​មក​ដល់។

លោក​ពេត្រុស​មិន​ទ​ទួល​ស្គាល់​ព្រះ​យេស៊ូ​​

67កាល​ឃើញ​លោក​ពេត្រុស​កំពុង​អាំងភ្លើង​នាង​បាន​សម្លឹង​មើល​គាត់​ហើយ​និយាយ​ថា៖ ​«អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នកក្រុង​ណាសារ៉ែត​ដែរ» 68ប៉ុន្ដែគាត់​បដិសេធ​ថា៖ ​«ខ្ញុំ​មិន​ដឹង​និង​មិន​យល់​អំពី​អ្វី​ដែល​អ្នក​កំពុង​និយាយ​នោះ​ទេ» ​រួច​គាត់​ចេញ​ទៅ​ខាងក្រៅ​នៅ​មុខ​សាលា​មាន់​ក៏​រងាវ​ឡើង 69ហើយស្រីបម្រើ​ម្នាក់​ដែល​បាន​ឃើញ​គាត់​ក៏​ចាប់ផ្ដើម​ប្រាប់​អ្នក​ដែល​ឈរ​នៅក្បែរ​នោះ​ម្ដងទៀត​ថា៖ ​«អ្នកនេះ​ក៏​នៅក្នុងចំណោម​ពួក​អ្នកទាំងនោះ​ដែរ» 70ប៉ុន្ដែគាត់​បដិសេធ​ម្ដងទៀត​រួច​មួយ​សន្ទុះ​ក្រោយមក​អ្នក​ដែល​ឈរ​ក្បែរ​នោះ​ក៏​និយាយ​ទៅ​លោក​ពេត្រុស​ម្ដងទៀត​ថា៖ ​«អ្នក​ជា​ម្នាក់​ក្នុងចំណោម​ពួកគេ​ប្រាកដ​ណាស់​ព្រោះ​អ្នក​ជា​អ្នក​ស្រុក​កាលីឡេ» 71គាត់ក៏​ចាប់ផ្ដើម​ប្រមាថ​ព្រមទាំង​ស្បថ​ថា៖ ​«ខ្ញុំ​មិន​ស្គាល់​មនុស្ស​ដែល​ពួក​អ្នក​កំពុង​និយាយ​នេះ​ទេ» 72ភ្លាមនោះមាន់​ក៏​រងាវ​ឡើង​ជា​លើក​ទីពីរ​លោក​ពេត្រុស​នឹកចាំ​ពី​ព្រះបន្ទូល​ដែល​ព្រះ​យេស៊ូ​បាន​ប្រាប់​គាត់​ថា៖ ​«មុន​មាន់​រងាវ​ពីរដង​អ្នក​នឹង​បដិសេធ​ថា​មិន​ស្គាល់​ខ្ញុំ​បីដង» ​រួច​គាត់​ក្ដុកក្ដួល​ក្នុង​ចិត្ដ​ហើយ​ក៏​ទ្រហោយំ។
Copyright information for KhmKCB