‏ Mark 15

ព្រះ​យេស៊ូ​​នៅ​ចំពោះមុខ​លោក​ពីឡាត់​

1លុះ​ព្រលឹម​ឡើង​ភ្លាម​កាល​ពួក​សម្ដេចសង្ឃ​ពួក​ចាស់ទុំ​ពួក​គ្រូវិន័យ​បាន​ពិគ្រោះ​គ្នា​ជាមួយ​នឹង​ក្រុមប្រឹក្សា​កំពូល​ទាំងមូល​រួច​ហើយ​ក៏​ចង​ព្រះ​យេស៊ូ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់ 2លោកពីឡាត់​សួរ​ព្រះអង្គ​ថា៖ ​«តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?» ​ព្រះអង្គ​ឆ្លើយ​ថា៖ ​«លោក​និយាយ​ត្រូវ​ហើយ!» 3ពួកសម្ដេចសង្ឃ​ក៏​ចោទប្រកាន់​ព្រះអង្គ​ពី​រឿង​ជាច្រើន 4លោកពីឡាត់​សួរ​ព្រះអង្គ​ម្ដងទៀត​ថា៖ ​«តើ​អ្នក​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ទេ​ឬ? ​មើល​គេ​ចោទប្រកាន់​អ្នក​ច្រើន​ណាស់» 5ប៉ុន្ដែព្រះ​យេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទេ​ធ្វើឲ្យ​លោក​ពីឡាត់​ងឿងឆ្ងល់។ 6រៀងរាល់ថ្ងៃបុណ្យ​គាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​តាម​ដែល​ពួកគេ​សុំ 7មានមនុស្ស​ម្នាក់​ឈ្មោះ​បារ៉ាបាស​ដែល​គេ​ចាប់ចង​ជាមួយ​នឹង​ក្រុម​បះបោរ​គាត់​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ការបះបោរ​នោះ 8ដូច្នេះបណ្ដាជន​ក៏​ចាប់ផ្ដើម​ទៅ​សុំ​លោក​ពីឡាត់​ឲ្យ​ដោះ​លែង​អ្នក​ទោស​ដូច​ដែល​គាត់​ធ្លាប់ធ្វើ​សម្រាប់​ពួកគេ 9ប៉ុន្ដែលោក​ពីឡាត់​ឆ្លើយ​ទៅ​គេ​ថា៖ ​«តើ​អ្នករាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេច​របស់​ជនជាតិ​យូដា​ដល់​អ្នករាល់គ្នា​វិញ​ទេ?» 10ព្រោះគាត់​ដឹង​ថា​ពួក​សម្ដេចសង្ឃ​ប្រគល់​ព្រះអង្គ​ឲ្យ​គាត់​ដោយព្រោះ​សេចក្ដី​ឈ្នានីស 11ប៉ុន្ដែពួក​សម្ដេចសង្ឃ​បាន​ញុះញង់​បណ្ដាជន​ឲ្យ​សុំ​លោក​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​វិញ 12លោកពីឡាត់​ឆ្លើយ​នឹង​ពួកគេ​ម្ដង​ទៀត​ថា៖ ​«តើ​អ្នករាល់គ្នា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ដូចម្ដេច​ជាមួយ​នឹង​អ្នក​ដែល​អ្នករាល់គ្នា​ហៅ​ថា​ស្ដេច​របស់​ជនជាតិ​យូដា​នេះ?» 13ពួកគេស្រែក​ឡើង​ម្ដងទៀត​ថា៖ ​«ឆ្កាង​វា​ទៅ!» 14ប៉ុន្ដែលោក​ពីឡាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖ ​«ហេតុអ្វី? ​តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?» ​ប៉ុន្ដែ​ពួកគេ​ស្រែក​កាន់តែ​ខ្លាំង​ឡើងៗ​«ឆ្កាង​វា​ទៅ!» 15ដូច្នេះលោក​ពីឡាត់​ចង់​ផ្គាប់ចិត្ត​បណ្ដាជន​ក៏​ដោះលែង​បារ៉ាបាស​ឲ្យ​ពួកគេ​ឯ​ព្រះ​យេស៊ូ​វិញ​លោក​ឲ្យ​គេ​វាយនឹងខ្សែតី​ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។

ពួក​ទា​ហាន​ប្រមាថ​ព្រះ​យេស៊ូ​​

16ពួក​ទាហាន​ក៏​យក​ព្រះអង្គ​ចូល​ទៅ​ក្នុង​ទីធ្លា​បន្ទាយ​និង​បាន​ហៅ​ពួក​ទាហាន​ទាំងអស់​មក​ជួបជុំ​គ្នា 17ពួកគេបាន​បំពាក់​សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គ​និង​យក​មកុដ​បន្លា​ដែល​គេ​ក្រង​មក​បំពាក់​ឲ្យ​ព្រះអង្គ 18រួចពួកគេ​ចាប់ផ្ដើម​គំនាប់​ព្រះអង្គ​ដោយ​ចំអក​ថា៖ ​«សូម​ថ្វាយបង្គំ​ស្ដេច​របស់​ជនជាតិ​យូដា!» 19ហើយពួកគេ​ក៏​វាយ​ព្រះ​សិរ​ព្រះអង្គ​នឹង​ដំបង​ហើយ​ស្ដោះទឹកមាត់​ដាក់​ព្រះអង្គ​រួច​លុត​ជង្គង់​ថ្វាយបង្គំ​ព្រះអង្គ​ទៀត។ 20កាលពួកគេ​ចំអក​ឲ្យ​ព្រះអង្គ​រួចហើយ​ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គ​និង​បាន​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​រួច​ក៏​នាំ​ព្រះអង្គ​ចេញ​ដើម្បី​យកទៅ​ឆ្កាង។

ការ​ឆ្កាង​ព្រះ​យេស៊ូ​​

21មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកក្រុងគីរេន​ជា​ឪពុក​របស់​អ័លេក្សានត្រុស​និង​រូភូស​ដែល​បាន​មក​ពី​ចម្ការ​តាមផ្លូវ​នោះ​ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើឆ្កាង​របស់​ព្រះអង្គ។ 22ពួកគេនាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ឈ្មោះ​គាល់កូថា​(​ដែល​ប្រែថា​តំបន់​លលាដ៍ក្បាល​) 23ពួកគេឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំងបាយជូរ​លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ផឹក​ទេ 24ពួកគេក៏​ឆ្កាង​ព្រះអង្គ​ហើយ​យក​អាវ​មក​ចាប់​ឆ្នោត​ចែក​គ្នា​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវបាន​អាវ​នោះ 25ពួកគេឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំបួន​ព្រឹក 26ហើយមាន​ចំណារ​សរសេរ​កាត់​ទោស​ព្រះអង្គ​ថា​«ស្ដេច​របស់​ជនជាតិ​យូដា» 27ពួកគេបាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ម្នាក់​នៅ​ខាង​ស្ដាំ​និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង 28[នេះ​ស្រប​តាម​បទគម្ពីរ​ចែង​ថា៖ ​«ពួកគេ​ចាត់​ទុក​ព្រះអង្គ​ជា​អ្នក​ល្មើស​ច្បាប់» ​] 29ពួកអ្នក​ដែល​ដើរកាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖ ​«ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! 30ចូរសង្គ្រោះ​ខ្លួនឯង​ហើយ​ចុះ​ពី​លើ​ឈើឆ្កាង​មក» 31ពួកសម្ដេចសង្ឃ​ជាមួយ​ពួក​គ្រូវិន័យ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នា​បែប​ដូច្នោះ​ដែរ​ថា៖ ​«វា​សង្គ្រោះ​គេ​បាន​ប៉ុន្ដែ​សង្គ្រោះ​ខ្លួនឯង​មិន​បាន​ទេ 32ចូរឲ្យ​ព្រះ​គ្រិស្ដ​ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពីលើ​ឈើឆ្កាង​ឥឡូវនេះ​មក​ដើម្បី​ឲ្យ​យើង​ឃើញ​និង​ជឿ​ផង» ​ឯ​ពួក​អ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដែរ។

ការ​សុគត​របស់​ព្រះ​យេស៊ូ​​

33លុះ​ដល់​ម៉ោង​ដប់ពីរ​ថ្ងៃត្រង់​ភាពងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំងមូល​រហូតដល់​ម៉ោង​បី​រសៀល 34នៅម៉ោង​បី​រសៀល​នោះ​ព្រះ​យេស៊ូ​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«អេឡយ​ៗ​ឡាម៉ា​សាបាច់ថានី» ​ដែល​ប្រែថា៖ ​«ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ! ​ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ! ​ហេតុអ្វី​ព្រះអង្គ​បោះបង់​ខ្ញុំ​ដូច្នេះ?» 35អ្នកខ្លះ​ដែល​ឈរ​នៅក្បែរ​នោះ​បាន​ស្ដាប់​ឮ​ក៏​និយាយ​ថា៖ ​«មើល៍​គាត់​ស្រែក​រក​លោក​អេលីយ៉ា​ហើយ» 36មានបុរស​ម្នាក់​បាន​រត់ទៅ​យក​សារាយស្ងួត​ជ្រលក់​ទឹកខ្មេះ​ដាក់​នឹង​ដើមត្រែង​រួច​ហុច​ទៅ​ឲ្យ​ព្រះអង្គ​ផឹក​ដោយ​និយាយ​ថា៖ ​«ចូរ​យើង​កុំធ្វើអី​គាត់​ចាំមើល​ថា​តើ​លោក​អេលីយ៉ា​មក​ដោះ​គាត់​ចុះ​ដែរ​ឬ​អត់» 37ព្រះយេស៊ូ​ក៏​ស្រែក​យ៉ាងខ្លាំង​ហើយ​បាន​ផុតដង្ហើម​ទៅ 38ពេលនោះវាំងនន​នៅក្នុង​ព្រះ​វិហារ​ក៏​រហែក​ជា​ពីរ​ចាប់​ពី​លើ​រហូតដល់​ក្រោម 39កាលនាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ជិត​ទល់មុខ​នឹង​ព្រះអង្គ​បាន​ឃើញ​ព្រះអង្គ​បាន​ផុតដង្ហើម​យ៉ាងដូច្នេះ​ក៏​និយាយ​ថា៖ ​«បុរស​នេះ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន» 40មានស្ដ្រី​ខ្លះ​បាន​សម្លឹង​មើល​ពី​ចម្ងាយ​ក្នុងចំណោម​នោះ​មាន​ទាំង​នាង​ម៉ារា​ជា​អ្នកក្រុងម៉ាក់ដាឡា​និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​យ៉ាកុប​តូច​និង​យ៉ូសេ​ព្រមទាំង​នាង​សាឡូមេ​ដែរ 41ស្ដ្រីទាំងនោះ​ជា​អ្នក​តាម​បម្រើ​ព្រះអង្គ​កាល​ព្រះអង្គ​នៅ​ក្នុង​ស្រុក​កាលីឡេ​ហើយ​ស្ដ្រី​ច្រើន​នាក់​ផ្សេង​ទៀត​ជា​អ្នក​បាន​ឡើង​មក​ក្រុង​យេរូសាឡិម​ជាមួយ​ព្រះអង្គ។ 42ថ្ងៃនោះជា​ថ្ងៃ​រៀបចំ​សម្រាប់​ថ្ងៃ​សប្ប័ទ​គឺ​មុន​ថ្ងៃ​សប្ប័ទ​មួយ​ថ្ងៃ​ហើយ​នៅ​ល្ងាច​នោះ

ការ​បញ្ចុះ​សព​ព្រះ​យេស៊ូ​​

43លោក​យ៉ូសែប​នៅ​ក្រុង​អើរីម៉ាថេ​ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុមប្រឹក្សាកំពូល​និង​ជា​អ្នក​ដែល​រង់ចាំ​នគរ​ព្រះជាម្ចាស់​បាន​ទៅជួប​លោក​ពីឡាត់​យ៉ាង​ក្លាហាន​ហើយ​សុំ​យក​សព​ព្រះ​យេស៊ូ 44ពេលដឹង​ថា​ព្រះអង្គ​សោយទិវង្គត​លោក​ពីឡាត់​ឆ្ងល់​ណាស់​ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​សួរ​ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះអង្គ​សោយទិវង្គត​មែនឬ​មិនមែន 45ពេលដឹង​ដំណឹង​ពី​នាយ​ទាហាន​នោះ​ហើយ​គាត់​ក៏​ប្រគល់​សព​ព្រះអង្គ​ឲ្យ​លោក​យ៉ូសែប 46លោកយ៉ូសែប​ក៏​ទិញ​សំពត់​ទេសឯក​ហើយ​ដាក់​សព​ចុះ​រុំ​នឹង​សំពត់​ទេសឯក​នោះ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ដាប់​ទៅ​ក្នុង​ថ្ម​ហើយ​គាត់​បាន​ប្រមៀល​ថ្ម​បិទ​ច្រកចូល​ក្នុង​ផ្នូរ 47នាងម៉ារា​ជា​អ្នកក្រុងម៉ាក់ដាឡា​និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ូសេ​បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​សព​ព្រះអង្គ។
Copyright information for KhmKCB