‏ Mark 4

រឿង​ប្រៀប​ប្រដូច​​អំ​ពី​អ្នក​ព្រោះ​ពូជ​

1ព្រះអង្គ​បាន​ចាប់ផ្ដើម​បង្រៀន​ម្ដងទៀត​នៅ​មាត់​បឹង ▼
▼«បឹង» គឺបឹងកាលីឡេ។
​ហើយ​បណ្ដាជន​បាន​មកជួបជុំគ្នា​យ៉ាង​ច្រើនកុះករ​នៅ​ជុំវិញ​ព្រះអង្គ​ដូច្នេះ​ព្រះអង្គ​យាង​ចុះ​ទៅ​អង្គុយ​លើ​ទូក​ក្នុង​បឹង​រីឯ​បណ្ដាជន​ទាំងអស់​ក៏​នៅ​លើ​គោក​តាមមាត់​បឹង
2ព្រះអង្គបាន​បង្រៀន​ពួកគេ​អំពី​សេចក្ដី​ជាច្រើន​ជា​រឿងប្រៀបប្រដូច​ហើយ​នៅក្នុង​សេចក្ដី​បង្រៀន​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ 3«ចូរ​ស្ដាប់! ​មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ 4ពេលកំពុង​ព្រោះ​គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់ 5គ្រាប់ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី​ហើយ​ក៏​ដុះឡើង​ភ្លាម​ពីព្រោះ​ដី​មិន​ជ្រៅ 6ហើយនៅពេល​ថ្ងៃ​រះឡើង​វា​ក៏​ក្រៀម​ស្វិត​ដោយព្រោះ​គ្មាន​ឫស 7គ្រាប់ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ហើយ​បន្លា​ក៏​ដុះឡើង​រឹបរួត​គ្រាប់​ពូជ​នោះ​មិន​ឲ្យ​បង្កើត​ផល​បាន 8ឯគ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ល្អ​ហើយ​ដុះឡើង​បង្កើត​ផល​ជាច្រើន​មួយ​គ្រាប់​ឲ្យ​ផល​សាមសិប​មួយ​គ្រាប់​ឲ្យ​ផល​ហុកសិប​និង​មួយ​គ្រាប់​ឲ្យ​ផល​មួយរយ»។ 9បន្ទាប់មកព្រះអង្គ​ក៏​មានបន្ទូល​ថា៖ ​«អ្នកណា​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ»។

គោលបំណង​នៃ​រឿង​ប្រៀប​ប្រដូច​

10នៅពេល​ព្រះអង្គ​គង់​នៅ​តែឯង​សាវក​ទាំង​ដប់ពីរ​និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ពី​រឿងប្រៀបប្រដូច​ទាំងនោះ 11ព្រះអង្គក៏​មានបន្ទូល​ទៅ​គេ​ថា៖ ​«អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នករាល់គ្នា​ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​សេចក្ដី​ទាំងនោះ​បាន​មកដល់​គេ​តាមរយៈ​រឿងប្រៀបប្រដូច​វិញ 12ដើម្បីឲ្យ​ពួកគេ​មើល​តែ​មិន​ឃើញ​ឲ្យ​ស្ដាប់​តែ​មិន​យល់​ក្រែងលោ​គេ​ប្រែចិត្ដ​ហើយ​ទទួល ▼
▼«ដើម្បី​ឲ្យ​...​ទោស​»​ សូម​មើល​ អេសា​ ៦:៩-១០​។​ ឃ្លា​ «ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស​»​ ក្នុង​អេសា​ ៦:៩-១០​ សរសេរ​ថា​ «​ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​»​។​
​បាន​ការលើកលែងទោស»
13ហើយព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«តើ​អ្នករាល់គ្នា​មិន​យល់​រឿងប្រៀបប្រដូច​នេះ​ទេ​ឬ? ​បើ​ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នករាល់គ្នា​យល់​រឿងប្រៀបប្រដូច​ទាំងអស់​បាន? 14គឺមាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ព្រោះ​ព្រះ​បន្ទូល 15អ្នកខ្លះប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​នៅ​តាម​ផ្លូវ​ជាកន្លែង​ដែល​គ្រាប់ពូជ​ព្រោះ​ចុះទៅ​ពេល​គេ​ឮ​ព្រះបន្ទូល​ភ្លាម​អារក្ស​សាតាំង​ក៏​មក​ហើយ​ឆក់​យក​ព្រះ​បន្ទូល​ដែល​បាន​ព្រោះ​នៅក្នុង​គេ​នោះ​ទៅ 16អ្នកខ្លះ​ប្រៀបបាន​នឹង​គ្រាប់​ពូជ​ដែល​ព្រោះ​ចុះ​ទៅ​លើ​កន្លែង​មាន​ថ្ម​ពេល​គេ​ឮ​ព្រះ​បន្ទូល​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ 17ប៉ុន្ដែដោយ​ព្រោះ​គេ​មិន​ចាក់​ឫស​គេ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​កាល​ណា​មាន​ទុក្ខលំបាក​ឬ​ការបៀតបៀន​កើតឡើង​ដោយព្រោះ​ព្រះ​បន្ទូល​គេ​ក៏​រវាតចិត្ដ​ភ្លាម 18ឯអ្នកដទៃទៀត​ប្រៀបបាន​នឹង​គ្រាប់ពូជ​ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​គុម្ព​បន្លា​គេ​ឮ​ព្រះ​បន្ទូល 19ប៉ុន្ដែពេល​សេចក្ដី​ខ្វល់ខ្វាយ​នៃ​ជីវិត​សេចក្ដី​បោក​បញ្ចោត​នៃ​ទ្រព្យសម្បត្ដិ​និង​សេចក្ដី​ប៉ងប្រាថ្នា​ផ្សេងៗ​ចូល​មក​នោះ​ក៏​រួបរឹត​ព្រះ​បន្ទូល​មិន​ឲ្យ​បង្កើត​ផលផ្លែ 20ហើយអ្នកខ្លះ​ទៀត​ប្រៀបបាន​នឹង​គ្រាប់ពូជ​ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​ដី​ល្អ​គេ​ឮ​ព្រះ​បន្ទូល​ក៏​ទទួល​យក​ហើយ​បង្កើត​ផលផ្លែ​មួយ​ជា​សាមសិប​មួយ​ជា​ហុកសិប​និង​មួយ​ជា​មួយរយ»។

ចង្កៀងនិងរង្វាល់

21បន្ទាប់មក​ព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«តើ​គេ​យក​ចង្កៀង​ទៅ​ដាក់​នៅ​ក្រោម​ថាំង ▼
▼«ថាំង»ជាធុងធំមួយអាចផ្ទុកបានចំណុះប្រាំបួនគីឡូក្រាម ភាគច្រើនប្រើសម្រាប់ដាក់ស្រូវ។
​ឬ​នៅ​ក្រោម​គ្រែ​ឬ? ​តើ​គេ​មិន​ដាក់​វា​នៅ​លើ​ជើងចង្កៀង​ទេ​ឬអី?
22ដ្បិតគ្មាន​ការលាក់កំបាំង​អ្វី​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ហើយក៏​គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​បាន​លាត​ត្រដាង​ចេញ​មក​នោះ​ដែរ 23អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ» 24ព្រះអង្គក៏​មានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ។ ​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យ​គេ​អ្នករាល់គ្នា​នឹង​ទទួល​តាម​រង្វាល់​ដែល​អ្នករាល់គ្នា​បាន​វាល់​ឲ្យ​គេ​ទាំង​បន្ថែម​ឲ្យ​អ្នករាល់គ្នា​ទៀតផង 25ដ្បិតអ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​សូម្បីតែ​អ្វី​ដែល​អ្នកនោះ​មាន​ផង»។

រឿងប្រៀបប្រដូចអំពីគ្រាប់ពូជលូតលាស់

26ព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«នគរ​ព្រះជាម្ចាស់​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ព្រោះ​គ្រាប់​ពូជ​ទៅ​លើ​ដី 27ហើយគាត់​ដេក​នៅ​ពេល​យប់​ក្រោកឡើង​នៅ​ពេល​ថ្ងៃ​គាត់​មិន​បាន​ដឹង​ថា​គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះឡើង​តាម​របៀបណា​ទេ។ 28ដីបង្កើត​ផល​ដោយ​ខ្លួនឯង​មុនដំបូង​ជា​ពន្លក​បន្ទាប់មក​ចេញ​ជា​កួរ​ហើយ​ក្រោយមក​ទៀត​ចេញ​ជា​គ្រាប់​ស្រូវ​ពេញលេញ 29ប៉ុន្ដែនៅពេល​ស្រូវ​ទុំ​គាត់​ក៏​យក​កណ្ដៀវ​មក​ច្រូត​ភ្លាម​ព្រោះ​ដល់​រដូវ​ច្រូតកាត់​ហើយ»។

រឿងប្រៀបប្រដូច​អំពី​គ្រាប់​មូតា​

30ព្រះអង្គ​មានបន្ទូល​ថា៖ ​«តើ​យើង​ប្រៀប​ធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី​ឬ​តើ​យើង​នឹង​ប្រើ​រឿង​អ្វី​ដើម្បី​ពន្យល់​ពី​នគរ​ព្រះជាម្ចាស់? 31នគរព្រះជាម្ចាស់​ប្រៀប​ដូចជា​គ្រាប់​មូតា ▼
▼«គ្រាប់​មូតា​»​ ជា​គ្រាប់​មួយ​ប្រភេទ​មាន​ទំហំ​តូច​លិ្អត​ប៉ុន​គ្រាប់​ខ្សាច់​ (សូម​មើល​រូបភាព​ក្នុង​ម៉ាថា​ ១៣:៣១​)​។​
​ជា​គ្រាប់​តូចល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំងអស់​នៅ​លើ​ផែនដី
32ប៉ុន្ដែនៅពេល​ដែល​គេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​វា​ក៏​ដុះឡើង​ធំ​ជាង​រុក្ខជាតិ​ទាំងអស់​និង​មាន​មែក​ធំ​ៗ​ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​អាច​ធ្វើ​សំបុក​ក្រោម​ម្លប់​របស់​វា​បាន»។ 33ព្រះអង្គ​បាន​ប្រកាស​ព្រះ​បន្ទូល​ដល់​ពួកគេ​ជា​រឿងប្រៀបប្រដូច​ស្រដៀង​គ្នា​ជាច្រើន​ដែល​ពួកគេ​អាច​ស្ដាប់​បាន។ 34ព្រះអង្គមិន​បាន​មានបន្ទូល​ទៅ​ពួកគេ​ក្រៅពី​រឿងប្រៀបប្រដូច​ឡើយ​តែ​ពេល​នៅ​ដាច់ដោយឡែក​ជាមួយ​នឹង​ពួក​សិស្ស​ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។

ព្រះយេស៊ូធ្វើឲ្យព្យុះស្ងប់

35នៅ​ល្ងាច​ថ្ងៃ​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយម្ខាង»។ 36ពួកគេក៏​ចាកចេញ​ពី​បណ្ដាជន​ឯ​ព្រះយេស៊ូ​នៅតែ​គង់នៅ​លើ​ទូក​នោះ​និង​មាន​ទូក​ផ្សេងទៀត​បាន​ទៅ​ជាមួយ​ព្រះអង្គ​ដែរ។ 37មានខ្យល់​ព្យុះ​ធំ​មួយ​កើតឡើង​ហើយ​រលក​បាន​បោកបក់​ទៅ​លើ​ទូក​ធ្វើឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក 38តែព្រះអង្គ​គង់​នៅ​កន្សៃ ▼
▼«កនៃ្សទូក» ផែ្នកខាងក្រោយនៃទូក។
​ទូក​ផ្ទំលក់​លើ​ខ្នើយ​ហើយ​ពួកគេ​ក៏​ដាស់​ព្រះអង្គ​និង​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«លោកគ្រូ! ​យើង​វិនាស​ហើយ! ​តើ​លោក​មិន​ខ្វល់ខ្វាយ​ទេឬ?»
39ព្រះអង្គបាន​ភ្ញាក់​ឡើង​ហើយ​បន្ទោស​ខ្យល់​និង​មានបន្ទូល​ទៅ​កាន់​រលក​ថា៖ ​«ចូរ​ស្ងប់​ហើយ​ស្ងៀម​ទៅ!» ​នោះ​ខ្យល់​ក៏​ស្ងប់​ហើយ​ក៏​មាន​ភាពស្ងាត់​ឈឹង 40ព្រះអង្គមានបន្ទូល​ទៅ​គេ​ថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នា​ភ័យខ្លាច​ដូច្នេះ? ​តើ​អ្នករាល់គ្នា​នៅតែ​គ្មាន​ជំនឿ​ឬ?» 41នោះពួកគេ​កោតខ្លាច​យ៉ាងខ្លាំង​និង​និយាយ​គ្នា​ទៅវិញ​ទៅមក​ថា៖ ​«ចុះ​តើ​លោក​នេះ​ជា​នរណា​សូម្បីតែ​ខ្យល់​និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»
Copyright information for KhmKCB