‏ Matthew 13

រឿង​កសិករ​ព្រោះ​គ្រាប់​ពូជ​

1នៅ​ថ្ងៃ​នោះ​ព្រះ​យេស៊ូ​បាន​យាង​ចេញ​ពី​ផ្ទះ​ទៅ​អង្គុយ​នៅក្បែរ​មាត់​បឹង ▼
▼«បឹង» សំដៅលើ «បឹងកាលីឡេ»។ មាន​នៅ​ក្នុង ១៣:២ ដែរ។
។
2មានបណ្ដាជន​ច្រើន​កុះករ​បាន​ប្រមូល​គ្នា​មក​ចោមរោម​ព្រះអង្គ​ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះទៅ​អង្គុយ​នៅលើ​ទូក​ឯ​បណ្ដាជន​ទាំងអស់​បាន​ឈរ​នៅ​តាម​មាត់បឹង។ 3ព្រះអង្គមានបន្ទូល​ប្រាប់​ពួកគេ​អំពី​សេចក្ដី​ជាច្រើន​ជា​រឿងប្រៀបប្រដូច​ថា៖ ​«មើល៍​មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ 4ពេលគាត់​ព្រោះ​គ្រាប់ពូជ​ខ្លះ​បាន​ធ្លាក់​ទៅលើ​ផ្លូវ​ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់ 5ឯគ្រាប់ពូជ​ខ្លះទៀត​បាន​ធ្លាក់​ទៅ​លើ​កន្លែងមានថ្ម​ពុំ​សូវ​មាន​ដី​គ្រាប់ពូជនោះ​ដុះឡើង​យ៉ាងឆាប់​ពីព្រោះ​ដី​មិន​ជ្រៅ 6ប៉ុន្ដែពេល​ថ្ងៃ​រះឡើង​ពន្លក​ក៏​ក្រៀម​ស្វិត​ដោយព្រោះ​គ្មាន​ឫស។ 7គ្រាប់ពូជខ្លះទៀត​ក៏​ធ្លាក់​លើ​ដីមាន​បន្លា​បន្លា​ក៏​ដុះឡើង​រួបរឹត​គ្រាប់ពូជនោះ។ 8ប៉ុន្ដែគ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ​ហើយ​ឲ្យ​ផល​មួយ​ជា​មួយរយ​មួយ​ជា​ហុកសិប​និង​មួយ​ជា​សាមសិប។ 9អ្នកដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ!»

ហេតុដែលព្រះយេស៊ូប្រើរឿងប្រៀបប្រដូច

10ពួក​សិស្ស​បាន​ចូលមកជិត​ព្រះអង្គ​ទូល​សួរ​ថា៖ ​«ហេតុអ្វី​បានជា​លោក​និយាយ​នឹង​គេ​ជា​រឿងប្រៀបប្រដូច​ដូច្នេះ?» 11ព្រះអង្គមានបន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ ​«ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នករាល់គ្នា​យល់​ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នកទាំងនោះ​ទេ 12ដ្បិតអ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ហើយ​អ្នកនោះ​នឹង​មានជាបរិបូរ​ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​សូម្បីតែ​អ្វី​ដែល​អ្នកនោះ​មាន​ផង 13ហេតុនេះហើយ​បានជា​ខ្ញុំ​និយាយ​នឹង​គេ​ជា​រឿងប្រៀបប្រដូច​ដ្បិត​គេ​មើល​ប៉ុន្ដែ​មិន​ឃើញ​ស្ដាប់​ប៉ុន្ដែ​មិន​ឮ​និង​មិន​យល់​ផង។ 14សេចក្ដីដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​មក​បាន​សម្រេច​តាមរយៈ​ពួកគេ​ហើយ​គឺ​អ្នករាល់គ្នា​ស្ដាប់​ឮ​ប៉ុន្ដែ​មិន​យល់​ហើយ​មើល​ឃើញ​ប៉ុន្ដែ​មិន​ដឹង​សោះ។ 15ដ្បិតចិត្ដ​របស់​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ត្រចៀក​គេ​ធ្ងន់​ពិបាក​ស្ដាប់​ហើយ​គេ​ក៏​បិទ​ភ្នែក​បើពុំនោះសោត​គេ​មុខជា​មើលឃើញ​នឹង​ភ្នែក​ស្ដាប់ឮ​នឹង​ត្រចៀក​យល់​នៅក្នុង​ចិត្ដ​រួច​ប្រែចិត្ដ​ហើយ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា ▼
▼«ដ្បិតចិត្ដ...ឲ្យជា» សូមមើល អេសា ៦:៩-១០។
។
16ភ្នែករបស់​អ្នករាល់គ្នា​មានពរ​ណាស់​ដ្បិត​បាន​មើលឃើញ​ហើយ​ត្រចៀក​ក៏​ដូច្នេះ​ដែរ​ដ្បិត​បាន​ស្ដាប់ឮ។ 17ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ពួក​អ្នកនាំព្រះបន្ទូល​និង​ពួក​មនុស្ស​សុចរិត​ជាច្រើន​ចង់​ឃើញ​អ្វី​ដែល​អ្នករាល់គ្នា​ឃើញ​ប៉ុន្ដែ​មិន​បាន​ឃើញ​ទេ​ក៏​ចង់​ឮ​អ្វី​ដែល​អ្នករាល់គ្នា​ឮ​ដែរ​ប៉ុន្ដែ​មិន​បាន​ឮ​ឡើយ។

ព្រះយេស៊ូពន្យល់រឿងកសិករព្រោះគ្រាប់ពូជ

18ដូច្នេះ​ចូរ​អ្នករាល់គ្នា​ស្ដាប់​រឿងប្រៀបប្រដូច​អំពី​កសិករ​ព្រោះ​គ្រាប់ពូជ​ចុះ។ 19អស់អ្នក​ដែល​ឮ​ព្រះ​បន្ទូល​អំពី​នគរ​ព្រះជាម្ចាស់​ប៉ុន្ដែ​មិន​យល់​អារក្ស​ក៏​មក​ឆក់យក​សេចក្ដី​ដែល​បាន​ព្រោះ​ក្នុង​ចិត្ដ​អ្នកនោះ​ទៅ​នេះ​ជា​អ្នក​ដែល​ទទួល​គ្រាប់ពូជ​នៅតាម​ផ្លូវ 20អ្នកដែល​ទទួល​គ្រាប់ពូជ​នៅ​កន្លែងមានថ្ម​គឺជា​អ្នក​ដែល​ឮ​ព្រះ​បន្ទូល​ហើយ​ទទួលយក​ភ្លាម​ទាំង​អំណរ 21ប៉ុន្ដែគេ​មិន​បាន​ចាក់​ឫស​ទេ​គឺ​ធន់​បានតែ​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ។ ​កាល​ណា​មាន​ទុក្ខលំបាក​ឬ​ការបៀតបៀន​កើតឡើង​ដោយព្រោះ​ព្រះ​បន្ទូល​គេ​ក៏​រវាតចិត្ដ​ភ្លាម 22ឯអ្នក​ដែល​ទទួល​គ្រាប់ពូជ​នៅលើ​ដីមាន​បន្លា​គឺជា​អ្នក​ដែល​ឮ​ព្រះ​បន្ទូល​ប៉ុន្ដែ​សេចក្ដីខ្វល់ខ្វាយ​នៅក្នុង​ជីវិត​និង​ការបោកបញ្ឆោត​នៃ​ទ្រព្យសម្បត្ដិ​បាន​រួបរឹត​ព្រះ​បន្ទូល​មិន​ឲ្យ​បង្កើត​ផលផ្លែ 23ឯអ្នក​ដែល​ទទួល​គ្រាប់ពូជ​នៅ​លើ​ដី​ល្អ​គឺជា​អ្នក​ដែល​ឮ​ព្រះ​បន្ទូល​ហើយ​ក៏​យល់​អ្នកនោះ​បង្កើត​ផល​គឺ​ឲ្យផល​មួយ​ជា​មួយរយ​ខ្លះ​ហុកសិប​ខ្លះទៀត​សាមសិប»។

រឿងស្រូវនិងស្រងែ

24ព្រះអង្គ​លើក​យក​រឿងប្រៀបប្រដូច​មួយទៀត​ដោយ​មានបន្ទូល​ទៅ​គេ​ថា៖ ​«នគរ​ស្ថានសួគ៌​ប្រៀប​ដូចជា​បុរស​ម្នាក់​ដែល​ព្រោះ​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​គាត់ 25ក្រោយមកពេល​មនុស្ស​ដេកលក់​អស់​សត្រូវ​គាត់​បាន​មក​ព្រោះ​ស្រងែ​ក្នុង​ចំណោម​ស្រូវ​នោះ​ហើយ​ក៏​ចេញទៅ 26កាលស្រូវ​ពន្លក​ហើយ​ចេញ​ផ្លែ​នោះ​ស្រងែ​ក៏​លេចចេញមក​ដែរ 27ពួកបាវបម្រើ​ក៏​ចូល​មក​ប្រាប់​ម្ចាស់​ស្រែ​ថា​លោកម្ចាស់​តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេឬ? ​ចុះ​ស្រងែ​ទាំងនេះ​មាន​មកពីណា? 28គាត់ប្រាប់​គេ​ថា​មនុស្ស​ដែល​ធ្វើ​ការ​នេះ​គឺ​ជា​សត្រូវ។ ​ពួក​បាវបម្រើ​ក៏​សួរ​គាត់​ទៀត​ថា​ដូច្នេះ​តើ​លោក​ចង់​ឲ្យ​យើង​ទៅ​ដក​ស្រងែ​ទាំងនោះ​ដែរ​ឬ​ទេ? 29គាត់និយាយ​ថា​កុំអី! ​ក្រែងលោ​ពេល​អ្នករាល់គ្នា​ដក​ស្រងែ​ស្រូវ​ក៏ដោយមក​ជាមួយ​ដែរ។ 30ចូរទុក​ឲ្យ​វា​ដុះឡើង​ជាមួយគ្នា​រហូតដល់​ខែចម្រូត​ចុះ​នៅ​ពេល​ច្រូត​ខ្ញុំ​នឹង​ប្រាប់​អ្នកច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជាមុន​ចង​ជា​បាច់​ដើម្បី​ដុតចោល​ឯ​ស្រូវ​វិញ​ត្រូវ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ»។ 31ព្រះអង្គ​លើក​យក​រឿងប្រៀបប្រដូច​មួយទៀត​ដោយ​មានបន្ទូល​ទៅ​គេ​ថា៖ ​«នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​គ្រាប់​មូតា ▼
▼«គ្រាប់មូតា» ជាគ្រាប់ធញ្ញជាតិមួយប្រភេទមានទំហំប៉ុនគ្រាប់ខ្សាច់។
​ដែល​មនុស្ស​យកទៅ​ដាំ​ក្នុង​ចម្ការ​របស់​គាត់
32គ្រាប់ពូជនោះ​តូចល្អិត​ជាង​គ្រាប់ពូជ​ណាៗ​ទាំងអស់​ប៉ុន្ដែ​ពេល​ដុះឡើង​វា​ធំជាង​​រុក្ខជាតិ​ផ្សេងៗ​ហើយ​វា​ប្រែជា​ដើមឈើ​មួយ​ដើម​ដូច្នេះ​សត្វស្លាប​ហើរ​លើ​អាកាស​មក​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។ 33
ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ជា​រឿងប្រៀបប្រដូច​មួយទៀត​ថា៖ ​«នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​មេនំប៉័ង​ដែល​ស្ដ្រី​ម្នាក់​យកទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់​រហូតដល់​មេនំប៉័ង​នោះ​ធ្វើឲ្យ​ម្សៅ​ទាំងអស់​ដោរ​ឡើង»។

ព្រះយេស៊ូ​ប្រើ​រឿង​ដើម្បីសម្រេច​តាមបទគម្ពីរ

34ព្រះ​យេស៊ូ​មានបន្ទូល​ប្រាប់​បណ្ដាជន​ពី​សេចក្ដី​ទាំងអស់​នេះ​ជា​រឿងប្រៀបប្រដូច​ក្រៅពី​រឿងប្រៀបប្រដូច​ព្រះអង្គ​មិន​បាន​មានបន្ទូល​នឹង​បណ្ដាជន​ឡើយ 35ដើម្បីឲ្យ​សម្រេចសេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នកនាំព្រះបន្ទូល​ថា៖ ​«យើង​នឹង​បើក​មាត់​យើង​និយាយ​ជា​រឿងប្រៀបប្រដូច​ហើយ​យើង​នឹង​និយាយ​អំពី​សេចក្ដី​ដែល​បាន​​លាក់កំបាំង​តាំងពី​ដើមកំណើត​ពិភពលោក​មក ▼
▼«យើងនឹង...មក» សូមមើល ទំនុក ៧៨:២។
» ​។​

ព្រះយេស៊ូពន្យល់អំពីរឿងស្រូវនិងស្រងែ

36បន្ទាប់មក​ព្រះអង្គ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ហើយ​យាងចូល​ទៅក្នុង​ផ្ទះ​នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«សូម​បកស្រាយ​ប្រាប់​យើងខ្ញុំ​ពី​រឿងប្រៀបប្រដូច​អំពី​ស្រែ​មាន​ស្រងែ​ផង»។ 37ព្រះអង្គមានបន្ទូល​ឆ្លើយ​ថា៖ ​«អ្នក​ព្រោះ​ពូជ​ល្អ​គឺជា​កូន​មនុស្ស 38ឯស្រែ​គឺជា​ពិភពលោក​ហើយ​ពូជ​ល្អ​ទាំងនេះ​ជា​កូន​នៃ​នគរ​ព្រះជាម្ចាស់​ឯ​ស្រងែ​វិញ​ជា​កូន​នៃ​អារក្សសាតាំង។ 39សត្រូវដែល​ព្រោះ​ស្រងែ​គឺជា​អារក្សសាតាំង​ហើយ​ខែចម្រូត​គឺជា​គ្រា​ចុងក្រោយ​ឯ​អ្នកច្រូត​គឺជា​ទេវតា។ 40ដូច្នេះដែល​គេ​ប្រមូល​ស្រងែ​ដុតបន្សុស​នឹង​ភ្លើង​យ៉ាងណា​នៅ​ចុងបញ្ចប់​នៃ​ពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ 41គឺកូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យទៅ​ប្រមូល​អស់ទាំង​អ្វីៗ​ដែល​បណ្ដាលឲ្យ​ប្រព្រឹត្ដបាប​និង​ពួក​អ្នក​បំពានវិន័យ​ចេញពី​នគរ​របស់​លោក
42ទេវតានឹង​បោះ​អ្នកទាំងនោះ​ទៅ​​​ក្នុង​ឡ​ភ្លើង​ហើយ​នៅទីនោះ​មាន​ការទ្រហោយំ​និង​ការសង្កៀត​ធ្មេញ។ 43ពេលនោះមនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះត្រចង់​ដូច​ថ្ងៃ​នៅក្នុង​នគរ​ព្រះវរបិតា​របស់​គេ។ ​អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ។

រឿង​កំណប់​ដ៏​មាន​តម្លែ​ និងគជ់​ដ៏​មាន​តម្លែ​

44នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​កំណប់​ទ្រព្យ​កប់ទុក​នៅក្នុង​ស្រែ​ដែល​បុរស​ម្នាក់​បាន​រកឃើញ​ហើយ​កប់ទុក​វិញ​រួច​គាត់​បាន​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​ដោយ​អំណរ​ហើយ​ទិញ​យក​ស្រែ​នោះ។ 45
ម្យ៉ាងទៀត​នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​ឈ្មួញ​ម្នាក់​កំពុង​ស្វែងរក​គជ់ ▼
▼«គជ់» វត្ថុជាដុំដូចជាពក មានសាច់រឹងដូចកែវ កើតមានក្នុងសរីរកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយ: គជ់ខ្យង គជ់គ្រំ គជ់ដំរី គជ់​ក្រៀល​។​
​ដ៏ល្អ​ប្រណិត​
46ហើយពេល​រកឃើញ​គជ់​មួយ​គ្រាប់​ដ៏មានតម្លៃ​គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​ហើយ​ទិញ​យក​គជ់​នោះ។

រឿង​សំណាញ់ចាប់ត្រី​

47ម្យ៉ាងទៀត​នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​សំណាញ់​ដែល​បាន​បង់ទៅ​ក្នុង​បឹង​ហើយ​ប្រមូល​បាន​ត្រី​គ្រប់​ប្រភេទ 48ពេលសំណាញ់​ពេញ​គេ​ក៏​ទាញឡើង​លើ​ច្រាំង​ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ឯ​ត្រី​អន់ៗ​គេ​បោះចោល។ 49នៅចុងបញ្ចប់​នៃ​ពិភពលោក​នឹង​កើតមាន​ដូច្នោះ​ដែរ​ពួក​ទេវតា​នឹង​ចេញមក​ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុងចំណោម​មនុស្ស​សុចរិត 50រួចទេវតា​នឹង​បោះ​មនុស្ស​អាក្រក់​ទាំងនោះ​ទៅ​ក្នុង​ឡ​ភ្លើង​ហើយ​នៅទីនោះ​មាន​ការទ្រហោយំ​និង​ការសង្កៀត​ធ្មេញ។ 51
តើ​អ្នករាល់គ្នា​យល់​សេចក្ដី​ទាំងអស់​នេះ​ហើយ​ឬ​នៅ?» ​ពួកគេ​បាន​ទូល​ព្រះអង្គ​ថា៖ ​«បាទ​យល់​ហើយ»
52ព្រះអង្គមានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«ដូច្នេះ​គ្រូវិន័យ​គ្រប់គ្នា​ដែល​ក្លាយជាសិស្ស​នៃ​នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​មនុស្ស​ម្នាក់​ជា​ម្ចាស់ផ្ទះ​ដែល​បាន​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំងទ្រព្យ​របស់​ខ្លួន»។ 53
កាល​ព្រះ​យេស៊ូ​មានបន្ទូល​អំពី​រឿងប្រៀបប្រដូច​ទាំងនេះ​ចប់​ហើយ​ព្រះអង្គ​ក៏​យាងចេញ​ពីទីនោះ។

អ្នកក្រុងណាសារ៉ែតបដិសេធព្រះយេស៊ូ

54កាល​យាង​ដល់​ស្រុក​របស់​ព្រះអង្គ​ព្រះអង្គ​ក៏​បាន​បង្រៀន​អ្នកស្រុក​ក្នុង​សាលាប្រជុំ​របស់​ពួកគេ​ធ្វើឲ្យ​អ្នកស្រុក​នឹកអស្ចារ្យក្នុងចិត្ដ​ទាំង​និយាយ​ថា៖ ​«អ្នក​នេះ​មាន​ប្រាជ្ញា​និង​ការអស្ចារ្យ​បែប​នេះ​មកពីណា? 55តើអ្នក​នេះ​មិនមែន​ជា​កូន​របស់​ជាងឈើ​ទេ​ឬ? ​តើ​ម្ដាយ​គាត់​មិនមែន​ឈ្មោះ​ម៉ារា​ហើយ​ប្អូនៗ​គាត់​ឈ្មោះ​យ៉ាកុប​យ៉ូសេ​ស៊ីម៉ូន​និង​យូដាស​ទេ​ឬ? 56តើប្អូនស្រី​របស់​គាត់​មិន​បាន​នៅ​ជាមួយ​យើង​ទាំងអស់​គ្នា​ទេឬ? ​ដូច្នេះ​តើ​អ្នក​នេះ​បាន​សេចក្ដី​ទាំងអស់​នេះ​មកពីណា?» 57គេក៏​ទាស់ចិត្ដ​នឹង​ព្រះអង្គ​ប៉ុន្ដែ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គេ​ថា៖ ​«អ្នកនាំព្រះបន្ទូល​បាន​ទទួល​សេចក្ដីគោរព​នៅគ្រប់​ទីកន្លែង​លើកលែងតែ​នៅក្នុង​ស្រុក​កំណើត​និង​ក្នុង​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ»។ 58ដោយព្រោះតែភាពគ្មានជំនឿ​របស់​ពួកគេ​ព្រះអង្គ​មិន​បាន​ធ្វើ​ការអស្ចារ្យ​ច្រើន​នៅទីនោះ​ទេ។
Copyright information for KhmKCB