‏ Matthew 15

ព្រះយេស៊ូបង្រៀនអំពីភាពបរិសុទ្ធ

1ពេល​នោះ​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​គ្រូវិន័យ​មកពី​ក្រុង​យេរូសាឡិម​បាន​ចូលមកជិត​ព្រះ​យេស៊ូ​ទូល​ថា៖ 2«ហេតុអ្វី​បានជា​ពួក​សិស្ស​របស់​លោក​បំពាន​ទំនៀមទម្លាប់​ចាស់​បុរាណ​ដូច្នេះ? ​ដ្បិត​នៅពេល​បរិភោគ​អាហារ​ពួកគេ​មិន​លាង​ដៃ​ទេ» 3ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«តើ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​បំពាន​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ដោយសារតែ​ទំនៀមទម្លាប់​របស់​អ្នករាល់គ្នា? 4ដ្បិតព្រះជាម្ចាស់​មានបន្ទូល​ថា​ចូរ​គោរព​ឪពុក​ម្ដាយ​ហើយ​អ្នក​ដែល​ជេរប្រមាថ​ឪពុក​ឬ​ម្ដាយ​អ្នកនោះ​ត្រូវ​ស្លាប់។ 5ប៉ុន្ដែអ្នករាល់គ្នា​និយាយ​ថា​អ្នកណា​ក៏ដោយ​ដែល​និយាយ​នឹង​ឪពុក​ឬ​ម្ដាយ​ថា​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​ឬ​អ្នក​ម្ដាយ​នោះ​ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់ 6អ្នកនោះមិន​បាច់​គោរព​ឪពុក​ឡើយ​ដូច្នេះ​អ្នករាល់គ្នា​បំបាត់តម្លៃ​នៃ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ដោយសារតែ​ទំនៀមទម្លាប់​របស់​អ្នករាល់គ្នា 7មនុស្សមានពុត​អើយ! ​លោក​អេសាយ​បាន​ថ្លែងព្រះបន្ទូល​អំពី​អ្នករាល់គ្នា​នោះ​ត្រឹមត្រូវណាស់​ដែល​ថា 8ប្រជាជននេះ​គោរព​យើង​តែ​បបូរមាត់​ទេ​ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់។ 9ពួកគេថ្វាយបង្គំ​យើង​ជាឥតប្រយោជន៍​ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង ▼
▼«ប្រជាជននេះ...ទៀតផង» សូមមើល អេសា ២៩:១៣។ មាន​ចាប់​ពី​ ១៥:៨-៩។​
»។
10ព្រះអង្គ​ក៏​ហៅ​បណ្ដាជន​ហើយ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ស្ដាប់​ហើយ​យល់​ចុះ 11អ្វីដែល​ចូល​តាម​មាត់​មិន​ធ្វើឲ្យ​មនុស្ស​ទៅ​ជា​មិនបរិសុទ្ធ​ទេ​ផ្ទុយទៅវិញ​អ្វី​ដែល​ចេញ​ពី​មាត់​ទេតើ​ដែល​ធ្វើឲ្យ​មនុស្ស​ទៅ​ជា​មិនបរិសុទ្ធ»។ 12
ពួក​សិស្ស​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«តើ​លោក​គ្រូ​ជ្រាប​ដែរ​ឬ​ទេ​ថា​ពួក​អ្នកខាងគណៈផារិស៊ី​ទាស់ចិត្ត​ណាស់​ពេល​ឮ​ពាក្យ​នេះ?»
13តែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ថា៖ ​«រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះ​វរបិតា​របស់​ខ្ញុំ​គង់នៅ​ស្ថានសួគ៌​មិន​បាន​ដាំ​នោះ​នឹង​ត្រូវ​ដកចោល 14ដូច្នេះបណ្ដោយតាម​ពួកគេ​ចុះ​ពួកគេ​ជា​មនុស្ស​ខ្វាក់​នាំផ្លូវ​មនុស្ស​ខ្វាក់​ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​នោះ​ទាំងពីរ​នាក់​មុខជា​ធ្លាក់​រណ្ដៅ​មិនខាន» 15លោកពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ ​«សូម​ពន្យល់​រឿងប្រៀបប្រដូច​នេះ​ដល់​យើងខ្ញុំ​ផង» 16ព្រះអង្គមានបន្ទូល​ថា៖ ​«តើ​អ្នករាល់គ្នា​នៅតែ​មិនយល់​ដែរ​ឬ? 17តើអ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​អ្វីៗ​ទាំងអស់​ដែល​ចូល​តាម​មាត់​ទៅ​ក្នុង​ពោះ​ហើយ​បញ្ចេញ​ទៅ​ក្នុង​បង្គន់​ទេឬ? 18ប៉ុន្ដែអ្វីៗ​ដែល​ចេញ​ពី​មាត់​គឺ​ចេញមក​ពី​ចិត្ដ​សេចក្ដី​នោះឯង​ដែល​ធ្វើឲ្យ​មនុស្ស​មិនបរិសុទ្ធ 19ដ្បិតគំនិត​អាក្រក់​ការសម្លាប់មនុស្ស​អំពើផិតក្បត់​អំពើអសីលធម៌ខាងផ្លូវភេទ​ការលួចប្លន់​ការជេរប្រមាថ​និង​ការធ្វើបន្ទាល់ក្លែងក្លាយ​សុទ្ធតែ​ចេញមក​ពី​ចិត្ដ 20គឺសេចក្ដី​ទាំងនោះ​ហើយ​ដែល​ធ្វើឲ្យ​មនុស្ស​មិនបរិសុទ្ធ​ប៉ុន្ដែ​ការ​បរិភោគ​ដោយ​មិនបានលាង​ដៃ​មិន​ធ្វើឲ្យ​មនុស្ស​មិនបរិសុទ្ធ​ឡើយ»។

ជំនឿរបស់ស្ដ្រីសាសន៍ដទៃ

21ព្រះ​យេស៊ូ​បាន​យាងចេញ​ពីទីនោះ​ឆ្ពោះ​ទៅកាន់​តំបន់​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន។ 22នោះមាន​​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ដែល​រស់នៅ​តំបន់​នោះ​បាន​ចេញមក​ស្រែក​ថា៖ ​«លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ ▼
▼«ពូជពង្សដាវីឌ» ជាឈ្មោះដែលពួកយូដាប្រើសម្រាប់ព្រះសង្គ្រោះ ដែលព្រះជាម្ចាស់បានសន្យាថា ជាតំណវង្ស និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
​អើយ! ​សូម​មេត្ដា​ខ្ញុំ​ផង! ​កូនស្រី​របស់​ខ្ញុំ​ត្រូវ​អារក្សចូល​ធ្វើ​ទុក្ខខ្លាំង​ណាស់»
23ប៉ុន្ដែព្រះអង្គ​មិន​បាន​ឆ្លើយ​នឹង​នាង​មួយ​ម៉ាត់​ឡើយ​ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូលមកជិត​ទូល​សុំ​ព្រះអង្គ​ថា៖ ​«សូម​ឲ្យ​នាង​ចេញទៅ​ព្រោះ​នាង​ចេះតែ​ស្រែក​ពីក្រោយ​យើង» 24ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ថា៖ ​«ព្រះជាម្ចាស់​បាន​ឲ្យ​ខ្ញុំ​មក​ឯ​ប្រជាជន​​​អ៊ីស្រាអែល​ដែល​ជា​ចៀម​វង្វេង​របស់​ព្រះអង្គ​ប៉ុណ្ណោះ» 25ប៉ុន្ដែនាង​ចូលមក​ថ្វាយ​បង្គំ​ព្រះអង្គ​ហើយ​ទូល​ថា៖ ​«លោកម្ចាស់​អើយ! ​សូម​ជួយ​ខ្ញុំ​ផង» 26ព្រះអង្គមានបន្ទូល​ឆ្លើយ​ថា៖ ​«មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ» 27ប៉ុន្ដែនាង​ទូល​ថា៖ ​«ចាស​លោកម្ចាស់​សូម្បីតែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​ម្ចាស់​វា​ដែរ» 28ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​នឹង​នាង​ថា៖ ​«ឱ​នាង​អើយ! ​អ្នក​មាន​ជំនឿ​ខ្លាំង​មែន​ចូរ​ឲ្យបាន​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ» ​កូនស្រី​របស់​នាង​ក៏​បាន​ជា​សះស្បើយ​ពី​ពេល​នោះ​មក។

ព្រះយេស៊ូប្រោសមនុស្សជាច្រើន

29ព្រះ​យេស៊ូ​បាន​យាងចេញ​ពីទីនោះ​ហើយ​ធ្វើដំណើរ​តាមមាត់​បឹង​កាលីឡេ​បន្ទាប់មក​ព្រះអង្គ​ក៏​យាងឡើង​លើ​ភ្នំ​ហើយ​អង្គុយ​នៅទីនោះ។ 30បណ្ដាជនច្រើនកុះករ​បាន​ចូលមកជិត​ព្រះអង្គ​មាន​ទាំង​មនុស្ស​ខ្វិន​ខ្វាក់​ពិការ​គ​និង​អ្នក​ជំងឺ​ផ្សេងទៀត​ជាច្រើន​មក​ជាមួយ​នឹង​ពួកគេ​ដែរ។ ​ពួកគេ​បាន​ផ្ដេក​អ្នកទាំងនោះ​នៅទៀប​បាទា ▼
▼«បាទា» ជារាជសព្ទប្រើសម្រាប់ហៅ «ជើង»។
​ព្រះអង្គ​ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នកជំងឺ​ទាំងនោះ​ឲ្យជា​សះស្បើយ។
31កាលឃើញ​មនុស្ស​គ​និយាយ​មនុស្ស​ពិការ​ជាសះស្បើយ​មនុស្ស​ខ្វិន​ដើរ​មនុស្ស​ខ្វាក់​មើលឃើញ​ដូច្នេះ​បណ្ដាជន​ក៏​នឹកអស្ចារ្យ​ហើយ​សរសើរតម្កើង​ដល់​ព្រះ​របស់​អ៊ីស្រាអែល។

ព្រះយេស៊ូប្រទានអាហារមនុស្សបួនពាន់នាក់

32ព្រះ​យេស៊ូ​បាន​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ហើយ​មានបន្ទូល​ថា៖ ​«ខ្ញុំ​អាណិត​បណ្ដាជន​ទាំងអស់​នេះ​ណាស់​ព្រោះ​ពួកគេ​បាន​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់តែសោះ​ខ្ញុំ​មិន​ចង់​បញ្ចូន​ពួកគេ​ទៅវិញ​ទាំង​ឃ្លាន​ទេ​ក្រែងលោ​ពួកគេ​អស់កម្លាំង​តាម​ផ្លូវ» 33នោះពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ ​«នៅ​ទីរហោឋាន​ដូច្នេះ​តើ​យើង​រក​នំប៉័ង​មកពីណា​ឲ្យ​បាន​ច្រើន​ដើម្បី​ចម្អែត​បណ្ដាជន​ដ៏សន្ធឹក​បែបនេះ?» 34ព្រះយេស៊ូ​សួរ​ពួក​សិស្ស​ថា៖ ​«តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?» ​ពួក​សិស្ស​ទូល​ថា៖ ​«មាន​ប្រាំពីរ​ដុំ​និង​ត្រី​ខ្លះ​ដែរ» 35កាលបង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ដី​ហើយ 36ព្រះអង្គយក​នំប៉័ង​ប្រាំពីរ​ដុំ​និង​ត្រី​ទាំងនោះ​មក​អរព្រះគុណ​រួច​កាច់​ឲ្យ​ទៅ​ពួកសិស្ស​ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន។ 37គ្រប់គ្នាបាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅសល់​បាន​ប្រាំពីរ​កន្ដ្រក​ពេញ។ 38អ្នកដែល​បាន​បរិភោគ​មាន​បុរស​បួនពាន់​នាក់​មិនរាប់​ស្ដ្រី​និង​កូនក្មេង​ទេ។ 39ពេលរំសាយ​បណ្ដាជន​រួច​ហើយ​ព្រះអង្គ​ក៏​ចុះ​ទូក​ឆ្ពោះ​ទៅ​តំបន់​ក្រុង​ម៉ាកាដាន់។
Copyright information for KhmKCB