‏ Matthew 16

ពួកមេដឹកនាំសាសនាចង់ឃើញទីសំគាល់ពីព្រះយេស៊ូ

1ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​អ្នកខាងគណៈសាឌូស៊ី​បាន​មក​ល្បងល​ព្រះអង្គ​ពួកគេ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសំគាល់​មួយ​ពី​ស្ថានសួគ៌​ដល់​ពួកគេ 2ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ពេល​ល្ងាច​អ្នករាល់គ្នា​និយាយ​ថា​ធាតុអាកាស​ល្អ​ព្រោះ​មេឃ​ពណ៌​ក្រហម។ 3ដល់ព្រឹកឡើង​ក៏​និយាយ​ថា​ថ្ងៃនេះ​ធាតុអាកាស​មិនល្អទេ​ព្រោះ​មេឃ​ក្រហម​មានពពកច្រើន។ ​អ្នករាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​ប៉ុន្ដែ​អ្នករាល់គ្នា​មិន​អាច​ស្គាល់​ទីសំគាល់​នា​សម័យ​នេះ​បាន​ឡើយ។ 4ជំនាន់មនុស្ស​ដ៏អាក្រក់​និង​ផិតក្បត់​ស្វែងរក​ទីសំគាល់​ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់នេះ​ទេ​ក្រៅពី​ទីសំគាល់​របស់​លោក​យ៉ូណាស់» ​រួច​ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ​ទៅ។ 5ពេល​ពួក​សិស្ស​ឆ្លង​ទៅ​ត្រើយម្ខាង​ពួកគេ​ភ្លេច​យក​នំប៉័ង។ 6ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​អ្នកខាងគណៈសាឌូស៊ី» 7នោះពួក​សិស្ស​ក៏​សួរ​ដេញដោល​គ្នា​ថា៖ ​«ព្រោះតែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេដឹង»។ 8កាលព្រះ​យេស៊ូ​ជ្រាប​ហើយ​ក៏​មានបន្ទូល​ថា៖ ​«ឱ​អ្នកមានជំនឿតិច​អើយ! ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​សួរដេញដោល​គ្នា​អំពី​ការ​ដែល​អ្នករាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ? 9តើអ្នករាល់គ្នា​នៅតែ​មិនទាន់​យល់​ឬក៏​មិន​ចាំ​ពី​នំប៉័ង​ប្រាំ​ដុំ​សម្រាប់​មនុស្ស​ប្រាំពាន់​នាក់​ទេឬ? ​តើ​អ្នករាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក? 10ចុះនំប៉័ង​ប្រាំពីរ​ដុំ​សម្រាប់​មនុស្ស​បួនពាន់​នាក់​តើ​អ្នករាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ដ្រក? 11តើដូចម្ដេច​បានជា​អ្នករាល់គ្នា​មិន​យល់​ដូច្នេះ​ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នករាល់គ្នា​អំពី​នំប៉័ង​ទេ​គឺ​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​អ្នកខាងគណៈសាឌូស៊ី​ទេតើ»។ 12បន្ទាប់មកទើប​ពួកគេ​យល់​ថា​ព្រះអង្គ​មិន​បាន​មានបន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​ទេ​ប៉ុន្ដែ​គឺ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដីបង្រៀន​របស់​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​អ្នកខាងគណៈសាឌូស៊ី​វិញ។

លោកពេត្រុសប្រាប់ថាព្រះយេស៊ូជាព្រះម៉ែស៊ី

13កាល​ព្រះ​យេស៊ូ​យាងមក​ដល់​តំបន់​ក្រុង​សេសារា​ភីលីព​ព្រះអង្គ​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«តើ​មនុស្ស​ទាំងឡាយ​និយាយ​ថា​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ១៦:២៧-២៨ ដែរ​។​
​ជា​អ្នកណា?»
14ពួកគេទូល​ថា៖ ​«អ្នក​ខ្លះ​ថា​លោក​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​អ្នក​ខ្លះទៀត​ថា​លោក​អេលីយ៉ា​ហើយ​អ្នក​ខ្លះទៀត​ថា​លោក​យេរេមា​ឬ​អ្នកនាំព្រះបន្ទូល​ម្នាក់» 15ព្រះអង្គសួរ​ពួកគេ​ថា៖ ​«ចុះ​អ្នករាល់គ្នា​វិញ​ថា​ខ្ញុំ​ជា​អ្នកណា​ដែរ?» 16លោកស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖ ​«លោក​ជា​ព្រះ​គ្រិស្ដ​គឺ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏មានព្រះជន្មរស់» 17ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ ​«អ្នក​មានពរ​ហើយ​ស៊ីម៉ូន​កូន​យ៉ូណាស​អើយ! ​ដ្បិត​សាច់​ឈាម​មិន​បាន​បើកសំដែង​សេចក្ដីនេះ​ដល់​អ្នក​ទេ​គឺ​ព្រះ​វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ 18ហើយខ្ញុំ​ក៏​ប្រាប់​អ្នក​ដែរ​ថា​អ្នក​ឈ្មោះ​ពេត្រុស​ខ្ញុំ​នឹង​សង់​ក្រុមជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ​ឯ​ទ្វារ​ស្ថាននរក​មិន​ឈ្នះ​ក្រុមជំនុំ​នេះ​ឡើយ 19ខ្ញុំនឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក​ហើយ​បើ​អ្នក​ចង​អ្វី​នៅ​លើ​ផែនដី​នោះ​នឹង​ចង​នៅ​ស្ថានសួគ៌​ដែរ​រួច​បើ​អ្នក​ស្រាយ​អ្វី​នៅ​លើ​ផែនដី​នោះ​នឹង​ស្រាយ​នៅឯ​ស្ថានសួគ៌​ដែរ»។ 20បន្ទាប់មកព្រះអង្គ​បាន​បង្គាប់​ដល់​ពួក​សិស្ស​មិនឲ្យ​និយាយ​ប្រាប់​នរណា​ម្នាក់​ថា​ព្រះអង្គ​ជា​ព្រះ​គ្រិស្ដ​ទេ។

ព្រះយេស៊ូប្រាប់ជាមុនអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

21ចាប់តាំងពី​ពេលនោះ​មក​ព្រះ​យេស៊ូ​ចាប់ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ព្រះអង្គ​ត្រូវតែ​ទៅ​ក្រុង​យេរូសាឡិម​ហើយ​ទទួល​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ​ពួក​សម្ដេចសង្ឃ​និង​ពួក​គ្រូវិន័យ​រួច​ត្រូវគេ​សម្លាប់​ហើយ​រស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី 22លោកពេត្រុស​នាំ​ព្រះអង្គ​ទៅ​ដាច់ដោយឡែក​ពីគេ​រួច​ក៏​ចាប់ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​មេត្ដាអាណិត​ផង​ចុះ​ការ​នេះ​នឹង​មិន​កើតឡើង​ចំពោះ​ព្រះអង្គ​ជាដាច់ខាត» 23ប៉ុន្ដែព្រះអង្គ​បាន​បែរមក​មានបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ ​«អារក្ស​សាតាំង​ចូរ​ថយទៅក្រោយ​យើង​ទៅ​ឯង​ជា​សេចក្ដីបង្អាក់​ដល់​យើង​ដ្បិត​ឯង​មិន​គិតតាម​គំនិត​របស់​ព្រះជាម្ចាស់​ទេ​គឺ​គិតតាម​គំនិត​របស់​មនុស្ស​វិញ»។

អ្នកដើមតាមព្រះយេស៊ូត្រូវថ្វាយខ្លួននិងជីវិត

24បន្ទាប់មក​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​អ្នកនោះ​ត្រូវ​លះបង​ខ្លួងឯង​ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ​ចុះ 25ដ្បិតអ្នកណា​ដែល​ចង់​រក្សា​ជីវិត​របស់​ខ្លួន​អ្នកនោះ​នឹង​បាត់​ជីវិត​ទៅ​ប៉ុន្ដែ​អ្នកណា​ដែល​បាត់បង់​ជីវិត​ដោយព្រោះ​ខ្ញុំ​អ្នកនោះ​នឹង​បាន​ជីវិត​វិញ 26បើមនុស្ស​ម្នាក់​ទទួលបាន​ពិភពលោក​ទាំងមូល​ប៉ុន្ដែ​បាត់បង់​ជីវិត​របស់​ខ្លួន​តើ​មានប្រយោជន៍​អ្វី? ​តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? 27ព្រោះកូន​មនុស្ស​នឹង​មក​នៅក្នុង​សិរីរុងរឿង​នៃ​ព្រះ​វរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​រួច​ពេលនោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការប្រព្រឹត្ដិ​របស់​គេ 28ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្នក​ខ្លះ​ក្នុងចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅទីនេះ​នឹង​មិន​ស្គាល់​សេចក្ដីស្លាប់​ឡើយ​លុះត្រាតែ​ឃើញ​កូន​មនុស្ស​មក​ជាមួយ​នគរ​របស់​លោក»។
Copyright information for KhmKCB