‏ Matthew 19

ការរៀបការនិងការលែងលះ

1កាល​ព្រះ​យេស៊ូ​មានបន្ទូល​សេចក្ដី​ទាំងនេះ​ចប់​ហើយ​ព្រះអង្គ​បាន​យាងចេញ​ពី​ស្រុក​កាលីឡេ​រួច​បាន​មក​ដល់​តំបន់​ស្រុក​យូដា​នៅឯ​ត្រើយនាយ​អូរ​យ័រដាន់ 2នោះមាន​បណ្ដាជន​ច្រើនកុះករ​បាន​មកតាម​ព្រះអង្គ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យបានជា​នៅទីនោះ។ 3ពួកអ្នកខាងគណៈផារិស៊ី​បាន​ចូលមកជិត​ល្បងល​ព្រះអង្គ​ដោយ​ទូល​សួរ​ថា៖ ​«តើ​វិន័យ​អនុញ្ញាត​ដែរ​ឬទេ​បើ​បុរស​លែង​ប្រពន្ធ​ដោយ​ហេតុផល​ណាក៏ដោយ​នោះ?» 4ព្រះអង្គមានបន្ទូល​ឆ្លើយ​ថា៖ ​«តើ​អ្នករាល់គ្នា​មិន​បាន​អាន​ទេ​ឬ​ថា​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​ជា​ប្រុស​ជា​ស្រី​តាំងពី​ដើម​ដំបូង​មក?» 5ព្រះអង្គមានបន្ទូល​ទៀត​ថា៖ ​«ដោយហេតុ​នេះ​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ​ហើយ​ទៅ​នៅជាប់​នឹង​ប្រពន្ធ​រួច​អ្នក​ទាំងពីរ​នឹង​ក្លាយជា​សាច់​តែមួយ 6ដូច្នេះពួកគេ​មិនមែន​ពីរ​នាក់​ទៀតទេ​ប៉ុន្ដែ​ជា​សាច់​តែ​មួយ​វិញ​ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ» 7ពួកគេទូល​ព្រះអង្គ​ថា៖ ​«បើដូច្នោះ​ហេតុអ្វី​បានជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែងលះ​រួច​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?»។ 8ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ដោយព្រោះតែ​ចិត្ដរឹងរូស​របស់​អ្នករាល់គ្នា​បានជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នករាល់គ្នា​លែង​ប្រពន្ធ​ទោះជា​ពី​ដើម​ដំបូង​មិន​មាន​ដូច្នេះ​ក្ដី 9ហើយខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អ្នកណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​រួច​រៀបការ​មួយ​ទៀត​នោះ​គឺ​ផិតក្បត់​ហើយ»។ 10ពួកសិស្ស​របស់​ព្រះអង្គ​ទូល​ថា៖ ​«បើ​រវាង​ប្ដី​ប្រពន្ធ​ក្នុងករណី​បែបនេះ​នោះ​មិន​រៀបការ​ប្រសើរជាង» 11ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«មិនមែន​មនុស្ស​គ្រប់រូប​អាច​ទទួលយក​ពាក្យ​នេះ​បាន​ទេ​លើកលែងតែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ប៉ុណ្ណោះ 12ដ្បិតមនុស្ស​ខ្លះ​ជា​មនុស្ស​កម្រៀវ​តាំងពី​កំណើត​មក​និង​អ្នក​ផ្សេងទៀត​ជា​មនុស្ស​កម្រៀវ​ដោយសារ​គេ​ក្រៀវ​ហើយ​ក៏​មាន​មនុស្ស​កម្រៀវ​ដែល​ក្រៀវ​ខ្លួនឯង​ដោយព្រោះតែ​នគរ​ស្ថានសួគ៌។ ​ដូច្នេះ​អ្នក​ដែល​អាច​ទទួលយក​បាន​ចូរ​ទទួលយក​ចុះ»។

ព្រះយេស៊ូប្រទានពរដល់ក្មេងៗ

13បន្ទាប់មក​គេ​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ ▼
▼«ព្រះហស្ដ» ជារាជសព្ធប្រើសម្រាប់ហៅ «ដៃ»។ មាន​នៅ​ក្នុង ១៩:១៥​ ដែរ​។​
​ហស្ដ​លើ​ពួកវា​និង​អធិស្ឋាន​ឲ្យ​ប៉ុន្ដែ​ពួក​សិស្ស​បាន​ស្ដីបន្ទោស​ពួកគេ។
14ព្រះយេស៊ូ​មានបន្ទូល​ថា៖ ​«កុំ​ឃាត់​ពួកគេ​អី​ចូរ​ឲ្យ​ក្មេងៗ​ទាំងនេះ​មក​ឯ​ខ្ញុំ​ចុះ​ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេងៗទាំងនេះ​ឯង» 15កាលព្រះអង្គ​ដាក់​ព្រះ​ហស្ដ​លើ​ក្មេងៗ​រួចហើយ​ក៏​យាងចេញ​ពីទីនោះ​ទៅ។

បុរសអ្នកមានជួបព្រះយេស៊ូ

16មើល៍​មាន​បុរស​ម្នាក់​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«លោក​គ្រូ​តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ដ​អំពើល្អ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជិវិត​អស់កល្ប​ជានិច្ច?» 17ព្រះអង្គមានបន្ទូល​ទៅ​គាត់​ថា៖ ​«ហេតុអ្វី​បានជា​អ្នក​សួរ​ខ្ញុំ​អំពី​អំពើ​ល្អ​គឺ​មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត​អស់កល្ប​នោះ​ចូរ​ធ្វើតាម​បញ្ញត្ដិ​ចុះ» 18គាត់ទូល​សួរ​ព្រះអង្គ​ថា៖ ​«តើ​បញ្ញត្ដិ​មួយណា?» ​ព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«កុំ​សម្លាប់មនុស្ស​កុំ​ផិតក្បត់​កុំ​លួច​កុំ​ធ្វើបន្ទាល់ក្លែងក្លាយ 19ចូរគោរព​ឪពុក​ម្ដាយ​របស់​អ្នក​ហើយ​ចូរ​ស្រលាញ់​អ្នកជិតខាង​របស់​អ្នក​ឲ្យដូច​ខ្លួនឯង» 20កំលោះនោះ​ទូល​ព្រះអង្គ​ថា៖ ​«ខ្ញុំ​បាន​ធ្វើតាម​សេចក្ដី​ទាំងនេះ​អស់​ហើយ​តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?» 21ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់លក្ខណ៍​ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​របស់​អ្នក​ហើយ​ឲ្យ​អ្នក​ក្រ​ចុះ​នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្ដិ​នៅ​ស្ថានសួគ៌​រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»។ 22ប៉ុន្ដែពេល​កំលោះ​នោះ​ឮ​ព្រះ​បន្ទូល​នេះ​ក៏​ចាកចេញទៅ​ទាំង​សោកសៅ​ព្រោះ​គាត់​មាន​ទ្រព្យសម្បត្ដិ​ច្រើន។

ទ្រព្យសម្បត្ដិនិងសេចក្ដីសង្គ្រោះ

23ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ណាស់ 24ហើយខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទៀត​ថា​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​នោះ​ងាយស្រួល​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅទៀត» 25ពេលពួក​សិស្ស​ឮ​ហើយ​ក៏​នឹកឆ្ងល់​ជាខ្លាំង​ទាំង​និយាយ​ថា៖ ​«បើដូច្នេះ​តើ​នរណា​អាច​ទទួល​សេចក្ដីសង្គ្រោះ​បាន?» 26ពេលព្រះ​យេស៊ូ​ទត​ទៅ​ពួកគេ​នោះ​ក៏​មានបន្ទូល​ថា៖ ​«មនុស្ស​មិនអាចធ្វើ​ការ​នេះ​បាន​ទេ​ប៉ុន្ដែ​ព្រះជាម្ចាស់​វិញ​អាច​ធ្វើ​គ្រប់ការ​ទាំងអស់​បាន»។ 27បន្ទាប់មក​លោក​ពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖ ​«មើល៍! ​យើង​បាន​លះបង់​អ្វីៗ​ទាំងអស់​ហើយ​ដើរតាម​លោក។ ​តើ​យើង​នឹង​បាន​អ្វី​ទៅ?» 28ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​នៅក្នុង​សករាជថ្មី​ពេល​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​អង្គុយ​នៅ​លើ​បល្ល័ង្ក​ដែល​ប្រកប​ដោយ​សិរីរុងរឿង​របស់​លោក​នោះ​អ្នករាល់គ្នា​ដែល​បាន​ដើរតាម​ខ្ញុំ​នឹង​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​ដប់ពីរ​ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល​ដែរ
29ឯអស់​អ្នក​ដែល​លះបង់​ផ្ទះ​សម្បែង​បងប្អូន​ប្រុស​ស្រី​ឪពុក​ម្ដាយ​កូន​ឬ​ស្រែចម្ការ​ដោយព្រោះ​ឈ្មោះ​ខ្ញុំ​នោះ​នឹង​ទទួល​បាន​វិញ​មួយជា​មួយរយ​ទាំង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ជាមរតក​ទៀតផង។ 30មនុស្សជាច្រើន​ដែល​នៅ​មុខគេ​នឹង​ត្រលប់ជា​នៅ​ក្រោយបង្អស់​ឯ​អ្នក​នៅ​ក្រោយបង្អស់​នឹង​នៅមុខគេ​វិញ។
Copyright information for KhmKCB