‏ Matthew 20

រឿងកម្មករចម្ការទំពាំងបាយជូរ

1ដ្បិត​នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​ម្ចាស់​ចម្ការ​ម្នាក់​ដែល​ចេញទៅ​ពី​ព្រលឹម​ដើម្បី​ជួល​កម្មករ​ឲ្យ​មក​ធ្វើការ​នៅក្នុង​ចម្ការទំពាំងបាយជូរ​របស់​គាត់ 2កាលបាន​ព្រមព្រៀង​ជាមួយ​ពួក​កម្មករ​ថា​ឲ្យ​ឈ្នួល​មួយ​ថ្ងៃ​មួយ​ឌេណារី ▼
▼«ឌេណារី» ជាកាក់ប្រាក់ដែលមានតំលៃស្មើនឹងឈ្នួលពលកម្មមួយថ្ងៃសម្រាប់អ្នកធ្វើការនៅជនបទ។ មាននៅ​ក្នុង ២០:៩,១០,១៣ ដែរ។​
​គាត់ក៏​ឲ្យ​ពួកគេ​ទៅ​ឯ​ចម្ការទំពាំងបាយជូរ​របស់​គាត់។
3នៅពេលគាត់​ចេញទៅ​នៅ​ប្រហែល​ម៉ោង​ប្រាំបួនព្រឹក​គាត់​ឃើញ​អ្នក​ផ្សេងទៀត​ឈរ​ទំនេរ​នៅ​តាមផ្សារ 4គាត់ក៏​និយាយ​ទៅ​អ្នក​ទាំងនោះ​ថា​ចូរ​អ្នករាល់គ្នា​ទៅ​ឯ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ​ខ្ញុំ​នឹង​ឲុ្យ​ឈ្នួល​ត្រឹមត្រូវ។ 5ពួកគេក៏​ទៅ។ ​គាត់​ក៏​ចេញទៅ​ម្ដងទៀត​នៅប្រហែល​ម៉ោង​ដប់ពីរថ្ងៃត្រង់​និង​ម៉ោង​បីរសៀល​គាត់ក៏​ធ្វើ​ដូចពីមុន។ 6នៅប្រហែល​ម៉ោង​ប្រាំល្ងាច​ពេល​គាត់​ចេញទៅ​ក៏​ឃើញ​អ្នក​ផ្សេងទៀត​កំពុង​ឈរ​គាត់​ក៏​សួរ​ពួកគេ​ថា​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ឈរ​ទំនេរ​មួយ​ថ្ងៃ​វាល់ល្ងាច​នៅទីនេះ​ដូច្នេះ? 7ពួកគេប្រាប់​គាត់​ថា​ព្រោះ​គ្មាន​អ្នកណា​ជួល​យើង។ ​គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា​ចូរ​អ្នករាល់គ្នា​ទៅ​ឯ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ។ 8លុះដល់​ពេល​ល្ងាច​ម្ចាស់​ចម្ការទំពាំងបាយជូរ​ក៏​ប្រាប់​មេការ​ថា​ចូរ​ហៅ​កម្មករ​មក​រួច​ឲ្យ​ឈ្នួល​ដល់​ពួកគេ​ចាប់​ពី​អ្នក​មក​ក្រោយបង្អស់​រហូតដល់​អ្នក​មក​មុនបង្អស់។ 9ពួកអ្នក​ដែល​មក​នៅ​ម៉ោង​ប្រហែល​ប្រាំល្ងាច​ម្នាក់ៗ​ទទួល​បាន​មួយ​ឌេណារី។ 10ពួកអ្នក​ដែល​មក​មុនគេ​គិត​ថា​ខ្លួន​នឹង​ទទួល​បាន​លើស​នោះ​ប៉ុន្ដែ​ម្នាក់ៗ​ក៏​ទទួល​បាន​មួយ​ឌេណារី​ដែរ។ 11ពួកគេទទួលយក​ទាំង​រអ៊ូរទាំ​ដាក់​ម្ចាស់​ចម្ការ 12ថាពួក​អ្នក​មក​ក្រោយបង្អស់​ទាំងនេះ​ធ្វើការ​បាន​តែ​មួយ​ម៉ោង​ទេ​ប៉ុន្ដែ​លោក​ឲ្យ​ឈ្នួល​ដល់​ពួកគេ​ស្មើ​នឹង​យើង​ដែល​ទ្រាំ​ធ្វើការធ្ងន់​ហាល​ថ្ងៃ​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ។ 13ម្ចាស់ចម្ការ​ក៏​ឆ្លើយ​នឹង​ម្នាក់​ក្នុងចំណោម​ពួកគេ​ថា​សម្លាញ់​អើយ! ​ខ្ញុំ​មិន​បាន​ធ្វើខុស​ចំពោះ​អ្នក​ទេ​តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ថា​ទទួលយក​ឈ្នួល​មួយ​ឌេណារី​ទេ​ឬ? 14ចូរយក​ឈ្នួល​របស់​អ្នក​ហើយ​ចេញទៅ! ​ខ្ញុំ​ចង់​ឲ្យ​ឈ្នួល​ដល់​អ្នក​មក​ក្រោយបង្អស់​នេះ​ស្មើ​នឹង​អ្នក​ដែរ។ 15តើខ្ញុំ​គ្មាន​សិទ្ធិ​ប្រើ​ទ្រព្យសម្បត្ដិ​របស់ខ្ញុំ​ដើម្បី​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ឬ? ​ឬក៏​ភ្នែក​របស់​អ្នក​ច្រណែន​ព្រោះតែ​ខ្ញុំ​ល្អ? 16ដូច្នេះអ្នក​នៅ​ក្រោយបង្អស់​នឹង​ត្រលប់ជា​នៅ​មុខគេ​ឯ​អ្នក​នៅ​​​​មុខគេ​​នឹង​ត្រលប់ជា​នៅ​ក្រោយបង្អស់​វិញ»។

ព្រះយេស៊ូមានបន្ទូលប្រាប់ឲ្យដឹងជាមុនម្ដងទៀតអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

17កាល​ព្រះ​យេស៊ូ​កំពុង​យាងឡើង​ទៅ​ក្រុង​យេរូសាឡិម​ព្រះអង្គ​បាន​នាំ​សិស្ស​ទាំង​ដប់ពីរ​ទៅ​ដាច់ឡែក​ពីគេ​ហើយ​នៅ​តាម​ផ្លូវ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ 18«មើល៍​យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ហើយ​កូន​មនុស្ស ▼
▼«កូន​មនុស្ស​»​ ជា​ងារ​ដែល​ប្រើ​សម្រាប់​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ មាន​​នៅ​ក្នុង​ ២០:២៨​ ដែរ​។​
​នឹង​ត្រូវ​គេ​ប្រគល់ទៅ​ឲ្យ​ពួក​សម្ដេចសង្ឃ​និង​គ្រូវិន័យ​រួច​ពួកគេ​នឹង​កាត់ទោស​ប្រហារជីវិត​លោក
19ពួកគេនឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ដើម្បី​ឲ្យ​គេ​ចំអក​វាយនឹងខ្សែតី​ហើយ​ឆ្កាង​ប៉ុន្ដែ​លោក​នឹង​រស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី»។

សំណួមពររបស់ម្ដាយលោកយ៉ាកុបនិងលោកយ៉ូហាន

20បន្ទាប់មក​ប្រពន្ធ​លោក​សេបេដេ​និង​កូនៗ​របស់​គាត់​បាន​ចូល​មក​ថ្វាយបង្គំ​ព្រះអង្គ​ដើម្បី​ទូល​សុំ​អ្វី​ម្យ៉ាង​ពី​ព្រះអង្គ 21ព្រះអង្គមានបន្ទូល​ទៅ​គាត់​ថា៖ ​«តើ​អ្នក​ចង់បាន​អ្វី?» ​គាត់​ទូល​ព្រះអង្គ​ថា៖ ​«ខ្ញុំ​សូម​ឲ្យ​លោក​សន្យា​ថា​កូនប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​នឹងបាន​អង្គុយ​ក្បែរ​លោក​នៅក្នុង​នគរ​របស់​លោក​គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង»។ 22ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ថា៖ ​«អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុងនឹង​ផឹក​នេះ​បាន​ដែរ​ឬទេ?» ​ពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«យើង​អាច​ផឹក​បាន»។ 23ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា​ទៀត៖ ​«អ្នក​នឹង​ផឹក​ពី​ពែង​របស់​ខ្ញុំ​បាន​មែន​ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ​ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ​មិន​មែន​ស្រេចលើ​ខ្ញុំ​ទេ​គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ​វរ​បិតា​របស់​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។ 24ពេលសាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ក៏​ទាស់ចិត្ដ​នឹង​បងប្អូន​ពីរ​នាក់​នោះ 25ប៉ុន្ដែព្រះ​យេស៊ូ​បាន​ហៅ​ពួកគេ​មក​រួច​មានបន្ទូល​ថា៖ ​«អ្នករាល់គ្នា​ដឹង​ថា​ពួក​អ្នកគ្រប់គ្រង​របស់​សាសន៍ដទៃ​ត្រួតត្រា​លើ​ពួកគេ​ហើយ​ពួក​អ្នកធំ​ក៏​ប្រើ​សិទ្ធិអំណាច​លើ​ពួកគេ​ដែរ 26ប៉ុន្ដែក្នុងចំណោម​អ្នករាល់គ្នា​មិន​មែន​ដូច្នោះ​ឡើយ​អ្នកណា​ដែល​ចង់​ធ្វើ​ធំ​ក្នុងចំណោម​អ្នករាល់គ្នា​អ្នកនោះ​ត្រូវ​ធ្វើ​ជា​អ្នកបម្រើ​អ្នករាល់គ្នា​វិញ 27រួចអ្នកណា​ដែល​ចង់​ធ្វើ​ជា​ទីមួយ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​អ្នកនោះ​ក៏​ត្រូវ​ធ្វើ​ជា​បាវបម្រើ​របស់​អ្នករាល់គ្នា​ដែរ 28ឯកូន​មនុស្ស​ក៏ដូច្នេះដែរ​គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ទេ​ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុកជា​ថ្លៃលោះ​ដល់​មនុស្ស​ជាច្រើន​ផង»។

ព្រះយេស៊ូប្រោសមនុស្សខ្វាក់ភ្នែកពីរនាក់

29កាល​ពួកគេ​ចេញ​ពី​ក្រុង​យេរីខូរ​នោះ​មាន​បណ្ដាជន​ច្រើនកុះករ​បាន​ដើរតាម​ព្រះអង្គ 30ហើយមើល៍​មាន​មនុស្សខ្វាក់​ពីរ​នាក់​កំពុង​អង្គុយ​ក្បែរ​ផ្លូវ​ពេល​ឮ​ថា​ព្រះ​យេស៊ូ​កំពុង​យាងកាត់​ក៏​ស្រែកឡើង​ថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ ▼
▼«ពូជពង្ស​ដាវីឌ​»​ ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណវង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​ មាន​នៅ​ក្នុង ២០:៣១ ដែរ​។​
​អើយ! ​សូម​មេត្ដា​យើង​ផង!»
31ប៉ុន្ដែបណ្ដាជន​បាន​បន្ទោស​អ្នកទាំងពីរនោះ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​ប៉ុន្ដែ​ពួកគេ​ស្រែក​ថែមទៀត​ថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ! ​សូម​មេត្តា​យើង​ផង!» 32ព្រះយេស៊ូ​ក៏​ឈប់​ហើយ​ហៅ​អ្នកទាំងពីរនោះ​មក​សួរ​ថា៖ ​«តើ​ពួកអ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?» 33ពួកគេក៏​ទូល​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​បើក​ភ្នែក​របស់​យើង​ឲ្យ​បានភ្លឺ​ផង» 34ដោយព្រះ​យេស៊ូ​មានក្ដីអាណិតអាសូរ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ។ ​រំពេចនោះ​ពួកគេ​ក៏​មើលឃើញ​វិញ​ហើយ​ដើរតាម​ព្រះអង្គ​ទៅ។
Copyright information for KhmKCB