‏ Matthew 22

រឿងពិធីជប់លៀងមង្គលការដ៏ធំមួយ

1ព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ជា​រឿងប្រៀបប្រដូច​ទៀត​ថា៖ 2«នគរ​ស្ថានសួគ៌​ប្រៀបដូចជា​ស្ដេច​មួយ​អង្គ​ដែល​រៀបចំ​ពិធីមង្គលការ​ឲ្យ​កូន​របស់​ខ្លួន 3ស្ដេចបាន​ចាត់​ពួក​បាវបម្រើ​ឲ្យទៅ​ហៅ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ឲ្យមក​ចូលរួម​ពិធីមង្គលការ​ប៉ុន្ដែ​ពួកគេ​មិន​ចង់​មក​ទេ។ 4ស្ដេចក៏​ចាត់​ពួក​បាវបម្រើ​ផ្សេងទៀត​ឲ្យទៅ​ម្ដងទៀត​ដោយ​មានបន្ទូល​ថា​ចូរ​ប្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​មើល៍​យើង​បាន​រៀបចំ​អាហារ​របស់​យើង​រួចហើយ​គោ​និង​សត្វ​បំប៉នធាត់ៗ​បាន​សម្លាប់​រួចហើយ​អ្វីៗ​ត្រូវបាន​រៀបចំជាស្រេច​សូម​អញ្ជើញ​មក​ចូលរួម​ពិធីមង្គលការ​ចុះ។ 5ប៉ុន្ដែពួក​ភ្ញៀវ​មិនខ្វល់ទេ​ម្នាក់​ចេញ​ទៅ​ចម្ការ​របស់ខ្លួន​ម្នាក់ទៀត​ទៅ​ប្រកបរបររកស៊ី​របស់​ខ្លួន 6ហើយអ្នក​ខ្លះទៀត​បាន​ចាប់​ពួក​បាវបម្រើ​ទាំងនោះ​ធ្វើបាប​ហើយ​សម្លាប់​ចោល។ 7ដូច្នេះស្ដេច​ក៏​ខឹង​ហើយ​បាន​ចាត់​ទាហាន​របស់​ខ្លួន​ឲ្យទៅ​កម្ទេច​ឃាតក​ទាំងនោះ​ទាំង​ដុត​ក្រុង​របស់​ពួកគេ​ចោល​ផង 8បន្ទាប់មកស្ដេច​មានបន្ទូល​ទៅ​ពួក​បាវបម្រើ​របស់​ខ្លួន​ថា​ពិធីមង្គលការ​បាន​រៀបចំ​រួច​ជាស្រេច​ហើយ​ប៉ុន្ដែ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទាំងនោះ​មិន​ស័ក្តិសម​នឹង​ចូលរួម​ទេ 9ដូច្នេះចូរ​ទៅ​ផ្លូវ​បំបែក​ហើយ​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​ជួប​ឲ្យមក​ចូលរួម​ពិធីមង្គលការ​ចុះ 10ពួកបាវបម្រើ​ទាំងនោះ​ក៏​បាន​ចេញទៅ​តាម​ផ្លូវ​ប្រមូល​មនុស្ស​គ្រប់គ្នា​ដែល​គេ​បាន​ជួប​ទាំង​ល្អ​ទាំង​អាក្រក់​ហើយ​ពិធីមង្គលការ​ក៏​មាន​ភ្ញៀវ​ពេញ 11កាលស្ដេច​យាង​មក​ជួប​ភ្ញៀវ​កំពុង​អង្គុយ​នៅ​តុអាហារ​នោះ​ស្ដេច​បាន​ឃើញ​បុរស​ម្នាក់​ដែល​មិន​បាន​ស្លៀក​សម្លៀកបំពាក់​សម្រាប់​ពិធីមង្គលការ 12ស្ដេចក៏​មានបន្ទូល​ទៅ​គាត់​ថា​សម្លាញ់​អើយ! ​ដូចម្ដេច​បានជា​អ្នក​ចូលមក​ទីនេះ​ដោយ​គ្មាន​សម្លៀកបំពាក់​សម្រាប់​ពិធីមង្គលការ​ដូច្នេះ? ​តែ​បុរសនោះ​មិនចេញស្ដីសោះ 13បន្ទាប់មកស្ដេច​មានបន្ទូល​ទៅ​ពួក​អ្នកបម្រើ​ថា​ចូរ​ចង​ដៃ​ចង​ជើង​អ្នកនេះ​ហើយ​បោះ​វា​ទៅ​ក្នុង​សេចក្ដីងងឹត​នៅ​ខាងក្រៅ​ទៅ។ ​នៅទីនោះ​មាន​តែ​ការទ្រហោយំ​និង​ការសង្កៀត​ធ្មេញ 14ដ្បិតហៅ​បាន​ច្រើន​នាក់​មែន​ប៉ុន្ដែ​ជ្រើសរើស​បាន​តិចតួច​ទេ។

ពន្ធដារព្រះចៅអធិរាជនិងតង្ចាយព្រះជាម្ចាស់

15បន្ទាប់មក​ពួក​អ្នកខាងគណៈផារិស៊ី​បាន​ចេញទៅ​ពិគ្រោះ​គ្នា​ដើម្បី​ចាប់កំហុស​ពេល​ព្រះអង្គ​មានបន្ទូល 16ពួកគេក៏​ចាត់​សិស្ស​របស់​ខ្លួន​ឲ្យទៅ​ជាមួយ​ពួក​អ្នកខាងគណៈហេរ៉ូឌ ▼
▼«គណ:​ហេរ៉ូឌ​»​ គឺ​ជា​គណ:​បក្ស​នយោបាយ​មួយ​របស់​ជន​ជាតិ​យូដា​ ដែល​គាំទ្រ​ការ​គ្រប់គ្រង​របស់​ពូជ​ពង្ស​របស់​ស្ដេច​ហេរ៉ូឌ​គ្រប់​ជំនាន់​។​
​ទូល​ព្រះអង្គ​ថា៖ ​«លោកគ្រូ​អើយ! ​យើង​ដឹង​ថា​លោក​ពិតត្រង់​ហើយ​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅតាម​សេចក្ដីពិត​និង​មិន​ខ្វល់​ពី​អ្នកណា​ទេ​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ
17ដូច្នេះសូម​ប្រាប់​យើង​ផង​ថា​លោក​គិត​យ៉ាងដូចម្ដេច​តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅអធិរាជ​នោះ​តឹ្រមត្រូវតាមវិន័យ​ដែរ​ឬ​ទេ?» 18ប៉ុន្ដែព្រះ​យេស៊ូ​ជ្រាប​ពី​បំណងអាក្រក់​របស់​ពួកគេ​ក៏​មានបន្ទូល​ថា៖ ​«មនុស្សមានពុត​អើយ! ​ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ? 19ចូរបង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍» ​នោះ​គេ​ក៏​យក​កាក់​មួយ​ឌេណារី ▼
▼«ឌេណារី»​ ជា​កាក់​ប្រាក់​ដែល​មាន​តំលៃ​ស្មើ​នឹង​ឈ្នួល​ពលកម្ម​មួយ​ថ្ងៃ​សម្រាប់​អ្នក​ធ្វើការ​នៅ​ជនបទ​។​
​មក​ឲ្យ​ព្រះអង្គ
20រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​រូប​និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?» 21ពួកគេទូល​ព្រះអង្គ​ថា៖ ​«ជា​របស់​ព្រះចៅអធិរាជ» ​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ដូច្នេះ​ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅអធិរាជ​ដល់​ព្រះចៅអធិរាជ​រួច​ថ្វាយ​អ្វីៗដែលជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ» 22កាលឮ​ដូច្នេះ​ពួកគេ​ក៏​នឹកអស្ចារ្យ​ហើយ​ក៏​ចាកចេញ​ពី​ព្រះអង្គ​ទៅ។

ពួកអ្នកខាងគណៈសាឌូស៊ីល្បងលព្រះយេស៊ូ

23នៅ​ថ្ងៃ​នោះ​ពួក​អ្នកខាងគណៈសាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការរស់ឡើងវិញ​បាន​ចូលមកជិត​ព្រះអង្គ​សួរ 24ថា៖ ​«លោក​គ្រូ​លោក​ម៉ូសេ​និយាយ​ថា​ប្រសិន​បើ​អ្នកណា​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​នោះ​ប្អូន​ប្រុស​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ដើម្បី​បង្កើត​កូន​ឲ្យ​គាត់ ▼
▼«លោកម៉ូសេ...ឲ្យគាត់» សូមមើលទុតិ ២៥:៥-៦។
25ឥឡូវនេះក្នុងចំណោម​យើង​ខ្ញុំ​មាន​បងប្អូន​ប្រុស​ប្រាំពីរ​នាក់​បង​ប្រុស​ច្បង​បាន​យកប្រពន្ធ​រួចក៏​ស្លាប់​ទៅ​ហើយ​បន្សល់​ប្រពន្ធ​ទុក​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​ដោយ​គ្មាន​កូន​សោះ 26ប្អូនប្រុសទីពីរ​ប្អូនប្រុស​ទីបី​រហូតដល់​ប្អូនប្រុស​ទីប្រាំពីរ​ក៏​ដូចគ្នា​ដែរ។ 27នៅទីបំផុត​ស្ដ្រី​នោះ​ក៏​ស្លាប់​ទៅ។ 28ដូច្នេះនៅ​ពេល​រស់ឡើងវិញ​តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុងចំណោម​បងប្អូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​នេះ? ​ដ្បិត​ពួកគេ​ទាំងអស់​គ្នា​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ» 29ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ពួក​លោក​យល់ច្រឡំ​ហើយ​ព្រោះ​ពួក​លោក​មិន​យល់​បទគម្ពីរ​និង​អំណាច​របស់​ព្រះជាម្ចាស់ 30ដ្បិតនៅ​ពេល​រស់ឡើងវិញ​គេ​មិន​រៀបការ​ជាប្ដីប្រពន្ធ​ទៀត​ឡើយ​ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថានសួគ៌​វិញ 31ទាក់ទងនឹង​ការ​ដែល​មនុស្ស​ស្លាប់​រស់ឡើងវិញ​តើ​ពួក​លោក​មិន​បាន​អាន​ទេ​ឬ​អំពី​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​មានបន្ទូល​មក​ពួកលោក​ថា 32យើងជា​ព្រះ​របស់​អ័ប្រាហាំ​ជា​ព្រះ​របស់​អ៊ីសាក​និង​ជា​ព្រះ​របស់​យ៉ាកុប​ដូច្នេះ​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​តែ​ជាព្រះ​របស់​មនុស្ស​រស់»។ 33កាលបណ្ដាជន​ស្ដាប់ឮ​ដូច្នេះ​ក៏​នឹកអស្ចារ្យ​ពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ។

ព្រះយេស៊ូបង្រៀនអំពីបញ្ញត្ដិសំខាន់ជាងគេ

34ពេល​ពួក​អ្នកខាងគណៈផារិស៊ី​ឮ​ថា​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​អ្នកខាង​គណៈ​សាឌូស៊ី​ស្ងាត់​មាត់​នោះ​ក៏​មកជួបជុំ​គ្នា 35ហើយមាន​ម្នាក់​នៅក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ជំនាញ​ច្បាប់ ▼
▼«អ្នកជំនាញច្បាប់» ជាពួកគ្រូវិន័យដែលចេះច្បាប់របស់លោកម៉ូសេច្បាស់។
​បាន​សួរ​ល្បង​ព្រះអង្គ​ថា៖
36«លោក​គ្រូ​តើ​នៅក្នុង​គម្ពីរ​វិន័យ​បញ្ញត្ដិ​មួយណា​សំខាន់ជាងគេ?» 37ព្រះអង្គមានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នក​ត្រូវ​ស្រលាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​អស់​ពី​ព្រលឹង​និង​អស់​ពី​គំនិត​របស់​អ្នក ▼
▼«អ្នកត្រូវស្រលាញ់...អ្នក» សូមមើល ទុតិ ៦:៥។
38នេះហើយជា​បញ្ញត្ដិ​ទីមួយ​និង​សំខាន់ជាងគេ 39ឯបញ្ញត្ដិ​ទីពីរ​ក៏​សំខាន់​ដូចគ្នា​គឺ​អ្នក​ត្រូវ​ស្រលាញ់​អ្នកជិតខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួនឯង 40គម្ពីរវិន័យ​និង​ពាក្យ​របស់​អ្នកនាំព្រះបន្ទូល​ទាំងអស់​ផ្អែក​លើ​បញ្ញត្ដិ​ទាំង​ពីរ​នេះ»។

ព្រះយេស៊ូមានបន្ទូលអំពីព្រះមែស៊ី

41ហើយ​កាល​ពួក​អ្នកខាងគណៈផារិស៊ី​កំពុង​ជួបជុំគ្នា​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​សួរ​ពួកគេ 42ថា៖ ​«តើ​ពួកលោក​គិត​យ៉ាង​ដូចម្ដេច​ដែរ​អំពី​ព្រះ​គ្រិស្ដ? ​តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​នរណា?» ​គេ​ទូល​ព្រះអង្គ​ថា៖ ​«ជា​ពូជពង្ស​ដាវីឌ ▼
▼«ពូជពង្សដាវីឌ» ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណវង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
»
43ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចុះ​ហេតុ​ដូចម្ដេច​បានជា​ដាវីឌ​ហៅ​ព្រះអង្គ​ដោយ​ព្រះ​វិញ្ញាណ​ថា​ព្រះអម្ចាស់​ដូច្នេះ​ដ្បិត​ដាវីឌ​និយាយ​ថា 44ព្រះអម្ចាស់មានបន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង​រហូតដល់​យើង​ដាក់​ខ្មាំងសត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់ ▼
▼«ព្រះអម្ចាស់...របស់អ្នក» សូមមើល ទំនុក ១១០:១។
​អ្នក
45ដូច្នេះបើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ព្រះអម្ចាស់​តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាង​ដូចម្ដេច​ទៅ?» 46គ្មាននរណា​ម្នាក់​អាច​ឆ្លើយ​នឹង​ព្រះយេស៊ូ​បាន​ឡើយ​សូម្បីតែ​មួយ​ម៉ាត់​ហើយក៏​គ្មាន​នរណា​ហ៊ាន​សួរ​ព្រះអង្គ​ទៀត​ដែរ​ចាប់តាំងពី​ថ្ងៃ​នោះ​មក។
Copyright information for KhmKCB