‏ Matthew 24

ព្រះយេស៊ូប្រាប់មុនអំពីការបំផ្លាញព្រះវិហារ

1កាល​ព្រះ​យេស៊ូ​កំពុង​យាងចេញ​ពី​ព្រះ​វិហារ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ព្រះអង្គ​ហើយ​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះ​វិហារ។ 2ព្រះអង្គមានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​មិន​ឃើញ​របស់​ទាំងអស់​នោះ​ទេ​ឬ? ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ថ្ម​ដែល​ត្រួត​លើ​គ្នា​នៅទីនេះ​នឹង​ត្រូវ​រើចោល​គ្មាន​សល់​ឡើយ»។

ព្រះយេស៊ូបង្រៀនពីទីសំគាល់ថ្ងៃចុងក្រោយ

3កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើមអូលីវ​នោះ​ពួក​សិស្ស​បាន​ចូលមកជិត​ព្រះអង្គ​ដាច់ឡែក​ពីគេ​ទូលសួរ​ថា៖ ​«សូម​ប្រាប់​យើង​ផង​តើ​ការ​ទាំងនេះ​នឹង​កើតឡើង​នៅពេលណា? ​តើ​ទីសំគាល់​នៃ​ការមកដល់​របស់​លោក​និង​គ្រា​ចុងបញ្ចប់​មាន​អ្វី​ខ្លះ?» 4ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​អ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​បាន​ឡើយ 5ដ្បិតមនុស្ស​ជាច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ហើយ​ថា​ខ្ញុំ​នេះហើយ​ជា​ព្រះ​គ្រិស្ដ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន។ 6អ្នករាល់គ្នានឹង​ឮ​ពី​សង្គ្រាម​និង​ដំណឹង​អំពី​សង្គ្រាម​ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​កុំ​ជ្រួលច្របល់​អី​ព្រោះ​ការ​ទាំងអស់​នេះ​ត្រូវតែ​កើតឡើង​ប៉ុន្ដែ​មិន​ទាន់​ដល់​ទីបញ្ចប់​ទេ 7ដ្បិតជនជាតិ​មួយ​នឹង​ក្រោកឡើង​ទាស់នឹង​ជនជាតិ​មួយ​ប្រទេស​មួយ​ទាស់នឹង​ប្រទេស​មួយ​ព្រមទាំង​មាន​គ្រោះអត់ឃ្លាន​និង​ការរញ្ជួយដី​ច្រើន​កន្លែង 8ទាំងអស់នេះ​ជា​ការចាប់ផ្ដើម​នៃ​ទុក្ខវេទនា​ដ៏សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាលកូន 9បន្ទាប់មកពួកគេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដីវេទនា​រួច​ពួកគេ​នឹង​សម្លាប់​អ្នករាល់គ្នា​ហើយ​ជនជាតិ​ទាំងអស់​នឹង​ស្អប់​អ្នករាល់គ្នា​ដោយព្រោះ​ឈ្មោះ​ខ្ញុំ 10នៅពេលនោះមនុស្ស​ជាច្រើន​នឹង​ជំពប់ដួល​ពួកគេ​ក្បត់​គ្នា​ទៅវិញទៅមក​ហើយ​ស្អប់​គ្នា​ទៅវិញទៅមក។ 11អ្នកនាំព្រះបន្ទូលក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើង​ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន។ 12ព្រោះតែសេចក្ដីទុច្ចរិត​កើនឡើង​នោះ​សេចក្ដីស្រលាញ់​របស់​មនុស្ស​ជាច្រើន​នឹង​រសាយ​ទៅ 13តែអ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបំផុត​អ្នកនោះ​នឹង​ទទួល​បាន​សេចក្ដីសង្គ្រោះ។ 14ដំណឹងល្អអំពី​នគរ​ព្រះជាម្ចាស់​នេះ​នឹង​ត្រូវ​ប្រកាស​ទូទាំង​ពិភពលោក​ទុកជា​ទីបន្ទាល់​មួយ​ដល់​ជនជាតិ​ទាំងអស់​បន្ទាប់មក​ទៀត​ទីបញ្ចប់​ក៏​មកដល់។ 15ដូច្នេះ​នៅពេល​អ្នករាល់គ្នា​ឃើញ​អំពើ​បំផ្លិចបំផ្លាញ​ដ៏លាមក​កើតឡើង​នៅ​ទី​បរិសុទ្ធ​ដូច​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​ដានីយ៉ែល​ជា​អ្នកនាំព្រះបន្ទូល។ ​នោះ​ចូរ​ឲ្យ​អ្នក​អាន​យល់​ចុះ។ 16នៅពេលនោះចូរ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​ភៀសខ្លួន​ទៅ​ភ្នំ​ចុះ 17ហើយកុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ចុះមកក្រោម​យក​របស់របរ​ពីក្នុង​ផ្ទះ​របស់​គាត់​ឲ្យសោះ។ 18កុំឲ្យ​អ្នក​នៅ​ស្រែចម្ការ​បក​ក្រោយ​ទៅ​យក​អាវ​គាត់​ឲ្យសោះ។ 19នៅគ្រា​នោះ​ពួក​ស្ដ្រី​មាន​ផ្ទៃពោះ​និង​ពួក​ស្ដ្រី​កំពុង​បំបៅកូន​នឹង​វេទនា​ណាស់។ 20ដូច្នេះចូរ​អធិស្ឋាន​ដើម្បី​កុំ​ឲ្យ​ការរត់គេច​របស់​អ្នករាល់គ្នា​កើតឡើង​នៅ​រដូវរងា​ឬ​ថ្ងៃសប្ប័ទ​ឡើយ 21ពីព្រោះនៅពេលនោះ​នឹង​មាន​ទុក្ខវេទនា​ដ៏សម្បើម​គឺ​មិន​ដែលមាន​ទុក្ខវេទនា​បែបនេះ​ឡើយ​ចាប់តាំងពី​ដើម​កំណើត​ពិភពលោក​រហូតមកដល់​ពេលនេះ​ហើយក៏​នឹង​មិន​កើតឡើង​ទៀត​ដែរ 22ហើយដរាបណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំងនោះ​ទេ​នោះ​គ្មាន​មនុស្ស​ណាម្នាក់​បាន​ទទួល​សេចក្ដីសង្គ្រោះ​ឡើយ​ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំងនោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស 23នៅពេលនោះប្រសិនបើ​មាន​នរណា​ម្នាក់​ប្រាប់​អ្នករាល់គ្នា​ថា​មើល៍នែ​ព្រះ​គ្រិស្ដ​នៅទីនេះ​ឬ​នៅទីនោះ​ចូរ​កុំ​ជឿ​ឲ្យសោះ 24ព្រោះពួក​មនុស្ស​ដែល​ក្លែងជា​ព្រះគ្រិស្ដ​និង​ពួក​អ្នកនាំព្រះបន្ទូល​ក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើង​ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏អស្ចារ្យ​និង​ការអស្ចារ្យ​ដើម្បី​បោកបញ្ឆោត​សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។ 25មើល៍ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ជាមុន​រួចហើយ 26ដូច្នេះបើ​គេ​ប្រាប់​អ្នករាល់គ្នា​ថា​ព្រះអង្គ​នៅ​ទីរហោឋាន​នោះ​កុំ​ចេញទៅ​ឲ្យសោះ​ឬ​ថា​មើល៍​ព្រះអង្គ​នៅក្នុង​បន្ទប់​នោះ​កុំ​ជឿ​ឲ្យសោះ 27ដ្បិតកូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ២៤:៣០,​៣៧,​៣៩,​៤៤​ ដែរ​​។​​
​នឹង​មក​ដូចជា​ផ្លេកបន្ទោរ​ជះ​ពន្លឺ​ពី​ទិស​ខាងកើត​ដល់​ទិស​ខាងលិច
28ទីណាមាន​សាកសព​សត្វ​ត្មាត​ប្រមូល​ផ្ដុំ​គ្នា​នៅទីនោះ។

ការយាងមកលើកទីពីររបស់ព្រះយេស៊ូគ្រិស្ដ

29ប៉ុន្ដែ​នៅក្រោយ​គ្រា​ទុក្ខវេទនា​ទាំងនោះ​ភ្លាម​ថ្ងៃ​នឹង​អាប់រស្មី​ហើយ​លោកខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀតទេ​ឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់ចុះ​ពីលើ​មេឃ​ហើយ​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះរង្គើ។ 30នៅពេលនោះទីសំគាល់​របស់​កូន​មនុស្ស​នឹង​លេចមក​នៅ​លើ​មេឃ​ឯ​កុលសម្ព័ន្ធ​ទាំងអស់​នៅលើ​ផែនដី​នឹង​កាន់ទុក្ខ​ហើយ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​នៅ​លើ​ពពក​នា​អាកាស​ប្រកប​ដោយ​អំណាច​និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។ 31លោកនឹង​ចាត់​ពួក​ទេវតា​របស់​លោក​ដោយ​សំឡេង​ត្រែ​លាន់រំពង​ហើយ​ពួកទេវតា​នឹង​ប្រមូល​អស់​អ្នក​ដែល​លោក​បាន​ជ្រើសរើស​ទាំង​បួន​ទិស​គឺ​ពី​ជើង​មេឃ​ម្ខាង​រហូតដល់​ជើង​មេឃ​ម្ខាងទៀត។ 32ចូររៀន​ពី​រឿងប្រៀបប្រដូច​អំពី​ដើម​ល្វា​ចុះ​កាលណា​មែក​វា​ទន់​ហើយ​ស្លឹក​វា​លាស់​ឡើង​នោះ​អ្នករាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិតមកដល់​ហើយ 33ដូច្នេះកាល​ណា​អ្នករាល់គ្នា​ឃើញ​ហេតុការណ៍​ទាំងអស់​នេះ​កើត​ឡើង​នោះ​អ្នករាល់គ្នា​ដឹង​ថា​ពេល​វេលា​កាន់តែ​កៀក​បំផុត​ហើយ។ 34ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​លុះត្រាតែ​ហេតុការណ៍​ទាំងអស់​នេះ​កើតឡើង​សិន។ 35ផ្ទៃមេឃនិង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។

គ្មានអ្នកណាដឹងពីពេលវេលាដែលព្រះយេស៊ូត្រលប់មកវិញ

36ឯ​ពេល​វេលា​និង​ថ្ងៃ​កំណត់​ក្រៅពី​ព្រះ​វរ​បិតា​តែ​មួយ​អង្គ​គត់​គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ​សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ឬ​ព្រះ​រាជ​បុត្រា 37ដ្បិតនៅ​សម័យ​លោក​ណូអេ​មាន​កើតឡើង​ជា​យ៉ាងណា​កូន​មនុស្ស​នឹង​មក​ជា​យ៉ាងនោះដែរ។ 38សម័យនោះ​មុន​មាន​ទឹកជំនន់​ពួកគេ​ស៊ី​ផឹក​និង​រៀបការ​ជាប្ដីប្រពន្ធ​រហូតដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូកធំ 39គឺពួកគេ​មិន​បាន​ដឹង​ទាល់តែសោះ​រហូតដល់​ទឹក​ជំនន់​មកដល់​ក៏​ហូរនាំ​អ្វីៗ​ទាំងអស់​ទៅ​ឯ​ការមកដល់​របស់​កូន​មនុស្ស​ក៏​នឹង​កើតឡើង​ជា​យ៉ាងនោះ​ដែរ។ 40នៅពេលនោះបុរស​ពីរ​នាក់​នៅ​ស្រែចម្ការ​ម្នាក់​នឹង​ត្រូវ​ដកយកទៅ​ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុកនៅ​ទីនោះ 41ឯស្ដ្រី​ពីរ​នាក់​កំពុង​កិន​ស្រូវ​ម្នាក់​នឹង​ត្រូវ​ដកយកទៅ​ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុកនៅ​ទីនោះ។ 42ដូច្នេះចូរ​ប្រុងស្មារតី​ព្រោះ​អ្នករាល់គ្នា​មិន​ដឹង​ថា​ព្រះអម្ចាស់​របស់​អ្នករាល់គ្នា​នឹង​មក​នៅ​ថ្ងៃ​ណា​ទេ 43ចូរអ្នករាល់គ្នា​ដឹង​ការ​នេះ​ចុះ​ថា​បើ​ម្ចាស់ផ្ទះ​ដឹង​ថា​ចោរ​នឹង​មក​នៅ​ពេល​ណាមួយ​នោះ​គាត់​មុខជា​មិនដេកទេ​ហើយ​មិន​បណ្ដោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ 44ហេតុនេះហើយ​ចូរ​អ្នករាល់គ្នា​ប្រុងប្រៀប​ដូច្នេះ​ដែរ​ព្រោះ​អ្នករាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា​កូន​មនុស្ស​មក​នៅពេល​ណា។

ព្រះយេស៊ូប្រទានរង្វាន់ដល់អស់អ្នកស្មោះត្រង់

45ដូច្នេះ​តើ​អ្នកណា​ជា​បាវបម្រើ​ដ៏​ស្មោះត្រង់​ហើយ​ឆ្លាត​ដែល​ចៅហ្វាយ​បាន​តែងតាំង​ឲ្យ​មើលខុសត្រូវ​លើ​បាវបម្រើ​នៅក្នុងផ្ទះ​ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេល​វេលា? 46មានពរហើយ​បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មកដល់​ហើយ​ឃើញ​កំពុង​ធ្វើ​យ៉ាងដូច្នោះ 47ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​គាត់​នឹង​តែងតាំង​អ្នកនោះ​ឲ្យ​មើលខុសត្រូវ​លើ​ទ្រព្យសម្បត្ដិ​របស់​គាត់​ទាំងអស់ 48ប៉ុន្ដែប្រសិនបើ​បាវបម្រើ​នោះ​អាក្រក់​វិញ​នោះ​វា​គិត​ក្នុង​ចិត្ដ​ថា​ចៅហ្វាយ​របស់​អញ​ក្រមក​ណាស់ 49នោះវា​ក៏​ចាប់ផ្ដើម​វាយ​បាវបម្រើ​ឯទៀតៗ​ជាគូកន​របស់​វា​ព្រមទាំង​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ប្រមឹក 50ហើយចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​វា​ស្មាន​មិន​ដល់​និង​នៅ​ម៉ោង​ដែល​វា​មិន​ដឹង​ទាល់តែសោះ 51ចៅហ្វាយនឹង​កាត់​វា​ជាពីរកំណាត់​រួច​ដាក់​វា​ឲ្យ​នៅ​រួមជាមួយ​នឹង​ពួក​មនុស្សមានពុត​ហើយ​នៅទីនោះ​មាន​តែ​ការទ្រហោយំ​និង​ការសង្កៀត​ធ្មេញ។
Copyright information for KhmKCB