‏ Matthew 25

រឿងស្ដ្រីព្រហ្មចារីដប់នាក់

1ដូច្នេះ​នគរ​ស្ថានសួគ៌​ប្រៀបដូចជា​ស្ដ្រីព្រហ្មចារី​ដប់​នាក់​ដែល​យក​ចង្កៀង​របស់​ពួកគេ​ចេញទៅ​ទទួល​កូនកំលោះ។ 2ក្នុងចំណោមពួកគេ​ប្រាំ​នាក់​ល្ងង់​និង​ប្រាំ​នាក់​ទៀត​ឆ្លាត។ 3ពួកស្ដ្រី​ល្ងង់​បាន​យក​ចង្កៀង​របស់​ពួកគេ​ទៅ​ប៉ុន្ដែ​មិន​បាន​យក​ប្រេង​ទៅ​ជាមួយ​ពួកគេ​ទេ 4ផ្ទុយទៅវិញពួក​ស្ដ្រី​ឆ្លាត​បាន​យក​ប្រេង​នៅក្នុង​ដប​ទៅ​ជាមួយ​ចង្កៀង​របស់​ពួកគេ​ដែរ។ 5កាលកូនកំលោះ​ក្រមកដល់​ពេក​ពួក​នាង​ក៏​ងងុយដេក​ហើយ​ដេកលក់​អស់​ទៅ។ 6លុះដល់​ពាក់កណ្ដាល​អធ្រាត្រ​ក៏​មាន​សម្រែក​មួយ​ថា​មើល៍​កូនកំលោះ​មក​ហើយ​ចូរ​ចេញទៅ​ទទួល​គាត់​ចុះ 7នៅពេលនោះពួកនាង​ក៏​ភ្ញាក់​ពីដេក​ទាំងអស់​គ្នា​ហើយ​រៀបចំ​ចង្កៀង​រៀងៗខ្លួន។ 8ពួកស្ដ្រី​ល្ងង់​បាន​និយាយ​ទៅ​ពួក​ស្ដ្រី​ឆ្លាត​ថា​សូម​រំលែក​ប្រេង​របស់​អ្នករាល់គ្នា​ឲ្យ​យើង​ផង​ព្រោះ​ចង្កៀង​របស់​យើង​ចង់រលត់​ហើយ 9ប៉ុន្ដែពួក​ស្ដ្រី​ឆ្លាត​បាន​តបវិញ​ថា​ប្រេង​ប្រាកដជា​មិន​គ្រប់គ្រាន់​សម្រាប់​ពួកយើង​និង​អ្នករាល់គ្នា​ទេ​ដូច្នេះ​ចូរ​ពួកនាង​ទៅ​ឯ​អ្នក​លក់​ហើយ​ទិញ​ប្រេង​សម្រាប់​ខ្លួនឯង​ចុះ។ 10ពេលពួក​ស្ដ្រី​ល្ងង់​ចេញទៅ​ទិញ​ប្រេង​នោះ​កូនកំលោះ​ក៏​បាន​មកដល់​ហើយ​ពួក​ស្ដ្រី​ឆ្លាត​ដែល​បាន​រៀបចំ​រួចហើយ​ក៏​ចូល​ទៅ​ក្នុង​ពិធីមង្គលការ​ជាមួយ​កូនកំលោះ​រួច​គេ​ក៏​បិទ​ទ្វារ។ 11ក្រោយមកពួក​ស្ដ្រី​ល្ងង់​ក៏​មកដល់​ដែរ​និង​បាន​និយាយ​ថា​លោកម្ចាស់! ​លោកម្ចាស់​អើយ! ​សូម​បើក​ទ្វារ​ឲ្យ​យើង​ផង 12ប៉ុន្ដែគាត់​តប​ទៅ​វិញ​ថា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ខ្ញុំ​មិន​ស្គាល់​អ្នករាល់គ្នា​ទេ។ 13ដូច្នេះចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ថ្ងៃ​ណា​ឬ​ម៉ោង​ណា​ទេ។

រឿងបាវបម្រើឧស្សាហ៍និងបាវបម្រើកម្ជឹល

14ព្រោះ​ការ​នេះ​ប្រៀប​ដូចជា​បុរស​ម្នាក់​ដែល​ត្រូវ​ធ្វើដំណើរ​និង​បាន​ហៅ​ពួក​បាវបម្រើ​របស់​ខ្លួន​មក​ហើយ​ប្រគល់​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ឲ្យ​ពួកគេ។ 15គាត់បាន​ឲ្យ​បាវបម្រើ​ម្នាក់ៗ​ទៅតាម​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​គេ​គឺ​ម្នាក់​ប្រាំ​ឋាឡាន់ ▼
▼«ឋាឡាន់» ជា​ខ្នាត​ទម្ងន់​ដែល​ប្រហែល​ស្មើ​នឹង​សាមសិប​បួន​គីឡូក្រាម​។​ នៅ​ក្នុង​ខ​នេះ​ប្រហែល​ចង់​និយាយ​អំពី​កាក់​មាស​ ឬ​ប្រាក់​។ មាន​​នៅ​​ក្នុង​ ២៥:១៧,​២០,​២២,​២៤,​២៥,​២៨​។​​
​ម្នាក់​ពីរ​ឋាឡាន់​និង​ម្នាក់​ទៀត​មួយ​ឋាឡាន់​រួច​គាត់​ក៏​ចេញដំណើរទៅ
16ម្នាក់ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ក៏​យក​លុយ​ទាំងនោះ​ចេញទៅ​ធ្វើការ​រកស៊ី​ភ្លាម​ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត 17ឯម្នាក់​ដែលបានទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត 18ផ្ទុយទៅវិញម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​យក​លុយ​ម្ចាស់​របស់​គាត់​ទៅ​ជីក​ដី​កប់​ទុក 19លុះអស់រយៈ​ពេល​ជា​យូរ​ក្រោយមក​ម្ចាស់​របស់​បាវបម្រើ​ទាំងនោះ​ក៏​ត្រលប់​មក​វិញ​និង​បាន​ទូទាត់​បញ្ជី​ជាមួយ​ពួកគេ 20ម្នាក់ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​បាន​នាំយក​ប្រាំ​ឋាឡាន់​ទៀត​ចូលមកជិត​ប្រាប់​ថា​លោកម្ចាស់​អើយ! ​ប្រាំ​ឋាឡាន់​ដែល​លោកម្ចាស់​បាន​ឲ្យ​ខ្ញុំ​សូម​មើល​ខ្ញុំ​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត 21ម្ចាស់ក៏​និយាយ​ទៅ​គាត់​ថា​ប្រសើរ​ណាស់​បាវបម្រើ​ល្អ​និង​ស្មោះត្រង់​អើយ! ​អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ជាច្រើន​ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ 22ឯម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ​ប្រាប់​ថា​លោកម្ចាស់​អើយ! ​ពីរ​ឋាឡាន់​ដែល​លោកម្ចាស់​បាន​ឲ្យ​ខ្ញុំ​សូម​មើល​ខ្ញុំ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត 23ម្ចាស់ក៏​និយាយ​ទៅ​គាត់​ថា​ប្រសើរ​ណាស់​បាវបម្រើ​ល្អ​និង​ស្មោះត្រង់​អើយ! ​អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ជាច្រើន​ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ 24ម្នាក់ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​ចូលមកជិត​ដែរ​ប្រាប់​ថា​លោកម្ចាស់​អើយ! ​ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងតែង​គឺ​លោក​ច្រូត​ពីកន្លែង​ដែល​លោក​មិន​បាន​ព្រោះ​និង​ប្រមូល​ពីកន្លែង​ដែល​លោក​មិន​បាន​ពង្រាយ 25ដូច្នេះខ្ញុំ​ខ្លាច​ខ្ញុំ​ក៏​យក​លុយ​មួយ​ឋាឡាន់​របស់​លោក​នោះ​ទៅ​កប់​ទុក​ក្នុង​ដី​នេះនែ៎​សូម​លោក​យក​របស់​លោក​វិញ​ចុះ។ 26ម្ចាស់របស់​គាត់​តប​ទៅ​គាត់​វិញ​ថា​បាវបម្រើ​អាក្រក់​និង​ខ្ចិល​អើយ! ​ឯង​ក៏​ដឹង​ដែរ​ថា​ខ្ញុំ​ច្រូត​ពីកន្លែង​ដែល​មិន​បាន​សាបព្រោះ​ហើយ​ប្រមូល​ពីកន្លែង​ដែល​ខ្ញុំ​មិន​បាន​ពង្រាយ។ 27បើដូច្នោះម្ដេច​ក៏​ឯង​មិន​យក​លុយ​របស់​ខ្ញុំ​ទៅ​ចង​ការ​ហើយ​ពេល​ខ្ញុំ​មក​វិញ​ខ្ញុំ​នឹង​ទទួល​បាន​លុយ​របស់​ខ្ញុំ​ព្រមទាំង​ការ​ប្រាក់​ផង 28ដូច្នេះចូរ​យក​មួយ​ឋាឡាន់​ពី​គាត់​ហើយ​ឲ្យ​ទៅ​អ្នក​ដែល​មាន​ដប់​ឋាឡាន់​ចុះ 29ដ្បិតអស់​អ្នក​ដែល​មាន​នឹង​បន្ថែមឲ្យ​ហើយ​អ្នកនោះ​នឹង​មាន​ជាបរិបូរ​ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​សូម្បីតែ​អ្វី​ដែល​អ្នកនោះ​មាន​ផង 30រួចចូរ​បោះ​បាវបម្រើ​ចោលម្សៀត​នេះ​ទៅ​ក្នុង​សេចក្ដីងងឹត​នៅខាងក្រៅ​ទៅ​ហើយ​នៅទីនោះ​មាន​ការទ្រហោយំ​និង​ការសង្កៀត​ធ្មេញ។

ព្រះយេស៊ូជំនុំជម្រះមនុស្សគ្រប់គ្នា

31ពេល​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​មក​នៅក្នុង​សិរី​រុងរឿង​របស់​លោក​ជាមួយ​នឹង​ពួក​ទេវតា​ទាំងអស់​នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរី​រុងរឿង​របស់​លោក
32ហើយជនជាតិ​ទាំងអស់​នឹង​ត្រូវ​បាន​ប្រមូល​មក​នៅចំពោះមុខ​លោក​រួច​លោក​នឹង​ញែក​ពួកគេ​ចេញ​ពី​គ្នា​ប្រៀប​ដូចជា​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ 33លោកនឹង​ដាក់​ចៀម​នៅ​ខាងស្ដាំ​លោក​ឯ​ពពែ​នៅ​ខាងឆ្វេង​លោក។ 34នៅពេលនោះស្ដេច​នឹង​មានបន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាងស្ដាំ​ថា​អស់​អ្នក​ដែល​ព្រះ​វរ​បិតា​របស់​ខ្ញុំ​បាន​ប្រទានពរ​ចូរ​មក​ទទួលយក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​ដើមកំណើត​ពិភពលោក​ទុកជាមរតក​ចុះ 35ព្រោះកាល​ខ្ញុំ​ឃ្លាន​អ្នករាល់គ្នា​ឲ្យ​ខ្ញុំ​បរិភោគ​កាល​ខ្ញុំ​ស្រេក​អ្នករាល់គ្នា​ឲ្យ​ខ្ញុំ​ផឹក​ហើយ​កាល​ខ្ញុំ​ជា​អ្នកក្រៅ​អ្នករាល់គ្នា​បាន​ស្វាគមន៍​ខ្ញុំ 36កាលខ្ញុំ​នៅ​អាក្រាត​អ្នករាល់គ្នា​បាន​ស្លៀកពាក់​ឲ្យ​ខ្ញុំ​កាល​ខ្ញុំ​ឈឺ​អ្នករាល់គ្នា​បាន​មក​សួរសុខទុក្ខ​ខ្ញុំ​ហើយ​កាល​ខ្ញុំ​ជាប់​គុក​អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ 37ពួកអ្នក​សុចរិត​នឹង​ទូល​តបវិញ​ថា​ព្រះអម្ចាស់​អើយ! ​តើ​យើង​ខ្ញុំ​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​កាល​យើងខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឃ្លាន​ឬ​បាន​ឲ្យ​ព្រះអង្គ​ផឹក​កាល​យើងខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ស្រេក​ពីកាលណា? 38តើយើង​ខ្ញុំ​បាន​ស្វាគមន៍​ព្រះអង្គ​កាល​យើងខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ជា​អ្នកក្រៅ​ឬ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​កាល​ព្រះអង្គ​នៅ​អាក្រាត​ពីកាលណា? 39តើយើង​ខ្ញុំ​បាន​មក​ជួប​ព្រះអង្គ​កាល​យើងខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឈឺ​ឬ​ជាប់​គុក​ពីកាលណា? 40ស្ដេចនឹង​មានបន្ទូល​ទៅ​ពួកគេ​ថា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ការ​ដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដូច្នេះ​សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុងចំណោម​អ្នក​តូចតាច​ទាំងនេះ​នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។ 41ព្រះអង្គ​នឹង​មានបន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាងឆ្វេង​ដែរ​ថា​អស់​អ្នក​ត្រូវ​បណ្ដាសា​ចូរ​ចេញ​ពី​ខ្ញុំ​ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច​ដែល​បាន​រៀបចំ​សម្រាប់​អារក្សសាតាំង​និង​ពួក​ទេវតា​របស់​វា​ចុះ 42ព្រោះកាល​ខ្ញុំ​ឃ្លាន​អ្នករាល់គ្នា​មិន​បាន​ឲ្យ​ខ្ញុំ​បរិភោគ​ហើយ​កាល​ខ្ញុំ​ស្រេក​អ្នករាល់គ្នា​មិន​បាន​ឲ្យ​ខ្ញុំ​ផឹក 43កាលខ្ញុំ​ជា​អ្នកក្រៅ​អ្នករាល់គ្នា​មិន​បាន​ស្វាគមន៍​ខ្ញុំ​កាល​ខ្ញុំ​នៅ​អាក្រាត​អ្នករាល់គ្នា​មិន​បាន​ស្លៀកពាក់​ឲ្យ​ខ្ញុំ​ហើយ​កាល​ខ្ញុំ​ឈឺ​និង​ជាប់​គុក​អ្នករាល់គ្នា​មិន​បាន​មក​សួរសុខទុក្ខ​ខ្ញុំ​ទេ 44ពេលនោះពួកគេ​នឹង​ទូល​តប​ដែរ​ថា​ព្រះអម្ចាស់​អើយ! ​តើ​កាល​យើង​ខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន​ឬ​ស្រេក​ជា​អ្នកក្រៅ​ឬ​នៅ​អាក្រាត​ឈឺ​ឬ​ជាប់​គុក​នោះ​យើងខ្ញុំ​មិន​បាន​បម្រើ​ព្រះអង្គ​ពីកាលណា? 45ព្រះអង្គនឹង​មានបន្ទូល​ទៅ​ពួកគេ​ថា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ការ​ដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​សម្រាប់​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នក​តូចតាច​ទាំងនេះ​នោះ​ក៏មិន​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ 46អ្នកទាំងនោះ​នឹង​ចេញទៅ​ទទួលទោស​អស់កល្ប​ជានិច្ច​ឯ​ពួក​អ្នក​សុចរិត​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ច»។
Copyright information for KhmKCB