‏ Matthew 26

មេដឹកនាំសាសនារៀបផែនការសម្លាប់ព្រះយេស៊ូ

1កាល​ព្រះ​យេស៊ូ​បាន​បញ្ចប់​ព្រះ​បន្ទូល​ទាំងអស់​នេះ​ហើយ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ 2«អ្នករាល់គ្នា​ដឹង​ថា​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ហើយ​ឯ​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង​ ២៦:២៤,​៤៥,​៦៤ ដែរ។​
​វិញ​ក៏​ត្រូវ​គេ​បញ្ជូន​ឲ្យទៅ​ជាប់​ឆ្កាង​ដែរ»។
3នៅពេលនោះពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅក្នុង​ផ្ទះ​របស់​សម្ដេចសង្ឃ​ម្នាក់​ឈ្មោះ​កៃផា 4ពួកគេបាន​ពិភាក្សាគ្នា​ដើម្បី​ចាប់​ព្រះ​យេស៊ូ​ដោយ​ឧបាយកល​រួច​សម្លាប់​ព្រះអង្គ 5ប៉ុន្ដែពួកគេ​និយាយ​ថា៖ ​«កុំ​ធ្វើ​នៅ​ក្នុងពេល​បុណ្យ​អី​ក្រែងលោ​កើតមាន​ចលាចល​ក្នុងចំណោម​ប្រជាជន»។

ព្រះយេស៊ូទទួលប្រេងក្រអូបនៅក្រុងបេថានី

6ពេល​ព្រះ​យេស៊ូ​កំពុង​គង់នៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​មនុស្ស​ឃ្លង់ ▼
▼«ឃ្លង់» ជា​ជំងឺ​សើ​ស្បែក​ ប៉ុន្ដែ​ព្រះគម្ពីរ​ប្រើ​ពាក្យ​ឃ្លង់​ ប្រហែល​ជា​សំដៅ​លើ​ជំងឺ​សើ​ស្បែក​ផ្សេងៗ​ទៀត​ដែរ​ (សូម​មើល​ លេវី​ ១៣:១-៤៦​ និង​១៤:១-៣២​)​។​
​នៅ​ក្រុង​បេថានី
7នោះស្ដ្រី​ម្នាក់​បាន​ចូលមកជិត​ព្រះអង្គ​ដោយ​មាន​កាន់​ប្រេងក្រអូប​មួយ​ដប​ដ៏​មានតម្លៃ​បំផុត​ផង។ ​នាង​ក៏​ចាក់​ប្រេងក្រអូប​នោះ​លើ​ព្រះ ▼
▼«ព្រះសិរ» ជារាជសព្ទប្រើសម្រាប់ហៅ «ក្បាល»។
​សិរ​របស់​ព្រះអង្គ​ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុអាហារ។
8ពេលពួក​សិស្ស​ឃើញ​ដូច្នេះ​ក៏​និយាយ​ទាំង​ខឹង​ថា៖ ​«ម្ដេច​បង្ហិន​ដូច្នេះ? 9ដ្បិតប្រេង​នេះ​អាច​លក់​បាន​ថ្លៃ​ហើយ​អាច​ចែកទាន​ដល់​អ្នកក្រ​បាន»។ 10កាលព្រះ​យេស៊ូ​ជ្រាប​ហើយ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ហេតុអ្វី​អ្នករាល់គ្នា​បង្ក​រឿង​នឹង​ស្ដ្រី​នេះ​ដូច្នេះ? ​គឺ​នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ។ 11ដ្បិតអ្នកក្រ​តែង​នៅ​ជាមួយ​អ្នករាល់គ្នា​ជានិច្ច​ឯ​ខ្ញុំ​វិញ​មិន​នៅ​ជាមួយ​អ្នករាល់គ្នា​រហូត​ទេ 12ប៉ុន្ដែស្ដ្រី​នេះ​បាន​ចាក់​ប្រេងក្រអូប​នេះ​លើ​ខ្លួន​ខ្ញុំ​ដើម្បី​រៀបចំ​បញ្ចុះសព​របស់​ខ្ញុំ 13ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​នៅក្នុង​ពិភពលោក​ទាំងមូល​នៅទីណា​ក៏ដោយ​ដែល​គេ​ប្រកាស​ដំណឹងល្អ​គេ​ក៏​និយាយ​អំពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ដើម្បី​ជា​ការរំលឹក​ដល់​នាង»។ 14នៅពេលនោះសាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរ​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត​បាន​ទៅ​ជួប​ពួក​សម្ដេចសង្ឃ 15ប្រាប់ថា៖ ​«ខ្ញុំ​នឹង​ប្រគល់​គាត់​ឲ្យ​ពួក​លោក​តើ​ពួកលោក​នឹង​ឲ្យ​អ្វី​ខ្ញុំ?» ​ពួកគេ​ក៏​ឲ្យ​គាត់​សាមសិប​កាក់​ប្រាក់។ 16តាំងពីពេលនោះ​មក​គាត់​ក៏​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះអង្គ​ឲ្យ​ពួកគេ។

យូដាសអ៊ីស្ការីយ៉ុតយល់ព្រមក្បត់ព្រះយេស៊ូ

17នៅ​ថ្ងៃ​ទីមួយ​នៃ​ថ្ងៃ​បុណ្យ​នំបុ័ងឥតមេ​ពួក​សិស្ស​បាន​ចូលមកជិត​ព្រះ​យេស៊ូ​ទូល​សួរ​ថា៖ ​«តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅទីណា?» 18ព្រះអង្គមានបន្ទូល​ថា៖ ​«ចូរ​ទៅ​ឯ​បុរស​ម្នាក់​នៅក្នុង​ក្រុង​ហើយ​ប្រាប់​គាត់​ថា​លោកគ្រូ​និយាយ​ថា​ពេល​កំណត់​របស់​ខ្ញុំ​ជិតដល់ហើយ​ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជាមួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅកន្លែង​អ្នក»។ 19ពួកសិស្ស​ក៏​ធ្វើ​ដូចដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ហើយ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។ 20លុះដល់​ពេល​ល្ងាច​ព្រះអង្គ​ក៏​បាន​អង្គុយ​នៅ​តុអាហារ​ជាមួយ​សាវក​ទាំង​ដប់ពីរ 21ហើយពេល​ពួកគេ​កំពុង​បរិភោគ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ក្នុង​ចំណោម​អ្នករាល់គ្នា​មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ 22ពួកសិស្ស​កើតទុក្ខ​យ៉ាងខ្លាំង​ហើយ​ចាប់ផ្ដើម​ទូលសួរ​ព្រះអង្គ​ម្នាក់​ម្ដងៗ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​មិនមែន​ខ្ញុំ​ទេ​មែនទេ?» 23ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«គឺ​អ្នក​ដែល​យក​ដៃ​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​អ្នកនោះហើយ​នឹង​ក្បត់​ខ្ញុំ 24ដ្បិតកូន​មនុស្ស​ត្រូវ​ទៅ​ដូច​ដែល​មាន​ចែង​អំពី​លោក​មែន​ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​ក្បត់​កូន​មនុស្ស​ហើយ​ជា​ការប្រសើរជាង​បើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ» 25នោះយូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ​បាន​ទូល​តប​ថា៖ ​«លោក​គ្រូ​មិនមែន​ខ្ញុំ​ទេ​មែនទេ?» ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នក​និយាយ​ត្រូវ​ហើយ»។

អាហារចុងក្រោយរបស់ព្រះអម្ចាស់

26កាល​ពួកគេ​កំពុង​បរិភោគ​នោះ​ព្រះ​យេស៊ូ​បាន​យក​នំប៉័ង​មក​ឲ្យពរ​ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មានបន្ទូល​ថា៖ ​«ចូរ​ទទួល​ហើយ​បរិភោគ​ចុះ​នេះ​ជា​រូបកាយ​របស់​ខ្ញុំ» 27បន្ទាប់មកព្រះអង្គ​យក​ពែង​មក​អរព្រះគុណ​ហើយ​ឲ្យ​ពែងនោះ​ដល់​ពួកគេ​ទាំង​មានបន្ទូល​ថា៖ ​«ចូរ​អ្នក​ទាំងអស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ 28ដ្បិតនេះ​ជា​ឈាម​របស់​ខ្ញុំ​គឺ​ជា​ឈាម​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​បង្ហូរ​ដើម្បី​លើកលែងទោស​បាប​ដល់​មនុស្ស​ជាច្រើន។ 29ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​ចាប់ពី​ពេលនេះ​តទៅ​ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​ទៀត​ទេ​រហូតដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជាថ្មី​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​នគរ​ព្រះ​វរ​បិតា​របស់​ខ្ញុំ»។ 30ក្រោយពីច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើម​អូលីវ។

ព្រះយេស៊ូប្រាប់ឲ្យដឹងមុនថាលោកពេត្រុសនឹងបដិសេធព្រះអង្គ

31ក្រោយមក​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«យប់​នេះ​ដោយព្រោះ​ខ្ញុំ​អ្នក​ទាំងអស់​គ្នា​នឹង​ជំពប់ដួល​ដ្បិត​មាន​សេចក្ដីចែង​ទុក​មក​ថា​យើង​នឹង​វាយ​អ្នក​គង្វាល​ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់ខ្ចាយ​ទៅ ▼
▼«អញនឹងវាយ...ទៅ» សូមមើល សាកា ១៣:៧។
32ប៉ុន្ដែបន្ទាប់​ពី​ខ្ញុំ​រស់ឡើងវិញ​ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នករាល់គ្នា»។ 33លោកពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«ទោះជា​មនុស្ស​គ្រប់គ្នា​ជំពប់ដួល​ក៏ដោយ​ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ» 34ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​នៅ​យប់​នេះ​មុន​មាន់​រងាវ​អ្នក​នឹង​បដិសេធ​បីដង​ថា​មិន​ស្គាល់​ខ្ញុំ» 35នោះលោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖ ​«ទោះបី​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​លោក​ក៏ដោយ​ក៏​ខ្ញុំ​មិន​បដិសេធ​លោក​ជា​ដាច់ខាត»។ ​ពួក​សិស្ស​ទាំងអស់​គ្នា​ក៏​និយាយ​ដូច្នោះ​ដែរ។

ព្រះយេស៊ូអធិស្ឋានក្នុងសួនគែតសេម៉ានី

36ក្រោយមក​ព្រះ​យេស៊ូ​ជាមួយ​ពួកសិស្ស​បាន​មក​ដល់​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​ថា​សួន​គែតសេម៉ានី ▼
▼«សួនគែតសេម៉ានី» សួនមួយស្ថិតនៅជំរាលខាងលិចនៃភ្នំដើមអូលីវ។
​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​អង្គុយ​នៅទីនេះ​ចុះ​នៅពេល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅទីនោះ»។
37ព្រះអង្គយក​លោក​ពេត្រុស​និង​កូនប្រុស​ទាំង​ពីរ​នាក់​របស់​លោក​សេបេដេ​ទៅ​ជាមួយ​ហើយ​ព្រះអង្គ​ចាប់ផ្ដើម​មាន​ទុក្ខព្រួយ​និង​ពិបាកចិត្ដ​យ៉ាងខ្លាំង។ 38ព្រះអង្គមានបន្ទូល​ទៅ​អ្នកទាំងបី​នោះ​ថា៖ ​«ខ្ញុំ​ព្រួយចិត្ត​ខ្លាំងណាស់​ស្ទើរ​ស្លាប់​ទៅហើយ​ចូរ​នៅ​ទីនេះ​ជាមួយ​ខ្ញុំ​ហើយ​ប្រុងស្មារតី​ឡើង»។ 39កាលយាង​ទៅមុខ​បាន​បន្ដិច​ព្រះអង្គ​ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​ហើយ​អធិស្ឋាន​ថា៖ ​«ឱ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​អើយ! ​ប្រសិនបើ​អាច​សូម​ឲ្យ​ពែង​នេះ​រំលងផុត​ពី​ខ្ញុំ​ទៅ​ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ» 40រួចព្រះអង្គ​យាងមក​ឯ​ពួក​សិស្ស​វិញ​ក៏​ឃើញ​ពួកគេ​ដេកលក់​អស់​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ ​«តើ​ពួក​អ្នក​ទ្រាំ​នៅជាមួយ​ខ្ញុំ​ដោយ​មិនដេក​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? 41ចូរប្រុងស្មារតី​ឡើង​ហើយ​អធិស្ឋាន​ចុះ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដីល្បួង​ដ្បិត​វិញ្ញាណ​ប្រុងប្រៀប​ជាស្រេច​មែន​ប៉ុន្ដែ​រូបកាយ​ខ្សោយ​ទេ»។ 42ព្រះអង្គក៏​យាងទៅ​ម្ដងទៀត​ហើយ​អធិស្ឋាន​ជា​លើក​ទីពីរ​ថា៖ ​«ឱ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​អើយ! ​ប្រសិនបើ​ខ្ញុំ​ត្រូវតែ​ផឹក​ពី​ពែង​នេះ​ដោយ​ចៀស​ពុំ​រួច​មែន​សូម​ឲ្យ​សម្រេច​តាម​បំណង​ព្រះអង្គ​ចុះ» 43ពេលព្រះអង្គ​យាងមក​វិញ​ក៏​ឃើញ​ពួកគេ​ដេកលក់​ទៀត​ព្រោះ​ពួកគេ​បើក​ភ្នែក​មិនរួច 44ព្រះអង្គក៏​យាងចេញ​ពី​ពួកគេ​ម្ដង​ទៀត​ហើយ​មានបន្ទូល​អធិស្ឋាន​ជា​លើក​ទីបី​តាម​ពាក្យ​ដដែល។ 45ក្រោយមកព្រះអង្គ​ក៏​យាងមក​ឯ​ពួក​សិស្ស​វិញ​ហើយ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​នៅ​ដេក​និង​សម្រាក​ដល់​ពេល​ណា​ទៀត​មើល៍​ជិតដល់​ពេល​កំណត់ ▼
▼«មនុស្សបាប»​ មិនមែន​ជា​អស់​អ្នក​ដែល​ធ្វើ​បាប​សំខាន់ៗ​ទេ​ ប៉ុន្ដែ​ជា​ពពួក​មនុស្ស​ដូច​ជា​ពួក​ទារពន្ធដារ​ជាដើម​ ដែល​ពួក​មេ​ដឹកនាំ​សាសនា​ស្អប់​ ដោយ​ព្រោះ​ការ​មិន​គោរព​ច្បាប់​សាសនា​របស់​ពួកគេ​ ជា​ពិសេស​វិន័យ​ដែល​ហាម​ឃាត់​មិន​ឲ្យ​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​។​
​ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្សបាប
46ចូរក្រោកឡើង​យើង​នាំគ្នា​ទៅ​មើល៍​អ្នក​ក្បត់​ខ្ញុំ​មកជិតដល់​ហើយ»។

ការចាប់ខ្លួនព្រះយេស៊ូ

47កាល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ​នោះ​យូដាស​ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរ​ក៏​មកដល់​ហើយ​មាន​បណ្ដាជន​ជាច្រើន​ប្រដាប់​ដោយ​ដាវ​និង​ដំបង​មក​ជាមួយ​គាត់​ដែរ​អ្នក​ទាំង​នោះ​មកពី​ខាង​ពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​របស់​ប្រជាជន។ 48អ្នកក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យ​សញ្ញា​ដល់​ពួកគេ​ដោយ​និយាយ​ថា៖ ​«ខ្ញុំ​ថើប​អ្នក​ណា​គឺ​អ្នក​នោះ​ហើយ​ចូរ​ចាប់​គាត់​ចុះ» 49គាត់ចូលមកជិត​ព្រះ​យេស៊ូ​ភ្លាម​ហើយ​ទូល​ថា៖ ​«ជម្រាបសួរ​លោក​គ្រូ» ​រួច​ក៏​ថើប ▼
▼«ថើប» ការថើបគឺជាទំនៀមទម្លាប់នៃការស្វាគមន៍គ្នារបស់ជនជាតិអ៊ីស្រាអែល ដូចជាការសំពះជំរាបសួរ នៅក្នុងប្រពៃណីខ្មែរដែរ។
​ព្រះអង្គ។
50ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«សម្លាញ់​អើយ! ​អ្នក​មក​ដើម្បី​អ្វី​ចូរធ្វើចុះ» ​បន្ទាប់មក​ពួកគេ​ក៏​ចូលមកជិត​ហើយ​លូក​ដៃ​ចាប់​ព្រះ​យេស៊ូ 51នោះមាន​ម្នាក់​ក្នុងចំណោម​ពួក​អ្នក​នៅ​ជាមួយ​ព្រះ​យេស៊ូ​បាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន​កាប់​ដាច់​ត្រចៀក​បាវបម្រើ​ម្នាក់​របស់​សម្ដេចសង្ឃ 52ពេលនោះព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​ទុក​ដាវ​របស់​អ្នក​ទៅក្នុង​កន្លែង​របស់​វា​វិញ​ទៅ​ដ្បិត​អស់​អ្នក​ដែល​រើសយក​ដាវ​នឹង​ស្លាប់​ដោយ​ដាវ 53ឬមួយ​អ្នក​គិត​ថា​នៅពេលនេះ​ខ្ញុំ​មិន​អាច​សុំ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ពួក​ទេវតា​លើសពី​ដប់ពីរ​កង​ដល់​ខ្ញុំ​បាន​ទេ​ឬ? 54បើធ្វើ​ដូច្នេះ​តើ​បទគម្ពីរ​ដែល​ចែង​ថា​ត្រូវតែ​កើតឡើង​ដូច្នេះ​នឹង​អាច​សម្រេច​បាន​យ៉ាង​ដូចម្ដេច?» 55នៅ​ពេល​នោះ​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​បណ្ដាជន​ថា៖ ​«តើ​អ្នករាល់គ្នា​មក​តទល់​នឹង​ចោរ​ឬ​អី​បានជា​មក​ចាប់​ខ្ញុំ​ទាំងមាន​ដាវ​និង​ដំបង​ដូច្នេះ? ​ខ្ញុំ​អង្គុយ​បង្រៀន​នៅក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​នោះ​អ្នករាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ 56ប៉ុន្ដែការ​ទាំងអស់​នេះ​កើតឡើង​ដើម្បី​សម្រេច​តាម​បទគម្ពីរ​របស់​អ្នកនាំព្រះបន្ទូល»។ ​ពេលនោះ​ពួក​សិស្ស​ក៏​រត់គេចខ្លួន​ចោល​ព្រះអង្គ​ទាំងអស់​គ្នា។

ព្រះយេស៊ូនៅចំពោះមុខក្រុមព្រឹក្សាកំពូល

57ពួក​អ្នក​ដែល​ចាប់​ព្រះ​យេស៊ូ​ក៏​នាំ​ព្រះអង្គ​ទៅ​ឯ​សម្ដេចសង្ឃ​កៃផា​ជាកន្លែង​ដែល​ពួក​គ្រូវិន័យ​និង​ពួក​ចាស់ទុំ​បាន​ជួបជុំ​គ្នា។ 58លោកពេត្រុស​បាន​ដើរតាម​ព្រះអង្គ​ពី​ចម្ងាយ​រហូតដល់​ក្នុង​ផ្ទះ​របស់​សម្ដេចសង្ឃ​ហើយ​បាន​ចូលទៅ​អង្គុយ​ជាមួយ​ពួក​អ្នក​បម្រើការ​នៅ​ខាង​ក្នុង​ដើម្បី​មើល​លទ្ធផល។ 59ពួកសម្ដេចសង្ឃ​និង​ក្រុមប្រឹក្សាកំពូល​ទាំងមូល​បាន​រក​ភស្ដុតាង​ក្លែងក្លាយ​ប្រឆាំង​ព្រះ​យេស៊ូ​ដើម្បី​អាច​សម្លាប់​ព្រះអង្គ​បាន 60ប៉ុន្ដែពួកគេ​រក​មិន​បាន​សោះ​ទោះបី​មាន​សាក្សី​ក្លែងក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក៏ដោយ។ ​នៅទីបំផុត​ក៏​មាន​ពីរ​នាក់​បាន​ចូល​មក 61និយាយថា​​៖​«ម្នាក់​នេះ​បាន​និយាយ​ថា​ខ្ញុំ​អាច​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បាន​ហើយ​សង់ឡើង​វិញ​ក្នុង​រយៈពេល​បី​ថ្ងៃ»។ 62សម្ដេចសង្ឃក៏​ក្រោកឈរឡើង​និយាយ​ទៅ​ព្រះអង្គ​ថា៖ ​«តើ​អ្នក​គ្មាន​ចម្លើយ​អ្វី​សម្រាប់​ការ​ដែល​អ្នក​ទាំងនេះ​បាន​ចោទប្រកាន់​អ្នក​ទេ​ឬ?» 63ព្រះយេស៊ូ​នៅ​ស្ងៀម​សម្ដេចសង្ឃ​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖ ​«ខ្ញុំ​សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ចូរ​អ្នក​ប្រាប់​យើង​មក​តើ​អ្នក​ជា​ព្រះ​គ្រិស្ដ​ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?» 64នោះព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«លោក​និយាយ​ត្រូវ​ហើយ​តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ចាប់ពី​ពេលនេះ​តទៅ​អ្នករាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»។ 65ពេលនោះសម្ដេចសង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​រួច​និយាយ​ថា៖ ​«វា​ប្រមាថ​ព្រះជាម្ចាស់​ហើយ​តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើអ្វី​ទៀត? ​ពេលនេះ​អ្នករាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ 66តើអ្នករាល់គ្នា​គិត​យ៉ាងដូចម្ដេច​ដែរ?» ​ពួកគេ​តបវិញ​ថា៖ ​«វា​សមតែ​ស្លាប់» 67បន្ទាប់មកពួកគេ​ស្ដោះទឹកមាត់​ដាក់​ព្រះ ▼
▼«ព្រះភក្ត្រ» ជារាជសព្ទប្រើសម្រាប់ហៅ «មុខ»។
​ភក្ដ្រ​ព្រះអង្គ​ដាល់​ព្រះអង្គ​ហើយ​ទះ​កំផ្លៀង​ព្រះអង្គ
68ទាំងនិយាយ​ថា៖ ​«ព្រះ​គ្រិស្ដ​អើយ! ​ទាយ​ប្រាប់​យើង​មើល៍​តើ​អ្នកណា​វាយ​ឯង?»

លោកពេត្រុសបដិសេធព្រះយេស៊ូ

69ពេល​លោក​ពេត្រុស​កំពុង​អង្គុយ​នៅ​ខាងក្រៅ​ផ្ទះ​មាន​ស្រីបម្រើ​ម្នាក់​ចូលមកជិត​គាត់​និយាយ​ថា​៖​​«អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ស្រុក​កាលីឡេ​ដែរ» 70ប៉ុន្ដែលោក​ពេត្រុស​បដិសេធ​នៅចំពោះមុខ​មនុស្ស​គ្រប់គ្នា​ថា៖ ​«ខ្ញុំ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​អំពី​អ្វី​ទេ»។ 71ពេលចេញទៅ​ក្រៅ​ដល់​មាត់​ទ្វារ​មាន​ស្រី​ម្នាក់​ទៀត​បាន​ឃើញ​គាត់​ក៏​ប្រាប់​ពួក​អ្នក​នៅទីនោះ​ថា​«ម្នាក់​នេះ​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ» 72នោះលោក​ពេត្រុស​បាន​បដិសេធ​ដោយ​ស្បថ​ម្ដងទៀត​ថា៖ ​«ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ» 73បន្តិចក្រោយមក​ពួក​អ្នក​កំពុង​ឈរ​ក៏​ចូលមកជិត​លោក​ពេត្រុស​និយាយ​ថា៖ ​«ប្រាកដ​ណាស់​អ្នក​ជា​ម្នាក់​នៅក្នុង​ចំណោម​ពួកគេ​ដែរ​ព្រោះ​សូម្បីតែ​សម្លេង​របស់​អ្នក​ក៏​បញ្ជាក់​ច្បាស់​ដែរ» 74ពេលនោះលោក​ពេត្រុស​ក៏​ចាប់ផ្ដើម​ប្រមាថ​ទាំង​ស្បថ​ថា៖ ​«ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ» ​ស្រាប់តែ​មាន់​រងាវ​ឡើង។ 75លោកពេត្រុស​ក៏​នឹកចាំ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​មានបន្ទូល​ថា​«មុន​មាន់​រងាវ​អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង»។ ​គាត់​ក៏​ចេញទៅ​ក្រៅ​ទាំង​ទ្រហោយំ​យ៉ាង​ក្ដុកក្ដួល។
Copyright information for KhmKCB