‏ Matthew 27

ការបញ្ជូនព្រះយេស៊ូអោយលោកពីឡាត់

1លុះ​ព្រលឹមឡើង​ពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះ​គ្នា​ប្រឆាំង​ព្រះ​យេស៊ូ​ដើម្បី​សម្លាប់​ព្រះអង្គ 2ហើយបាន​ចង​ព្រះអង្គ​នាំទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​ជា​អភិបាល​ក្រុង។

យូដាសអ៊ីស្ដារីយ៉ុតចងកសម្លាប់ខ្លួន

3កាល​យូដាស​ជា​អ្នក​ក្បត់​ព្រះ​យេស៊ូ​​​ឃើញ​ថា​ពួកគេ​ផ្ដន្ទាទោស​ព្រះអង្គ​ដូច្នេះ​ក៏​សោកស្ដាយ​គាត់​បាន​ប្រគល់​កាក់​ប្រាក់​សាមសិប​កាក់​ទៅ​ឲ្យ​ពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​វិញ 4ដោយនិយាយ​ថា៖ ​«ខ្ញុំ​ប្រព្រឹត្ត​បាប​ហើយ​ដែល​បាន​ប្រគល់​ឈាម​គ្មាន​ទោស» ​ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖ ​«តើ​ទាក់​ទង​អ្វី​នឹង​យើង? ​ស្រេច​លើ​ឯង​ទេតើ» 5ពេលគាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​គាត់​ក៏​ចេញទៅ​ហើយ​បាន​ចងក​សម្លាប់​ខ្លួន។ 6ពួកសម្ដេច​សង្ឃ​យក​កាក់​ប្រាក់​ទាំងនោះ​មក​ហើយ​និយាយ​ថា៖ ​«វា​មិន​ត្រូវ​តាម​វិន័យ​ទេ​ដែល​ដាក់​កាក់​ទាំងនេះ​ទៅ​ក្នុង​ហិប​តង្វាយ​ព្រោះ​វា​ជា​ថ្លៃ​ឈាម»។ 7កាលបាន​ពិគ្រោះ​គ្នា​រួច​ហើយ​ពួកគេ​ក៏​យក​កាក់​ទាំងនោះ​ទៅ​ទិញ​ស្រែ​របស់​ជាង​ស្មូន​ម្នាក់​សម្រាប់​ធ្វើ​ជា​កន្លែង​ចញ្ចុះ​សព​ពួក​សាសន៍ដទៃ 8ដូច្នោះហើយ​គេ​ហៅ​ស្រែ​នោះ​ថា​ស្រែ​ឈាម​រហូតដល់​សព្វ​ថ្ងៃនេះ។ 9ការនោះសម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​យេរេមា​ជា​អ្នកនាំព្រះបន្ទូល​ថា៖ ​«ពួកគេ​បាន​យក​កាក់​ប្រាក់​សាមសិប​កាក់​ជា​តម្លែ​របស់​ព្រះអង្គ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​កាត់​ថ្លៃ 10រួចប្រគល់​កាក់​ទាំងនោះ​ដើម្បី​យក​ស្រែ​របស់​ជាង​ស្មូន​ដូច​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ ▼
▼«ពួកគេបានយក...មកខ្ញុំ» សូមមើល សាកា ១១:១២-១៨ និង យេរេ ១៩:១-១៣។ មាន​ចាប់​ពី​ ២៧:៩-១០​។​
»។

លោកពីឡាត់កាត់ក្ដីព្រះយេស៊ូ

11កាល​ព្រះ​យេស៊ូ​កំពុង​ឈរ​នៅចំពោះមុខ​លោក​អភិបាល​នោះ​លោក​អភិបាល​សួរ​ព្រះអង្គ​ថា៖ ​«តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?» ​ព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«លោក​និយាយ​ត្រូវ​ហើយ»។ 12ពេលពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​ចោទប្រកាន់​ព្រះអង្គ​ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។ 13ពេលនោះលោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖ ​«តើ​អ្នក​មិន​ឮ​ពួកគេ​កំពុង​ចោទប្រកាន់​អ្នក​ពី​ករណី​ជាច្រើន​ទេ​ឬ?» 14ប៉ុន្ដែព្រះអង្គ​មិន​បាន​ឆ្លើយ​ទៅ​គាត់​ទេ​សូម្បីតែ​មួយ​ម៉ាត់​ធ្វើ​ឲ្យ​លោក​អភិបាល​ងឿងឆ្ងល់​យ៉ាងខ្លាំង។ 15រៀងរាល់​ថ្ងៃ​បុណ្យ​លោក​អភិបាល​ធ្លាប់​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​បណ្ដាជន​តាម​ដែល​ពួកគេ​ចង់​បាន។ 16គ្រានោះមាន​អ្នកទោស​ម្នាក់​ល្បីអសោច​ឈ្មោះ​យេស៊ូ​បារ៉ាបាស 17ដូច្នេះកាល​ពួកគេ​បាន​មក​ជួបជុំ​គ្នា​លោក​ពីឡាត់​ក៏​សួរ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា​ឲ្យ​អ្នករាល់គ្នា​យេស៊ូ​បារ៉ាបាស​ឬ​យេស៊ូ​ដែល​ហៅ​ថា​ព្រះ​គ្រិស្ដ?» 18ដ្បិតគាត់​ដឹង​ថា​ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ព្រោះតែ​សេចក្ដី​ឈ្នានីស។ 19ពេលគាត់​កំពុង​អង្គុយ​លើ​ទី​កាត់ក្ដី​ប្រពន្ធ​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​មក​ប្រាប់​គាត់​ថា៖ ​«លោក​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នេះ​ឲ្យសោះ​ព្រោះ​ថ្ងៃ​នេះ​ដោយសារ​គាត់​ខ្ញុំ​បាន​ទទួល​រងទុក្ខ​ខ្លាំង​ណាស់​នៅ​ក្នុង​យល់សប្ដិ»។ 20ពួកសម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​បាន​ញុះញង់​បណ្ដាជន​ឲ្យ​សុំ​យក​បារ៉ាបាស​ហើយ​ឲ្យ​សម្លាប់​ព្រះ​យេស៊ូ​វិញ។ 21លោកអភិបាល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ក្នុងចំណោម​អ្នក​ទាំង​ពីរ​នេះ​តើ​អ្នករាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា?» ​ពួកគេ​និយាយ​ថា៖ ​«បារ៉ាបាស» 22នោះលោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖ ​«តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច​ចំពោះ​យេស៊ូ​ដែល​ហៅ​ថា​ព្រះ​គ្រិស្ដ​នេះ?» ​គេ​ក៏​និយាយ​ទាំងអស់​គ្នា​ថា៖ ​«ឆ្កាង​វា​ទៅ!»។ 23លោកពីឡាត់​បាន​សួរ​ទៀត​ថា៖ ​«ហេតុអ្វី? ​តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?» ​នោះ​ពួកគេ​ស្រែក​កាន់តែ​ខ្លាំង​ឡើង​ថា៖ ​«ឆ្កាង​វា​ទៅ!» 24កាលលោក​ពីឡាត់​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ក៏​មិន​បាន​ការ​ដូច្នេះ​ហើយ​បែរជា​មាន​ចលាចល​ខ្លាំង​ឡើង​គាត់​ក៏​យក​ទឹក​មក​លាង​ដៃ​នៅចំពោះមុខ​បណ្ដាជន​ហើយ​និយាយ​ថា៖ ​«ខ្ញុំ​មិន​ជំពាក់​អ្វី​នឹង​ឈាម​របស់​មនុស្ស​នេះ​ទេ​គឺ​អ្នករាល់គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ» 25ប្រជាជនទាំងអស់​ឆ្លើយ​ឡើង​ថា៖ ​«ចូរ​ឲ្យ​ឈាម​របស់​អ្នក​នេះ​ធ្លាក់​មក​លើ​យើង​និង​កូន​ចៅ​របស់​យើង​ចុះ» 26បន្ទាប់មកលោក​ពីឡាត់​ក៏​ដោះលែង​បារ៉ាបាស​ឲ្យ​ពួកគេ​ឯ​ព្រះ​យេស៊ូ​វិញ​គាត់​ឲ្យ​គេ​វាយនឹងខ្សែតី​ហើយ​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។

ពួកទាហានចំអកព្រះយេស៊ូ

27បន្ទាប់មក​ទាហាន​របស់​លោក​អភិបាល​បាន​យក​ព្រះ​យេស៊ូ​ទៅ​ក្នុង​បន្ទាយទ័ព​ហើយ​ប្រមូល​ទាហាន​ទាំងអស់​មក​ចោមរោម​ព្រះអង្គ។ 28ពេលដោះ​សម្លៀក​បំពាក់​របស់​ព្រះអង្គ​ហើយ​ពួកគេ​ក៏​ពាក់​អាវវែង​ពណ៌​ក្រហមទុំ​ឲ្យ​ព្រះអង្គ​វិញ 29រួចពួកគេ​បាន​ក្រង​មកុដ​បន្លា​មក​បំពាក់​លើ​ព្រះ ▼
▼«ព្រះសិរ» ជារាជសព្ទប្រើសម្រាប់ហៅ «ក្បាល»។ មាន​នៅ​ក្នុង ២៧:៣០​,​៣៧ ដែរ។​
​សិរ​របស់​ព្រះអង្គ​ហើយ​ដាក់​ដើមត្រែង​ក្នុង​ព្រះ ▼
▼«ព្រះហស្ដ» គឺជារាជសព្ទប្រើសម្រាប់ហៅ «ដៃ»។
​ហស្ដ​ស្ដាំ​របស់​ព្រះអង្គ​និង​នាំ​គ្នា​លុតជង្គង់​នៅពីមុខ​ព្រះអង្គ​ដោយ​ចំអក​ថា៖ ​«ថ្វាយបង្គំ​ស្ដេច​របស់​ជនជាតិ​យូដា!»
30ពួកគេនាំ​គ្នា​ស្ដោះទឹកមាត់​ដាក់​ព្រះអង្គ​ហើយ​យក​ដើមត្រែង​នោះ​វាយ​ព្រះ​សិរ​របស់​ព្រះអង្គ។ 31នៅពេលចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ពួកគេ​ក៏​ដោះ​អាវវែង​នោះ​ចេញ​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង។

ការឆ្កាងព្រះយេស៊ូ

32ពេល​កំពុង​ចេញទៅ​នោះ​ពួកគេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​អ្នកក្រុងគីរេន​ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើឆ្កាង​របស់​ព្រះអង្គ។ 33ពេលមក​ដល់​កន្លែង​មួយ​ឈ្មោះ​គាល់កូថា​ដែល​ហៅ​ថា​តំបន់​លលាដ៍ក្បាល 34នោះពួកគេ​ក៏​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំងបាយជូរ​ដែល​លាយ​នឹង​​សារធាតុ​ម្យ៉ាង​មាន​ជាតិ​ល្វីង។ ​ពេល​ព្រះអង្គ​ភ្លក់​ហើយ​នោះ​ព្រះអង្គ​មិន​ព្រម​ផឹក​ទេ។ 35កាលឆ្កាង​ព្រះអង្គ​រួច​ហើយ​ពួកគេ​នាំគ្នា​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ 36ហើយអង្គុយ​យាម​ព្រះអង្គ​នៅទីនោះ។ 37ពួកគេដាក់​ស្លាក​នៅខាងលើ​ព្រះ​សិរ​របស់​ព្រះអង្គ​ដែល​សរសេរ​ពី​ទោស​របស់​ព្រះអង្គ​ថា៖ ​«នេះ​ជា​យេស៊ូ​ជា​ស្ដេច​របស់​ជនជាតិ​យូដា»។ 38នៅពេលនោះមាន​ចោរ​ពីរ​នាក់​ត្រូវ​គេ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ​គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។ 39ពួកអ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ហើយ​គ្រវី​ក្បាល 40ទាំងនិយាយ​ថា៖ ​«ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ​ចូរ​សង្គ្រោះ​ខ្លួនឯង​ទៅ! ​បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ចូរ​ចុះ​ពី​ឈើឆ្កាង​មក!» 41ពួកសម្ដេចសង្ឃ​ជាមួយ​ពួក​គ្រូវិន័យ​និង​ពួក​ចាស់ទុំ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​បែប​ដូច្នោះ​ដែរ​ថា៖ 42«វា​សង្គ្រោះ​គេ​បាន​ប៉ុន្ដែ​សង្គ្រោះ​ខ្លួនឯង​មិន​បាន​ទេ​ហើយ​វា​ជា​ស្ដេច​អ៊ីស្រាអែល! ​ឲ្យ​វា​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក​នោះ​យើង​នឹង​ជឿ​វា 43វាទុកចិត្ត​លើ​ព្រះជាម្ចាស់​ឥឡូវនេះ​បើ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា​មែន​ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​វា​ទៅ​ដ្បិត​វា​បាន​និយាយ​ថា​ខ្ញុំ​ជា​ព្រះ​រាជ​បុត្រា​ព្រះជាម្ចាស់»។ 44ឯពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូចគ្នា​ដែរ។

ការសុគតរបស់ព្រះយេស៊ូ

45ចាប់ពី​ម៉ោង​ដប់ពីរ​ថ្ងៃ​ត្រង់​ភាពងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំងមូល​រហូតដល់​ម៉ោង​បីរសៀល 46ហើយនៅប្រហែល​ម៉ោង​បី​រសៀល​ព្រះ​យេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«អេលី​អេលី​ឡាម៉ា​សាបាច់ថានី?» ​ដែល​មានន័យថា​«ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ! ​ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ! ​ហេតុអ្វី​ព្រះអង្គ​បោះបង់​ខ្ញុំ​ចោល​ដូច្នេះ?» 47ហើយអ្នក​ខ្លះ​ដែល​ឈរ​នៅទីនោះ​បាន​ស្ដាប់​ឮ​ក៏​និយាយ​ថា៖ ​«អ្នក​នេះ​ស្រែក​រក​លោក​អេលីយ៉ា​ហើយ» 48ភ្លាមនោះបុរស​ម្នាក់​នៅក្នុង​ចំណោម​ពួកគេ​បាន​រត់ទៅ​យក​សារាយស្ងួត​ជ្រលក់​ទឹកខ្មេះ​ដាក់​នឹង​ដើមត្រែង​ហុច​ឲ្យ​ព្រះអង្គ​ផឹក 49តែអ្នក​ផ្សេង​ទៀត​និយាយ​ថា៖ ​«ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ចាំ​មើល​តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ដែរ​ឬ​អត់»។ 50ព្រះយេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ម្ដងទៀត​រួច​បាន​ប្រគល់​វិញ្ញាណ​ទៅ 51ពេលនោះ​វាំងនន​នៅក្នុង​ព្រះ​វិហារ​ស្រាប់តែ​រហែក​ជា​ពីរ​ចាប់ពី​លើ​រហូតដល់​ក្រោម​ហើយ​ផែនដី​បាន​រញ្ជួយ​ឯ​ផ្ទាំង​ថ្ម​ក៏​ប្រេះ 52ផ្នូរបាន​របើក​ឡើង​ហើយ​រូបកាយ​អ្នក​បរិសុទ្ធ​ជាច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​បាន​រស់ឡើងវិញ 53និងបាន​ចេញ​ពី​ផ្នូរ​មក​ក្រោយពេល​ព្រះអង្គ​រស់ឡើងវិញ​ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​បរិសុទ្ធ​ទាំង​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជាច្រើន​ផង។ 54កាលនាយទាហាន​និង​ពួក​អ្នក​នៅយាម​ព្រះ​យេស៊ូ​ជាមួយ​គាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​និង​ហេតុការណ៍​ដែល​បាន​កើតឡើង​ក៏​ភ័យខ្លាច​យ៉ាងខ្លាំង​ទាំង​និយាយថា៖ ​«អ្នក​នេះ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ពិតមែន»។ 55នៅទីនោះមាន​ស្ដ្រី​ជាច្រើន​ដែល​បាន​តាម​បម្រើ​ព្រះ​យេស៊ូ​ពី​ស្រុក​កាលីឡេ​ផង​ដែរ​ពួក​នាង​បាន​សម្លឹងមើល​ពី​ចម្ងាយ 56នៅក្នុងចំណោម​នោះ​មាន​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​និង​លោក​យ៉ូសេស​ព្រមទាំង​ប្រពន្ធ​របស់​លោក​សេបេដេ​ផង។

ការបញ្ចុះសពព្រះយេស៊ូ

57លុះ​ដល់​ពេល​ល្ងាច​បុរស​អ្នក​មាន​ម្នាក់​មកពី​ក្រុង​អើរីម៉ាថេ​ឈ្មោះ​យ៉ូសែប​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ដែរ​នោះ​បាន​មកដល់ 58គាត់បាន​ទៅជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះ​យេស៊ូ​ពេលនោះ​លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ឲ្យ។ 59លោកយ៉ូសែប​បាន​យក​សព​រុំ​នឹង​សំពត់​ទេសឯក​ស្អាត​មួយ 60ហើយក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ដែល​គាត់​បាន​ដាប់​នៅក្នុង​ថ្ម។ ​កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​គាត់​ក៏​ចាកចេញទៅ 61ឯនាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​និង​នាង​ម៉ារា​ម្នាក់​ទៀត​បាន​អង្គុយ​នៅមុខ​ផ្នូរ​ទីនោះ​ដែរ។

ពួកទាហានយាមផ្នូរព្រះយេស៊ូ

62នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​ថ្ងៃ​រៀបចំ ▼
▼«ថ្ងៃរៀបចំ» គឺថ្ងៃសុក្រ មុនថ្ងៃសប្ប័ទ។
​ពួក​សម្ដេចសង្ឃ​និង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​ជួបជុំ​គ្នា​ជាមួយ​លោក​ពីឡាត់
63ប្រាប់ថា៖ ​«លោកម្ចាស់! ​យើង​នៅចាំ​ថា​ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅ​រស់​នៅឡើយ​ថា​បី​ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​រស់ឡើងវិញ 64ដូច្នេះសូម​លោក​បង្គាប់​គេ​ឲ្យ​យាម​ផ្នូរ​ដល់​ថ្ងៃ​ទីបី​ក្រែងលោ​ពួក​សិស្ស​របស់​វា​មក​លួច​យក​សព​រួច​ប្រាប់​ប្រជាជន​ថា​វា​រស់​ពី​ស្លាប់​ឡើងវិញ។ ​ការបោកប្រាស់​លើក​ចុងក្រោយ​នេះ​មុខជា​អាក្រក់​ជាង​លើក​មុន​ទៅ​ទៀត»។ 65លោកពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖ ​«អ្នករាល់គ្នា​មាន​អ្នកយាម​ហើយ​ចូរ​ទៅ​យាម​តាម​ដែល​អ្នករាល់គ្នា​យល់​ឃើញ​ចុះ» 66ពួកគេក៏​ចេញទៅ​ហើយ​ដាក់​អ្នកយាម​ឲ្យ​យាម​ផ្នូរ​និង​បាន​បោះត្រា​នៅលើ​ថ្ម​បិទ​ផ្នូរ​នោះទៀតផង។
Copyright information for KhmKCB