‏ Matthew 28

ព្រះយេស៊ូរស់ឡើងវិញ

1ព្រលឹម​ស្រាងៗ​នៅក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ក្រោយ​ថ្ងៃសប្ប័ទ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​និង​នាង​ម៉ារា​ម្នាក់​ទៀត​បាន​មក​មើល​ផ្នូរ។ 2ពេលនោះក៏​មាន​រញ្ជួយដី​យ៉ាងខ្លាំង​ដ្បិត​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចុះ​ពី​ស្ថានសួគ៌​មក​ហើយ​ចូលទៅជិត​ផ្នូរ​ប្រមៀល​ថ្ម​បិទផ្នូរនោះ​ចេញ​និង​បាន​អង្គុយ​នៅលើ​ថ្មនោះ។ 3រូបរាងរបស់​ទេវតានោះ​ភ្លឺ​ដូចជា​ផ្លេកបន្ទោរ​ហើយ​សម្លៀកបំពាក់​ស​ដូច​ព្រឹល។ 4ពួកអ្នក​យាម​ភ័យ​ញ័ររន្ធត់​ដោយ​ខ្លាច​ទេវតានោះ​ហើយ​ពួកគេ​ត្រលប់​ដូចជា​មនុស្ស​ស្លាប់។ 5ទេវតានោះ​ក៏​និយាយ​ទៅពួក​ស្ដ្រី​ទាំងនោះ​ថា៖ ​«កុំ​ខ្លាច​អី! ​ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​រក​ព្រះ​យេស៊ូ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ 6ព្រះអង្គមិន​នៅ​ទីនេះ​ទៀត​ទេ​ដ្បិត​ព្រះអង្គ​បាន​រស់​ពី​ការសោយទិវង្គត​ឡើងវិញ​ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​រួចហើយ​ចូរ​មក​មើល​កន្លែង​ដែល​គេ​ផ្ដេក​សព​ព្រះអង្គ​ចុះ 7ហើយចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ព្រះអង្គ​បាន​រស់​ពី​ការសោយទិវង្គត​ឡើងវិញ​ហើយ​មើល៍​ព្រះអង្គ​យាងទៅ​ស្រុក​កាលីឡេ​មុន​អ្នករាល់គ្នា​អ្នករាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅទីនោះ។ ​មើល៍! ​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួច​ហើយ»។ 8កាលបាន​ចាកចេញ​ពី​ផ្នូរ​យ៉ាងរហ័ស​ទាំង​ភ័យ​អរ​ជាខ្លាំង​ផង​នោះ​ពួកនាង​ក៏​រត់ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ 9ស្រាប់តែព្រះ​យេស៊ូ​បាន​មកជួប​ពួក​នាង​ទាំង​មានបន្ទូល​ថា៖ ​«ជម្រាបសួរ»។ ​ពួក​នាង​បាន​ចូលមកជិត​ចាប់ឱប​បាទា ▼
▼«បាទា» ជារាជសព្ទប្រើសម្រាប់ហៅ «ជើង»។
​ព្រះអង្គ​និង​បាន​ថ្វាយបង្គំ​ព្រះអង្គ។
10បន្ទាប់មកព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួក​នាង​ថា៖ ​«កុំ​ខ្លាច​អី! ​ចូរ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ថា​ឲ្យ​ពួកគេ​ទៅ​ស្រុក​កាលីឡេ​ចុះ​ហើយ​ពួកគេ​នឹង​ជួប​ខ្ញុំ​នៅទីនោះ»។

ពួកមេដឹកនាំសាសនាសូកពួកទាហាន

11កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​នោះ​ពួក​អ្នកយាម​ខ្លះ​បាន​ចូលទៅ​ក្នុង​ក្រុង​ប្រាប់​ពួក​សម្ដេចសង្ឃ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើតឡើង។ 12បន្ទាប់ពីពួកសម្ដេចសង្ឃ​បាន​ពិគ្រោះ​គ្នា​នឹង​ពួក​ចាស់ទុំ​រួចហើយ​ពួកគេ​ក៏​ឲ្យ​ប្រាក់​ជាច្រើន​ដល់​ពួក​ទាហាន 13ដោយប្រាប់​ថា៖ ​«ចូរ​និយាយ​ថា​ពេល​យើង​កំពុង​ដេកលក់​ពួក​សិស្ស​របស់​វា​បាន​មក​លួច​យក​សព​របស់វា​ទាំងយប់ 14ហើយបើ​រឿង​នេះ​ឮ​ដល់​លោក​អភិបាល​យើង​នឹង​បញ្ចុះបញ្ចូល​គាត់​មិន​ឲ្យ​អ្នករាល់គ្នា​មាន​បញ្ហា​ទេ»។ 15ពួកទាហាន​ក៏​ទទួលយក​ប្រាក់​ហើយ​ធ្វើតាម​ដូចដែល​ពួកគេ​បង្គាប់។ ​ដូច្នេះ​រឿង​នេះ​ក៏​បាន​ឮសុសសាយ​ក្នុងចំណោម​ជនជាតិ​យូដា​រហូតដល់​សព្វថ្ងៃ។

ព្រះយេស៊ូប្រទានមហាបេសកកម្ម

16ពួក​សិស្ស​ទាំងដប់មួយ​នាក់​បាន​ទៅ​ស្រុក​កាលីឡេ​ឆ្ពោះទៅ​ភ្នំ​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ពួកគេ​ទៅ។ 17កាលឃើញ​ព្រះអង្គ​ហើយ​ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ​ប៉ុន្ដែ​អ្នក​ខ្លះ​នៅតែ​សង្ស័យ 18នោះព្រះ​យេស៊ូ​ក៏​យាងមកជិត​ពួកគេ​មានបន្ទូល​ថា៖ ​«ខ្ញុំ​បាន​ទទួល​សិទ្ធិអំណាច​ទាំងអស់​ទាំង​នៅ​ស្ថានសួគ៌​និង​នៅ​ផែនដី 19ដូច្នេះចូរ​ទៅ​បង្កើតសិស្ស​ពី​គ្រប់​ជនជាតិ​ហើយ​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​ពួកគេ​នៅក្នុង​ព្រះ​នាម​ព្រះ​វរ​បិតា​ព្រះ​រាជ​បុត្រា​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ 20ហើយបង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នករាល់គ្នា​ហើយ​មើល៍​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់​ពេលវេលា​រហូតដល់​អស់កល្ប» ​៕
Copyright information for KhmKCB