‏ Matthew 6

ព្រះយេស៊ូបង្រៀនអំពីការចែកទាន

1ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​កុំ​បង្ហាញ​សេចក្ដីសុចរិត​របស់​អ្នករាល់គ្នា​នៅមុខ​មនុស្ស​ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​បើ​មិនដូច្នោះទេ​អ្នករាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ឡើយ។ 2ដូច្នេះពេល​អ្នក​ចែកទាន​ចូរ​កុំ​ផ្លុំត្រែ ▼
▼«ផ្លុំ​ត្រែ​»​ គឺ​ជា​សកម្ម​ភាព​មួយ​ប្រកាស​អួត​ឲ្យ​គេ​ដឹង​អំពី​ការ​ល្អ​ដែល​ខ្លួន​កំពុង​ធ្វើ​។​
​ដើម្បី​ចេញ​មុខ​ដូចជា​ពួក​មនុស្សមានពុត​បាន​ធ្វើ​នៅក្នុង​សាលាប្រជុំ​និង​នៅ​តាម​ផ្លូវ​ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន​នោះ​ទេ។ ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​គេ​មាន​រង្វាន់​របស់​គេ​ហើយ។
3ប៉ុន្ដែពេល​អ្នក​ចែកទាន​ចូរ​កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​ការ​ដែល​ដៃ​ស្ដាំ​របស់​អ្នក​ធ្វើ​ឡើយ 4ដើម្បីឲ្យ​ការ​ចែកទាន​របស់​អ្នក​ស្ងាត់កំបាំង​ហើយ​ព្រះ​វរបិតា​របស់​អ្នក​ដែល​មើលឃើញ​នៅ​ទីស្ងាត់កំបាំង​នឹង​ប្រទានរង្វាន់​ដល់​អ្នក។

ព្រះយេស៊ូបង្រៀនអំពីការអធិស្ឋាន

5នៅពេល​អ្នករាល់គ្នា​អធិស្ឋាន​ចូរ​កុំ​ធ្វើ​ដូចជា​ពួក​មនុស្សមានពុត​ព្រោះ​ពួកគេ​ចូលចិត្ដ​ឈរ​អធិស្ឋាន​នៅក្នុង​សាលាប្រជុំ​និង​ទី​សាធារណៈ​ដើម្បី​ឲ្យ​គេ​មើលឃើញ​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​គេ​មាន​រង្វាន់​របស់​គេ​ហើយ 6ផ្ទុយទៅវិញពេល​អ្នក​អធិស្ឋាន​ចូរ​ទៅ​ក្នុង​បន្ទប់ស្ងាត់​បិទ​ទ្វារ​ហើយ​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​ដែល​គង់​នៅ​ទីស្ងាត់កំបាំង​នោះ​ព្រះ​វរបិតា​ដែល​ទតឃើញ​នៅ​ទីស្ងាត់កំបាំង​នឹង​ប្រទានរង្វាន់​ដល់​អ្នក។ 7ហើយនៅពេល​អធិស្ឋាន​ចូរ​កុំ​និយាយ ▼
▼«និយាយប៉ប៉ាច់ប៉ប៉ោច» និយាយច្រំដែលៗមិនដាច់សូរ។
​ប៉ប៉ាច់ប៉ប៉ោច​ដូច​សាសន៍ដទៃ​ព្រោះ​គេ​គិត​ថា​ព្រះ​របស់​គេ​ឮ​សំដី​ដ៏ហូរហៀរ​របស់​គេ។
8ដូច្នេះកុំ​ធ្វើ​ដូច​ពួកគេ​ឡើយ​ដ្បិត​ព្រះ​វរបិតា​ជ្រាប​ពី​សេចក្ដីត្រូវការ​របស់​អ្នករាល់គ្នា​មុន​អ្នករាល់គ្នា​ទូលសុំ​ទៅទៀត។

9ដូច្នេះ​ចូរ​អ្នករាល់គ្នា​អធិស្ឋាន​ដូចនេះ​ថា

«ឱ​ព្រះ​វរបិតា​នៃ​យើងខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​អើយ! ​សូម​ឲ្យ​ព្រះ​នាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ
10សូមឲ្យ​រាជ្យ ▼
▼«រាជ្យ» ភាសាដើមជាពាក្យ «នគរ»។ មាន​នៅ​ក្នុង ៦:១៣ ដែរ។​
​របស់​ព្រះអង្គ​បាន​មកដល់​សូម​ឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​ដែរ។

11សូម​ប្រទាន​អាហារ​ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​នៅ​ថ្ងៃនេះ។

12សូម​លើកលែងទោស​កំហុស​យើងខ្ញុំ​ដូចជា​យើង​ខ្ញុំ​បាន​លើកលែងទោស​ដល់​អស់​អ្នកដែលធ្វើខុស​នឹង​យើងខ្ញុំ​ដែរ។

13សូម​កុំ​បណ្ដោយ​យើងខ្ញុំ​ឲ្យទៅ​ក្នុង​សេចក្ដីល្បួង​ប៉ុន្ដែ​សូម​ប្រោស​យើងខ្ញុំ​ឲ្យរួច​ពី​សេចក្ដីអាក្រក់ ▼
▼«សេចក្ដីអាក្រក់» ឬមានន័យថា «អារក្សសាតាំង»។
​វិញ​[ ▼
▼«ដ្បិតរាជ្យ...អាមែន» នៅក្នុងឯកសារដើមខ្លះគ្មានផ្នែកនេះទេ។
​ដ្បិត​រាជ្យ​ព្រះចេស្ដា​និង​សិរីល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់កល្ប​ជានិច្ច​អាម៉ែន​]។

14ដ្បិត​បើ​អ្នករាល់គ្នា​លើកលែងទោស​កំហុស​ដល់​មនុស្ស​នោះ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​លើកលែងទោស​ដល់​អ្នករាល់គ្នា​ដែរ 15ប៉ុន្ដែបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ដល់​មនុស្ស​ទេ​នោះ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ក៏​មិន​លើកលែងទោស​កំហុស​របស់​អ្នករាល់គ្នា​ដែរ។

ព្រះយេស៊ូបង្រៀនអំពីការតមអាហារ

16នៅពេល​អ្នករាល់គ្នា​តមអាហារ​ចូរ​កុំ​ធ្វើ​មុខក្រៀម​ដូចជា​ពួក​មនុស្សមានពុត​ឲ្យសោះ​ពួកគេ​បង្ហាញ​ទឹកមុខ​ស្រពោន​ដើម្បី​ឲ្យ​មនុស្ស​មើលឃើញ​ថា​ពួកគេ​កំពុង​តមអាហារ។ ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។ 17ដូច្នេះនៅពេល​អ្នក​តមអាហារ​ចូរ​លុបលាង ▼
▼«លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​»​ ពួក​យូដា​តែង​រោយ​ផេះ​នៅ​លើ​ក្បាល​នៅ​ពេល​គេ​តម​ ដើម្បី​បង្ហាញ​អ្នក​ដទៃ​ថា​ខ្លួន​កំពុង​តម​។​
​មុខ​ហើយ​លាបប្រេង​លើ​ក្បាល​ចុះ
18ដើម្បីកុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​អ្នក​កំពុង​តមអាហារ​ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះ​វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទីស្ងាត់កំបាំង​វិញ​ហើយ​ព្រះ​វរបិតា​របស់​អ្នក​ដែល​ទតឃើញ​នៅក្នុង​ទីស្ងាត់កំបាំង​នឹង​ប្រទានរង្វាន់​ដល់​អ្នក។

ព្រះយេស៊ូបង្រៀនអំពីទ្រព្យសម្បត្ដិនៅផែនដី

19ចូរ​កុំ​សន្សំ​ទ្រព្យសម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ផែនដី​ឲ្យសោះ​ដ្បិត​ជាកន្លែង​ដែល​មាន​កណ្ដៀរ​និង​ច្រែះ​ស៊ី​បំផ្លាញ​ហើយ​ជាកន្លែង​ដែល​មាន​ចោរ​គាស់ទម្លាយ​ចូល​លួច​ផង 20ដូច្នេះចូរ​សន្សំ​ទ្រព្យសម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ស្ថានសួគ៌​ដ្បិត​ជាកន្លែង​គ្មាន​កណ្ដៀរ​គ្មាន​ច្រែះ​ស៊ី​បំផ្លាញ​ហើយ​ក៏​ជាកន្លែង​គ្មាន​ចោរ​គាស់ទម្លាយ​ចូល​លួច​ដែរ 21ដ្បិតទ្រព្យសម្បត្ដិ​របស់​អ្នក​នៅ​កន្លែងណា​ចិត្ដ​របស់​អ្នក​ក៏​នៅ​ទីនោះ​ដែរ។ 22ភ្នែកជា​ចង្កៀង​នៃ​រូបកាយ​ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​នោះ​រូបកាយ​របស់​អ្នក​ទាំងមូល​នឹង​ភ្លឺ​ដែរ 23ប៉ុន្ដែបើ​ភ្នែក​របស់​អ្នក​មិនល្អ​នោះ​រូបកាយ​របស់​អ្នក​ទាំងមូល​នឹង​ត្រលប់ជា​ងងឹត​សូន្យសុង​ហើយ​បើ​ពន្លឺ​ក្នុង​ខ្លួន​របស់​អ្នក​ជា​សេចក្ដីងងឹត​ទៅហើយ​ចុះ​សេចក្ដីងងឹត​នឹង​ទៅជា​សូន្យសុង​យ៉ាងណា​ទៅទៀត!

24គ្មាន​អ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ​ដ្បិត​អ្នកនោះ​នឹង​ស្អប់​មួយ​ស្រលាញ់​មួយ​ឬ​ស្មោះត្រង់​នឹង​មួយ​ហើយ​មើលងាយ​មួយ​ទៀត។ ​អ្នករាល់គ្នា​មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​បម្រើ​ទ្រព្យសម្បត្ដិ​ផង​បាន​ទេ។

ព្រះយេស៊ូបង្រៀនកុំឲ្យខ្វល់ខ្វាយ

25ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​កុំ​ខ្វល់ខ្វាយ​នឹង​ជីវិត​និង​អ្វី​ដែល​ត្រូវ​បរិភោគ​ឬ​ផឹក​នោះ​ឡើយ​ហើយ​ក៏​កុំ​ខ្វល់ខ្វាយ​នឹង​រូបកាយ​ថា​ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​តើ​ជីវិត​មិន​វិសេសជាង​អាហារ​ហើយ​រូបកាយ​មិន​វិសេស​ជាង​សម្លៀកបំពាក់​ទេ​ឬ? 26ចូរមើល​សត្វស្លាប​លើ​មេឃ​ដ្បិត​ពួកវា​មិន​បាន​សាបព្រោះ​ឬ​ច្រូតកាត់​ប្រមូល​ផល​ដាក់​ជង្រុក​ទេ​ប៉ុន្ដែ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​បាន​ចិញ្ចឹម​ពួកវា​តើ​អ្នករាល់គ្នា​គ្មាន​តម្លៃ​លើស​ពួកវា​ទេ​ឬ? 27ក្នុងចំណោម​អ្នករាល់គ្នា​តើ​អ្នក​ដែល​ខ្វល់ខ្វាយ​អាច​បន្ថែម​កំពស់​ខ្លួនឯង​បាន​មួយ​ហត្ថ ▼
▼«ហត្ថ» ខ្នាតរង្វាស់ប្រវែងសម្រាប់ជាងឈើពីបុរាណ ស្មើនឹងកន្លះម៉ែត្រ។
​ដែរ​ឬទេ?
28ហេតុអ្វីបានជា​អ្នករាល់គ្នា​ខ្វល់ខ្វាយ​នឹង​សម្លៀកបំពាក់​យ៉ាងដូច្នេះ? ​ចូរ​សង្កេតមើល​ផ្កាព្រៃ​នៅតាម​វាល​ពួកវា​ដុះឡើង​យ៉ាង​ដូចម្ដេច​ពួកវា​មិន​ធ្វើការ​ឬ​ត្បាញរវៃ​អ្វីឡើយ 29ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​សូម្បីតែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរីរុងរឿង​គ្រប់​យ៉ាង​ក៏​ស្លៀកពាក់​មិន​បាន​ស្អាត​ដូចជា​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង។ 30បើព្រះជាម្ចាស់​តុបតែង​ស្មៅ​នៅតាម​វាល​ដែល​ដុះ​នៅ​ថ្ងៃនេះ​ហើយ​ថ្ងៃស្អែក​ត្រូវ​បោះទៅ​ក្នុង​ឡភ្លើង​យ៉ាងនោះ​ទៅហើយ​ឱ​មនុស្ស​មានជំនឿតិច​អើយ! ​តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​វិសេស​ជាង​នោះ​ទេ​ឬ? 31ដូច្នេះកុំ​ខ្វល់ខ្វាយ​ថា​ត្រូវ​បរិភោគ​អ្វី​ផឹក​អ្វី​ឬ​ស្លៀកពាក់​អ្វី​ឡើយ 32ដ្បិតសាសន៍ដទៃ​ស្វែងរក​របស់​ទាំងអស់​នេះ​ឯ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា​អ្នករាល់គ្នា​ក៏​ត្រូវការ​របស់​ទាំងអស់​នេះ​ដែរ។ 33ចូរស្វែងរក​នគរ​ព្រះជាម្ចាស់​និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជាមុន​នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នករាល់គ្នា 34ដូច្នេះចូរ​កុំ​ខ្វល់ខ្វាយ​ពី​ថ្ងៃស្អែក​ឡើយ​រឿង​ថ្ងៃស្អែក​ចាំគិត​ថ្ងៃស្អែក​ដ្បិត​បញ្ហា​មួយថ្ងៃៗ​ល្មមគ្រប់គ្រាន់​ហើយ។
Copyright information for KhmKCB