‏ Matthew 7

ព្រះយេស៊ូបង្រៀនថាកុំថ្កោលទោសអ្នកដទៃ

1កុំ​ថ្កោលទោស​គេ​ក្រែងលោ​អ្នករាល់គ្នា​ទទួល​ការថ្កោលទោស​វិញ 2ដ្បិតអ្នករាល់គ្នា​ថ្កោលទោស​គេ​យ៉ាងណា​អ្នករាល់គ្នា​នឹង​ទទួល​ការថ្កោលទោស​យ៉ាងនោះ​វិញ​ហើយ​អ្នករាល់គ្នា​នឹង​ទទួល​តាម​រង្វាល់​ដែល​អ្នករាល់គ្នា​បាន​វាល់​ឲ្យ​គេ។ 3ហេតុអ្វីក៏​អ្នក​មើលឃើញ​កម្ទេចល្អិត​នៅក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅក្នុង​ភ្នែក​របស់​ខ្លួន​យ៉ាងដូច្នេះ? 4បើអ្នក​មាន​សសរ​នៅក្នុង​ភ្នែក​របស់​ខ្លួន​តើ​អ្នក​នឹង​និយាយ​បាន​យ៉ាងដូចម្ដេច​ទៅកាន់​បងប្អូន​របស់​អ្នក​ថា​ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេចល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក? 5ឱមនុស្សមានពុត​អើយ! ​ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជាមុនសិន​នោះ​អ្នក​នឹង​មើលឃើញ​ច្បាស់​ដើម្បី​យក​កម្ទេចល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។ 6កុំឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែ​ហើយកុំ​បោះ​គជ់ ▼
▼វត្ថុ​ជា​ដុំ​ដូច​ជា​ពក​ មាន​សាច់​រឹង​ដូច​កែវ​​ កើត​មាន​ក្នុង​សរីរកាយ​ ឬ​ក្នុង​ក្បាល​នៃ​សត្វ​ទាំង​ឡាយ​: ​គជ់​ខ្យង​ គជ់​គ្រំ​​ ​គជ់​ដំរី​ គជ់​ក្រៀល​។​
​ឲ្យ​ជ្រូក​ក្រែងលោ​ពួកវា​ជាន់កម្ទេច​ហើយ​បែរមក​ខាំហែក​អ្នករាល់គ្នា​វិញ។

ព្រះយេស៊ូបង្រៀនឲ្យព្យាយាមអធិស្ឋាន

7ចូរ​សុំ​នោះ​អ្នករាល់គ្នា​នឹង​បាន​ទទួល​ចូរ​រក​នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​ចូរ​គោះ​នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា 8ដ្បិតអ្នកណា​សុំ​នោះ​បាន​ទទួល​អ្នកណា​រក​នោះ​បាន​ឃើញ​ហើយ​អ្នក​ណា​គោះ​នោះ​គេ​នឹង​បើក​ឲ្យ។ 9ក្នុងចំណោមអ្នករាល់គ្នា​តើ​នរណា​ឲ្យ​ដុំថ្ម​ដល់​កូន​ពេល​កូន​សុំ​នំប៉័ង 10ឬឲ្យ​ពស់​វែក​ដល់​កូន​ពេល​កូន​សុំ​ត្រី​ដែរឬទេ? 11ដូច្នេះបើ​អ្នករាល់គ្នា​ជា​មនុស្ស​អាក្រក់​ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​នោះ​តើ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​អំណោយ​ល្អៗ​លើស​នេះ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​យ៉ាងណា​ទៅទៀត។ 12អ្នករាល់គ្នាចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​គ្រប់ការ​ទាំងអស់​ចំពោះ​ខ្លួន​យ៉ាងណា​ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាងនោះ​ដែរ​ដ្បិត​នេះ​ជា​សេចក្ដី​សង្ខេប​នៃ​គម្ពីរវិន័យ​និង​ជា​ពាក្យ​របស់​អ្នកនាំព្រះបន្ទូល។

ផ្លូវទៅនគរព្រះជាម្ចាស់ជាផ្លូវចង្អៀត

13ចូរ​ចូល​តាម​ទ្វារ​ចង្អៀត​ដ្បិត​ទ្វារ​ធំ​និង​ផ្លូវ​ទូលាយ​នាំទៅ​រក​សេចក្ដី​វិនាស​ហើយ​មនុស្ស​ជាច្រើន​កំពុង​ចូល​តាម​ទ្វារនោះ 14ឯទ្វារ​ចង្អៀត​និង​ផ្លូវ​តូច​នាំទៅ​រក​ជីវិត​ហើយ​មាន​មនុស្ស​តិចណាស់​រកឃើញ។

ព្រះយេស៊ូបង្រៀនអំពីគ្រូក្លែងក្លាយ

15ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នកនាំព្រះបន្ទូល​ក្លែងក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នករាល់គ្នា​តែ​ខាងក្នុង​វិញ​ជា​ឆ្កែចចក​កាចសាហាវ 16រួចអ្នករាល់គ្នា​នឹង​ស្គាល់​ពួកគេ​ដោយសារ​ផលផ្លែ​របស់​ពួកគេ​តើ​មាន​នរណា​ប្រមូល​ផល​ទំពាំងបាយជូរ​ពី​គុម្ពបន្លា​ឬ​ផ្លែល្វា​ពី​ដើម​កន្ដ្រើយ​ដែរឬទេ? 17ដូច្នេះដើមឈើ​ណា​ល្អ​ឲ្យ​ផ្លែ​ល្អ​ហើយ​ដើមឈើ​ណា​មិនល្អ​ក៏​ឲ្យ​ផ្លែ​មិនល្អ​ដែរ 18ដ្បិតដើមឈើ​ល្អ​មិន​អាច​ឲ្យ​ផ្លែ​មិនល្អ​ទេ​ហើយ​ដើមឈើ​មិនល្អ​ក៏​មិន​អាច​ឲ្យ​ផ្លែ​ល្អ​ដែរ 19ដើមឈើណា​មិន​ឲ្យ​ផ្លែ​ល្អ​គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង 20ដូច្នេះអ្នករាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផលផ្លែ​របស់​គេ 21មិនមែន​អ្នក​ទាំងឡាយ​ណា​ដែល​និយាយ​មកកាន់​ខ្ញុំ​ថា​ព្រះអម្ចាស់​ព្រះអម្ចាស់! ​នឹង​បាន​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ​ប៉ុន្ដែ​អ្នក​ដែល​ចូល​បាន​គឺ​អ្នក​ដែល​ធ្វើតាម​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​។​ 22នៅថ្ងៃ​នោះ​មនុស្ស​ជាច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​ព្រះអម្ចាស់​ព្រះអម្ចាស់! ​តើ​យើងខ្ញុំ​មិន​បាន​ថ្លែងព្រះបន្ទូល​បណ្ដេញ​អារក្ស​និង​ធ្វើ​កិច្ចការ​ដ៏មានអំណាច​ជាច្រើន​នៅក្នុង​ព្រះ​នាម​របស់​ព្រះអង្គ​ទេ​ឬ? 23ពេលនោះខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​វិញ​ថា​ខ្ញុំ​មិនដែល​ស្គាល់​អ្នករាល់គ្នា​ទេ​ចូរ​ចេញ​ទៅ​ពួក​ល្មើសច្បាប់!

ព្រះយេស៊ូបង្រៀនអំពីគ្រឹះពីរយ៉ាង

24ដូច្នេះ​អស់អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំងនេះ​ហើយ​ប្រព្រឹត្តតាម​អ្នកនោះ​ប្រៀបដូចជា​មនុស្ស​វៃឆ្លាត​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្មដា 25ពេលភ្លៀង​ធ្លាក់មក​ទឹកជន់​ឡើង​ហើយ​ខ្យល់​បក់​ខ្លាំង​ក៏​ផ្ទះនោះ​មិន​រលំ​ដែរ​ដ្បិត​វា​បាន​ចាក់គ្រឹះ​នៅ​លើ​ថ្មដា។ 26អស់អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំងនេះ​ហើយ​មិន​ប្រព្រឹត្តតាម​អ្នកនោះ​ប្រៀបដូចជា​មនុស្ស​ល្ងង់​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដីខ្សាច់ 27ពេលភ្លៀង​ធ្លាក់មក​ទឹកជន់​ឡើង​ហើយ​ខ្យល់​បក់​ខ្លាំង​ផ្ទះនោះ​ក៏​ដួលរលំ​ខ្ទេចខ្ទី​អស់»។

28កាល​ព្រះ​យេស៊ូ​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​ចប់​សព្វគ្រប់​ហើយ​បណ្ដាជន​នឹកអស្ចារ្យក្នុងចិត្ដ​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ 29ដ្បិតពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ដូចជា​អ្នក​មាន​សិទ្ធិអំណាច​មិន​ដូចជា​ពួក​គ្រូវិន័យ​របស់​ពួកគេ​ឡើយ។
Copyright information for KhmKCB