‏ Revelation of John 1

1នេះជា​ការ​បើកសំដែង​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ព្រះអង្គ​ដើម្បី​បង្ហាញ​ពួក​បាវ​បម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើតឡើង​ឆាប់ៗ​នេះ។ ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ដោយ​ចាត់​ទេវតា​របស់​ព្រះអង្គ​ទៅ​ឯ​លោក​យ៉ូហាន​ជា​បាវបម្រើ​របស់​ព្រះអង្គ។ 2លោកយ៉ូហាន​បាន​ធ្វើបន្ទាល់​ពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​និង​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​គឺ​ជា​ហេតុការណ៍​ទាំងឡាយ​ដែល​គាត់​បាន​ឃើញ។ 3មានពរ​ហើយ​អ្នក​ណា​ដែល​អាន​និង​ស្ដាប់​ពាក្យ​ថ្លែង​ព្រះ​បន្ទូល​ទាំងនេះ​ហើយ​កាន់​តាម​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែង​ទុក​នៅក្នុង​នោះ​ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។ 4ខ្ញុំយ៉ូហាន​ជូន​ចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី។ ​សូម​ឲ្យ​អ្នករាល់គ្នា​ទទួល​បាន​ព្រះ​គុណ​និង​សេចក្ដី​សុខសាន្ត​ពី​ព្រះអង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​គង់​នៅ​តាំង​ពី​ដើម​ហើយ​ដែល​ត្រូវ​យាង​មក​និង​ពី​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​ដែល​នៅ​ពីមុខ​បល្ល័ង្ក​របស់​ព្រះអង្គ 5ព្រមទាំងពី​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​សាក្សី​ដ៏​ស្មោះត្រង់​ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់ទាំង​ស្ដេច​នៅ​ផែនដី។ ​សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រលាញ់​យើង​ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ 6ព្រមទាំងធ្វើ​ឲ្យ​យើង​ត្រលប់​ជា​នគរ​មួយ​និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរីរុងរឿង​និង​ព្រះ​ចេស្ដា​រហូត​អស់​កល្ប​ជានិច្ច។ ​អាម៉ែន។ 7មើល៍ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​សូម្បី​តែ​ពួក​អ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ហើយ​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយព្រោះ​ព្រះអង្គ​នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។ ​អាម៉ែន។ 8ព្រះអម្ចាស់ដ៏​ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​គង់​នៅ​តាំង​ពី​ដើម​ហើយ​ដែល​ត្រូវ​យាង​មក​គឺ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​ព្រះអង្គ​មានបន្ទូល​ថា៖ ​«យើង​ជា​អាល់ផា​និង​ជា​អូមេកា»។ 9ខ្ញុំយ៉ូហាន​ជា​បងប្អូន​របស់​អ្នករាល់គ្នា​ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​ព្រះ​យេស៊ូ​គឺ​នៅក្នុង​សេចក្ដី​វេទនា​នៅក្នុង​នគរ​និង​នៅក្នុង​ការ​ស៊ូទ្រាំ។ ​ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយព្រោះ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​និង​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ។ 10នៅថ្ងៃ​របស់​ព្រះអម្ចាស់​ខ្ញុំ​បាន​លង់​នៅក្នុង​វិញ្ញាណ​ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​យ៉ាង​ខ្លាំង​មួយ​ដូចជា​សំឡេង​ត្រែ​នៅ​ពីក្រោយ​ខ្ញុំ 11បន្លឺឡើង​ថា៖ ​«អ្វី​ដែល​អ្នក​ឃើញ​ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ក្រុង​ស្មឺណា​ក្រុង​ពើការម៉ុស​ក្រុង​ធាទេរ៉ា​ក្រុង​សើដេស​ក្រុង​ភីឡាដិលភា​និង​ក្រុង​ឡៅឌីសេ»។ 12ខ្ញុំក៏​បែរទៅ​មើល​សំឡេង​ដែល​មានបន្ទូល​មក​ខ្ញុំ​នោះ​ពេល​បែរ​ទៅ​ហើយ​ខ្ញុំ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ 13ហើយនៅ​កណ្ដាល​ជើង​ចង្កៀង​នោះ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​ពាក់​អាវវែង​ដល់​ជើង​ហើយ​ពាក់​ខ្សែក្រវាត់​មាស​នៅ​ដើមទ្រូង​ផង។ 14សក់របស់​លោក​ស​ដូចជា​រោម​ចៀម​ពណ៌​ស​គឺ​ស​ដូចជា​ព្រឹល​ហើយ​ភ្នែក​របស់​លោក​ដូចជា​អណ្ដាត​ភ្លើង 15ជើងរបស់​លោក​ដូចជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅក្នុង​ឡភ្លើង​ហើយ​សំឡេង​របស់​លោក​ដូចជា​សំឡេង​ទឹក​ជាច្រើន​ដែល​ឮ​យ៉ាងខ្លាំង។ 16លោកកាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​ក៏​មាន​ដាវ​មុខ​ពីរ​ដ៏​មុត​ចេញ​ពី​មាត់​លោក​មក​ហើយ​មុខ​លោក​ដូចជា​ព្រះអាទិត្យ​ភ្លឺ​ពេញ​កំដៅ។ 17ពេលខ្ញុំ​ឃើញ​លោក​ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ដូចជា​មនុស្ស​ស្លាប់​ប៉ុន្ដែ​លោក​បាន​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ​ទាំង​និយាយ​ថា៖ ​«កុំ​ខ្លាច​អី! ​យើង​ជា​មុនគេ​និង​ជា​ក្រោយគេ 18ហើយជា​ព្រះ​ដ៏​រស់​យើង​បាន​ស្លាប់​ប៉ុន្ដែ​មើល៍​យើង​រស់​នៅ​រហូត​អស់កល្ប​ជានិច្ច​យើង​ក៏​មាន​កូនសោ​នៃ​សេចក្ដី​ស្លាប់​និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។ 19ដូច្នេះចូរ​កត់ត្រា​ហេតុការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​ឃើញ​គឺ​ហេតុការណ៍​នៅពេល​នេះ​និង​ហេតុការណ៍​ដែល​នឹង​មក​តាមក្រោយ។ 20រីឯអាថ៌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃ​ស្ដាំ​របស់​យើង​និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ​គឺ​ដូច្នេះ​ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទេវតា​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះ​ហើយ»។
Copyright information for KhmKCB