‏ Revelation of John 10

1ខ្ញុំបាន​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​មក​ពី​លើ​មេឃ​មាន​ពពក​ព័ទ្ធ​ជុំ​វិញ​ហើយ​នៅ​លើ​ក្បាល​មាន​ឥន្ទធនូ​មុខ​ទេវតា​នោះ​ដូចជា​ព្រះអាទិត្យ​រីឯ​ជើង​ដូចជា​បង្គោល​ភ្លើង 2ហើយនៅក្នុង​ដៃ​មាន​សៀវភៅ​តូច​មួយ​ដែល​បាន​បើក​ជាស្រេច។ ​ទេវតា​នោះ​បាន​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ​ហើយ​ជើង​ឆ្វេង​លើ​ដី​គោក 3ទាំងស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដូចជា​សត្វ​តោ​ស្រែក​រោទ៍​ហើយ​ពេល​ទេវតា​នោះ​ស្រែក​ឡើង​ផ្គរលាន់​ទាំង​ប្រាំពីរ​ក៏​និយាយ​ដែរ។ 4នៅពេលផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​រួច​ហើយ​នោះ​ខ្ញុំ​ក៏​បម្រុង​នឹង​សរសេរ​ទុក​ប៉ុន្ដែ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ ​«ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​នោះ​ទៅ​កុំ​សរសេរ​សេចក្ដី​ទាំងនោះ​ទុក​ឡើយ»។ 5បន្ទាប់មកទេវតា​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ​និង​លើ​ដីគោក​នោះ​ក៏​លើក​ដៃ​ស្ដាំ​ឡើង​ទៅ​ស្ថានសួគ៌ 6ហើយស្បថ​នឹង​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​និង​អ្វីៗ​នៅ​លើ​មេឃ​ផែនដី​និង​អ្វីៗ​នៅ​លើ​ផែនដី​ព្រមទាំង​សមុទ្រ​និង​អ្វីៗ​នៅក្នុង​សមុទ្រ​ថា​៖​​«គ្មាន​ពេលវេលា​ទៀត​ឡើយ 7ដ្បិតនៅ​គ្រា​នៃ​សំឡេង​ត្រែ​របស់​ទេវតា​ទីប្រាំពីរ​ដែល​លោក​បម្រុង​នឹង​ផ្លុំ​នោះ​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​នឹង​បាន​សម្រេច​ដូច​ព្រះអង្គ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ជា​បាវ​បម្រើ​របស់​ព្រះអង្គ»។ 8បន្ទាប់មកសំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ​ក៏​និយាយ​មកកាន់​ខ្ញុំ​ម្ដងទៀត​ថា៖ ​«ចូរ​ទៅ​យក​សៀវភៅ​ដែល​បាន​បើក​ជាស្រេច​នៅក្នុង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ​និង​លើ​ដីគោក​នោះ​ចុះ»។ 9ដូច្នេះខ្ញុំ​ក៏​ទៅ​ហើយ​ប្រាប់​ទេវតា​នោះ​ឲ្យ​ប្រគល់​សៀវភៅ​តូច​នោះ​មក​ខ្ញុំ។ ​ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖ ​«ចូរ​យក​សៀវភៅ​នេះ​ទៅ​បរិភោគ​ចុះ​សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​អ្នក​ល្វីង​ប៉ុន្ដែ​នៅក្នុង​មាត់​អ្នក​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ»។ 10ខ្ញុំក៏​យក​សៀវភៅ​តូច​នោះ​ពី​ដៃ​ទេវតា​រួច​បរិភោគ​ទៅ​ហើយ​នៅក្នុង​មាត់​ខ្ញុំ​សៀវភៅ​តូច​នោះ​ផ្អែម​ដូច​ទឹកឃ្មុំ​លុះ​ពេល​ខ្ញុំ​បរិភោគ​រួច​ហើយ​ក៏​ធ្វើ​ឲ្យ​ពោះ​ខ្ញុំ​ល្វីង​មែន។ 11បន្ទាប់មកពួកគេ​ប្រាប់​ខ្ញុំ​ថា៖ ​«អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​ម្ដងទៀត​អំពី​ជនជាតិ​អំពី​ប្រទេស​អំពី​ភាសា​និង​អំពី​ស្ដេច​ជាច្រើន»។
Copyright information for KhmKCB