‏ Revelation of John 11

1បន្ទាប់មកខ្ញុំ​បាន​ទទួល​ដំបង​មួយ​ដែល​ដូចជា​ឈើច្រត់​ក៏​មាន​គេ​និយាយ​មក​ខ្ញុំ​ថា៖ ​«ចូរ​ក្រោកឡើង​ហើយ​វាស់​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​និង​កន្លែងថ្វាយតង្វាយ​ព្រមទាំង​រាប់​ពួក​អ្នក​ដែល​ថ្វាយបង្គំ​នៅ​ទីនោះ 2ប៉ុន្ដែចូរ​ទុក​ទីលាន​ខាងក្រៅ​ព្រះ​វិហារ​ដោយ​ឡែក​កុំ​វាស់​ទីនោះ​ឡើយ​ដ្បិត​ទីនោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាសន៍ដទៃ​ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ទីក្រុង​បរិសុទ្ធ​អស់​រយៈពេល​សែសិប​ពីរ​ខែ។ 3យើងនឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់​យើង​ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល​អស់​រយៈពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ​ទាំង​ស្លៀក​សំពត់ធ្មៃ»។ 4អ្នកទាំងនេះ​ជា​ដើម​អូលីវ​ទាំង​ពីរ​និង​ជា​ជើងចង្កៀង​ទាំង​ពីរ​ដែល​ឈរ​នៅ​ពី​មុខ​ព្រះអម្ចាស់​នៃ​ផែនដី។ 5បើមាន​អ្នកណា​ម្នាក់​ចង់​ធ្វើទុក្ខ​ពួកគេ​នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​ពួកគេ​មក​ហើយ​ឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​ពួកគេ។ ​ដូច្នេះ​បើ​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើទុក្ខ​ពួកគេ​អ្នក​នោះ​ត្រូវតែ​ស្លាប់​បែប​នេះ​ឯង។ 6អ្នកទាំងនេះ​មាន​អំណាច​នឹង​បិទ​មេឃ​មិន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ថ្លែង​ព្រះបន្ទូល​ហើយ​ក៏​មាន​អំណាច​លើ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ទឹក​ត្រលប់ទៅជា​ឈាម​ព្រមទាំង​វាយ​ប្រហារ​ផែនដី​ដោយ​គ្រោះកាច​គ្រប់​យ៉ាង​ជា​ញឹកញាប់​តាមតែ​ពួកគេ​ចង់។ 7កាលអ្នក​ទាំងនេះ​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ​មាន​សត្វ​សាហាវ​ឡើង​ពី​ទីជម្រៅ​មក​ច្បាំង​ជាមួយ​ពួកគេ​ក៏​ឈ្នះ​ពួកគេ​ហើយ​សម្លាប់​ពួកគេ​ផង 8ហើយសាកសព​របស់​ពួកគេ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ដ៏​ធំ​នោះ​ដែល​ខាង​វិញ្ញាណ​ហៅ​ថា​ក្រុង​សូដុម​និង​ស្រុក​អេស៊ីព្ទ​ជា​កន្លែង​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ពួកគេ។ 9មានមនុស្ស​មកពី​បណ្ដា​ជនជាតិ​បណ្ដា​កុលសម្ព័ន្ធ​បណ្ដា​ភាសា​និង​បណ្ដា​ប្រទេស​ទាំងឡាយ​នឹង​មើល​សាកសព​របស់​ពួកគេ​អស់​រយៈពេល​បី​ថ្ងៃ​កន្លះ​ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​សាកសព​របស់ពួកគេ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។ 10អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ហើយ​នាំគ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពីព្រោះ​អ្នកនាំព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ឈឺចាប់។ 11ប៉ុន្ដែបី​ថ្ងៃ​កន្លះ​ក្រោយមក​មាន​ដង្ហើម​ជីវិត​ចេញ​ពី​ព្រះជាម្ចាស់​ចូល​មក​ក្នុង​សាកសព​អ្នក​ទាំង​ពីរ​ហើយ​ពួកគេ​ក៏​ក្រោក​ឈរ​ឡើង​រីឯ​អស់​អ្នក​ដែល​ឃើញ​ពួកគេ​ក៏​មាន​សេចក្ដី​ភ័យខ្លាច​ជាខ្លាំង។ 12នោះអ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ​មកកាន់​ពួកគេ​ថា​ចូរ​ឡើង​មក​នេះ។ ​នោះ​ពួកគេ​ក៏​ឡើងទៅ​លើ​មេឃ​ក្នុង​ពពក​ហើយ​សត្រូវ​របស់​ពួកគេ​ក៏​ឃើញ​ដែរ។ 13នៅវេលា​នោះ​មាន​រញ្ជួយ​ផែនដី​យ៉ាងខ្លាំង​កើតឡើង​ហើយ​មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​ដួល​រលំ​មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ផែនដី​នោះ​រីឯ​អ្នក​ដែល​សល់​ពី​ស្លាប់​បាន​ភ័យខ្លាច​ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។ 14សេចក្ដីវេទនា​ទីពីរ​បាន​កន្លង​ផុត​ទៅ​ហើយ​មើល៍​សេចក្ដី​វេទនា​ទីបី​នឹង​មក​យ៉ាង​ឆាប់។ 15បន្ទាប់មកទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖ ​«នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​និង​របស់​ព្រះ​គ្រិស្ដ​របស់​ព្រះអង្គ​ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។ 16ពេលនោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ដែល​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន​នៅ​ពី​មុខ​ព្រះជាម្ចាស់​ក៏​ក្រាប​ផ្កាប់​មុខ​ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់ 17ទាំងនិយាយ​ថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​ជា​ព្រះ​ដែល​គង់​នៅ​សព្វថ្ងៃ​និង​គង់​នៅ​តាំង​ពីដើម​អើយ! ​យើង​ខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​ព្រោះ​ព្រះអង្គ​បាន​យក​អំណាច​ដ៏​ធំ​ឧត្ដម​របស់​ព្រះអង្គ​ហើយ​បាន​សោយរាជ្យ 18ប្រទេសទាំងឡាយ​មាន​កំហឹង​ប៉ុន្ដែ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​បាន​មក​ដល់​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំជម្រះ​មនុស្ស​ស្លាប់​ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដល់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដល់​ពួក​បរិសុទ្ធ​និង​ដល់​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះនាម​ព្រះអង្គ​ទាំង​តូច​ទាំង​ធំ​ព្រមទាំង​បំផ្លាញ​ពួក​អ្នក​ដែល​បំផ្លាញ​ផែនដី​ផង»។ 19ពេលនោះ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​នៅ​ស្ថានសួគ៌​បើកចំហ​ហើយ​ក៏​ឃើញ​ហិប​នៃ​កិច្ចព្រមព្រៀង​របស់​ព្រះអង្គ​នៅក្នុង​ព្រះ​វិហារ​រួច​មាន​ផ្លេកបន្ទោរ​មាន​សំឡេង​មាន​ផ្គរលាន់​មាន​ការ​រញ្ជួយ​ផែនដី​និង​មាន​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង។
Copyright information for KhmKCB