‏ Revelation of John 12

1មានទីសំគាល់​មួយ​យ៉ាងធំ​លេចមក​នៅ​លើ​មេឃ​គឺ​មាន​ស្រ្ដី​ម្នាក់​ស្លៀកពាក់​ព្រះអាទិត្យ​ហើយ​មាន​លោកខែ​នៅ​ក្រោម​ជើង​ក៏​មាន​ផ្កាយ​ដប់ពីរ​ធ្វើ​ជា​មកុដ​នៅ​លើ​ក្បាល។ 2នាងមាន​ផ្ទៃពោះ​ហើយ​ស្រែក​ឡើង​ដោយ​ឈឺចាប់​ហៀប​នឹង​សម្រាល​កូន។ 3ហើយមាន​ទីសំគាល់​មួយ​ទៀត​លេចមក​នៅ​លើ​មេឃ​គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាងធំ​មាន​ក្បាល​ប្រាំពីរ​និង​ស្នែង​ដប់​ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ 4រីឯកន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។ ​នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀបនឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ពេល​នាង​សម្រាល​កូន​នោះ​មក។ 5នាងសម្រាល​បាន​កូន​ប្រុស​មួយ​ដែល​នឹង​គ្រប់គ្រង​ជនជាតិ​ទាំងអស់​ដោយ​ដំបង​ដែក​ប៉ុន្ដែ​កូន​របស់​នាង​ត្រូវ​បាន​លើកឡើង​ទៅ​ដល់​ព្រះជាម្ចាស់​និង​បល្ល័ង្ក​របស់​ព្រះអង្គ។ 6ស្រ្ដីនោះ​បាន​រត់គេច​ទៅឯ​ទីរហោឋាន​ជា​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​នាង​ដើម្បី​ចិញ្ចឹម​នាង​នៅ​ទីនោះ​រយៈពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ។ 7ពេលនោះ​មាន​ចំបាំង​កើតឡើង​នៅ​លើ​មេឃ​គឺ​មីកែល​និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ​ហើយ​នាគ​និង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំង​តប​វិញ​ដែរ 8ប៉ុន្ដែពួកវា​មិន​បាន​ឈ្នះ​ទេ​ហើយ​ក៏​មិន​ឃើញ​មាន​កន្លែង​ណា​សម្រាប់​ពួកវា​នៅ​លើ​មេឃ​ទៀត​ដែរ 9នោះនាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​និង​សាតាំង​ផង​ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំងមូល​វង្វេង​វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ 10រួចខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​បន្លឺ​ឡើង​ថា៖ ​«ឥឡូវនេះ​សេចក្ដី​សង្គ្រោះ​អំណាច​និង​រាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើង​ព្រមទាំង​សិទ្ធិអំណាច​របស់​ព្រះ​គ្រិស្ដ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយ​ដ្បិត​អ្នក​ចោទប្រកាន់​បងប្អូន​របស់​យើង​ត្រូវ​បាន​ទម្លាក់​ចុះ​មក​គឺ​វា​នោះ​ហើយ​ដែល​ចោទប្រកាន់​ពួកគេ​នៅចំពោះ​ព្រះជាម្ចាស់​របស់​យើង​ទាំង​យប់​ទាំង​ថ្ងៃ។ 11ពួកគេបាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូន​ចៀម​និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ដ្បិត​ពួកគេ​មិន​បាន​ស្រលាញ់​ជីវិត​របស់​ខ្លួន​រហូតដល់​ស្លាប់។ 12ហេតុនេះឱ​ស្ថានសួគ៌​និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ! ​ចូរ​អរសប្បាយ​ឡើង​ប៉ុន្ដែ​វេទនា​ដល់​ផែនដី​និង​សមុទ្រ​វិញ​ព្រោះ​អារក្ស​សាតាំង​បាន​ចុះ​មក​ឯ​អ្នករាល់គ្នា​ទាំង​មាន​កំហឹង​ជាខ្លាំង​ដោយ​ដឹង​ថា​វា​មាន​ពេល​វេលា​តែ​បន្ដិច​ទេ»។ 13នៅពេលនាគ​ឃើញ​ថា​វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ដូច្នេះ​វា​ក៏​បៀតបៀន​ស្រ្ដី​ដែល​បាន​សម្រាល​កូន​ប្រុស​នោះ។ 14ប៉ុន្ដែស្រ្ដី​នោះ​បាន​ទទួល​ស្លាប​ពីរ​របស់​សត្វ​ឥន្ទ្រី​ដ៏​ធំ​ដើម្បី​ឲ្យ​នាង​អាច​ហើរ​ទៅឯ​ទីរហោឋាន​ជា​កន្លែង​របស់​នាង​ដែល​នាង​នឹង​ទទួល​បាន​ការ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​និង​កន្លះ​ឆ្នាំ​ផុត​ពី​មុខ​សត្វ​ពស់​នោះ។ 15ពស់នោះ​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​របស់​វា​មក​ដូចជា​ទន្លេ​តាម​ពី​ក្រោយ​ស្រ្ដី​នោះ​ដើម្បី​ធ្វើ​ឲ្យ​នាង​រសាត់​ទៅតាម​ទឹកជំនន់។ 16ប៉ុន្ដែផែនដី​បាន​ជួយ​ស្រ្ដី​នោះ​គឺ​ផែនដី​បាន​ហា​មាត់​ហើយ​លេប​ទន្លេ​ដែល​នាគ​នោះ​បាន​ព្រួស​ចេញ​ពី​មាត់​វា​មក។ 17ដូច្នេះនាគ​ក៏​ខឹង​នឹង​ស្រ្ដី​នោះ​ជាខ្លាំង​ហើយ​ក៏​ចេញទៅ​ច្បាំង​ជាមួយ​នឹង​កូន​ចៅ​ឯ​ទៀតៗ​របស់​នាង​ដែល​កាន់តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​និង​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ។ 18បន្ទាប់មកវា​ក៏​ឈរ​នៅ​លើ​ខ្សាច់​សមុទ្រ។
Copyright information for KhmKCB