‏ Revelation of John 13

1នោះខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ចេញ​ពី​សមុទ្រ​មក​វា​មាន​ស្នែង​ដប់​និង​ក្បាល​ប្រាំពីរ​នៅ​លើ​ស្នែង​របស់​វា​មាន​មកុដ​ដប់​ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់។ 2សត្វសាហាវដែល​ខ្ញុំ​ឃើញ​នោះ​ដូច​ជា​ខ្លារខិន​ជើង​របស់​វា​ដូចជា​ជើង​របស់​ខ្លាឃ្មុំ​ហើយ​មាត់​របស់​វា​ដូចជា​មាត់​របស់​សត្វ​តោ។ ​នាគ​ក៏​ប្រគល់​អំណាច​និង​បល្ល័ង្ក​របស់​វា​ព្រមទាំង​សិទ្ធិអំណាច​យ៉ាងធំ​ដល់​សត្វ​នោះ 3ហើយក្បាល​មួយ​របស់​សត្វ​នោះ​ហាក់ដូចជា​ត្រូវ​របួស​ជិត​ស្លាប់​ប៉ុន្ដែ​របួស​ជិត​ស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញ​ដូច្នេះ​ផែនដី​ទាំងមូល​ក៏​ស្ញប់ស្ញែង​ហើយ​ដើរ​តាម​វា។ 4ពួកគេថ្វាយបង្គំ​នាគ​ព្រោះ​វា​បាន​ប្រគល់​សិទ្ធិអំណាច​របស់​វា​ដល់​សត្វសាហាវ​នោះ​ហើយ​ពួកគេ​ក៏​ថ្វាយបង្គំ​សត្វសាហាវ​នោះ​ដែរ​ទាំង​និយាយ​ថា៖ ​«តើ​មាន​នរណា​ដូច​សត្វ​នេះ​តើ​មាន​នរណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន»? 5សត្វសាហាវនោះ​បាន​ទទួល​មាត់​និយាយ​ពាក្យ​អួតអាង​និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ហើយ​វា​ក៏​បាន​ទទួល​សិទ្ធិអំណាច​ធ្វើ​សកម្មភាព​សែសិប​ពីរ​ខែ។ 6វាបាន​ហា​មាត់​របស់​វា​ប្រមាថ​ព្រះជាម្ចាស់​ប្រមាថ​ព្រះ​នាម​របស់​ព្រះអង្គ​និង​លំនៅ​របស់​ព្រះអង្គ​ព្រមទាំង​ពួក​អ្នក​ដែល​រស់នៅ​ក្នុង​ស្ថានសួគ៌។ 7វាបាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​បរិសុទ្ធ​ហើយ​យក​ឈ្នះ​លើ​ពួកគេ​រួច​វា​ក៏​បាន​ទទួល​សិទ្ធិអំណាច​លើ​គ្រប់​កុលសម្ព័ន្ធ​គ្រប់​ជនជាតិ​គ្រប់​ភាសា​និង​គ្រប់​ប្រទេស 8រីឯអស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភពលោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។ 9អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ។ 10អ្នកណាត្រូវ​ជាប់​ជា​ឈ្លើយ​អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។ ​នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។ 11ខ្ញុំបាន​ឃើញ​សត្វសាហាវ​មួយ​ទៀត​ចេញ​ពី​ដី​មក​វា​មាន​ស្នែង​ពីរ​ដូចជា​កូន​ចៀម​ហើយ​វា​និយាយ​ដូចជា​នាគ។ 12វាប្រើ​សិទ្ធិអំណាច​ទាំងអស់​របស់​សត្វសាហាវ​ទីមួយ​នៅ​ពី​មុខ​សត្វសាហាវ​ទីមួយ​ហើយ​វា​ធ្វើ​ឲ្យ​ផែនដី​និង​ពួក​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វសាហាវ​ទីមួយ​ដែល​របួស​ជិត​ស្លាប់​របស់​វា​បាន​ជា​សះ​ឡើង​វិញ​នោះ។ 13វាធ្វើ​ទីសំគាល់​ធំៗ​សូម្បីតែ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​នៅ​មុខ​មនុស្ស​ផង 14ហើយវា​បោកបញ្ឆោត​ពួក​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ដោយសារ​ទីសំគាល់​ដែល​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វសាហាវ​នោះ​ទាំង​ប្រាប់​ពួក​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបចម្លាក់​មួយ​សម្រាប់​សត្វសាហាវ​ដែល​មាន​របួស​ដោយសារ​ដាវ​ហើយ​នៅ​មាន​ជីវិត​នោះ។ 15វាក៏​បាន​ទទួល​អំណាច​នឹង​ផ្ដល់​វិញ្ញាណ​ឲ្យ​រូបចម្លាក់​របស់​សត្វសាហាវ​នោះ​ដើម្បី​ឲ្យ​រូបចម្លាក់​របស់​សត្វសាហាវ​នោះ​និយាយ​បាន​និង​ធ្វើ​ឲ្យ​មនុស្ស​ទាំងឡាយ​ដែល​មិន​ថ្វាយបង្គំ​រូបចម្លាក់​របស់​សត្វសាហាវ​នោះ​ស្លាប់​ផង។ 16វាធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ទាំង​តូច​ទាំង​ធំ​ទាំង​អ្នក​ក្រ​ទាំង​អ្នក​មាន​ទាំង​អ្នកមានសេរីភាព​ទាំង​បាវបម្រើ​ឲ្យ​ទទួល​សញ្ញាសំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ​ឬ​នៅ​លើ​ថ្ងាស​របស់​ពួកគេ 17ដើម្បីកុំ​ឲ្យ​អ្នកណា​អាច​ទិញ​ឬ​លក់​អ្វី​បាន​ឡើយ​ប្រសិនបើ​គេ​គ្មាន​សញ្ញាសំគាល់​នោះ​ទេ​គឺ​ជា​ឈ្មោះ​របស់​សត្វសាហាវ​នោះ​ឬ​លេខ​ឈ្មោះ​របស់​វា។ 18នេះហើយ​គឺ​ជា​ប្រាជ្ញា​ហើយ​អ្នកណា​ដែល​មាន​ការ​យល់​ដឹង​ចូរ​គិត​លេខ​របស់​សត្វសាហាវ​នោះ​ចុះ​ដ្បិត​លេខ​នោះ​គឺ​ជា​លេខ​របស់​មនុស្ស​លេខ​របស់​វា​គឺ​ប្រាំមួយរយ​ហុកសិប​ប្រាំមួយ។
Copyright information for KhmKCB