‏ Revelation of John 14

1បន្ទាប់មកខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ហើយ​នៅ​ជាមួយ​ព្រះអង្គ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ដែល​មាន​ព្រះ​នាម​របស់​ព្រះអង្គ​និង​ព្រះ​នាម​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​សរសេរ​នៅ​លើ​ថ្ងាស​របស់​គេ 2ខ្ញុំបាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ដូចជា​សំឡេង​ទឹក​ជាច្រើន​និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​នោះ​គឺ​ដូចជា​សំឡេង​របស់​ពួក​អ្នកលេងពិណ​កំពុង​ប្រគំ​ពិណ​របស់​ខ្លួន 3ពួកគេច្រៀង​ចម្រៀង​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក​នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន​និង​នៅ​មុខ​ពួក​ចាស់ទុំ​ហើយ​គ្មាន​អ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ​លើកលែងតែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ដែល​ត្រូវ​បាន​លោះ​ចេញ​ពី​ផែនដី​ប៉ុណ្ណោះ។ 4មនុស្សទាំងនេះ​គឺ​ជា​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោក​ជាមួយ​នឹង​ស្រ្ដី​ដ្បិត​ពួកគេ​បាន​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ។ ​អ្នក​ទាំងនេះ​គឺ​ជា​ពួក​អ្នក​ដែល​ដើរតាម​កូន​ចៀម​គ្រប់ទីកន្លែង​ដែល​កូន​ចៀម​ទៅ។ ​អ្នក​ទាំងនេះ​ត្រូវ​បាន​លោះ​ចេញ​ពី​ចំណោម​មនុស្ស​ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះជាម្ចាស់​និង​ដល់​កូន​ចៀម 5ហើយនៅ​មាត់​របស់​ពួកគេ​មិន​ឃើញ​មាន​សេចក្ដី​ភូតភរ​ឡើយ​ពួកគេ​ជា​មនុស្ស​ឥត​បន្ទោស​បាន។ 6ហើយខ្ញុំ​ក៏​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ហោះ​នៅ​កណ្ដាល​អាកាស​ទាំង​មាន​ដំណឹងល្អ​ដែល​នៅ​អស់កល្ប​ជានិច្ច​ដើម្បី​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី​គឺ​ដល់​គ្រប់​ប្រទេស​គ្រប់​កុលសម្ព័ន្ធ​គ្រប់​ភាសា​និង​គ្រប់​ជនជាតិ 7ទេវតានោះ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា៖ ​«ចូរ​កោតខ្លាច​ព្រះជាម្ចាស់​ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ចុះ​ដ្បិត​ពេល​ដែល​ព្រះអង្គ​ត្រូវ​ជំនុំជម្រះ​បាន​មក​ដល់​ហើយ​ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ផែនដី​សមុទ្រ​និង​ប្រភព​ទឹក​ទាំងឡាយ​ចុះ»។ 8មានទេវតា​មួយ​រូប​ទៀត​ជា​ទេវតា​ទីពីរ​បាន​មកតាមក្រោយ​រួច​បន្លឺ​ឡើង​ថា៖ ​«រលំ​ហើយ​រលំ​ហើយ​ក្រុង​បាប៊ីឡូន​ដ៏​ធំ​ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌ខាងផ្លូវភេទ​ដ៏​រោលរាល​របស់​ខ្លួន»។ 9បន្ទាប់មកមាន​ទេវតា​មួយ​រូប​ទៀត​ជា​ទេវតា​ទីបី​បាន​មកតាមក្រោយ​រួច​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា៖ ​«បើ​អ្នកណា​ថ្វាយបង្គំ​សត្វសាហាវ​នោះ​និង​រូបចម្លាក់​របស់​វា​ហើយ​ទទួល​យក​សញ្ញាសំគាល់​នៅ​លើ​ថ្ងាស​ឬ​នៅ​លើ​ដៃ​របស់​ខ្លួន 10អ្នកនោះ​នឹង​ត្រូវ​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះជាម្ចាស់​ជា​ស្រា​ដ៏​សុទ្ធ​ឥត​លាយ​ដែល​បាន​ចាក់ចូល​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​ហើយ​អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទារុណកម្ម​នៅក្នុង​ភ្លើង​និង​ស្ពាន់ធ័រ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ​និង​នៅ​ចំពោះ​មុខ​កូន​ចៀម។ 11នោះផ្សែង​នៃ​ទារុណកម្ម​របស់​ពួកគេ​ក៏​ហុយ​ឡើង​អស់កល្ប​ជានិច្ច​ពួកគេ​គ្មាន​សេចក្ដី​ស្រាកស្រាន្ដ​ឡើយ​ទាំង​ថ្ងៃ​ទាំង​យប់​គឺ​ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វ​នោះ​និង​រូបចម្លាក់​របស់​វា​ព្រមទាំង​អ្នកណា​ដែល​ទទួល​សញ្ញាសំគាល់​នៃ​ឈ្មោះ​របស់​វា​ផង»។ 12នេះហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ​ដែល​កាន់តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​និង​ជំនឿ​នៅក្នុង​ព្រះ​យេស៊ូ។ 13ខ្ញុំក៏​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ថា៖ ​«ចូរ​សរសេរ​ដូច្នេះ​ថា​មាន​ពរ​ហើយ​អស់​អ្នក​ដែល​ស្លាប់​នៅក្នុង​ព្រះអម្ចាស់​ពី​ពេលនេះ​តទៅ!» ​ព្រះ​វិញ្ញាណ​ក៏​មានបន្ទូល​ថា​«មែន​ហើយ​ពួកគេ​នឹង​បាន​សម្រាក​ពី​ការ​នឿយហត់​របស់​ពួកគេ​ដ្បិត​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​តាមជាប់​ពួកគេ»។ 14ពេលនោះខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ​ហើយ​មាន​ម្នាក់​ដូចជា​កូន​មនុស្ស​អង្គុយ​លើ​ពពក​នោះ​ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​និង​កាន់​កណ្ដៀវ​ដ៏​មុត​នៅ​នឹង​ដៃ​របស់​លោក។ 15មានទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ​វិហារ​មក​ទាំង​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅ​កាន់​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​នោះ​ថា៖ ​«សូម​ប្រើ​កណ្ដៀវ​របស់​លោក​ទៅ​ច្រូត​ចុះ​ដ្បិត​ដល់​ពេល​ច្រូត​ហើយ​ពីព្រោះ​ចម្រូត​នៅ​ផែនដី​ទុំ​ហើយ»។ 16ដូច្នេះអ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​ក៏​បោះ​កណ្ដៀវ​របស់​លោក​ទៅលើ​ផែនដី​នោះ​ផែនដី​ក៏​ត្រូវ​បាន​ច្រូត។ 17មានទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ​វិហារ​ដែល​នៅ​ស្ថានសួគ៌​ទេវតា​នោះ​ក៏​មាន​កណ្ដៀវ​មួយ​ដ៏​មុត​ដែរ 18បន្ទាប់មកទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​ក៏​ចេញ​ពី​កន្លែងថ្វាយតង្វាយ​មក​ហើយ​ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ទៅ​ទេវតា​ដែល​មាន​កណ្ដៀវ​ដ៏​មុត​នោះ​ថា៖ ​«ចូរ​ប្រើ​កណ្ដៀវ​ដ៏​មុត​របស់​អ្នក​ទៅ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៅ​ផែនដី​ចុះ​ដ្បិត​ផ្លែ​វា​ទុំ​ហើយ»។ 19ដូច្នេះទេវតា​នោះ​ក៏​បោះ​កណ្ដៀវ​របស់​គាត់​ទៅលើ​ផែនដី​ហើយ​ប្រមូល​ផល​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​រួច​បោះ​ចូល​ទៅ​ក្នុង​កន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់។ 20ឯកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ​នោះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​បញ្ជាន់​នៅ​ខាង​ក្រៅ​ទីក្រុង​ហើយ​មាន​ឈាម​ចេញ​ពី​កន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ​នោះ​ឡើង​ដល់​បង្ហៀរ​សេះ​ចម្ងាយ​មួយពាន់​ប្រាំមួយរយ​ស្ដេឌៀ។
Copyright information for KhmKCB