‏ Revelation of John 16

1បន្ទាប់មកខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញ​ពី​ព្រះ​វិហារ​មក​បន្លឺ​ទៅកាន់​ទេវតា​ទាំង​ប្រាំពីរ​ថា៖ ​«ចូរ​ចេញ​ទៅ​ហើយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ចេញពី​ពាន​ទាំង​ប្រាំពីរ​នោះ​ទៅលើ​ផែនដី​ទៅ»។ 2ដូច្នេះទេវតា​ទីមួយ​ក៏​ចេញទៅ​ហើយ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅលើ​ផែនដី​នោះ​ក៏​មាន​ដំបៅ​យ៉ាង​អាក្រក់​និង​យ៉ាង​ឈឺចាប់​កើត​លើ​មនុស្ស​ដែល​មាន​សញ្ញាសំគាល់​របស់​សត្វសាហាវ​នោះ​និង​ពួក​អ្នក​ដែល​ថ្វាយបង្គំ​រូបចម្លាក់​របស់​វា។ 3ទេវតាទីពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅក្នុង​សមុទ្រ​នោះ​សមុទ្រ​ក៏​ត្រលប់ជា​ឈាម​ដូចជា​ឈាម​របស់​មនុស្ស​ស្លាប់​ហើយ​អ្វីៗ​ទាំងអស់​ដែល​មាន​ជីវិត​នៅក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។ 4បន្ទាប់មកទេវតា​ទីបី​យក​ពាន​របស់​ខ្លួន​ចាក់​ទៅក្នុង​ទន្លេ​និង​ប្រភព​ទឹក​ទាំងឡាយ​នោះ​ទី​ទាំងនោះ​ក៏​ត្រលប់ជា​ឈាម​ដែរ។ 5ខ្ញុំបាន​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា៖ ​«ឱ​ព្រះអង្គ​ដ៏​បរិសុទ្ធ​ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​និង​គង់​នៅ​តាំង​ពី​ដើម​អើយ! ​ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត​ព្រោះ​ព្រះអង្គ​បាន​សម្រេច​ធ្វើ​ការ​ទាំងនេះ​ហើយ 6ដ្បិតពួកគេ​បាន​បង្ហូរ​ឈាម​ពួក​បរិសុទ្ធ​និង​ពួក​អ្នកនាំព្រះបន្ទូល​ហើយ​ព្រះអង្គ​ក៏​ឲ្យ​ឈាម​ពួកគេ​ផឹក​គឺ​ពួកគេ​សម​នឹង​ដូច្នេះ​ហើយ»។ 7នោះខ្ញុំ​ឮ​កន្លែងថ្វាយតង្វាយ​និយាយ​ថា៖ ​«មែន​ហើយ​ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​អើយ! ​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​ពិតត្រង់​ហើយ​សុចរិត»។ 8ទេវតាទីបួន​យក​ពាន​របស់​ខ្លួន​ចាក់​ទៅលើ​ព្រះអាទិត្យ​ហើយ​ព្រះអាទិត្យ​ក៏​បាន​ទទួល​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្លោច​ដោយសារ​ភ្លើង។ 9មនុស្សត្រូវ​ខ្លោច​ដោយសារ​កំដៅ​យ៉ាងខ្លាំង​នោះ​ពួកគេ​ក៏​ជេរប្រមាថ​ព្រះ​នាម​របស់​ព្រះជាម្ចាស់​ដែល​មាន​សិទ្ធិអំណាច​លើ​គ្រោះកាច​ទាំងនោះ​ហើយ​ក៏​មិន​បាន​ប្រែចិត្ដ​ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ដែរ។ 10ទេវតាទីប្រាំ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅលើ​បល្ល័ង្ក​របស់​សត្វសាហាវ​នោះ​នោះ​នគរ​របស់​វា​ក៏​ត្រលប់ជា​ងងឹត​សូន្យសុង​ហើយ​មនុស្ស​ខាំ​អណ្ដាត​របស់​ខ្លួន​ដោយព្រោះតែ​ការ​ឈឺចាប់ 11ពួកគេក៏​ជេរប្រមាថ​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌​ដោយព្រោះតែ​ការ​ឈឺចាប់​និង​ដោយព្រោះតែ​ដំបៅ​របស់​ពួកគេ​ហើយ​ក៏​មិន​បាន​ប្រែចិត្ដ​ពី​ការ​ប្រព្រឹត្ដិ​របស់​ខ្លួន​ដែរ។ 12ទេវតាទីប្រាំមួយ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅលើ​ទន្លេ​ធំ​គឺ​ទន្លេ​អើប្រាត​នោះ​ទឹក​ទន្លេ​ក៏​រីងអស់​ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មក​ពី​ទិស​ខាង​កើត។ 13ខ្ញុំបាន​ឃើញ​វិញ្ញាណ​អាក្រក់​បី​ដូចជា​សត្វ​កង្កែប​ចេញ​ពី​មាត់​នាគ​ពី​មាត់​សត្វសាហាវ​នោះ​និង​ពី​មាត់​ពួក​អ្នកនាំព្រះបន្ទូល​ក្លែងក្លាយ 14ដ្បិតវិញ្ញាណ​ទាំងនោះ​គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទីសំគាល់​ពួកវា​ចេញទៅ​រក​ពួក​ស្ដេច​នៅលើ​ផែនដី​ទាំងមូល​ដើម្បី​ប្រមូល​ស្ដេច​ទាំងនោះ​មក​ក្នុង​ចម្បាំង​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់។ 15(«មើល៍​យើង​នឹង​មក​ដូចជា​ចោរ! ​មាន​ពរ​ហើយ​អ្នក​ដែល​ប្រុងស្មារតី​ហើយ​រក្សា​សម្លៀកបំពាក់​របស់​ខ្លួន​មិន​ឲ្យ​ខ្លួន​ដើរ​អាក្រាត​និង​មិន​ឲ្យ​គេ​ឃើញ​កេរ្តិ៍ខ្មាស​របស់​ខ្លួន» ​)។ 16វិញ្ញាណទាំងនោះ​ប្រមូល​ពួក​ស្ដេច​មក​ជួបជុំ​គ្នា​នៅ​កន្លែង​មួយ​ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​អើម៉ាគេដូន។ 17ទេវតាទីប្រាំពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅក្នុង​អាកាស​នោះ​មាន​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញ​ពី​ព្រះ​វិហារ​គឺ​ចេញពី​បល្ល័ង្ក​មក​ថា៖ ​«ការ​បាន​សម្រេច​ហើយ!» 18នោះក៏​មាន​ផ្លេក​បន្ទោរ​មាន​សំឡេង​មាន​ផ្គរលាន់​និង​មាន​រញ្ជួយ​ផែនដី​ជាខ្លាំង​ដែល​មិន​ធ្លាប់​កើត​មាន​ចាប់តាំងពី​មនុស្ស​កើត​មក​នៅលើ​ផែនដី​គឺ​ជា​ការ​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​និង​ធំ​សម្បើម។ 19ទីក្រុងដ៏​ធំ​នោះ​បាន​បែកចេញ​ជា​បី​ផ្នែក​ហើយ​ទីក្រុង​របស់​ជនជាតិ​ទាំងឡាយ​ក៏​ដួលរលំ។ ​ព្រះជាម្ចាស់​នឹកចាំ​ពី​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ដើម្បី​ឲ្យ​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​យ៉ាងខ្លាំង​របស់​ព្រះអង្គ​ដល់​ក្រុង​នោះ។ 20គ្រប់ទាំងកោះ​ក៏​រត់​ទៅ​បាត់​ហើយ​ភ្នំ​ក៏​លែង​ឃើញ​មាន​ទៀត​ដែរ 21ហើយមាន​គ្រាប់​ព្រឹល​ធំៗ​ដែល​គ្រាប់​នីមួយៗ​មាន​ទម្ងន់​មួយ​ឋាឡាន់​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​ដូច្នេះ​មនុស្ស​ក៏​ជេរប្រមាថ​ព្រះជាម្ចាស់​ដោយព្រោះ​គ្រោះកាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ​ដ្បិត​គ្រោះកាច​នោះ​ខ្លាំង​ក្រៃលែង។
Copyright information for KhmKCB