‏ Revelation of John 17

1បន្ទាប់មកទេវតា​មួយ​រូប​ក្នុងចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ក៏​និយាយ​មកកាន់​ខ្ញុំ​ថា៖ ​«ចូរ​មក​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ជំនុំជម្រះ​ស្រ្ដីពេស្យា​ដ៏​ល្បីអសោច​ដែល​អង្គុយ​លើ​ទឹក​ជាច្រើន 2ពួកស្ដេច​នៅ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង​ហើយ​ពួក​អ្នក​ដែល​រស់នៅ​លើ​ផែនដី​បាន​ស្រវឹង​ដោយសារ​ស្រា​នៃ​អំពើ​អសីលធម៌ខាងផ្លូវភេទ​របស់​នាង»។ 3ទេវតាក៏​នាំ​ខ្ញុំ​ចូល​ទៅក្នុង​ទីរហោឋាន​ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​ហើយ​ខ្ញុំ​ឃើញ​ស្រ្ដី​ម្នាក់​អង្គុយ​នៅលើ​សត្វសាហាវ​មួយ​សម្បុរ​ក្រហមទុំ​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​នៅ​ពាសពេញ​ខ្លួន​ហើយ​មាន​ក្បាល​ប្រាំពីរ​និង​ស្នែង​ដប់។ 4ស្រ្ដីស្លៀកពាក់​ពណ៌​ស្វាយ​និង​ពណ៌​ក្រហមទុំ​ហើយ​តុបតែង​ដោយ​មាស​ត្បូង​ដ៏​មាន​តម្លៃ​និង​គជ់​ទាំង​កាន់​ពែង​មាស​មួយ​នៅក្នុង​ដៃ​ដែល​ពេញ​ដោយ​អំពើគួរស្អប់ខ្ពើម​និង​សេចក្ដី​ស្មោកគ្រោក​នៃ​អំពើ​អសីលធម៌ខាងផ្លូវភេទ​របស់​នាង 5ហើយនៅលើ​ថ្ងាស​របស់​នាង​មាន​សរសេរ​ឈ្មោះ​ជា​សេចក្ដី​អាថ៌កំបាំង​ថា​«ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ជា​ម្ដាយ​របស់​ពួក​ស្រ្ដីពេស្យា​និង​អំពើគួរស្អប់ខ្ពើម​នៅ​ផែនដី»។ 6ខ្ញុំឃើញ​ស្រ្ដី​នោះ​ស្រវឹង​ឈាម​របស់​ពួក​បរិសុទ្ធ​និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះ​យេស៊ូ។ ​ពេល​ខ្ញុំ​ឃើញ​នាង​ខ្ញុំ​ងឿងឆ្ងល់​ជាខ្លាំង។ 7ទេវតានោះ​និយាយ​មក​ខ្ញុំ​ថា៖ ​«ហេតុអ្វី​បានជា​អ្នក​ងឿងឆ្ងល់​ដូច្នេះ? ​ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អាថ៌កំបាំង​របស់​ស្រ្ដី​នោះ​និង​សត្វសាហាវ​មាន​ក្បាល​ប្រាំពីរ​និង​ស្នែង​ដប់​ដែល​នាង​ជិះ​នោះ។ 8សត្វសាហាវដែល​អ្នក​បាន​ឃើញ​នោះ​កាលពីដើម​វា​មាន​ប៉ុន្ដែ​ឥឡូវនេះ​គ្មាន​ទេ​ហើយ​វា​បម្រុងនឹង​ឡើង​ចេញ​ពី​ទីជម្រៅ​មក​រួច​ទៅ​រក​សេចក្ដី​វិនាស។ ​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​តាំងពី​ដើម​កំណើត​ពិភពលោក​មក​នឹង​ងឿងឆ្ងល់​ពេល​ពួកគេ​ឃើញ​សត្វសាហាវ​ដែល​កាលពីដើម​មាន​ប៉ុន្ដែ​ឥឡូវនេះ​គ្មាន​ហើយ​នឹង​ត្រូវ​មក​នោះ។ 9នេះហើយ​ជា​គំនិត​ដែល​មាន​ប្រាជ្ញា​គឺ​ក្បាល​ទាំង​ប្រាំពីរ​ជា​ភ្នំ​ប្រាំពីរ​ដែល​ស្រ្ដី​នោះ​អង្គុយ​លើ​និង​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ 10ស្ដេចប្រាំ​អង្គ​ត្រូវ​បាន​ផ្ដួល​រំលំ​ហើយ​មួយ​អង្គ​នៅ​សព្វថ្ងៃនេះ​ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ​ប៉ុន្ដែ​ពេល​ស្ដេច​នោះ​មក​ដល់​ស្ដេច​នោះ​ត្រូវ​នៅ​មួយ​ភ្លែត​ប៉ុណ្ណោះ 11រីឯសត្វសាហាវ​ដែល​កាលពីដើម​មាន​ប៉ុន្ដែ​ឥឡូវនេះ​គ្មាន​នោះ​វា​ជា​ស្ដេច​ទីប្រាំបី​ហើយ​វា​ក៏​នៅ​ក្នុងចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​រួច​វា​ក៏​វិនាស​បាត់​ទៅ។ 12ស្នែងដប់​ដែល​អ្នក​ឃើញ​នោះ​ជា​ស្ដេច​ដប់​អង្គ​ដែល​មិន​ទាន់​ទទួលបាន​រាជ្យ​នៅ​ឡើយ​ប៉ុន្ដែ​ពួកគេ​នឹង​ទទួលបាន​សិទ្ធិអំណាច​ជា​ស្ដេច​រយៈពេល​មួយ​ម៉ោង​ជាមួយ​សត្វសាហាវ​នោះ 13ស្ដេចទាំងនោះ​មាន​គំនិត​តែ​មួយ​ហើយ​ពួកគេ​ប្រគល់​អំណាច​និង​សិទ្ធិអំណាច​របស់​ខ្លួន​ដល់​សត្វសាហាវ​នោះ 14ស្ដេចទាំងនោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ពីព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​បាន​ជ្រើសរើស​និង​ជា​អ្នក​ស្មោះត្រង់»។ 15ទេវតានោះ​ក៏​និយាយ​មក​កាន់​ខ្ញុំ​ទៀត​ថា៖ ​«ទឹក​ដែល​អ្នក​បាន​ឃើញ​ហើយ​ជា​កន្លែង​ដែល​ស្រ្ដីពេស្យា​បាន​អង្គុយ​នោះ​គឺ​ជា​ប្រជាជន​បណ្ដាជន​ជនជាតិ​និង​ភាសា​ទាំងឡាយ។ 16រីឯស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ​និង​សត្វសាហាវ​នោះ​ពួកគេ​នឹង​ស្អប់​ស្រ្ដីពេស្យា​នោះ​ហើយ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច​និង​នៅ​អាក្រាត​ពួកគេ​នឹង​ស៊ី​សាច់​នាង​ហើយ​ដុត​នាង​ដោយ​ភ្លើង​ទៀត​ផង 17ដ្បិតព្រះជាម្ចាស់​បាន​ដាក់​សេចក្ដី​នេះ​នៅក្នុង​ចិត្ដ​ពួកគេ​ដើម្បី​សម្រេច​បំណង​របស់​ព្រះអង្គ​ដោយ​ឲ្យ​ពួកគេ​មាន​គំនិត​តែ​មួយ​ហើយ​ប្រគល់​រាជ្យ​របស់​ពួកគេ​ដល់​សត្វសាហាវ​នោះ​រហូតដល់​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​បាន​សម្រេច។ 18រីឯស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​គឺ​ជា​ទីក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅលើ​ផែនដី»។
Copyright information for KhmKCB