‏ Revelation of John 18

1ក្រោយពីហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក​ទាំង​មាន​សិទ្ធិអំណាច​ជាខ្លាំង​ហើយ​ផែនដី​ក៏​ភ្លឺ​ដោយសារ​សិរីរុងរឿង​របស់​ទេវតា​នោះ។ 2ទេវតានោះ​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ ​«រលំ​ហើយ​រលំ​ហើយ​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ! ​ជា​ក្រុង​ដែល​បាន​ត្រលប់ជា​ទីជម្រក​របស់​ពួក​អារក្ស​និង​ជា​សំបុក​របស់​អស់ទាំង​វិញ្ញាណ​អាក្រក់​ព្រមទាំង​ជា​សំបុក​របស់​អស់ទាំង​សត្វ​ស្លាប​ដ៏​អសោច​និង​អស់ទាំង​សត្វសាហាវ​ដ៏​អសោច​គួរ​ឲ្យ​ស្អប់ខ្ពើម 3ពីព្រោះជនជាតិ​ទាំងឡាយ​បាន​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌ខាងផ្លូវភេទ​ដ៏​រោលរាល​របស់​ក្រុង​នោះ​ពួក​ស្ដេច​នៅលើ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ​ជាមួយ​ក្រុង​នោះ​ហើយ​ពួក​ឈ្មួញ​នៅលើ​ផែនដី​ក៏​ត្រលប់ជា​មាន​បាន​ដោយសារ​សេចក្ដី​ស្រើបស្រាល​ដ៏​លើសលប់​របស់​ក្រុង​នោះ»។ 4ខ្ញុំក៏​ឮ​សំឡេង​មួយទៀត​ពី​លើ​មេឃ​បន្លឺ​ឡើង​ថា៖ ​«ប្រជារាស្រ្ដ​របស់​យើង​អើយ! ​ចូរ​ចេញ​ឲ្យ​ផុត​ពី​ក្រុង​នោះ​មក​ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​មាន​ចំណែក​នៅក្នុង​បាប​របស់​ក្រុង​នោះ​ហើយ​ក៏​ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​រង​គ្រោះកាច​ណា​មួយ​របស់​ក្រុង​នោះ​ដែរ 5ដ្បិតបាប​របស់​ក្រុង​នោះ​បាន​គរ​ជា​គំនរ​ឡើង​ខ្ពស់​ដល់​មេឃ​ហើយ​ព្រះជាម្ចាស់​បាន​នឹកចាំ​ពី​អំពើ​អាក្រក់​របស់​ក្រុង​នោះ។ 6ចូរសង​ដល់​ក្រុង​នោះ​តាម​ការ​ដែល​ក្រុង​នោះ​បាន​ធ្វើ​ចុះ​ហើយ​ឲ្យ​ដល់​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​តាម​អំពើ​របស់​ក្រុង​នោះ។ ​ចូរ​ចាក់​ឲ្យ​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​ទៅ​ក្នុង​ពែង​ដែល​ក្រុង​នោះ​បាន​ចាក់​ឲ្យ​ចុះ។ 7ក្រុងនោះ​បាន​តម្កើង​ខ្លួន​ហើយ​រស់នៅ​ដោយ​ស្រើបស្រាល​ជា​យ៉ាង​ណា​ចូរ​ប្រគល់​ការ​ឈឺចាប់​និង​ទុក្ខព្រួយ​ដល់​ក្រុង​នោះ​ជា​យ៉ាង​នោះ​ចុះ​ដ្បិត​ក្រុង​នោះ​គិត​នៅក្នុង​ចិត្ដ​ថា៖ ​«ខ្ញុំ​អង្គុយ​ជា​មហាក្សត្រិយានី​ខ្ញុំ​មិន​មែន​ជា​ស្រ្ដី​មេម៉ាយ​ទេ​ហើយ​ខ្ញុំ​ក៏​មិន​ជួប​ទុក្ខព្រួយ​ឡើយ»។ 8ហេតុនេះបាន​ជា​គ្រោះកាច​របស់​ក្រុង​នោះ​នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ជា​សេចក្ដី​ស្លាប់​ទុក្ខព្រួយ​និង​គ្រោះអត់ឃ្លាន​ហើយ​ក្រុង​នោះ​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង​ដ្បិត​ព្រះអម្ចាស់​ដែល​ជំនុំជម្រះ​ក្រុង​នោះ​ព្រះអង្គ​ខ្លាំង​ពូកែ។ 9ពួកស្ដេច​នៅលើ​ផែនដី​ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ​ហើយ​រស់នៅ​យ៉ាង​ស្រើបស្រាល​ជាមួយ​ក្រុង​នោះ​នឹង​ទ្រហោយំ​ហើយ​ទួញសោក​ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ។ 10ពួកគេឈរ​ពី​ចម្ងាយ​ដោយព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ហើយ​និយាយ​ថា៖ ​«វេទនា​ហើយ​វេទនា​ហើយ​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​និង​ជា​ក្រុង​ដ៏​ខ្លាំង​ពូកែ​អើយ! ​ដ្បិត​ការ​ជំនុំជម្រះ​របស់​អ្នក​បាន​សម្រេច​ក្នុង​រយៈពេល​តែ​មួយ​ម៉ោង»។ 11រីឯពួក​ឈ្មួញ​នៅលើ​ផែនដី​ក៏​ទ្រហោយំ​ហើយ​កាន់ទុក្ខ​នឹង​ក្រុង​នោះ​ព្រោះ​លែង​មាន​នរណា​ទិញ​ទំនិញ​របស់​ពួកគេ​ទៀត​ហើយ 12ទំនិញទាំងនោះ​មាន​មាស​ប្រាក់​ត្បូង​ដ៏​មាន​តម្លៃ​គជ់​ក្រណាត់ទេសឯកប្រណិត​ក្រណាត់​ពណ៌​ស្វាយ​ក្រណាត់​សូត្រ​ក្រណាត់​ពណ៌​ក្រហមទុំ​ឈើ​ក្រអូប​គ្រប់​ប្រភេទ​គ្រឿង​ភ្លុក​គ្រប់​ប្រភេទ​គ្រឿង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ពី​ឈើ​ពី​លង្ហិន​ពី​ដែក​និង​ពី​ថ្ម​កែវ 13ហើយមាន​សំបកដើមសម្បុរល្វែង​គ្រឿងទេស​គ្រឿងក្រអូប​ប្រេងក្រអូប​កំញ៉ាន​ស្រាទំពាំងបាយជូរ​ប្រេងអូលីវ​ម្សៅម៉ដ្ដ​ស្រូវសាលី​គោក្របី​ចៀម​សេះ​រទេះ​បាវបម្រើ​និង​ជីវិត​មនុស្ស​ផង។ 14ភោគផលដែល​ចិត្ដ​របស់​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​បាន​ចេញ​ឆ្ងាយ​ពី​អ្នក​ទៅ​ហើយ​អស់ទាំង​របស់​ប្រណិតៗ​និង​របស់​ឆើតឆាយ​ទាំងឡាយ​ក៏​បាត់បង់​ពី​អ្នក​ទៅ​ដែរ​រួច​របស់​ទាំងនោះ​ក៏​លែង​ឃើញ​មាន​ទៀត​ហើយ។ 15ពួកឈ្មួញ​ជួញ​របស់​ទាំងនេះ​ដែល​ត្រលប់ជា​មាន​បាន​ដោយសារ​ក្រុង​នោះ​នឹង​ឈរ​ពី​ចម្ងាយ​ដោយព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ទាំង​ទ្រហោយំ​និង​កាន់ទុក្ខ 16ហើយនិយាយ​ថា៖ ​«វេទនា​ហើយ​វេទនា​ហើយ​ទីក្រុង​ដ៏​ធំ​អើយ! ​អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ក្រណាត់ទេសឯកប្រណិត​ក្រណាត់​ពណ៌​ស្វាយ​ក្រណាត់​ពណ៌​ក្រហមទុំ​ទាំង​តុបតែង​ដោយ​មាស​ត្បូង​ដ៏​មាន​តម្លៃ​និង​គជ់ 17ដ្បិតក្នុង​រយៈពេល​តែ​មួយ​ម៉ោង​ទ្រព្យសម្បត្ដិ​ដ៏​ច្រើន​ដល់​ម៉្លេះ​បាន​វិនាសអស់»។ ​រីឯ​អស់ទាំង​អ្នកបើកនាវា​ព្រមទាំង​អ្នក​ធ្វើដំណើរ​តាម​នាវា​កម្មករ​នាវា​និង​ពួក​អ្នក​ធ្វើ​ជំនួញ​តាម​ផ្លូវ​ទឹក​ទាំងឡាយ​បាន​ឈរ​ពី​ចម្ងាយ 18ហើយពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ​ពួកគេ​ក៏​ស្រែក​ឡើង​ថា៖ ​«តើ​មាន​ក្រុង​ណា​ដូចជា​ក្រុង​ដ៏​ធំ​នេះ?» 19ពួកគេក៏​បាច​ធូលីដី​លើ​ក្បាល​របស់​ខ្លួន​ហើយ​ស្រែក​ឡើង​ទាំង​ទ្រហោយំ​និង​កាន់ទុក្ខ​ថា៖ ​«វេទនា​ហើយ​វេទនា​ហើយ​ទីក្រុង​ដ៏​ធំ​ដែល​អ្នក​មាន​នាវា​ទាំងអស់​នៅ​តាម​សមុទ្រ​ត្រលប់ជា​មាន​បាន​ដោយសារ​ទ្រព្យសម្បត្ដិ​របស់​ក្រុង​នោះ​ដ្បិត​ក្រុង​នោះ​បាន​វិនាសអស់​ក្នុង​រយៈពេល​តែ​មួយ​ម៉ោង!»។ 20ឱស្ថានសួគ៌​និង​ពួក​បរិសុទ្ធ​ពួក​សាវក​ព្រមទាំង​ពួក​អ្នកនាំព្រះបន្ទូល​ទាំងឡាយ​អើយ! ​ចូរ​អរសប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំជម្រះ​ក្រុង​នោះ​ឲ្យ​អ្នករាល់គ្នា​ហើយ! 21ពេលនោះមាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូចជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ​ទាំង​និយាយ​ថា៖ ​«ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាងខ្លាំង​ដូច្នេះ​ដែរ​ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។ 22សំឡេងរបស់​ពួក​អ្នកលេងពិណ​ពួក​អ្នកលេងភ្លេង​ពួក​អ្នកផ្លុំខ្លុយ​និង​ពួក​អ្នកផ្លុំត្រែ​លែង​មាន​ឮ​នៅក្នុង​អ្នក​ទៀត​ហើយ​រួច​ក៏​លែង​ឃើញ​មាន​ពួក​ជាង​គ្រប់​ប្រភេទ​ធ្វើការ​នៅក្នុង​អ្នក​ទៀត​ដែរ​រីឯ​សូរ​ត្បាល់កិន​នោះ​ក៏​លែង​មាន​ឮ​នៅក្នុង​អ្នក​ទៀត។ 23ពន្លឺចង្កៀង​នឹង​លែង​ភ្លឺ​នៅក្នុង​អ្នក​ទៀត​ហើយ​សំឡេង​កូន​កំលោះ​និង​កូន​ក្រមុំ​នឹង​លែង​មាន​ឮ​នៅក្នុង​អ្នក​ទៀត​ដែរ​ដ្បិត​ពួក​ឈ្មួញ​របស់​អ្នក​គឺ​ជា​អ្នក​ធំ​នៅលើ​ផែនដី​ហើយ​ជនជាតិ​ទាំងអស់​បាន​វង្វេង​ដោយសារ​មន្ដអាគម​របស់​អ្នក 24ហើយនៅក្នុង​អ្នក​ក៏​ឃើញ​មាន​ឈាម​របស់​ពួក​អ្នកនាំព្រះបន្ទូល​ឈាម​របស់​ពួក​បរិសុទ្ធ​និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅលើ​ផែនដី»។
Copyright information for KhmKCB