‏ Revelation of John 19

1ក្រោយពីហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ឮ​ដូចជា​សំឡេង​យ៉ាងខ្លាំង​របស់​មនុស្ស​ជាច្រើន​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖ ​«ហាលេលូយ៉ា! ​សេចក្ដី​សង្គ្រោះ​សិរីរុងរឿង​និង​អំណាច​ជា​របស់​ព្រះជាម្ចាស់​នៃ​យើង 2ដ្បិតការ​ជំនុំជម្រះ​របស់​ព្រះអង្គ​ពិតត្រង់​ហើយ​សុចរិត​ពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះ​ស្រ្ដីពេស្យា​ដ៏​ល្បីអសោច​ដែល​បាន​បំផ្លាញ​ផែនដី​ដោយសារ​អំពើ​អសីលធម៌ខាងផ្លូវភេទ​របស់​នាង​ហើយ​ព្រះអង្គ​ក៏​បាន​សងសឹក​ឲ្យ​ឈាម​របស់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដែល​បាន​ស្លាប់​ដោយសារ​ដៃ​របស់​នាង​ដែរ»។ 3ពួកគេក៏​បន្លឺ​ឡើង​ម្ដងទៀត​ថា៖ ​«ហាលេលូយ៉ា! ​ផ្សែង​ហុយ​ឡើង​ពី​នាង​អស់កល្ប​ជានិច្ច» 4នោះពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាប​ចុះ​ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដែល​គង់​លើ​បល្ល័ង្ក​ទាំង​និយាយ​ថា៖ ​«អាម៉ែន​ហាលេលូយ៉ា!» 5ហើយមាន​សំឡេង​មួយ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ ​«ឱ​អស់​អ្នក​ដែល​ជា​បាវបម្រើ​របស់​ព្រះអង្គ​និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ​ទាំង​តូច​ទាំង​ធំ​អើយ! ​ចូរ​សរសើរ​ព្រះជាម្ចាស់​នៃ​យើង​ចុះ!» 6ខ្ញុំបាន​ឮ​សំឡេង​ដូចជា​សំឡេង​របស់​មនុស្ស​ជាច្រើន​ហើយ​ដូចជា​សំឡេង​ទឹក​ជាច្រើន​និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​បន្លឺ​ឡើង​ថា៖ ​«ហាលេលូយ៉ា! ​ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​បាន​សោយរាជ្យ​ហើយ 7ចូរយើង​ត្រេកអរ​ហើយ​រីករាយ​ជាខ្លាំង​ចុះ​រួច​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ដ្បិត​ដល់​ពេល​រៀបមង្គលការ​កូនចៀម​ហើយ​រីឯ​កូន​ក្រមុំ​របស់​ព្រះអង្គ​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជាស្រេច​ហើយ​ដែរ 8កូនក្រមុំបាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ស្លៀក​សម្លៀកបំពាក់​ក្រណាត់ទេសឯកប្រណិត​យ៉ាង​ស្អាត​ហើយ​ភ្លឺ​ដ្បិត​សម្លៀកបំពាក់​ក្រណាត់ទេសឯកប្រណិត​នោះ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ»។ 9ទេវតាក៏​និយាយ​មក​ខ្ញុំ​ថា៖ ​«ចូរ​សរសេរ​ដូច្នេះ​ថា​មាន​ពរ​ហើយ​អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​មក​ចូលរួម​ពីធីជប់លៀង​មង្គលការ​របស់​កូនចៀម» ​ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖ ​«សេចក្ដី​ទាំងនេះ​ជា​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះជាម្ចាស់»។ 10ពេលនោះខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖ ​«កុំ​ធ្វើ​ដូច្នេះ​ឡើយ​ខ្ញុំ​ជា​បាវបម្រើរួមការងារជាមួយ​អ្នក​និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ​ដែរ​ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ​ជា​វិញ្ញាណ​នៃ​ការ​ថ្លែងព្រះបន្ទូល»។ 11ខ្ញុំក៏​បាន​ឃើញ​មេឃ​បើក​ចំហ​ហើយ​មើល៍​មាន​សេះ​ស​មួយ​ព្រះអង្គ​ដែល​គង់​លើ​វា​មាន​ព្រះ​នាម​ថា​ស្មោះត្រង់​ហើយ​ពិតត្រង់។ ​ព្រះអង្គ​ជំនុំជម្រះ​និង​ច្បាំង​ដោយ​សុចរិត។ 12ព្រះនេត្រ​របស់​ព្រះអង្គ​ដូចជា​អណ្ដាត​ភ្លើង​ហើយ​នៅលើ​ព្រះ​សិរ​របស់​ព្រះអង្គ​មាន​មកុដ​ជាច្រើន​ព្រះអង្គ​មាន​ព្រះ​នាម​មួយ​ដែល​បាន​សរសេរ​ទុក​ហើយ​គ្មាន​នរណា​ស្គាល់​ឡើយ​លើកលែងតែ​ព្រះអង្គ​ប៉ុណ្ណោះ 13ព្រះអង្គស្លៀក​សម្លៀកបំពាក់​ដែល​ប្រឡាក់​ឈាម​ហើយ​គេ​ហៅ​ព្រះ​នាម​ព្រះអង្គ​ថា​«ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់» 14រីឯកងទ័ព​នៅ​ស្ថានសួគ៌​ដែល​ស្លៀក​សម្លៀកបំពាក់​ក្រណាត់ទេសឯកប្រណិត​ស​ស្អាត​បាន​ជិះ​សេះ​ស​តាម​ព្រះអង្គ។ 15មានដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ព្រះអង្គ​មក​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រហារ​ជនជាតិ​ទាំងឡាយ​ដោយសារ​ដាវ​នោះ​ហើយ​ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ព្រះអង្គ​ក៏​ជាន់​ក្នុង​កន្លែងបញ្ជាន់​ផ្លែទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​យ៉ាងខ្លាំង​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់។ 16ព្រះអង្គមាន​ព្រះ​នាម​សរសេរ​នៅលើ​អាវ​និង​នៅលើ​ភ្លៅ​របស់​ព្រះអង្គ​ថា​«ស្ដេច​លើ​អស់ទាំង​ស្ដេច​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់»។ 17ខ្ញុំបាន​ឃើញ​ទេវតា​មួយ​រូប​ឈរ​នៅក្នុង​ព្រះអាទិត្យ​ហើយ​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ប្រាប់​ដល់​សត្វ​ស្លាប​ទាំងអស់​ដែល​ហើរ​នៅ​កណ្ដាល​អាកាស​ថា៖ ​«ចូល​មក​ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធី​ជប់លៀង​ដ៏​ធំ​របស់​ព្រះជាម្ចាស់ 18ដើម្បីឲ្យ​ពួកឯង​ស៊ី​សាច់​ពួក​ស្ដេច​សាច់​ពួក​មេទ័ព​សាច់​ពួក​អ្នក​ខ្លាំងពូកែ​សាច់​សេះ​និង​សាច់​ពួក​អ្នក​ជិះ​សេះ​ព្រមទាំង​សាច់​មនុស្ស​ទាំងអស់​ទាំង​អ្នកមានសេរីភាព​ទាំង​បាវបម្រើ​ទាំង​តូច​ទាំង​ធំ»។ 19ខ្ញុំក៏​ឃើញ​សត្វសាហាវ​និង​ពួក​ស្ដេច​នៅលើ​ផែនដី​ព្រមទាំង​កងទ័ព​របស់​ពួកគេ​ប្រមូលគ្នា​មក​ច្បាំង​នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ​ហើយ​នឹង​កងទ័ព​របស់​ព្រះអង្គ។ 20សត្វសាហាវនោះ​ត្រូវ​ចាប់​បាន​ជាមួយ​នឹង​អ្នកនាំព្រះបន្ទូលក្លែងក្លាយ​ដែល​ធ្វើ​ទីសំគាល់​នៅ​មុខ​វា​ហើយ​ដោយសារ​ទីសំគាល់​ទាំងនោះ​វា​បាន​បោកបញ្ឆោត​អស់​អ្នក​ដែល​ទទួល​សញ្ញាសំគាល់​របស់​សត្វសាហាវ​នោះ​និង​អស់​អ្នក​ដែល​ថ្វាយបង្គំ​រូបចម្លាក់​របស់​សត្វសាហាវ​នោះ។ ​ពួកវា​ទាំង​ពីរ​ត្រូវ​បាន​បោះ​ទាំង​រស់​ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ 21ហើយអ្នក​ឯទៀត​ក៏​ត្រូវ​ស្លាប់​ដោយសារ​ដាវ​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​លើ​សេះ។ ​សត្វ​ស្លាប​ទាំងអស់​ក៏​ឆ្អែត​ស្កប់ស្កល់​ដោយសារ​សាច់​ពួក​អ្នក​ទាំងនោះ។
Copyright information for KhmKCB