‏ Revelation of John 2

1«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ដ​ស្ដាំ​ហើយ​ដែល​យាងដើរ​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​មាន​បន្ទូល​ដូច្នេះ​ថា 2យើងស្គាល់​ការ​ប្រព្រឹត្ដិ​ការ​នឿយហត់​ព្រមទាំង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ទាំង​ដឹង​ថា​អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​អាក្រក់​បាន​ឡើយ​។​​អ្នក​បាន​ល្បងល​ពួក​អ្នក​ដែល​ហៅ​ខ្លួនឯង​ថា​ជា​សាវក​ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​សាវក​ទេ​គឺ​អ្នក​បាន​ឃើញ​ថា​ពួកគេ​ជា​អ្នក​ភូតភរ​វិញ។ 3អ្នកបាន​អត់ធ្មត់​ហើយ​ស៊ូទ្រាំ​ដោយព្រោះ​ឈ្មោះ​របស់​យើង​ឥត​នឿយណាយ​ឡើយ 4ប៉ុន្ដែយើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​គឺ​អ្នក​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រលាញ់​ដើម​របស់​អ្នក​ហើយ។ 5ដូច្នេះចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​រួច​ប្រែចិត្ដ​ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ដ​កាល​ពីដើម​នោះ​វិញ​បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​មក​ឯ​អ្នក​ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​លើកលែងតែ​អ្នក​ប្រែចិត្ដ។ 6ប៉ុន្ដែអ្នក​មាន​សេចក្ដី​នេះ​គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្ដិ​របស់​ពួក​នីកូឡាស​ដែល​យើង​ក៏​ស្អប់​ដែរ។ 7អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណ​មានបន្ទូល​មកកាន់​ក្រុមជំនុំ​ទាំងនោះ​ចុះ។ ​អ្នកណា​មាន​ជ័យជម្នះ​យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ដែល​នៅ​ស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។ 8«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ស្មឺណា​ថា​ព្រះ​ដ៏​ជា​មុនគេ​និង​ជា​ក្រោយគេ​ដែល​បាន​ស្លាប់​ហើយ​រស់​ឡើង​វិញ​មានបន្ទូល​ដូច្នេះ​ថា 9យើងស្គាល់​សេចក្ដី​វេទនា​និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ​ប៉ុន្ដែ​អ្នក​ជា​អ្នក​មាន​វិញ​ហើយ​យើង​ស្គាល់​ការ​ជេរប្រមាថ​របស់​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ​ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ​គឺ​ជា​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង​វិញ។ 10កុំខ្លាច​សេចក្ដី​ដែល​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​នោះ​ឡើយ​មើល៍​អារក្ស​សាតាំង​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក​ហើយ​ដើម្បី​ល្បងល​អ្នករាល់គ្នា​ហើយ​អ្នករាល់គ្នា​នឹង​ត្រូវ​រង​ទុក្ខវេទនា​អស់​រយៈពេល​ដប់​ថ្ងៃ។ ​ចូរ​ស្មោះត្រង់​រហូតដល់​ស្លាប់​ចុះ​នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។ 11អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណ​មានបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំងនោះ​ចុះ។ ​អ្នកណា​មាន​ជ័យជម្នះ​សេចក្ដី​ស្លាប់​ទីពីរ​នឹង​ធ្វើទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ»។ 12«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ពើកាម៉ុស​ថា​ព្រះអង្គ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុត​មានបន្ទូល​ដូច្នេះ​ថា 13យើងស្គាល់​កន្លែង​ដែល​អ្នក​រស់នៅ​ហើយ​គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ប៉ុន្ដែ​អ្នក​នៅតែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើង​ហើយ​មិន​បាន​លះបង់​ចោល​ជំនឿ​លើ​យើង​ឡើយ​ទោះបី​ជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស​ជា​សាក្សី​ដ៏​ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏ដោយ 14ប៉ុន្ដែយើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​ខ្លះ​ពីព្រោះ​ក្នុង​ចំណោម​អ្នក​មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម​ដែល​បាន​បង្រៀន​បាឡាក​ឲ្យ​ដាក់​អន្ទាក់​នៅ​ពីមុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដើម្បី​នាំ​ពួកគេ​ឲ្យ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ហើយ​ឲ្យ​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ 15ហើយក្នុង​ចំណោម​អ្នក​ក៏​មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​យ៉ាង​ដូច្នោះ​ដែរ។ 16ដូច្នេះចូរ​ប្រែចិត្ដ​បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​មក​ឯ​អ្នក​យ៉ាង​ឆាប់​ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។ 17អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណ​មានបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំងនោះ​ចុះ។ ​អ្នកណា​មាន​ជ័យជម្នះ​យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​នៅលើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​លើកលែងតែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។ 18«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះ​នេត្រ​ដូចជា​អណ្ដាត​ភ្លើង​និង​បាទា​ដូចជា​លង្ហិន​ដ៏​ភ្លឺ​រលោង​មានបន្ទូល​ដូច្នេះ​ថា 19យើងស្គាល់​ការ​ប្រព្រឹត្ដិ​សេចក្ដី​ស្រលាញ់​ជំនឿ​ការ​បម្រើ​និង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ទាំង​ដឹង​ថា​ការ​ប្រព្រឹត្ដិ​របស់​អ្នក​នៅ​គ្រា​ចុង​ក្រោយ​នេះ​ប្រសើរ​ជាង​មុន​ទៅ​ទៀត 20ប៉ុន្ដែយើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​គឺ​អ្នក​បាន​បណ្ដោយ​ឲ្យ​យេសិបិល​ជា​ស្រ្ដី​ដែល​ហៅ​ខ្លួនឯង​ថា​ជា​អ្នក​នាំ​ព្រះ​បន្ទូល​បង្រៀន​ហើយ​នាំ​ពួក​បាវ​បម្រើ​របស់​យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ​និង​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ទៀត​ផង 21យើងបាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ប្រែចិត្ដ​ប៉ុន្ដែ​នាង​មិន​ចង់​ប្រែចិត្ដ​ពី​អំពើ​អសីលធម៌ខាងផ្លូវភេទ​របស់​នាង​ឡើយ។ 22មើល៍យើង​នឹង​បោះ​នាង​ទៅលើ​គ្រែ​ហើយ​បោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ជាមួយ​នាង​ទៅក្នុង​សេចក្ដី​វេទនា​ជាខ្លាំង​លើកលែងតែ​ពួកគេ​ប្រែចិត្ដ​ពី​ការ​ប្រព្រឹត្ដិ​​របស់​នាង។ 23យើងនឹង​សម្លាប់​កូន​ចៅ​របស់​នាង​រីឯ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា​យើង​នេះ​ហើយ​ដែល​ឈ្វេងយល់​ពី​ចិត្ដ​គំនិត​ហើយ​យើង​នឹង​សង​អ្នករាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​​រៀងៗ​ខ្លួន 24ប៉ុន្ដែអ្នក​ផ្សេង​ទៀត​ក្នុង​ចំណោម​អ្នករាល់គ្នា​នៅ​ក្រុង​ធាទេរ៉ា​ដែល​មិន​បាន​កាន់តាម​សេចក្ដី​បង្រៀន​នោះ​គឺ​ដែល​មិន​បាន​ស្គាល់​សេចក្ដី​ជ្រៅជ្រះ​របស់​អារក្ស​សាតាំង​ដូចដែល​គេ​ហៅ​យើង​ប្រាប់​អ្នករាល់គ្នា​ថា​យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នករាល់គ្នា​ទេ 25ប៉ុន្ដែចូរ​កាន់ខ្ជាប់​សេចក្ដី​ដែល​អ្នករាល់គ្នា​មាន​រហូត​ដល់​យើង​មក​ចុះ។ 26អ្នកណាមាន​ជ័យជម្នះ​ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូតដល់​ទី​បញ្ចប់​យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​សិទ្ធិអំណាច​លើ​ជនជាតិ​ទាំងឡាយ 27អ្នកនោះ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​និង​កម្ទេច​ពួកគេ​ដូចជា​ភាជនៈ​ធ្វើ​ពី​ដីឥដ្ឋ 28គឺដូចដែល​យើង​បាន​ទទួល​សិទ្ធិអំណាច​ពី​ព្រះ​វរ​បិតា​របស់​យើង​ដែរ​ហើយ​យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។ 29អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណ​មានបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំងនោះ​ចុះ»។
Copyright information for KhmKCB