‏ Revelation of John 20

1បន្ទាប់មកខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក​ទាំង​កាន់​កូនសោ​ទីជម្រៅ​និង​ច្រវាក់​យ៉ាង​ធំ​នៅក្នុង​ដៃ 2ទេវតានោះ​ក៏​ចាប់​នាគ​នោះ​គឺ​ជា​ពស់​ពី​បុរាណ​ដែល​ជា​មេអារក្ស​ផង​និង​ជា​សាតាំង​ផង​ហើយ​ចង​វា​ទុក​រយៈពេល​មួយពាន់​ឆ្នាំ 3រួចបោះ​វា​ទៅ​ក្នុង​ទីជម្រៅ​ចាក់សោរ​ហើយ​បោះត្រា​ពីលើ​វា​ដើម្បី​កុំ​ឲ្យ​វា​បោកបញ្ឆោត​ជនជាតិ​ទាំងឡាយ​ទៀត​រហូតទាល់តែ​គ្រប់​មួយពាន់​ឆ្នាំ​ប៉ុន្ដែ​ក្រោយពី​ហេតុការណ៍​ទាំងនោះ​វា​នឹង​ត្រូវ​ដោះលែង​មួយ​រយៈពេល​ខ្លី។ 4ខ្ញុំបាន​ឃើញ​បល្ល័ង្ក​ជាច្រើន​ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​បាន​ទទួល​អំណាច​ជំនុំជម្រះ។ ​ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់​ក​ដោយព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ​និង​ដោយព្រោះ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​គឺជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំ​សត្វសាហាវ​នោះ​ឬ​រូបចម្លាក់​របស់​វា​ក៏​មិន​បាន​ទទួល​សញ្ញាសំគាល់​នៅលើ​ថ្ងាស​ឬ​នៅលើ​ដៃ​របស់​ពួកគេ​ដែរ​អ្នក​ទាំងនោះ​រស់​ឡើង​វិញ​ហើយ​សោយរាជ្យ​ជាមួយ​ព្រះ​គ្រិស្ដ​រយៈពេល​មួយពាន់​ឆ្នាំ។ 5រីឯមនុស្ស​ស្លាប់​ឯទៀតៗ​មិន​បាន​រស់​ឡើង​វិញ​ទេ​រហូតទាល់តែ​គ្រប់​មួយពាន់​ឆ្នាំ​នោះ​សិន។ ​នេះ​ជា​ការ​រស់​ឡើង​វិញ​លើកទីមួយ។ 6មានពរ​ហើយ​បរិសុទ្ធ​ហើយ​អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើកទីមួយ​នេះ​សេចក្ដី​ស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំងនោះ​ឡើយ​ពួកគេ​នឹង​ធ្វើជា​សង្ឃ​របស់​ព្រះជាម្ចាស់​និង​របស់​ព្រះ​គ្រិស្ដ​ហើយ​សោយរាជ្យ​ជាមួយ​ព្រះអង្គ​រយៈពេល​មួយពាន់​ឆ្នាំ។ 7លុះគ្រប់​មួយពាន់​ឆ្នាំ​ហើយ​អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះលែង​ពី​កន្លែងឃុំឃាំង 8ហើយវា​នឹង​ចេញទៅ​បោកបញ្ឆោត​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​គឺ​ពួក​កុក​និង​ពួក​ម៉ាកុក​ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។ ​ពួកគេ​មាន​ចំនួន​ដូចជា​ខ្សាច់​សមុទ្រ។ 9ពួកគេក៏​ទ្បើង​ទៅ​ពាសពេញ​លើ​ផែនដី​ហើយ​ទ្បោមព័ទ្ធ​ជំរុំ​របស់​ពួក​បរិសុទ្ធ​និង​ទីក្រុង​ដ៏​ជា​ទី​ស្រឡាញ់​ប៉ុន្ដែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ហើយ​ឆេះ​បំផ្លាញ​ពួកគេ​អស់​ទៅ 10រីឯអារក្ស​សាតាំង​ដែល​បោកបញ្ឆោត​ពួកគេ​ត្រូវ​បាន​បោះ​ទៅក្នុង​បឹង​ភ្លើង​និង​ស្ពាន់ធ័រ​ជា​កន្លែង​ដែល​សត្វសាហាវ​នោះ​និង​អ្នកនាំព្រះបន្ទូលក្លែងក្លាយ​ក៏​នៅ​ទីនោះ​ដែរ​ហើយ​ពួកវា​នឹង​ត្រូវ​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​អស់កល្ប​ជានិច្ច។ 11បន្ទាប់មកខ្ញុំ​បាន​ឃើញ​បល័្លង្ក​ស​មួយ​យ៉ាង​ធំ​និង​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ដែរ​រីឯ​ផែនដី​និង​ផ្ទៃ​មេឃ​ក៏​រត់គេច​ពី​ព្រះ​ភក្រ្ដ​របស់​ព្រះអង្គ​ទៅ​ហើយ​ឥត​ឃើញ​មាន​កន្លែង​ណា​ទៀត​សម្រាប់​ពួកវា​ឡើយ។ 12ខ្ញុំបាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ទាំង​ធំ​ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​ហើយ​សៀវភៅ​ជាច្រើន​ក៏​ត្រូវ​បាន​បើក​ឡើង​រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជីជីវិត​​ក៏​ត្រូវ​បាន​បើក​ឡើង​ដែរ។ ​ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំជម្រះ​ពី​ការ​ទាំងឡាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទាំងនោះ​ទៅតាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។ 13សមុទ្រក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅក្នុង​វា​រីឯ​សេចក្ដី​ស្លាប់​និង​ស្ថាននរក​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅក្នុង​វា​មក​វិញ​ដែរ​ហើយ​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​ជំនុំជម្រះ​ទៅតាម​ការ​ប្រព្រឹត្ដិ​​របស់​ពួកគេ។ 14បន្ទាប់មកសេចក្ដី​ស្លាប់​និង​ស្ថាននរក​ត្រូវ​បាន​បោះ​ទៅក្នុង​បឹង​ភ្លើង។ ​បឹង​ភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ 15ហើយបើ​អ្នកណា​ដែល​មិន​ឃើញ​មាន​ឈ្មោះ​កត់​ទុក​នៅក្នុង​បញ្ជី​ជីវិត​អ្នក​នោះ​ត្រូវ​បោះ​ទៅក្នុង​បឹង​ភ្លើង​នោះ។
Copyright information for KhmKCB