‏ Revelation of John 21

1បន្ទាប់មកខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី​ដ្បិត​ផ្ទៃ​មេឃ​មុន​និង​ផែនដី​មុន​បាន​បាត់​ទៅ​ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ 2ហើយខ្ញុំ​បាន​ឃើញ​ក្រុង​បរិសុទ្ធ​ជា​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ស្ថានសួគ៌​គឺ​មកពី​ព្រះជាម្ចាស់​ទាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដូច​កូន​ក្រមុំ​តុបតែង​ខ្លួន​ទទួល​ប្ដី។ 3ខ្ញុំបាន​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញពី​បល្ល័ង្ក​មក​ថា៖ ​«មើល៍​រោង​របស់​ព្រះជាម្ចាស់​បាន​នៅ​ជាមួយ​មនុស្ស​ហើយ​ព្រះអង្គ​នឹង​តាំងលំនៅ​ក្នុងចំណោម​ពួកគេ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​នៅ​ជាមួយ​ពួកគេ 4ព្រះអង្គនឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​ហើយ​នឹង​លែង​មាន​សេចក្ដី​ស្លាប់​ទុក្ខព្រួយ​សម្រែក​ទ្រហោយំ​ឬ​ការ​ឈឺចាប់​ទៀត​ហើយ​ដ្បិត​អ្វីៗ​កាល​ពីមុន​បាន​បាត់​អស់​ទៅ​ហើយ»។ 5ព្រះអង្គដែល​គង់​លើ​បល្ល័ង្ក​មានបន្ទូល​ថា៖ ​«មើល៍​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ជា​ថ្មី»។ ​ព្រះអង្គ​មានបន្ទូល​ទៀត​ថា៖ ​«ចូរ​សរសេរ​ទុក​ចុះ​ដ្បិត​ពាក្យ​ទាំងនេះ​ជា​ពាក្យ​ដ៏​ពិត​ហើយ​គួរ​ឲ្យ​ជឿ»។ 6បន្ទាប់មកព្រះអង្គ​មានបន្ទូល​មក​ខ្ញុំ​ថា៖ ​«ការ​បាន​សម្រេច​ហើយ​យើង​ជា​អាលផា​និង​ជា​អូមេកា​ជា​ដើម​ដំបូង​និង​ជា​ចុង​បំផុត។ ​អ្នកណា​ដែល​ស្រេក​យើង​នឹង​ឲ្យ​ផឹក​ពី​ប្រភព​ទឹក​ជីវិត​ដោយឥតគិតថ្លៃ។ 7អ្នកណាមាន​ជ័យជម្នះ​នឹង​ទទួល​បាន​សេចក្ដី​ទាំងនេះ​ជា​មរតក​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​នោះ​ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​យើង។ 8ប៉ុន្ដែសម្រាប់​ពួក​កំសាក​ពួក​មិនជឿ​ពួក​គួរស្អប់ខ្ពើម​ពួក​ឃាតក​ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ​ពួក​មន្ដអាគម​ពួក​ថ្វាយបង្គំ​រូបព្រះ​និង​ពួក​ភូតភរ​ទាំងអស់​ពួកគេ​នឹង​មាន​ចំណែក​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ។ ​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»។ 9បន្ទាប់មកទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ​បាន​ចូល​មក​ហើយ​និយាយ​មក​ខ្ញុំ​ថា៖ ​«ចូល​មក​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូនក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូន​ចៀម»។ 10ទេវតានោះ​ក៏​នាំ​ខ្ញុំ​ទៅលើ​ភ្នំ​មួយ​យ៉ាង​ធំ​ហើយ​ខ្ពស់​ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ​គឺ​ជា​ក្រុង​យេរូសាឡិម​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​គឺ​មកពី​ព្រះជាម្ចាស់ 11ទាំងមាន​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ​ដូចជា​ត្បូង​ដ៏​មាន​តម្លៃ​គឺ​ដូចជា​ត្បូង​មណីជោតិរស​ថ្លា​ដូច​កែវចរណៃ។ 12ក្រុងនោះ​មាន​កំផែង​ធំ​ហើយ​ខ្ពស់​មាន​ទ្វារ​ដប់ពីរ​ហើយ​នៅ​ទ្វារ​ទាំងនោះ​មាន​ទេវតា​ដប់ពីរ​រូប​រួច​នៅលើ​ទ្វារ​ទាំងនោះ​មាន​សរសេរ​ឈ្មោះ​ដែល​ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។ 13នៅទិស​ខាងកើត​មាន​ទ្វារ​បី​ទិស​ខាងជើង​មាន​ទ្វារ​បី​ទិស​ខាងត្បូង​មាន​ទ្វារ​បី​និង​ទិស​ខាងលិច​មាន​ទ្វារ​បី។ 14រីឯកំផែង​របស់​ក្រុង​នោះ​មាន​គ្រឹះ​ដប់ពីរ​ហើយ​នៅលើ​គ្រឹះ​ទាំងនោះ​មាន​ឈ្មោះ​ទាំង​ដប់ពីរ​របស់​សាវក​ទាំង​ដប់ពីរ​របស់​កូនចៀម។ 15ទេវតាដែល​និយាយ​ជាមួយ​ខ្ញុំ​នោះ​មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង​ទ្វារ​និង​កំផែង​ក្រុង។ 16ក្រុងនោះ​មានរាង​បួន​ជ្រុង​ស្មើគ្នា​គឺ​បណ្ដោយ​និង​ទទឹង​ស្មើគ្នា។ ​ទេវតា​នោះ​បាន​វាស់​ក្រុង​ដោយ​ដំបង​នោះ​ឃើញ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​ស្ដេឌៀ​ហើយ​បណ្ដោយ​ទទឹង​និង​កំពស់​របស់​ក្រុង​នោះ​មាន​ប្រវែង​ស្មើគ្នា។ 17ទេវតាក៏​បាន​វាស់​កំផែង​ក្រុង​ឃើញ​មាន​មួយរយ​សែសិប​បួន​ហត្ថ​តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។ 18កំផែងក្រុង​ធ្វើ​ពី​ត្បូងមណីជោតិរស​ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ​សុទ្ធ។ 19គ្រឹះរបស់​កំផែង​ក្រុង​នោះ​តុបតែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​គ្រឹះ​ទីមួយ​គឺ​ជា​ត្បូងមណីជោតិរស​ទីពីរ​គឺ​ជា​ត្បូងកណ្ដៀង​ទីបី​គឺ​ជា​ត្បូងមោរ៉ា​ទីបួន​គឺ​ជា​ត្បូងមរកត 20ទីប្រាំគឺ​ជា​ត្បូងសាមស៊ី​ទីប្រាំមួយ​គឺ​ជា​ត្បូងពិទាយ​ទីប្រាំពីរ​គឺ​ជា​ត្បូងប៊ុតលឿង​ទីប្រាំបី​គឺ​ជា​ត្បូងបេរីល​ទីប្រាំបួន​គឺ​ជា​ត្បូងទោប៉ាត់​ទីដប់​គឺ​ជា​ត្បូងយក់​ទីដប់មួយ​គឺ​ជា​ត្បូងនិល​ទីដប់ពីរ​គឺ​ជា​ត្បូងត្របែក។ 21ទ្វារទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ​ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​មួយ​ហើយ​ផ្លូវ​របស់​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ។ 22ខ្ញុំមិន​ឃើញ​មាន​ព្រះ​វិហារ​នៅក្នុង​ក្រុង​នោះ​ទេ​ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​ព្រមទាំង​កូនចៀម​គឺ​ជា​ព្រះ​វិហារ​របស់​ក្រុង​នោះ។ 23ក្រុងនោះ​មិន​ត្រូវការ​ព្រះអាទិត្យ​ឬ​លោកខែ​ដើម្បី​បំភ្លឺ​ឡើយ​ដ្បិត​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺ​ក្រុង​នោះ​ហើយ​រីឯ​កូនចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។ 24ជនជាតិទាំងឡាយ​នឹង​ដើរ​នៅក្នុង​ពន្លឺ​របស់​ក្រុង​នោះ​ហើយ​ពួក​ស្ដេច​នៅលើ​ផែនដី​ក៏​នាំ​យក​សិរីរុងរឿង​របស់​ខ្លួន​មក​ក្នុង​ក្រុង​នោះ​ដែរ 25ហើយទ្វារ​ក្រុង​នោះ​មិន​ដែល​បិទ​ឡើយ​នៅពេល​ថ្ងៃ​ដ្បិត​នៅទីនោះ​គ្មាន​យប់​ទេ 26ពួកគេនឹង​នាំ​យក​សិរីរុងរឿង​និង​កិត្ដិយស​របស់​ជនជាតិ​ទាំងឡាយ​មកក្នុង​ក្រុង​នោះ 27ហើយអ្វីៗ​ដែល​មិន​ស្អាត​ព្រមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើគួរស្អប់ខ្ពើម​និង​សេចក្ដី​ភូតភរ​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​បាន​ឡើយ​មាន​តែ​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។
Copyright information for KhmKCB