‏ Revelation of John 22

1បន្ទាប់មកទេវតា​នោះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត​មួយ​ថ្លា​ដូចជា​កែវចរណៃ​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​និង​បល្ល័ង្ក​របស់​កូនចៀម 2មកតាម​បណ្ដោយ​ផ្លូវ​នៃ​ក្រុង​នោះ​គឺ​ចំ​កណ្ដាល​ផ្លូវ​ហើយ​នៅ​សងខាង​ទន្លេ​មាន​ដើម​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​គឺ​ឲ្យ​ផល​រៀងរាល់​ខែ​រីឯ​ស្លឹក​របស់​ដើមឈើ​នោះ​សម្រាប់​ប្រោស​ជនជាតិ​ទាំងឡាយ​ឲ្យ​បាន​ជា។ 3គ្រប់ទាំងបណ្ដាសា​លែង​មាន​នៅក្នុង​ក្រុង​នោះ​ទៀត​ហើយ​គឺ​មាន​តែ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​និង​បល្ល័ង្ក​របស់​កូនចៀម​ប៉ុណ្ណោះ​នៅក្នុង​ក្រុង​នោះ​ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ។ 4ពួកគេនឹង​ឃើញ​ព្រះ​ភក្រ្ដ​របស់​ព្រះអង្គ​ហើយ​ព្រះ​នាម​របស់​ព្រះអង្គ​នឹង​នៅលើ​ថ្ងាស​របស់​ពួកគេ។ 5ក្រុងនោះ​លែង​មាន​យប់​ទៀត​ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង​ឬ​ពន្លឺ​ព្រះអាទិត្យ​ទៀត​ឡើយ​ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ​ហើយ​ពួកគេ​នឹង​សោយរាជ្យ​អស់កល្ប​ជានិច្ច។ 6ទេវតានោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖ ​«ពាក្យ​ទាំងនេះ​ជា​ពាក្យ​ពិត​ហើយ​គួរ​ឲ្យ​ជឿ»។ ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បង្ហាញ​អោយ​ពួក​អ្នក​បម្រើ​ព្រះអង្គ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើតឡើង​ក្នុង​ពេល​ឆាប់ៗ។ 7«មើល៍​យើង​នឹង​មក​ជា​ឆាប់។ ​មាន​ពរ​ហើយ​អ្នក​ដែល​កាន់តាម​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ»។ 8ខ្ញុំ‌យ៉ូហាន‌​ជា‌​អ្នក‌​ដែល‌​បាន‌​ឮ​និង‌​បាន‌​ឃើញ‌​ហេតុការណ៍‌​ទាំង‌នេះ​ហើយ‌​ពេល‌​ដែល‌​ខ្ញុំ​បាន‌‌​ឮ​និង​បាន‌‌‌​ឃើញ​ខ្ញុំ‌​ក៏‌​ក្រាប‌​ចុះ​នៅ‌​ទៀប‌​ជើង​របស់‌​ទេវតា‌​ដែល‌​បាន‌​បង្ហាញ‌​ខ្ញុំ‌​ឲ្យ‌​ឃើញ‌​ហេតុការណ៍‌​ទាំង‌នេះ​ដើម្បី‌‌​ថ្វាយបង្គំ‌ 9ប៉ុន្តែលោក​និយាយ​មក​ខ្ញុំ​ថា៖ ​«មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ! ​ខ្ញុំ​ក៏​ជា​អ្នកបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ជាមួយ​ពួក​អ្នក​នាំ​ព្រះបន្ទូល​ជា​បងប្អូន​របស់​អ្នក​និង​ជាមួយ​អស់​អ្នក​ដែល​កាន់តាម​ព្រះ​បន្ទូល​ក្នុង​សៀវភៅ​នេះ​ដែរ​ត្រូវ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ»។ 10លោកនិយាយ​មក​ទៀត​ខ្ញុំ​ថា៖ ​«កុំ​លាក់​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ឡើយ​ដ្បិត​ពេល​កំណត់​ជិត​ដល់​ហើយ។ 11អ្នកដែល​ទុច្ចរិត​អោយ​អ្នក​នោះ​នៅ​តែ​ទុច្ចរិត​ទៅ! ​ហើយ​អ្នក​ដែល​ស្មោក​គ្រោក​នៅ​តែ​ស្មោកគ្រោក​ចុះ! ​ឯ​អ្នក​ដែល​សុចរិត​អោយ​នៅ​តែ​ប្រព្រឹត្ត​អំពើ​សុចរិត​ទៅ​ហើយ​អ្នក​ដែល​បរិសុទ្ធ​ក៏​នៅ​តែ​រក្សា​ខ្លួន​អោយ​បរិសុទ្ធ​ទៀត​ចុះ»។ 12«មើល៍​យើង​នឹង​មក​ជា​ឆាប់​ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយ​ដើម្បី​ចែក​អោយ​គ្រប់​គ្នា​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 13យើងជា​អាលផា​និង​អូមេកា​គឺ​មុន​គេ​និង​ក្រោយ​គេ​បង្អស់​ជា​ដើម​និង​ជា​ចុង​បំផុត»។ 14មានពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវវែង​របស់​ខ្លួន​ដើម្បី​អោយ​គេ​មាន​សិទ្វិ​ទៅ​ដល់​ដើម​ជីវិត​និង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។ 15ខាងក្រៅគឺ​ជា​ពួក​ឆ្កែ​ពួក​មន្តអាគម​ពួក​ផិតក្បត់​ពួក​កាប់សម្លាប់​គេ​ពួក​ថ្វាយបង្គំ​រូបព្រះ​និង​អស់​អ្នក​ដែល​ស្រឡាញ់​ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។ 16«យើង​យេស៊ូ​បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើបន្ទាល់​ពី​សេចក្ដី​ទាំងនេះ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រយោជន៍​ដល់​ក្រុមជំនុំ។ ​យើង​ជា​ឫស​កែវ​និង​ជា​ពូជ​របស់​ដាវីឌ​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។ 17ព្រះវិញ្ញាណនិង​កូន​ក្រមុំ​ពោល​ឡើង​ថា៖ ​«យាង​មក» ​ហើយ​អ្នក​ដែល​ឮ​អោយ​អ្នក​នោះ​ពោល​ឡើង​ថា៖ ​«យាង​មក»។ ​អ្នក​ដែល​ស្រេក​អោយ​អ្នក​នោះ​ចូល​មក​អ្នក​ដែល​ចង់​បាន​អោយ​អ្នក​នោះ​ទទួល​យក​ទឹក​ជីវិត​ដោយ​ឥត​គិត​ថ្លែ​ចុះ។ 18ខ្ញុំធ្វើបន្ទាល់​ប្រាប់​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ថា​បើ​អ្នកណា​បន្ថែម​អ្វី​ទៅក្នុង​សេចក្ដី​ទាំងនេះ​ព្រះជាម្ចាស់​នឹង​បន្ថែម​គ្រោះកាច​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នកនោះ 19ហើយបើ​អ្នកណា​ដក​អ្វី​ចេញ​ពី​ព្រះបន្ទូល​ដែល​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ព្រះជាម្ចាស់​នឹង​ដក​ចំណែក​របស់​គេ​ពី​ដើម​ឈើ​ជីវិត​និង​ពី​ទី​ក្រុង​បរិសុទ្ធ​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ចេញ​ពី​អ្នក​នោះ។ 20ព្រះអង្គដែល​ធ្វើបន្ទាល់​ពី​សេចក្ដី​ទាំងនេះ​មានបន្ទូល​ថា៖ ​«មែន​ហើយ​យើង​នឹង​មក​ជាឆាប់»។ ​អាម៉ែន​ព្រះអម្ចាស់​យេស៊ូ​អើយ​សូម​យាង​មក។ 21សូមអោយ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះអម្ចាស់​យេស៊ូ។ ​អាម៉ែន​៕
Copyright information for KhmKCB