‏ Revelation of John 3

1«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​ថា​ព្រះអង្គ​ដែល​មាន​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ​មានបន្ទូល​ដូច្នេះ​ថា​យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​អ្នក​ឈ្មោះ​ថា​រស់​ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។ 2ចូរប្រុងស្មារតី​ហើយ​ពង្រឹង​អ្វីៗ​នៅ​សល់​ដែល​បម្រុង​នឹង​ស្លាប់​នោះ​ដ្បិត​យើង​បាន​ឃើញ​ថា​ការ​ប្រព្រឹត្ដិ​របស់​អ្នក​មិន​បាន​គ្រប់លក្ខណ៍​នៅ​ចំពោះ​មុខ​ព្រះជាម្ចាស់​របស់​យើង​ឡើយ។ 3ដូច្នេះចូរ​នឹកចាំ​ថា​អ្នក​បាន​ទទួល​និង​បាន​ឮ​ជា​យ៉ាងណា​នោះ​ចូរ​កាន់​តាម​ហើយ​ប្រែចិត្ដ​ចុះ​បើ​អ្នក​មិន​ប្រុងស្មារតី​ទេ​នោះ​យើង​នឹង​មក​ឯ​អ្នក​ដូចជា​ចោរ​ហើយ​អ្នក​មិន​ដឹង​ថា​យើង​នឹង​មក​ឯ​អ្នក​នៅ​ពេល​ណា​ឡើយ 4ប៉ុន្ដែនៅ​ក្រុង​សើដេស​ក៏​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​របស់​ពួកគេ​ស្មោកគ្រោក​ទេ​អ្នក​ទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ទាំង​ស្លៀកពាក់​ពណ៌ស​ដ្បិត​ពួកគេ​ស័ក្ដិសម​ណាស់។ 5អ្នកណាមាន​ជ័យជម្នះ​អ្នកនោះ​នឹង​បាន​ស្លៀកពាក់​ពណ៌ស​ដូច្នោះ​ដែរ​យើង​នឹង​មិន​លប់​ឈ្មោះ​របស់​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​របស់​អ្នក​នោះ​នៅ​ចំពោះ​មុខ​ព្រះ​វរ​បិតា​របស់​យើង​និង​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះអង្គ​ដែរ។ 6អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណ​មានបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំងនោះ​ចុះ»។ 7«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ភីឡាដិលភា​ថា​ព្រះអង្គ​ដ៏​បរិសុទ្ធ​ព្រះអង្គ​ដ៏​ពិត​ព្រះអង្គ​ដែល​មាន​កូនសោ​របស់​ស្ដេច​ដាវីឌ​បើ​ព្រះអង្គ​បើក​គ្មាន​អ្នកណា​បិទ​បាន​ហើយ​បើ​ព្រះអង្គ​បិទ​ក៏​គ្មាន​អ្នកណា​បើក​បាន​មានបន្ទូល​ដូច្នេះ​ថា 8យើងស្គាល់​ការ​ប្រព្រឹត្ដិ​​របស់​អ្នក​ហើយ​មើល៍​យើង​បាន​បើក​ទ្វារ​ចំហ​នៅ​ពីមុខ​អ្នក​ដែល​គ្មាន​អ្នកណា​អាច​បិទ​បាន​ឡើយ។ ​អ្នក​មាន​កម្លាំង​បន្ដិចបន្ដួច​មែន​ប៉ុន្ដែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ព្រមទាំង​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ឡើយ។ 9មើល៍យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង​ជា​ពួក​អ្នក​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិ​យូដា​ប៉ុន្ដែ​មិនមែន​ឡើយ​ពួកគេ​ជា​ពួក​កុហក​គឺ​យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​នៅ​ទៀប​ជើង​របស់​អ្នក​ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រលាញ់​អ្នក​មែន។ 10ដោយព្រោះអ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​នៃ​សេចក្ដី​វេទនា​ដែល​បម្រុង​នឹង​មក​លើ​ពិភពលោក​ទាំងមូល​ដើម្បី​ល្បងល​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី។ 11យើងនឹង​មក​យ៉ាងឆាប់​ចូរ​កាន់​ខ្ជាប់​សេចក្ដី​ដែល​អ្នក​មាន​ចុះ​ដើម្បី​កុំ​ឲ្យ​អ្នកណា​យក​មកុដ​របស់​អ្នក​បាន​ឡើយ។ 12អ្នកណាមាន​ជ័យជម្នះ​យើង​នឹង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​ទ្រូង​នៅក្នុង​ព្រះ​វិហារ​នៃ​ព្រះ​របស់​យើង​ហើយ​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ព្រះ​វិហារ​នេះ​ទៀត​ឡើយ។ ​យើង​នឹង​សរសេរ​ព្រះ​នាម​នៃ​ព្រះ​របស់​យើង​និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​នៅ​លើ​អ្នក​នោះ​ជា​ក្រុង​យេរូសាឡិម​ថ្មី​ដែល​ចុះ​មកពី​ស្ថានសួគ៌​គឺ​មកពី​ព្រះ​របស់​យើង​ហើយ​យើង​ក៏​នឹង​សរសេរ​ឈ្មោះ​ថ្មី​របស់​យើង​នៅ​លើ​អ្នក​នោះ​ដែរ។ 13អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណ​មានបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំងនោះ​ចុះ»។ 14«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​ថា​ព្រះអង្គ​ដ៏​ជា​អាម៉ែន​ជា​សាក្សី​ដ៏​ស្មោះត្រង់​និង​ដ៏​ពិត​ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​មានបន្ទូល​ដូច្នេះ​ថា 15យើងស្គាល់​ការ​ប្រព្រឹត្ដិ​​របស់​អ្នក​ហើយ​គឺ​អ្នក​ត្រជាក់​មិន​ត្រជាក់​ក្ដៅ​មិន​ក្ដៅ​យើង​ចង់​ឲ្យ​អ្នក​បើ​ត្រជាក់​គឺ​ត្រជាក់​បើ​ក្ដៅ​គឺ​ក្ដៅ។ 16ដោយព្រោះតែអ្នក​គ្រាន់តែ​ក្ដៅ​ឧណ្ហៗ​ត្រជាក់​មិន​ត្រជាក់​ក្ដៅ​មិន​ក្ដៅ​ដូច្នេះ​នោះ​យើង​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​របស់​យើង​ហើយ 17ដ្បិតអ្នក​បាន​និយាយ​ថា​ខ្ញុំ​ជា​អ្នក​មាន​ខ្ញុំ​ស្ដុកស្ដម្ភ​ហើយ​ខ្ញុំ​មិន​ខ្វះ​អ្វី​ទេ​ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ខ្លួនឯង​វេទនា​គួរ​ឲ្យ​អាណិត​ក្រ​ខ្វាក់​ហើយ​នៅ​អាក្រាត​ឡើយ។ 18យើងឲ្យ​យោបល់​អ្នក​ទិញ​មាស​ពី​យើង​ជា​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ដើម្បី​ឲ្យ​អ្នក​ត្រឡប់ជា​អ្នក​មាន​ហើយ​ទិញ​សម្លៀក​បំពាក់​ពណ៌ស​មក​ស្លៀកពាក់​ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ្ដិ៍ខ្មាស​ដែល​អ្នក​នៅ​អាក្រាត​នោះ​ឡើយ​ព្រមទាំង​ទិញ​ថ្នាំ​ដាក់​ភ្នែក​ផង​ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ។ 19យើងស្ដីបន្ទោស​ហើយ​វាយប្រដៅ​អ្នកណា​ដែល​យើង​ស្រលាញ់​ដូច្នេះ​ចូរ​មាន​ចិត្ដ​សង្វាត​ហើយ​ប្រែចិត្ដ​ចុះ។ 20មើល៍យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ​បើ​អ្នកណា​ឮ​សំឡេង​យើង​ហើយ​បើក​ទ្វារ​ឲ្យ​នោះ​យើង​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ​រួច​បរិភោគ​ជាមួយ​អ្នក​នោះ​ហើយ​អ្នក​នោះ​ក៏​បរិភោគ​ជាមួយ​យើង​ដែរ។ 21អ្នកណាមាន​ជ័យជម្នះ​យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ដូចដែល​យើង​មាន​ជ័យជម្នះ​ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។ 22អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណ​មានបន្ទូល​មកកាន់​ក្រុមជំនុំ​ទាំងនោះ​ចុះ»។
Copyright information for KhmKCB