‏ Revelation of John 4

1ក្រោយការ​ទាំងអស់​នេះ​ខ្ញុំ​បាន​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថានសួគ៌​ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូចជា​សំឡេង​ត្រែ​នោះ​ក៏​មានបន្ទូល​មក​ខ្ញុំ​ថា៖ ​«ចូរ​ឡើង​មក​នេះ​យើង​នឹង​បង្ហាញ​អ្នក​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើតឡើង​ក្រោយ​ការ​ទាំងអស់​នេះ»។ 2រំពេចនោះខ្ញុំ​បាន​លង់​នៅក្នុង​វិញ្ញាណ​ហើយ​មើល៍​មាន​បល្ល័ង្ក​មួយ​តាំង​នៅ​ស្ថានសួគ៌​ក៏​មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ 3ហើយព្រះអង្គ​ដែល​គង់​នៅ​លើ​បល័ង្ក​នោះ​មើល​ទៅ​ដូចជា​ត្បូង​មណីជោតិរស​និង​ត្បូង​ទទឹម​ហើយ​មាន​ឥន្ទធនូ​នៅ​ព័ទ្ធជុំវិញ​បល្ល័ង្ក​នោះ​ដែល​មើល​ទៅ​ដូចជា​ត្បូង​មរកត។ 4នៅជុំវិញបល្ល័ង្ក​នោះ​មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត​ហើយ​ខ្ញុំ​ឃើញ​ចាស់​ទុំ​ម្ភៃ​បួន​នាក់​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំងនោះ​ទាំង​ស្លៀកពាក់​សម្លៀកបំពាក់​ពណ៌ស​ហើយ​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ផង។ 5មានផ្លេកបន្ទោរ​មាន​សំឡេង​និង​ផ្គរលាន់​ចេញពី​បល្ល័ង្ក​នោះ​ហើយ​មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ​នៅ​ពី​មុខ​បល្ល័ង្ក​នោះ​គឺ​ជា​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។ 6នៅពី​មុខ​បល្ល័ង្ក​នោះ​មាន​ដូចជា​សមុទ្រ​កែវ​ដែល​ដូចជា​កែវចរណៃ​ហើយ​នៅ​កណ្ដាល​និង​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ​មាន​សត្វ​មាន​ជីវិត​បួន​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ។ 7សត្វមាន​ជីវិត​ទីមួយ​ដូចជា​តោ​សត្វ​មាន​ជីវិត​ទីពីរ​ដូចជា​កូន​គោ​សត្វ​មាន​ជីវិត​ទីបី​មាន​មុខ​ដូចជា​មនុស្ស​ហើយ​សត្វ​មាន​ជីវិត​ទីបួន​ដូចជា​ឥន្ទ្រី​ដែល​កំពុង​ហើរ។ 8សត្វមាន​ជីវិត​ទាំង​បួន​នោះ​សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ​ក៏​មាន​ភ្នែក​ពេញ​នៅ​ជុំ​វិញ​ខ្លួន​និង​នៅ​ខាងក្នុង​ខ្លួន​ដែរ​ក៏​ពោល​ពាក្យ​ឥត​ឈប់​ទាំង​យប់​ទាំង​ថ្ងៃ​ថា៖ ​«បរិសុទ្ធ​បរិសុទ្ធ​បរិសុទ្ធ​គឺ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពី​ដើម​គង់​នៅ​សព្វ​ថ្ងៃ​ហើយ​ដែល​ត្រូវ​យាង​មក»។ 9ពេលសត្វ​មាន​ជីវិត​ទាំងនោះ​ថ្វាយ​សិរីរុងរឿង​ថ្វាយ​កិត្ដិយស​និង​ថ្វាយ​ការ​អរ​ព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​គឺ​ដល់​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច 10នោះពួក​ចាស់​ទុំ​ទាំង​ម្ភៃ​បួន​នាក់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​ព្រមទាំង​ដាក់​មកុដ​របស់​ខ្លួន​ចុះ​នៅ​ពី​មុខ​បល្ល័ង្ក​ទាំង​និយាយ​ថា៖ 11«ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង​កិត្ដិយស​និង​អំណាច​ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វសារពើ​មក​ហើយ​អ្វីៗ​ទាំងអស់​សុទ្ធតែ​កើតមក​និង​ស្ថិតស្ថេរ​​ដោយសារ​បំណង​របស់​ព្រះអង្គ»។
Copyright information for KhmKCB