‏ Revelation of John 5

1បន្ទាប់មកខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​នៅក្នុង​ព្រះ​ហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​សៀវភៅ​នោះ​មាន​សរសេរ​អក្សរ​ទាំង​ក្នុង​ទាំង​ក្រៅ​ព្រមទាំង​មាន​បិទត្រា​ប្រាំពីរ​ផង។ 2ខ្ញុំក៏​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«តើ​អ្នកណា​ស័ក្ដិសម​នឹង​បើក​សៀវភៅ​នេះ​និង​បក​ត្រា​ទាំងនេះ​បាន?» 3ប៉ុន្ដែគ្មាន​អ្នកណា​ម្នាក់​ដែល​នៅ​ស្ថានសួគ៌​នៅ​ផែនដី​ឬ​នៅ​ក្រោម​ដី​អាច​បើក​ឬ​មើល​សៀវភៅ​នោះ​បាន​ឡើយ។ 4ពេលនោះ​ខ្ញុំ​យំ​យ៉ាងខ្លាំង​ព្រោះ​មិន​ឃើញ​អ្នកណា​ម្នាក់​ស័ក្ដិសម​នឹង​បើក​ឬ​មើល​សៀវភៅ​នោះ​ឡើយ 5រួចមាន​ចាស់​ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា៖ ​«កុំ​យំ​អី​មើល៍​តោ​ដែល​ចេញ​ពី​កុលសម្ព័ន្ធ​យូដា​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ព្រះអង្គ​មាន​ជ័យជម្នះ​ព្រះអង្គ​អាច​បើក​សៀវភៅ​និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។ 6ខ្ញុំឃើញ​កូន​ចៀម​មួយ​ដែល​មើល​ទៅ​ដូចជា​គេ​សម្លាប់​រួច​ហើយ​កំពុង​ឈរ​នៅ​រវាង​បល្ល័ង្ក​និង​សត្វ​មាន​ជីវិត​ទាំង​បួន​ព្រមទាំង​នៅ​កណ្ដាល​ពួក​ចាស់​ទុំ​ទាំងឡាយ​កូន​ចៀម​នោះ​មាន​ស្នែង​ប្រាំពីរ​ភ្នែក​ប្រាំពីរ​គឺជា​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​ទៅ​ពាស​ពេញ​លើ​ផែនដី។ 7កូនចៀម​នោះ​ក៏​មក​យក​សៀវភៅ​ពី​ព្រះ​ហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ។ 8ពេលកូន​ចៀម​មក​យក​សៀវភៅ​នោះ​សត្វ​មាន​ជីវិត​ទាំង​បួន​និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ​បួន​នាក់​ក៏​ក្រាប​ចុះ​នៅ​ពី​មុខ​កូន​ចៀម​នោះ​ម្នាក់ៗ​មាន​កាន់​ពិណ​មួយ​និង​ពាន​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប​ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ។ 9អ្នកទាំងនោះ​ក៏​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា៖ ​«ព្រះអង្គ​ស័ក្ដិសម​នឹង​យក​សៀវភៅ​នេះ​និង​បក​ត្រា​នៅលើ​សៀវភៅ​នេះ​ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់​ហើយ​បាន​លោះ​មនុស្ស​ពី​គ្រប់ទាំង​កុលសម្ព័ន្ធ​គ្រប់​ភាសា​គ្រប់​ជនជាតិ​និង​គ្រប់​ប្រទេស​សម្រាប់​ព្រះជាម្ចាស់​ដោយសារ​ឈាម​របស់​ព្រះអង្គ 10និងបាន​ធ្វើ​ឲ្យ​ពួកគេ​ត្រលប់ជា​នគរ​មួយ​និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​នៃ​យើង​ហើយ​អ្នក​ទាំងនោះ​នឹង​សោយរាជ្យ​លើ​ផែនដី»។ 11នោះខ្ញុំ​ឃើញ​ហើយ​ឮ​សំឡេង​ទេវតា​ជាច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក​សត្វ​មាន​ជីវិត​និង​ពួក​ចាស់​ទុំ​រីឯ​ចំនួន​ទេវតា​ទាំងនោះ​មាន​រាប់​ពាន់​រាប់​ម៉ឺន​ 12នាំគ្នាបន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ ​«កូន​ចៀម​ដែល​គេ​បាន​សម្លាប់​នោះ​ស័ក្ដិសម​នឹង​ទទួល​អំណាច​ទ្រព្យសម្បត្ដិ​ប្រាជ្ញា​ឥទ្ធិឫទ្ធិ​កិត្ដិយស​សិរីរុងរឿង​និង​ព្រះ​ពរ»។ 13នោះខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​ជីវិត​ដែល​បាន​បង្កើត​មក​ដែល​នៅ​ស្ថានសួគ៌​នៅ​ផែនដី​នៅ​ក្រោម​ដី​និង​នៅក្នុង​សមុទ្រ​ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​នៅ​ស្ថាន​ទាំងនោះ​និយាយ​ថា៖ ​«សូម​ឲ្យ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​និង​កូន​ចៀម​បាន​ប្រកប​ដោយ​ព្រះ​ពរ​កិត្ដិយស​សិរីរុងរឿង​និង​ព្រះ​ចេស្ដា​រហូត​អស់កល្ប​ជានិច្ច»។ 14រីឯសត្វ​មាន​ជីវិត​ទាំង​បួន​ក៏​និយាយ​ថា៖ ​«អាម៉ែន!» ​នោះ​ពួក​ចាស់​ទុំ​ក៏​ក្រាប​ថ្វាយបង្គំ។
Copyright information for KhmKCB