‏ Revelation of John 6

1ពេលកូន​ចៀម​បក​ត្រា​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ខ្ញុំ​បាន​ឃើញ​ហើយ​បាន​ឮ​សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​និយាយ​ដូចជា​សំឡេង​ផ្គរលាន់​ថា៖ ​«ចូរ​មក!» 2ខ្ញុំក៏​ឃើញ​សេះ​ស​មួយ​មក​ហើយ​អ្នក​ជិះ​នៅលើ​វា​កាន់​ធ្នូ​និង​បាន​ទទួល​មកុដ​មួយ​រួច​បាន​ចេញ​ទៅ​ទាំង​មាន​ជ័យជម្នះ​ដើម្បី​យក​ឈ្នះ។ 3ពេលកូន​ចៀម​បក​ត្រា​ទីពីរ​នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីពីរ​និយាយ​ថា៖ ​«ចូរ​មក!» 4នោះមាន​សេះ​មួយ​ទៀត​មក​មាន​សម្បុរ​ក្រហម​ហើយ​អ្នក​ជិះ​នៅលើ​វា​បាន​ទទួល​អំណាច​ដកយក​សេចក្ដី​សុខសាន្ដ​ចេញ​ពី​ផែនដី​និង​ធ្វើ​ឲ្យ​មនុស្ស​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។ 5ពេលកូន​ចៀម​បក​ត្រា​ទីបី​នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីបី​និយាយ​ថា៖ ​«ចូរ​មក!» ​ខ្ញុំ​ក៏​ឃើញ​សេះ​ខ្មៅ​មួយ​មក​ហើយ​អ្នក​ជិះ​នៅលើ​វា​កាន់​ជញ្ជីង​មួយ​នៅក្នុង​ដៃ 6ហើយខ្ញុំ​បាន​ឮ​ដូចជា​មាន​សំឡេង​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន​និយាយ​ថា៖ ​«ស្រូវ​សាលី​មួយ​នាលិ​ថ្លៃ​មួយ​ឌេណារី​ហើយ​ស្រូវ​បាឡេ​បី​នាលិ​ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ​ប៉ុន្ដែ​កុំ​ធ្វើ​ឲ្យ​ប្រេង​និង​ស្រា​ទំពាំង​បាយជូ​ខូច​ឡើយ!»។ 7ពេលកូន​ចៀម​បក​ត្រា​ទីបួន​នោះ​ខ្ញុំ​បាន​ឮ​សំឡេង​សត្វ​មាន​ជីវិត​ទីបួន​និយាយ​ថា៖ ​«ចូរ​មក!» 8ខ្ញុំក៏​ឃើញ​សេះ​មួយ​សម្បុរ​ស្លេកស្លាំង​ហើយ​អ្នក​ជិះ​នៅលើ​វា​ឈ្មោះ​សេចក្ដី​ស្លាប់​ហើយ​ស្ថាននរក​បាន​មក​តាម​ក្រោយ​អ្នក​នោះ។ ​សេចក្ដី​ស្លាប់​និង​ស្ថាននរក​បាន​ទទួល​សិទ្ធិ​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន​ដើម្បី​សម្លាប់​ដោយ​ដាវ​ដោយ​គ្រោះអត់ឃ្លាន​ដោយ​ជំងឺអាសន្នរោគ​និង​ដោយ​សត្វសាហាវ​នៅលើ​ផែនដី។ 9ពេលកូន​ចៀម​បក​ត្រា​ទីប្រាំ​ខ្ញុំ​ក៏​ឃើញ​នៅ​ក្រោម​កន្លែងថ្វាយតង្វាយ​មាន​ព្រលឹង​របស់​ពួក​អ្នក​ដែល​គេ​បាន​សម្លាប់​ដោយព្រោះ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​និង​ដោយព្រោះ​សេចក្ដី​បន្ទាល់​ដែល​ពួកគេ​បាន​ប្រកាន់​យក 10អ្នកទាំងនោះ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​បរិសុទ្ធ​និង​យុត្ដិធម៌​អើយ! ​តើ​ពេលណា​ទើប​ព្រះអង្គ​ជំនុំ​ជម្រះ​ពួក​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ហើយ​សងសឹក​ឲ្យ​ឈាម​របស់​យើង?» 11ពួកគេម្នាក់ៗ​បាន​ទទួល​អាវ​ស​វែង​និង​ត្រូវ​បាន​ប្រាប់​ឲ្យ​សម្រាក​បន្ដិច​ទៀត​ទម្រាំ​ពួក​បាវ​បម្រើ​ជា​គូកន​និង​ជា​បងប្អូន​របស់​ពួកគេ​ដែល​នឹង​ត្រូវ​គេ​សម្លាប់​បែប​ដូច្នោះ​ដែរ​បាន​គ្រប់​ចំនួន​សិន។ 12ពេលកូន​ចៀម​បក​ត្រា​ទីប្រាំមួយ​ខ្ញុំ​ក៏​ឃើញ​ថា​មាន​ការ​រញ្ជួយដី​យ៉ាងខ្លាំង​កើតឡើង​ថ្ងៃ​ត្រលប់ជា​ងងឹត​ដូចជា​ក្រណាត់​ធ្វើ​ពី​រោម​ពណ៌ខ្មៅ​ហើយ​លោក​ខែ​ទាំងមូល​ក៏​ត្រលប់​ដូច​ជា​ឈាម 13រីឯផ្កាយ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ផែនដី​ដូចជា​ផ្លែ​ល្វា​ខ្ចីៗ​ជ្រុះ​ពី​ដើម​ដោយ​ត្រូវ​ខ្យល់​ធំ​បក់ប៉ះ 14ហើយផ្ទៃ​មេឃ​បាន​បាត់​ទៅ​ដូចជា​គេ​មូរ​អត្ថបទ​​គម្ពីរ​ទុក​ហើយ​គ្រប់ទាំង​ភ្នំ​និង​កោះ​ក៏​ត្រូវ​បាន​រើ​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ 15នោះពួក​ស្ដេច​នៅ​ផែនដី​ពួក​អ្នក​ធំ​ពួក​មេ​ទ័ព​ពួក​អ្នក​មាន​ពួក​អ្នក​ខ្លាំង​ពូកែ​និង​ពួក​បាវ​បម្រើ​ព្រមទាំង​ពួក​អ្នកមានសេរីភាព​ទាំងឡាយ​បាន​លាក់​ខ្លួន​នៅក្នុង​រអាង​ភ្នំ​និង​នៅតាម​ក្រហែង​ថ្ម​ភ្នំ 16ទាំងនិយាយ​ទៅ​ភ្នំ​និង​ថ្ម​ថា៖ ​«ចូរ​ធ្លាក់​មក​លើ​យើង​ហើយ​បំបាំង​យើង​ពី​ព្រះភក្រ្ត​របស់​ព្រះអង្គ​ដែល​គង់​នៅលើ​បល្ល័ង្ក​និង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចុះ 17ដ្បិតថ្ងៃ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​និង​របស់​កូន​ចៀម​បាន​មក​ដល់​ហើយ​តើ​អ្នកណា​អាច​ទ្រាំ​បាន?»
Copyright information for KhmKCB