‏ Revelation of John 7

1ក្រោយពីហេតុការណ៍​នេះ​ខ្ញុំ​បាន​ឃើញ​ទេវតា​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​បួន​ទិស​ដើម្បី​កុំ​ឲ្យ​មាន​ខ្យល់​បក់មក​លើ​ផែនដី​លើ​សមុទ្រ​ឬ​លើ​ដើមឈើ​ណា​ឡើយ។ 2បន្ទាប់មកខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ទៀត​ឡើង​មក​ពី​ទិស​ខាងកើត​ទាំង​មាន​ត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​កាន់​ទេវតា​ទាំង​បួន​រូប​ដែល​បាន​ទទួល​អំណាច​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី​និង​សមុទ្រ 3ថា៖ ​«មិន​ត្រូវ​ធ្វើ​ទុក្ខ​ផែនដី​សមុទ្រ​ឬ​ដើមឈើ​ណា​ឡើយ​រហូតទាល់តែ​យើង​បាន​បោះ​ត្រា​លើ​ថ្ងាស​ពួក​បាវបម្រើ​របស់​ព្រះជាម្ចាស់​នៃ​យើង​រួច​ហើយ​សិន»។ 4ខ្ញុំក៏​ឮ​ចំនួន​ពួក​អ្នក​ដែល​ត្រូវ​បាន​បោះត្រា​នោះ​គឺ​មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​មក​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​បាន​បោះត្រា។ 5ពីកុលសម្ព័ន្ធ​យូដា​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​បាន​បោះត្រា​ហើយ​ពី​កុលសម្ព័ន្ធ​រូបេន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​កាដ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ 6ពីកុលសម្ព័ន្ធ​អេស៊ើរ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​ណែបថាលី​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ 7ពីកុលសម្ព័ន្ធ​ស៊ីម្មាន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​លេវី​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ 8ពីកុលសម្ព័ន្ធ​សាប់យ៉ូឡូន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​យ៉ូសែប​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ 9ក្រោយពីហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ឃើញ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​ដែល​គ្មាន​អ្នកណា​អាច​រាប់​បាន​ឡើយ​អ្នក​ទាំងនោះ​មក​ពី​គ្រប់​ប្រទេស​គ្រប់​កុលសម្ព័ន្ធ​គ្រប់​ជនជាតិ​គ្រប់​ភាសា​ឈរ​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម​ទាំង​ពាក់​អាវ​ស​វែង​ហើយ​កាន់​ធាង​ចាក​នៅ​នឹង​ដៃ​របស់​ពួកគេ​ផង 10ពួកគេបាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ ​«សេចក្ដី​សង្គ្រោះ​ស្រេចលើ​ព្រះជាម្ចាស់​របស់​យើង​ដែល​គង់​លើ​បល្ល័ង្ក​និង​ស្រេចលើ​កូន​ចៀម» 11នោះទេវតា​ទាំងអស់​ដែល​ឈរ​ជុំ​វិញ​បល្ល័ង្ក​ជុំ​វិញ​ពួក​ចាស់​ទុំ​និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​នៅ​ពី​មុខ​បល្ល័ង្ក​ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់ 12ទាំងនិយាយ​ថា៖ ​«អាម៉ែន! ​សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​បាន​ប្រកប​ដោយ​ព្រះ​ពរ​សិរីរុងរឿង​ប្រាជ្ញា​ការ​អរ​ព្រះគុណ​កិត្ដិយស​អំណាច​និង​ឥទ្ធិឫទ្ធិ​រហូត​អស់កល្ប​ជានិច្ច​អាម៉ែន!» 13មានចាស់ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖ ​«តើ​ពួក​អ្នក​ដែល​ពាក់​អាវ​ស​វែង​ទាំងនេះ​ជា​នរណា​ហើយ​មកពី​ណា?» 14នោះខ្ញុំ​ក៏​ប្រាប់​គាត់​ថា៖ ​«លោក​ម្ចាស់​អើយ! ​លោក​ដឹង​ស្រាប់​ហើយ»។ ​គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖ ​«អ្នក​ទាំងនោះ​ជា​ពួក​អ្នក​ដែល​បាន​ឆ្លងកាត់​សេចក្ដី​វេទនា​ជាខ្លាំង​ពួកគេ​បាន​បោកគក់​អាវវែង​របស់​ខ្លួន​និង​បាន​ធ្វើ​ឲ្យ​ស​ដោយសារ​ឈាម​របស់​កូន​ចៀម។ 15ហេតុនេះហើយ​បាន​ជា​ពួកគេ​ស្ថិត​នៅមុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ទាំង​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​នៅក្នុង​ព្រះ​វិហារ​របស់​ព្រះអង្គ​ហើយ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ព្រះអង្គ​នឹង​ពន្លាត​រោង​របស់​ព្រះអង្គ​លើ​ពួកគេ។ 16ពួកគេនឹង​មិន​ឃ្លាន​ឬ​ស្រេក​ទៀត​ឡើយ​ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​ឬ​ត្រូវ​កម្ដៅ​ណា​ទៀត​ដែរ 17ដ្បិតកូន​ចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក​នោះ​ព្រះអង្គ​នឹង​ឃ្វាល​ពួកគេ​ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​ជីវិត​ហើយ​ព្រះជាម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ទាំងអស់​ចេញពី​ភ្នែក​របស់​ពួកគេ»។
Copyright information for KhmKCB