‏ Revelation of John 8

1ពេលកូន​ចៀម​បក​ត្រា​ទីប្រាំពីរ​នោះ​មាន​សភាព​ស្ងាត់ស្ងៀម​នៅ​ស្ថានសួគ៌​ប្រហែល​កន្លះ​ម៉ោង 2ហើយខ្ញុំ​ក៏​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​រូប​ដែល​ឈរ​នៅមុខ​ព្រះជាម្ចាស់​បាន​ទទួល​ត្រែ​ប្រាំពីរ។ 3មានទេវតា​មួយ​រូប​ទៀត​កាន់​ពាន​មាស​មួយ​បាន​មក​ឈរ​នៅ​មុខ​កន្លែងថ្វាយតង្វាយ​ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជាច្រើន​ដើម្បី​ថ្វាយ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំងអស់​នៅ​លើ​កន្លែងថ្វាយតង្វាយ​ធ្វើ​អំពី​មាស​ដែល​នៅ​ពី​មុខ​បល្ល័ង្ក។ 4ផ្សែងនៃ​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញពី​ដៃ​របស់​ទេវតា​ឡើង​ទៅ​លើ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​នៅ​ចំពោះ​មុខ​ព្រះជាម្ចាស់។ 5ទេវតានោះ​បាន​យក​ពាន​មក​ហើយ​យក​ភ្លើង​ពី​កន្លែងថ្វាយតង្វាយ​មក​ដាក់​ពេញ​ពាន​នោះ​រួច​ក៏​បោះ​ទៅលើ​ផែនដី​នោះ​កើត​មាន​ផ្គរលាន់​មាន​សំឡេង​មាន​ផ្លេក​បន្ទោរ​និង​រញ្ជួយ​ផែនដី។ 6រួចទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ត្រែ​ប្រាំពីរ​នោះ​បាន​ប្រុង​ប្រៀប​ផ្លុំ​ត្រែ។ 7ទេវតាទីមួយ​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​កើត​មាន​ព្រឹល​និង​ភ្លើង​លាយ​ជាមួយ​ឈាម​ដែល​បាន​បោះ​ទៅលើ​ផែនដី​ហើយ​ផែនដី​ឆេះ​អស់​មួយ​ភាគ​បី​ដើមឈើ​ឆេះ​អស់​មួយ​ភាគ​បី​ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំងឡាយ​ក៏​ឆេះ​អស់​ដែរ។ 8ទេវតាទីពីរ​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​ហាក់​ដូចជា​មាន​ភ្នំ​មួយ​យ៉ាង​ធំ​កំពុង​ឆេះ​ដែល​បាន​បោះ​ទៅ​ក្នុង​សមុទ្រ​ហើយ​សមុទ្រ​មួយ​ភាគ​បី​ក៏​ត្រលប់ជា​ឈាម 9រីឯសត្វ​ដែល​មាន​ជីវិត​រស់​នៅក្នុង​សមុទ្រ​បាន​ស្លាប់​អស់​មួយ​ភាគ​បី​ហើយ​នាវា​ទាំងឡាយ​ក៏​ត្រូវ​បាន​បំផ្លាញ​អស់​មួយ​ភាគ​បី​ដែរ។ 10ទេវតាទីបី​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ​ឆេះ​ដូច​ចន្លុះ​បាន​ធ្លាក់​ពី​លើ​មេឃ​ទៅក្នុង​ទន្លេ​ទាំងឡាយ​អស់​មួយ​ភាគ​បី​និង​ទៅក្នុង​ប្រភព​ទឹក​ទាំងឡាយ​ដែរ 11ផ្កាយនោះ​ឈ្មោះ​ស្លែង​ហើយ​ទឹក​មួយ​ភាគ​បី​បាន​ត្រលប់ទៅជា​ល្វីង​ដូច​ស្លែង។ ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​ទឹក​នោះ​ពីព្រោះ​បាន​ត្រលប់ជា​ល្វីង​អស់​ហើយ។ 12ទេវតាទីបួន​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​ព្រះអាទិត្យ​មួយ​ភាគ​បី​លោកខែ​មួយ​ភាគ​បី​និង​ផ្កាយ​មួយ​ភាគ​បី​ត្រូវ​បាន​បំផ្លាញ​ដូច្នេះ​ធ្វើ​ឲ្យ​ងងឹត​មួយ​ភាគ​បី​ហើយ​នៅពេល​ថ្ងៃ​លែង​មាន​ពន្លឺ​មួយ​ភាគ​បី​រីឯ​នៅពេល​យប់​ក៏​ដូច្នោះ​ដែរ។ 13នោះខ្ញុំ​បាន​ឃើញ​មាន​សត្វ​ឥន្រ្ទី​មួយ​កំពុង​ហើរ​លើ​អាកាស​ហើយ​ឮ​វា​ស្រែក​ខ្លាំងៗ​ថា៖ ​«វេទនា​ហើយ​វេទនា​ហើយ​វេទនា​ហើយ​ដល់​ពួក​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ដោយព្រោះ​សំឡេង​ត្រែ​របស់​ទេវតា​បី​រូប​ទៀត​ដែល​បម្រុង​នឹង​ផ្លុំ»។
Copyright information for KhmKCB