‏ Revelation of John 9

1ទេវតាទីប្រាំ​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​ខ្ញុំ​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​ហើយ​ផ្កាយ​នោះ​បាន​ទទួល​កូនសោ​រណ្ដៅ​នៃ​ទី​ជម្រៅ​។​ 2ផ្កាយនោះ​ក៏​បើក​រណ្ដៅ​នៃ​ទីជម្រៅ​ហើយ​មាន​ផ្សែង​ហុយ​ចេញ​ពី​រណ្ដៅ​នោះ​មក​ដូចជា​ផ្សែង​ចេញ​ពី​ឡ​ភ្លើង​មួយ​យ៉ាង​ធំ​នោះ​ព្រះអាទិត្យ​និង​អាកាស​ក៏​ងងឹត​សូន្យសុង​ដោយសារ​ផ្សែង​ចេញ​ពី​រណ្ដៅ​នោះ។ 3មានកណ្ដូប​ជាច្រើន​ចេញពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅលើ​ផែនដី​ដែរ។ 4កណ្ដូបទាំងនោះ​បាន​ទទួល​បង្គាប់​មិន​ឲ្យ​ធ្វើទុក្ខ​ស្មៅ​នៅ​លើ​ផែនដី​ឬ​រុក្ខជាតិ​ពណ៌បៃតង​ឬ​ដើមឈើ​ណាមួយ​ឡើយ​ប៉ុន្ដែ​ឲ្យ​ធ្វើទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។ 5កណ្ដូបទាំងនោះ​មិន​បាន​ទទួល​អំណាច​ឲ្យ​សម្លាប់​ពួកគេ​ទេ​គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺចុកចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ​ហើយ​ការ​ឈឺចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ដូចជា​ការ​ឈឺចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើង​នៅពេល​ដែល​វា​ទិច​មនុស្ស​ដែរ។ 6នៅគ្រា​នោះ​មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។ 7កណ្ដូបទាំងនោះ​មាន​រូប​រាង​ដូចជា​សេះ​ដែល​បាន​ត្រៀម​ជាស្រេច​សម្រាប់​ច្បាំង​ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​មាន​ដូចជា​មកុដ​មាស​ហើយ​មុខ​ពួកវា​ដូចជា​មុខ​មនុស្ស 8ពួកវាមាន​សក់​ដូចជា​សក់​របស់​ស្រ្ដី​ឯ​ធ្មេញ​ពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វ​តោ 9ពួកវាមាន​អាវក្រោះ​ដូចជា​អាវក្រោះ​ធ្វើ​ពី​ដែក​ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ដូចជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជាច្រើន​ដែល​សម្រុក​ចូល​ទៅក្នុង​ចំបាំង។ 10ពួកវាមាន​កន្ទុយ​និង​ទ្រនិច​ដូចជា​ខ្យា​ដំរី​ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើទុក្ខ​មនុស្ស​អស់​រយៈពេល​ប្រាំ​ខែ។ 11ពួកវាមាន​ទេវតា​នៃ​ទីជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​អាបាដូន​និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​អាប៉ូលីយ៉ូន។ 12សេចក្ដីវេទនា​ទីមួយ​បាន​កន្លង​ផុត​ទៅ​មើល៍​នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​ដែល​នឹង​មក​តាមក្រោយ​ហេតុការណ៍​ទាំងនេះ។ 13បន្ទាប់មកទេវតា​ទីប្រាំមួយ​ផ្លុំ​ត្រែ​ឡើង​នោះ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញពី​ស្នែង​ទាំង​បួន​របស់​កន្លែងថ្វាយតង្វាយ​ធ្វើ​ពី​មាស​ដែល​នៅ​ពី​មុខ​ព្រះជាម្ចាស់ 14និយាយទៅ​កាន់​ទេវតា​ទីប្រាំមួយ​ដែល​មាន​ត្រែ​នោះ​ថា៖ ​«ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​បាន​ចង​ទុក​នៅ​ឯ​ទន្លេ​អើប្រាត​ដ៏​ធំ​នោះ​ទៅ»។ 15នោះទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ថ្ងៃ​នោះ​ខែ​នោះ​និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី 16រីឯទ័ព​សេះ​មាន​ចំនួន​ពីរ​រយ​លាន​នាក់។ ​ខ្ញុំ​បាន​ឮ​ចំនួន​ទ័ព​ទាំង​នោះ 17ហើយនៅក្នុង​និមិត្ដ​នោះ​ខ្ញុំ​បាន​ឃើញ​សេះ​និង​អ្នក​ជិះ​លើ​ពួកវា​យ៉ាង​ដូច្នេះ​គឺ​ពួកគេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង​ពណ៌​ខៀវ​ងងឹត​និង​ពណ៌​ស្ពាន់ធ័រ​ហើយ​ក្បាល​សេះ​ទាំងនោះ​ដូចជា​ក្បាល​សត្វ​តោ​ហើយ​ក៏​មាន​ភ្លើង​ផ្សែង​និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​របស់​ពួកវា​មក​ដែរ។ 18មនុស្សមួយ​ភាគ​បី​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​បី​នេះ​គឺ​ដោយ​ភ្លើង​ផ្សែង​និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​របស់​ពួកវា​មក 19ដ្បិតអំណាច​របស់​សេះ​ទាំងនោះ​គឺ​នៅក្នុង​មាត់​និង​កន្ទុយ​របស់​ពួកវា​ព្រោះ​កន្ទុយ​របស់​ពួកវា​ដូចជា​សត្វ​ពស់​ហើយ​មាន​ក្បាល។ ​ពួកវា​ធ្វើទុក្ខ​មនុស្ស​ដោយសារ​ក្បាល​នោះ 20រីឯមនុស្ស​ឯ​ទៀតៗ​ដែល​មិន​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំងនេះ​មិន​បាន​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​ដែល​ដៃ​របស់​ពួកគេ​បាន​ធ្វើ​ឡើយ​ក៏​មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស​និង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់​ពី​លង្ហិន​ពី​ថ្ម​និង​ពី​ឈើ​ដែល​មើល​មិន​ឃើញ​ស្ដាប់​មិន​ឮ​ដើរ​មិន​រួច​នោះ​ឡើយ 21ហើយពួកគេ​ក៏​មិន​បាន​ប្រែចិត្ដ​ពី​ការ​សម្លាប់​មនុស្ស​ពី​មន្ដអាគម​ពី​អំពើ​អសីលធម៌ខាងផ្លូវភេទ​និង​ពី​អំពើ​លួច​ប្លន់​របស់​ពួកគេ​នោះ​ដែរ។
Copyright information for KhmKCB