‏ Romans 2

1ដូច្នេះហើយឱ​អ្នក​គ្រប់គ្នា​ដែល​ថ្កោល​ទោស​គេ​អើយ! ​អ្នក​គ្មាន​សេចក្ដី​ដោះសា​សម្រាប់​ខ្លួន​ទេ​ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ​អ្នក​ក៏​កំពុង​កាត់ទោស​ខ្លួនឯង​ដែរ​ព្រោះ​អ្នក​ផ្ទាល់​ដែល​កំពុង​ថ្កោលទោស​គេ​ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ 2ហើយយើង​ដឹង​ថា​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បែបនេះ​ទៅ​តាម​សេចក្ដីពិត។ 3ឱមនុស្ស​ដែល​ថ្កោលទោស​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ដូច្នេះ​ហើយ​ខ្លួនឯង​ក៏​ប្រព្រឹត្ត​ដូចគ្នា​អើយ! ​តើ​អ្នក​ស្មាន​ថា​នឹង​រួច​ខ្លួន​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ឬ? 4ឬមួយ​អ្នក​កំពុង​មើល​ងាយ​សេចក្ដី​សប្បុរស​សេចក្ដី​អត់អោន​និង​សេចក្ដី​អត់ធ្មត់​ដ៏​បរិបូរ​របស់​ព្រះអង្គ​ទាំង​មិនដឹង​ថា​សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​នាំ​អ្នក​ឲ្យ​ប្រែចិត្ត​ទេ​ឬ? 5ដោយសារអ្នក​មាន​ចិត្ដ​រឹងរូស​មិន​ប្រែចិត្ត​នោះ​អ្នក​កំពុង​សន្សំ​សេចក្ដី​ក្រោធ​ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ក្រោធ​និង​ការ​ជំនុំជម្រះ​ដ៏​សុចរិត 6ដែលព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ។ 7រីឯអ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ទាំង​ស្វែងរក​សេចក្ដី​រុងរឿង​កិត្តិយស​និង​ភាព​មិន​ពុករលួយ​នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច 8រីឯអស់​អ្នក​ដែល​មាន​ចិត្ដ​អាត្មា​និយម​មិន​ស្ដាប់​តាម​សេចក្ដីពិត​តែ​បែរ​ជា​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​នោះ​នឹង​បាន​សេចក្ដី​ក្រោធ​និង​ការ​ដាក់ទោស​វិញ។ 9គ្រប់ព្រលឹង​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​នឹង​មាន​សេចក្ដី​វេទនា​និង​សេចក្ដី​ទុក្ខព្រួយ​មុនដំបូង​ជនជាតិ​យូដា​បន្ទាប់មក​ជនជាតិ​ក្រេក 10ប៉ុន្ដែអស់​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​នោះ​នឹង​បាន​សេចក្ដី​រុងរឿង​កិត្តិយស​និង​សេចក្ដី​សុខសាន្ដ​មុនដំបូង​ជនជាតិ​យូដា​បន្ទាប់មក​ជនជាតិ​ក្រេក។ 11ដ្បិតព្រះជាម្ចាស់​មិនមាន​សេចក្ដី​លំអៀង​ឡើយ។ 12ចំពោះអស់​អ្នក​ដែល​គ្មាន​គម្ពីរវិន័យ​ធ្វើ​បាប​នោះ​នឹង​ត្រូវ​វិនាស​ដោយ​គ្មាន​គម្ពីរវិន័យ​ដែរ​រីឯ​អស់​អ្នក​ដែល​នៅក្រោម​គម្ពីរវិន័យ​ធ្វើ​បាប​នោះ​នឹង​ត្រូវ​ជំនុំ​ជម្រះ​តាម​គម្ពីរវិន័យ​ដែរ 13ដ្បិតអ្នក​ដែល​ព្រះជាម្ចាស់​រាប់ជា​សុចរិត​មិន​មែន​ជា​អ្នក​ឮ​គម្ពីរវិន័យ​ទេ​តែ​ជា​អ្នក​ធ្វើ​តាម​គម្ពីរវិន័យ​វិញ។ 14នៅពេលសាសន៍ដទៃ​ដែល​គ្មាន​គម្ពីរវិន័យ​បាន​ធ្វើ​តាម​សេចក្ដី​នៅក្នុង​ក្រឹត្យវិន័យ​ដោយ​ឯកឯង​នោះ​គេ​ជា​ក្រឹត្យវិន័យ​សម្រាប់​ខ្លួនគេ​ហើយ​ទោះបី​គ្មាន​គម្ពីរវិន័យ​ក៏ដោយ 15ព្រោះគេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរវិន័យ​ដែល​បាន​កត់​ទុក​នៅក្នុង​ចិត្ដ​របស់​គេ​ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើបន្ទាល់​នៅក្នុង​ចិត្ដ​ទាំង​មាន​ការ​ចោទប្រកាន់​ឬ​ដោះសា​នៅក្នុង​គំនិត​របស់​គេ 16នៅថ្ងៃ​មួយ​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​សេចក្ដី​លាក់កំបាំង​ទាំងឡាយ​របស់​មនុស្ស​តាមរយៈ​ព្រះ​គ្រិស្ដ​យេស៊ូ​ដែល​ស្របតាម​ដំណឹងល្អ​របស់​ខ្ញុំ។ 17បើអ្នក​មាន​ឈ្មោះ​ជា​ជនជាតិ​យូដា​ដែល​ពឹង​លើ​គម្ពីរវិន័យ​អួត​អំពី​ព្រះជាម្ចាស់ 18ស្គាល់បំណង​របស់​ព្រះជាម្ចាស់​ដឹង​ការ​ខុសត្រូវ​ដោយ​បាន​រៀន​ពី​គម្ពីរវិន័យ 19ហើយជឿជាក់​ថា​ខ្លួន​ជា​អ្នក​នាំផ្លូវ​មនុស្ស​ខ្វាក់​ជា​ពន្លឺ​សម្រាប់​អ្នក​នៅក្នុង​សេចក្ដី​ងងឹត 20ជាអ្នក​ទូន្មាន​មនុស្ស​ល្ងង់​ហើយ​ជា​គ្រូ​របស់​ក្មេងៗ​ដោយព្រោះ​អ្នក​មាន​ចំណេះដឹង​គ្រប់​វិស័យ​និង​សេចក្ដីពិត​នៅក្នុង​គម្ពីរវិន័យ។ 21អ្នកបង្រៀន​អ្នក​ដទៃ​បាន​ហេតុអ្វី​ក៏​មិន​បង្រៀន​ខ្លួនឯង​ផង? ​អ្នក​ប្រកាស​ប្រាប់​គេ​មិន​ឲ្យ​លួច​ហេតុអ្វី​ក៏​អ្នក​លួច? 22អ្នកប្រាប់​គេ​មិន​ឲ្យ​ផិតក្បត់​ហេតុអ្វី​ក៏​អ្នក​ផិតក្បត់? ​អ្នក​ស្អប់ខ្ពើម​រូប​ព្រះ​ហេតុអ្វី​ក៏​អ្នក​ប្លន់​ព្រះវិហារ? 23អ្នកអួត​អំពី​គម្ពីរវិន័យ​ហេតុអ្វី​ក៏​អ្នក​បង្អាប់​ព្រះជាម្ចាស់​ដោយ​ល្មើស​នឹង​គម្ពីរវិន័យ? 24ដូចមាន​សេចក្ដី​ចែង​ទុក​ស្រាប់​គឺ​«ព្រះនាម​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រមាថ​នៅក្នុង​ចំណោម​ជនជាតិ​នានា​ដោយព្រោះ​អ្នករាល់គ្នា»។ 25ការកាត់ស្បែក​ពិត​ជា​មាន​ប្រយោជន៍​បើ​អ្នក​ធ្វើតាម​គម្ពីរវិន័យ​ប៉ុន្ដែ​បើ​អ្នក​ល្មើស​គម្ពីរវិន័យ​វិញ​ការ​កាត់ស្បែក​របស់​អ្នក​ក្លាយ​ដូចជា​មិន​កាត់ស្បែក 26ផ្ទុយទៅវិញបើ​មនុស្ស​មិនកាត់ស្បែក​កាន់​តាម​បញ្ញត្ដិ​របស់​គម្ពីរវិន័យ​តើ​ការ​មិនកាត់ស្បែក​របស់​គេ​មិន​ចាត់​ទុក​ជា​ការ​កាត់ស្បែក​ទេ​ឬ? 27ឯអ្នក​មិនកាត់ស្បែក​ខាង​រូបកាយ​ហើយ​ធ្វើតាម​គម្ពីរវិន័យ​គេ​នឹង​ជំនុំជម្រះ​អ្នក​ដែល​មាន​គម្ពីរវិន័យ​សរសេរ​ទុក​និង​ការ​កាត់ស្បែក​ហើយ​នៅតែ​ល្មើស​នឹង​គម្ពីរវិន័យ។ 28ជនជាតិយូដា​មិន​សំដៅ​លើ​អាការៈ​ខាង​ក្រៅ​ទេ​ហើយ​ការ​កាត់ស្បែក​ក៏​មិន​សំដៅ​លើ​សាច់ឈាម​ខាងក្រៅ​ដែរ 29ផ្ទុយទៅវិញជនជាតិ​យូដា​ពិត​ប្រាកដ​គឺ​ខាងក្នុង​ចិត្ដ​ឯណោះ​វិញ​ហើយ​ការ​កាត់ស្បែក​ពិត​ប្រាកដ​ជា​ការ​កាត់ស្បែក​ចិត្ដ​ដោយសារ​ព្រះ​វិញ្ញាណ​មិនមែន​ដោយសារ​អក្សរ​ទេ​ឯ​ការ​សរសើរ​របស់​គេ​មិន​មកពី​មនុស្ស​ឡើយ​គឺ​មក​ពី​ព្រះជាម្ចាស់។
Copyright information for KhmKCB