‏ Titus 1

1ខ្ញុំប៉ូល​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​និង​ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​សម្រាប់​ជំនឿ​របស់​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​និង​ការ​ស្គាល់​សេចក្ដីពិត​ដែល​ស្របតាម​ការ​គោរពកោតខ្លាច​ព្រះជាម្ចាស់ 2ដោយសង្ឃឹម​លើ​ជីវិត​អស់កល្ប​ជានិច្ច​ដែល​ព្រះជាម្ចាស់​ដ៏​ស្មោះត្រង់​បាន​សន្យា​តាំងពីមុន​អស់កល្ប​ជានិច្ច 3ប៉ុន្ដែនៅពេល​កំណត់​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​តាមរយៈ​ការ​ប្រកាស​ដំណឹងល្អ​ដែល​ខ្ញុំ​បាន​ទទួល​ការ​ផ្ទុកផ្ដាក់​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។ 4ជូនចំពោះ​ទីតុស​ជា​កូន​ពិតប្រាកដ​ស្របតាម​ជំនឿ​តែមួយ​សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​និង​ព្រះ​គ្រិស្ដ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រទាន​ព្រះ​គុណ​និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។ 5ខ្ញុំបាន​ទុក​អ្នក​ឲ្យ​នៅ​កោះក្រេត​សម្រាប់​ការនេះ​គឺ​ដើម្បី​ចាត់ចែង​កិច្ចការ​ដែល​នៅសល់​ឲ្យ​បាន​រៀបរយ​ព្រមទាំង​តែងតាំង​ឲ្យ​មាន​ចាស់ទុំ​នៅ​គ្រប់​ក្រុង​ដូចដែល​ខ្ញុំ​បាន​បង្គាប់​អ្នក 6អ្នកនោះជា​អ្នក​ដែល​ឥតបន្ទោស​បាន​មាន​ប្រពន្ធ​តែមួយ​មាន​កូន​ជា​អ្នក​ជឿ​ដែល​គ្មាន​អ្នកណា​ចោទ​ប្រកាន់​ថា​ខិលខូច​ឬ​មិន​ស្ដាប់បង្គាប់​ឡើយ។ 7ក្នុងនាមជា​អ្នក​មើលការ​ខុសត្រូវ​របស់​ព្រះជាម្ចាស់​អ្នក​មើលការ​ខុសត្រូវ​នោះ​ត្រូវតែ​ជា​អ្នក​ដែល​ឥតបន្ទោស​បាន​មិន​ធ្វើតាម​ទំនើងចិត្ដ​មិន​រហ័ស​ខឹង​មិន​ចំណូល​ស្រា​មិន​ឆេវឆាវ​ឬ​លោភ​ចង់បាន​ដោយ​ថោកទាប​ឡើយ 8ផ្ទុយទៅវិញត្រូវ​ចេះ​រាក់​ទាក់​ស្រលាញ់​ការ​ល្អ​ដឹង​ខុស​ត្រូវ​សុចរិត​បរិសុទ្ធ​ចេះ​ទប់​ចិត្ត 9ព្រមទាំងកាន់តាម​ព្រះបន្ទូល​ដ៏​ពិត​ស្របតាម​សេចក្ដី​ដែល​បាន​រៀន​ដើម្បី​អាច​លើក​ទឹកចិត្ដ​អ្នកដទៃ​បាន​តាមរយៈ​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​និង​បង្ហាញ​ពួក​អ្នក​ប្រឆាំង​ឲ្យ​ដឹង​កំហុស​ដែរ។ 10ដ្បិតមនុស្ស​មិន​ស្ដាប់បង្គាប់​មនុស្ស​និយាយ​ពាក្យ​ឥតប្រយោជន៍​និង​មនុស្ស​បោកបញ្ឆោត​ពិតជា​មាន​ច្រើន​ណាស់​ជា​ពិសេស​ក្នុង​ចំណោម​ពួក​កាត់​ស្បែក​នេះ​ឯង។ 11ដូច្នេះត្រូវតែ​បិទ​មាត់​អ្នក​ទាំងនោះ​ដ្បិត​ដោយ​ព្រោះតែ​ការ​ចំណេញ​ដ៏​ថោកទាប​ពួកគេ​បាន​បំផ្លាញ​គ្រួសារ​ទាំងឡាយ​ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​បង្រៀន។ 12មានម្នាក់​ក្នុងចំណោម​ពួកគេ​ជា​អ្នកនាំព្រះបន្ទូល​របស់​ពួកគេ​ផ្ទាល់​បាន​និយាយ​ថា​អ្នក​ស្រុក​ក្រេត​សុទ្ធតែ​ជា​ពួក​កុហក​ជា​សត្វ​សាហាវ​ដ៏​អាក្រក់​ជា​ពួក​ល្មោភស៊ី​ហើយ​ខ្ជិល​ច្រអូស។ 13សេចក្ដីបន្ទាល់​នេះ​ពិត​ណាស់​ដូច្នេះ​ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនឿ​ត្រឹមត្រូវ 14ហើយកុំ​ចាប់​អារម្មណ៍​នឹង​រឿងព្រេង​របស់​ជនជាតិ​យូដា​ឬ​បញ្ញត្ដិ​របស់​មនុស្ស​ដែល​បែរចេញ​ពី​សេចក្ដីពិត​នោះ​ឡើយ។ 15ចំពោះពួក​អ្នក​ដែល​បរិសុទ្ធ​អ្វីៗ​ទាំងអស់​ក៏​បរិសុទ្ធ​រីឯ​ពួក​អ្នក​ដែល​ស្មោគគ្រោក​ហើយ​មិន​ជឿ​គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ផ្ទុយទៅវិញ​ទាំង​គំនិត​និង​មនសិការ​របស់​ពួកគេ​ស្មោគគ្រោក​អស់​ហើយ។ 16ពួកគេប្រកាស​ថា​ស្គាល់​ព្រះជាម្ចាស់​ប៉ុន្ដែ​តាមរយៈ​ការ​ប្រព្រឹត្តិ​ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ​ពួកគេ​ជា​មនុស្ស​គួរខ្ពើម​ជា​មនុស្ស​មិន​ស្ដាប់បង្គាប់​ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ល្អ​ទាំងឡាយ​ទាល់​តែ​សោះ។
Copyright information for KhmKCB