‏ Titus 2

1រីឯអ្នក​វិញ​ចូរ​និយាយ​សេចក្ដី​ណា​ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ត្រឹម​ត្រូវ។ 2ត្រូវឲ្យ​បុរស​ចាស់ៗ​ចេះ​ទប់​ចិត្ត​ហើយ​ដឹង​ខុស​ត្រូវ​គួរ​ឲ្យ​គោរព​និង​រឹងមាំ​ក្នុង​ជំនឿ​សេចក្ដី​ស្រលាញ់​និង​សេចក្ដី​អត់ធ្មត់​ផង។ 3រីឯស្ដ្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​មិន​និយាយ​មូល​បង្កាច់​ឬ​ញៀន​ស្រា​ឡើយ​ប៉ុន្ដែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ 4ដើម្បីអប់រំ​ស្ត្រី​ក្មេងៗ​ឲ្យ​ស្រលាញ់​ប្ដី​និង​កូន​របស់​ខ្លួន 5ឲ្យដឹង​ខុសត្រូវ​បរិសុទ្ធ​ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​អ្នកណា​ប្រមាថ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។ 6រីឯបុរស​ក្មេងៗ​វិញ​ក៏​ដូច្នោះ​ដែរ​ចូរ​ដាស់​តឿន​គេ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ។ 7ក្នុងការ​អ្វី​ក៏​ដោយ​ចូរ​បង្ហាញ​ខ្លួន​អ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ​ហើយ​នៅក្នុង​ការ​បង្រៀន​វិញ​ចូរ​បង្ហាញ​ភាព​ស្អាតស្អំ​សេចក្ដី​ថ្លៃថ្នូរ 8និងពាក្យ​សំដី​ត្រឹមត្រូវ​ដែល​រក​បន្ទោស​មិន​បាន​ដើម្បី​ឲ្យ​អ្នក​ប្រឆាំង​អាម៉ាស់​មុខ​ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។ 9ចូរឲ្យ​ពួក​បាវបម្រើ​ចុះចូល​នឹង​ចៅហ្វាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំងអស់​ទាំង​ផ្គាប់​ចិត្ត​ចៅហ្វាយ​ហើយ​ឥត​ប្រកែក 10ឥតលួច​បន្លំ​ឡើយ​ផ្ទុយ​ទៅ​វិញ​ត្រូវ​សំដែង​ភាព​ស្មោះត្រង់​ទាំងស្រុង​ដើម្បី​តុបតែង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់ 11ដ្បិតព្រះ​គុណ​របស់​ព្រះជាម្ចាស់​ដែល​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំងអស់​បាន​លេច​មក​ហើយ 12ព្រមទាំងបង្ហាត់​បង្រៀន​យើង​ឲ្យ​លះបង់​ការ​មិន​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ហើយ​ឲ្យ​យើង​រស់​នៅក្នុង​លោកិយ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់​សុចរិត​និង​ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ 13ទាំងរង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មានពរ​និង​ការ​យាង​មក​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដម​គឺ​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 14ដែលព្រះអង្គ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ហើយ​សម្អាត​ប្រជារាស្ត្រ​មួយ​ធ្វើ​ជា​ប្រជារាស្ត្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់​ដែល​ខ្នះខ្នែង​ប្រព្រឹត្ដ​ការ​ល្អ។ 15ចូរប្រាប់​អំពី​ទាំងនេះ​ទាំង​ដាស់តឿន​និង​ស្ដី​បន្ទោស​ពួកគេ​ដោយ​សិទ្ធិ​អំណាច​គ្រប់​បែប​យ៉ាង។ ​កុំ​ឲ្យ​អ្នកណា​ម្នាក់​មើលងាយ​អ្នក​ឡើយ។
Copyright information for KhmKCB