‏ Titus 3

1ចូររំឭក​ពួកគេ​ឲ្យ​ចុះចូល​នឹង​ពួក​អ្នក​ដឹកនាំ​ចុះចូល​នឹង​ពួក​អាជ្ញាធរ​ហើយ​ឲ្យ​ស្ដាប់​បង្គាប់​ព្រម​ទាំង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង 2មិនត្រូវ​និយាយ​បង្ខូច​អ្នកណា​ម្នាក់​ឬ​រក​រឿង​ឈ្លោះ​ប្រកែក​ឡើយ​ត្រូវ​មាន​ចិត្ត​ស្លូត​បូត​ទាំង​បង្ហាញ​ចិត្ដ​សុភាព​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​ទាំងអស់។ 3ដ្បិតកាល​ពី​ដើម​យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​មិន​ស្ដាប់​បង្គាប់​ចាញ់​ការ​បោក​បញ្ឆោត​ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​និង​សេចក្ដី​ស្រើបស្រាល​ផ្សេងៗ​ទាំង​រស់​នៅ​ក្នុង​សេចក្ដី​អាក្រក់​និង​សេចក្ដី​ឈ្នានីស​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម​ព្រមទាំង​ស្អប់​គ្នា​ទៅវិញ​ទៅមក​ទៀត​ផង។ 4ប៉ុន្តែនៅ​ពេល​ដែល​សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​និង​សេចក្ដី​ស្រលាញ់​របស់​ព្រះអង្គ​ចំពោះ​មនុស្ស​បាន​លេច​មក 5នោះព្រះអង្គ​បាន​សង្គ្រោះ​យើង​មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ដ៏​សុចរិត​ដែល​យើង​ប្រព្រឹត្ត​ទេ​គឺ​ដោយព្រោះតែ​សេចក្ដីមេត្តាករុណា​របស់​ព្រះអង្គ​វិញ​តាមរយៈ​ការ​លាង​សម្អាត​ដែល​ឲ្យ​យើង​កើត​ជា​ថ្មី​និង​ផ្លាស់​ប្រែ​ជា​ថ្មី​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ 6ហើយព្រះអង្គ​បាន​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នេះ​មក​លើ​យើង​យ៉ាង​បរិបូរ​តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 7ដើម្បីនៅ​ពេល​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះ​គុណ​របស់​ព្រះអង្គ​រួច​ហើយ​នោះ​យើង​នឹង​ត្រលប់ជា​អ្នក​ស្នង​មរតក​ស្របតាម​សេចក្ដី​សង្ឃឹម​លើ​ជីវិត​អស់កល្ប​ជានិច្ច។ 8ពាក្យនេះ​គួរ​ឲ្យ​ជឿ​ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​បញ្ជាក់​សេចក្ដី​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ខិតខំ​យកចិត្ដ​ទុកដាក់​ចំពោះ​ការ​ប្រព្រឹត្ដិ​ល្អ។ ​ការ​ទាំងនេះ​ជា​ការ​ប្រសើរ​និង​មាន​ប្រយោជន៍​ដល់​មនុស្ស។ 9ចូរចៀស​ចេញ​ពី​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​និង​ពី​បញ្ជី​វង្ស​ត្រកូល​ការ​ឈ្លោះ​ប្រកែក​និង​ជម្លោះ​អំពី​គម្ពីរ​វិន័យ​ដ្បិត​ការ​ទាំងនោះ​ជា​ការ​ឥត​ប្រយោជន៍​ហើយ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់។ 10ចំពោះមនុស្ស​ដែល​បង្កើត​បក្សពួក​ចូរ​កុំ​ទទួល​ស្គាល់​អ្នក​នោះ​ឲ្យ​សោះ​ក្រោយ​ពី​បាន​ព្រមាន​គេ​ម្ដង​ពីរ​ដង​ហើយ​នោះ 11ដោយដឹង​ថា​មនុស្ស​បែប​នេះ​អាក្រក់​អស់​ហើយ​គេ​ចេះតែ​ធ្វើ​បាប​ព្រមទាំង​ជា​អ្នក​ដាក់ទោស​ខ្លួន​ឯង​ទៀត​ផង។ 12នៅពេលខ្ញុំ​ចាត់​លោក​អើតេម៉ាស​ឬ​លោក​ទីឃីកុស​ឲ្យមក​ឯ​អ្នក​ចូរ​ព្យាយាម​មក​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូប៉ូល​ដ្បិត​ខ្ញុំ​សម្រេច​ចិត្ត​ថា​ស្នាក់នៅ​ទីនោះ​ក្នុង​រដូវ​រងា។ 13ចូរខិតខំ​ជួយ​លោក​សេណាស​ជា​មេធាវី​និង​លោក​អ័ប៉ុឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​កុំ​ឲ្យ​ពួកគេ​ខ្វះ​អ្វី​ឡើយ។ 14ត្រូវឲ្យ​បងប្អូន​យើង​ខឹតខំ​ធ្វើ​ការ​ល្អ​ផង​សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ចាំបាច់​ទាំងឡាយ​ដើម្បី​កុំ​ឲ្យ​ត្រលប់ជា​មនុស្ស​មិន​បង្កើត​ផល​ឡើយ។ 15បងប្អូនទាំងអស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។ ​ចូរ​ជម្រាបសួរ​ដល់​ពួក​អ្នក​រួម​ជំនឿ​ដែល​ស្រលាញ់​យើង​ផង។ ​សូម​ឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​៕
Copyright information for KhmKCB